ក្រសួង​សុខភិបាល​គ្រោង​ដាក់​ថ្នាំ​​អា​ប៊ែ​ត​ទប់​ស្កាត់​ជំងឺ​គ្រុនឈាម​នៅដើម​ខែក្រោយ​​

ក្រសួង​សុខាភិ​បាល​គ្រោង​នឹងដាក់​​ថ្នាំ​អា​ប៊ែ​ត​​ចំនួន​ជាង​២រយ​តោន​ និង​ថ្នាំ​​បាញ់​៥ពាន់​​លីត្រ​​ ដើម្បី​កម្ចាត់​មូស​ខ្លា​ កុំ​ឲ្យ​កើត​មាន​​ជំងឺគ្រុន​ឈាម​នៅ​ដើមខែ​ឧសភា​​ខាងមុខនេះ។

IMG_2795 1លោក​វេជ្ជបណ្ឌិត ​លៀង​ ឫទ្ធា​ ប្រធាន​កម្មវិធី​​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​​នៃ​ម​ជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​​ជំងឺគ្រុនចាញ់​​បាន​ឲ្យ​ដឹងថា នៅ​ដើមខែ​ឧសភា​ខាងមុខនេះ​ ​ក្រសួង​សុខា​ភិបាល​​​នឹង​​បែង​ចែក​ឆ្នាំ​​អា​ប៊ែ​ត​ចំនួន ​២៤៥តោន​ និង​ថ្នាំ​បាញ់​​មូស​ចំនួន​៥ពាន់ ​លីត្រ​នៅ​​ទូទាំង​ខេត្ត‑​រាជធានី​​ដើម្បី​ដាក់​​តាម​ផ្ទះ​​ជូន​ប្រជាពល​រដ្ឋ​​ក្នុងដំណាក់​កាល​ទី១​ដែល​ជា​ពេល​វេលា​នៃ​​រដូវ​ភ្លៀង​ធ្លាក់​​ចាប់ផ្ដើម​​សម្បូរ​ទៅដោយ​​មូស​ខ្លា​ ​និង​​ដើម្បី​​ការពារ​​កុំ​ឲ្យ​មាន​​ជំងឺគ្រុនឈាម​ ការពារ​ជំងឺ​គ្រុនឈាម។​

តាមរបាយការណ៍​បានឲ្យ​ដឹងថា ក្នុង​រយៈ​ពេល​១១សប្ដាហ៍​​នៃ​ដើម​ឆ្នាំ​២០១៥​នេះ​ ជំងឺគ្រុនឈាម​​បានកើត​​ឡើង​ជិត​៣០០ករណី ​និង​ស្លាប់​​ចំនួន​​ម្នាក់​គឺ​មាន​ការ​កើនឡើង​​ចំនួន​ជាង១០០​ករណី ​បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​​ដូចគ្នា​​កាលពី​ឆ្នាំ២០១៤​ តែអត្រា​ស្លាប់​មាន​​ការថយចុះ។​

​គួររំឮកថា​ខេត្ត​​ដែល​មាន​ការកើត​ឡើង​​ជំងឺគ្រុនឈាម​​ច្រើនជាង​គេ​​គឺ​ខេត្ត​កណ្ដាល​ ភ្នំពេញ​ សៀមរាប ​កំពង់ធំ ព្រៃវែង​ បន្ទាយមានជ័យ​និង​ខេត្ត​កំពង់ស្ពឺ​ ព្រោះ​ខេត្ត​ទាំងនោះ​​សម្បូរ​ទៅដោយមនុស្សរស់នៅ​ពិសេស ​មាន​​ប្រជាពលរដ្ឋ​​ធ្វើ​ចំណាក​ស្រុក​​ជា​ញឹក​ញាប់​ជាង​​ខេត្ត​ដទៃ​ផងដែរ។​

លោក​វេជ្ជបណ្ឌិត​ លៀង ឫទ្ធា​ ​បា​នប​ន្ត​ទៀតថា​ បើទោះបីជា​ករណី​ជំងឺ​គ្រុនឈាម​ឆ្នាំនេះ​ កើនឡើង​ជាង​​ឆ្នាំមុន​​ក៏​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ពលរដ្ឋ​​កម្ពុជា​​មានការ​​យល់ដឹង​​ខ្ពស់​ពី​រ​បៀប​ការពារ​​ជំងឺគ្រុន​ឈាម​​តាមរយៈ​​ការ​អប់រំ​សុខភាព​​នៅតាម​សហគមន៍​​ ជាពិសេស​​នៅតាម​សាលារៀន​ និង​​ភាពប្រសើរ​ឡើង​គុណភាព​​នៃ​ការព្យាបាល​នៅ​​