ការចង់​ឲ្យដៃគូ​ធ្វើអ្វី​ៗ​ដូចចិត្ត​របស់ខ្លួន​ជាកំហុស​មួយ​ក្នុង​ជីវិតគូ​

ក្នុង​សម្ព័ន្ឋភាពស្នេហា​ ដែលចាប់ផ្តើម​ដោយមនុស្សពីរ​នាក់ពិត​ជាមានរឿងជា​ច្រើន​ ដែលភាគី​ទាំងពីរ​មានភាពខុសគ្នា​ ដោយសារ​ពួកគេទទួលឈាម​ពីមនុ​ស្ស​​ខុសគ្នា​ ទទួលការអប់រំពីគ្រួសារ​ សហគមន៍​ សង្គម និងសាលាខុសៗគ្នាជាដើម។​

IMG_2795អ្នកនិពន្ឋសៀវភៅ២៧​ចំណុច គួរពិចារណាមុនចូលខ្លោងទ្វារអាពាហ៍ពិពាហ៍​ សៀវភៅសិល្បៈ​សម្របខ្លួន​ចូលគ្រួសារថ្មី​ និងសៀវភៅ​ប្រលោមលោក​ជាច្រើនទៀត​។ លោក ច្រាយ ចំណាន បានថ្លែងឲ្យគេហទំព័រសុខភាពកម្ពុជា​ដឹងកាល​ពីចុងសប្តាហ៍​មុនថា​ មនុស្ស​ភាគ​ច្រើន​ពេលជួបគ្នាដំបូង​ តែងតែ​ធ្វើអ្វីៗ​តម្រូវ​ចិត្តគ្នាទៅវិញ​ទៅមក ​និងមើលរំលង​កំហុស​ឆ្គង ​ក្នុងទំនាក់ទំនង​របស់ពួក​គេ​ជានិច្ច ​ប៉ុន្តែការសេពគប់​ ការរួមរស់ជា​មួយគ្នាយូរៗ​ទៅ ​ពួកគេអាច​នឹងមាន​ភាពសុំា​ជា​មួយគ្នា​ ហើយពួក​គេអាច​​ធុញទ្រាន់​នឹងគ្នា ​ដោយសារ​កំហុសឆ្គង​តែងកើត​មាន​ជារឿយៗ​ និងចរិត​ពិតរបស់ពួក​គេចាប់​ផ្តើម​​បញ្ចេញ​មក​បន្តិចម្តងៗ។​​

លោកបន្តថា​ នៅពេលមានភាព​ខុសគ្នា​ទាំងការគិត​ ទាំងអារម្មណ៍ ​ទាំងចំណង់​ចំណូល​​ចិត្ត​បង្ហាញ​ខ្លួន​ទ្បើង​ ជម្លោះ​ក៏ចាប់ផ្តើម​កើត​មានជារឿយៗ​ក្នុងរង្វ​ង់​គូស្នេហ៍ ​និងគូ​ជីវិតអាពាហ៍​ពិពាហ៍របស់ពួកគេ​កើត​ទ្បើង​ផងដែរ។​ ហេតុនេះ ការថែ​ររក្សា​សម្ព័ន្ឋ​ស្នេហាមួយ​ ​ក្នុង​ចំណោម​មនុស្សពីរនាក់​ឲ្យមានភាព​សុខដុម​ និង​សុភមង្គល​ពិត​ជាមិនងាយស្រួល​នោះ​ទ្បើយ។ តែវា​ក៏មិន​ពិបាក​ពេកដែរ​ ព្រោះបើ​ពិបាកពេក​ ​ក៏គ្មាន​អ្នកណា​ហ៊ានបង្កើត​ស្នេហាទ្បើង​នោះ​ទេ។​

ការចេះ​ទទួលយ​កអ្វីៗរបស់គ្នា​ទៅវិញទៅមក ​ការចេះ​សម្រប​សម្រួលគ្នា​ ការចេះអធ្យាស្រ័យ​ និងសន្តោសគ្នា​ទៅវិញទៅមក​ ពិតជាវិធី​សាស្រ្តដ៏មានប្រសិ​ទ្ឋភាព​បំផុត​ក្នុងការកាត់បន្ថយជម្លោះ​ និងបន្ថែម​រសផ្អែម​ល្ហែមឲ្យ​ទឹកដម​ជីវិតរបស់ពួក​គេ​កាន់​តែស្អិត​ល្មួត​ថែមមួយ​កម្រិតទៀត ​ដើម្បីអ្នក​ទាំងពី​រអាចដើរ​លើវិថីជីវិតរួមគ្នា​បានរហូតដល់​ចាស់​សក់ស្កូវ ​និងស្រ​លាញ់​គ្នាម្តង​ទៀត​ ដូចពាក្យចាស់​លោក​ពោលថា​“នៅ​ក្មេង​ស្រលាញ់​គ្នាម្តង​ ចាស់កោង​ខ្នងស្រលាញ់​គ្នាម្តង​ទៀត”​ លោកច្រាយ ចំណានបញ្ជាក់។​

IMG_2796លោកបន្តថា​ “ការចេះ​​ទទួល​យក​​នូវ​អ្វី​​ដែល​ខុស​គ្នា​ ​និងការចេះទទួល​យក​នូវ​គំនិតថ្មីៗ​ មិនត្រឹមតែមិនមែនជា​រឿងខុស​ឆ្គងនោះ​ទេ ​តែវាបង្ហាញថា​ខ្លួនលោកអ្នក​ជា​មនុស្សមាន​សិល្បៈ​ក្នុងការ​រស់​នៅ​ ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​​ និងជា​មនុ​ស្ស​ចេះ​បើកបេះដូង​ទទួល​​យកនូវគំនិតថ្មី ​ទស្សនៈថ្មីសម្រា​ប់ជីវិតរស់​នៅ ​ដើម្បីអភិវឌ្ឈន៍​ជីវិត​របស់ខ្លួន​ឲ្យកាន់​តែប្រសើរ​ទ្បើងផង​ដែរ”។​

លោក ច្រាយ ចំណាន បន្តថា​ ដូច្នេះការចង់​ឲ្យដៃ​គូ​ធ្វើអ្វី​ និយាយអ្វី ​គិតអ្វី​ដូចខ្លួន​របស់អ្នក​ ពិតជាកំហុសឆ្គងអាក្រក់​ មិនអាច​ទទួល​យកបាន​នោះទេ​ ហើយ​ប្រសិន​ជា​ភាគី​ណាមួយ​ប្រកាន់​យកគំនិតបែបនេះ​ ពួកគេ​នឹងមិនមានក្តី​សុខ និង​មិន​អាច​រក្សាចំណង​ស្នេហ៍​របស់ពួកគេ​បានទ្បើយ។​

លោកបន្តថា ​“ទោះជាមនុស្សគ្រប់គ្នា​សុទ្ឋតែ​មានគំនិត​អាត្មានិយម​ក៏ដោយ​ ក៏មនុស្សមាន​​ វិចារណញ្ញាណ​សម្រាប់​ត្រិះរិះ​អ្វីខុស​ អ្វីត្រូវ ​សម្រាប់​ធ្វើជាប្រទីប​ដែលអាច​ជម្រុះ​ចោលនូវ​ភាពអាត្មា​និយមផង​ដែរ”។​

ហេតុនេះ​ ការទាមទារ​ឲ្យដៃគូរ​បស់អ្នក​គិតអ្វីៗ​ និយាយអ្វី​ៗ ​និងធ្វើអ្វីៗ​ដូចអ្នក ​វាពិតជា​កំហុសឆ្គ​ងមួយក្នុង​សេចក្តីស្នេហា ​ហើយ​​កំហុសនេះ​មិនត្រឹមតែខុស ​ឆ្គងសម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ តែវាជាការ​ក្បត់នឹង​ធម្មជាតិ​ផងដែរ​។ ព្រោះធម្មជាតិ​​នៅលើ​លោក​នេះ​ សុទ្ឋតែ​មានរូបភាព​ខុសៗគ្នា​ មនុស្សជាតិ​មានមុខមាត់​ ឈាម​ ស្បែក ព៌ណសម្បុរខុសៗ​គ្នាផង​ដែរ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥

 

 

 

 

Google Analytics Alternative