ក្រសួងការងារ​គ្រោង​​ធ្វើ​លិខិត​ឆ្លងដែន​ឲ្យរួចរាល់​​ដល់​​ពលករ​កម្ពុជា​ធ្វើការ​នៅថៃ​នៅចុងឆ្នាំនេះ​

លោក អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​បាន​មាន​ប្រសាសន៍​កាល​ពីពេលថ្មីៗ​នេះ​ថា ក្រសួងការងារ​គ្រោង​នឹង​ធ្វើ​លិខិតឆ្លងដែនឲ្យរួចរាល់​ដល់ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​នៅចុងឆ្នាំ​នេះ​ ឬ​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ។​

IMG_75001កាលពីថ្ងៃ​ទី០២​ខែមេសា​ឆ្នាំ២០១៥ លោករដ្ឋមន្ត្រី​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួមនឹង​មន្ត្រី​ក្រសួងមហា​ផ្ទៃ បានធ្វើ​ដំណើរទៅ​កាន់​ប្រទេសថៃ ដើម្បីចែកលិខិតឆ្លងដែន​ដល់​ពលករ​ធ្វើការនោះ​ទីនោះដែលសព្វថ្ងៃ​នេះ​មានរហូត​ដល់ទៅ​ប្រមាណ៦៤​ម៉ឺននាក់​ទាំង​ស្របច្បាប់​និងមិន​ស្របច្បាប់​ ​គឺ​ជា​​លើក​ដំបូង​​ហើយ​​​ដែល​មាន​​​ការ​រៀប​ចំចែកលិខិតឆ្លងដែន​ដល់​ពលករ​កម្ពុជា។​​

លោករដ្ឋមន្ត្រី​បាន​បន្តែមថា គិត​ត្រឹម​ខែតុលា ឆ្នាំ២០១៤ មកដល់​ពេល​នេះ​មាន​ពលករ​ប្រមាណតែ​១៥ម៉ឺននាក់​ប៉ុណ្ណោះ​ទទួលបាន​លិខិត​ឆ្លង​ដែន​​ធ្វើ​ការស្រប​ច្បាប់​នៅប្រទេសថៃ។ ការផ្តល់លិខិតឆ្លងដែននេះភាគី​ថៃ​ក៏​បាន​ផ្តល់ទិដ្ឋាការស្នាក់នៅ និងទិដ្ឋាការ​​ការងារ​ដល់​ពលករ​កម្ពុជា​ផងដែរ។​

តែយ៉ាង​ណាក៏​ដោយ​ក៏លោករដ្ឋមន្ត្រី​បានបញ្ជាក់​អះអាងថា យើងនឹង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើលិខិតឆ្លងដែន​ដល់​ពលករ​នៅប្រទេសថៃ​ឲ្យរួចរាល់នៅ​ចុងឆ្នាំនេះ ឬនៅ​ដើម​ឆ្នាំក្រោយ​ដោយសារ​តែភាគី​ប្រទេសថៃ​បានពន្យា​ក្នុង​ការ​ធ្វើ​លិខិតឆ្លងដែន​ដល់ពលករ​យើងផង​ដែរ។ ព្រោះថា​ក្នុង​១ថ្ងៃ​ក្រុមការងារ​ធ្វើលិខិតឆ្លងដែន​ដែល​ទៅ​ពីកម្ពុជា​បានធ្វើ​លិខិតឆ្លងដែន​ដល់ពលករកម្ពុជាយើង​បានប្រមាណ​ពី​១៥០០​នាក់ទៅ​២០០០នាក់ ​ដូច្នេះ​ក្នុង១​ខែ​អាច​ធ្វើបាន​ជាង​៥ម៉ឺននាក់។​

ប្រទេស​កម្ពុជា​​និង​​ថៃ​បាន​​សន្យា​​រួមគ្នា​ថា​ នឹង​​បន្ត​​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​គ្នា​ ​និង​​ជំរុញ​ការដោះ​ស្រាយ​បញ្ហា​ពលក​រ​ឆ្លង​ដែន​​ដោយ​​ការ​យោគ​យល់​​ខ្ពស់​តាម​របៀប​​អ្នក​ជិត​​ខាង​​គ្នា​​បន្ថែម​​ទៅលើ​​អនុស្សារណៈ​​ដែល​បាន​​ចុះ​រួម​គ្នា​​កន្លង​មក​ជៀសវាង​​ការ​ប្រើ​វិធីសាស្ត្រ​ ​ដែល​ប៉ះពាល់​​ដល់​សុវត្ថិភាព ​និង​​អាយុ​ជីវិត​​ពលករ។​

លោករដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា ទោះជា​ពលក​រ​មួយចំនួន​បាន​​ឆ្លងដែន​ទៅ​ធ្វើ​ការខុសច្បាប់​ ដោយ​មិនមាន​ឯកសារ​​គ្រប់គ្រាន់​ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ជំរុញ​ឱ្យមាន​​ការធ្វើ​​លិខិត​បញ្ជាក់​​​អត្ត​សញ្ញាណ​ ​(CI)​ជូន​ពលករ​កម្ពុជា​​ទាំងនោះ។​

លោក​រដ្ឋមន្ត្រី​បាន​​បន្តថា​« វា​ជា​រឿង​​ដែល​ជៀស​​មិន​ផុត​សម្រាប់​កម្ពុជា-​ថៃ ដែលមាន​​ប្រទល់​ជាប់​គ្នា​ ហើយ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ខុសច្បាប់​​ទៅមក​​ដើម្បី​ការងារ​​នៅតាម​ព្រំដែន»​។ លោក​បានស្នើ​​សូម​ឱ្យ​ភាគី​​ទាំង​​កម្ពុជា-ថៃ​​មានការ​យោគ​យល់​ដល់​​ព​លករ​ទាំង​នោះ​រួមគ្នា​ដោះ​ស្រាយ​​​បញ្ហា​ឱ្យបាន​​ល្អប្រសើរ​ ជៀសវាង​​ការប្រើ​វិធីសាស្ត្រ​​ដែល​ប៉ះពាល់​​ដល់​​សុវត្ថិភាព​ និង​អាយុជីវិត​។​

ពលករ​កម្ពុជា​នៅ​​ប្រទេស​ថៃ​​មាន២ប្រភេទទី១ ពលករ​ដែល​​ចូលទៅ​​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ​និង២​ធ្វើការ​នៅ​តាម​ព្រំដែន​ ហើយ​រាជ​រដ្ឋាភិបាល​​ថៃ​មាន​​គោលបំណង​​ចង់ឱ្យ​​ពលករ​កម្ពុជា​​អាច​ទទួល​បាន​​សិទ្ធិ​ និង​អត្ថ​ប្រយោជន៍​​ការងារ​​ដូចជា​​ប្រជាពលរដ្ឋ​​ថៃ​ទូទៅ​ដែរ។​

ក្នុងការ​សម្រួល​ដល់​ពលករកម្ពុជា​ក៏ដូចជា​ធ្វើពាណិជ្ជ​កម្ម​ប្រទេស​ទាំងពីរ​កម្ពុជា​និងថៃ​បានចុះ​​កិច្ចព្រម​ព្រៀង​​ក្នុងការបើក​​ច្រកចេញចូល​តែមួយ​​រវាង​​ខេត្ត​បី​របស់​កម្ពុជា ​និង​ខេត្ត​បី​របស់​ថៃ​ គឺ​ខេត្តកោះកុង​ ប៉ៃលិន​ និង​​បន្ទាយមានជ័យ ​និង​ខេត្ត​ត្រាត​ ស្រះកែវ​ និង​ច័ន្ទបូរី ​របស់​ថៃ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative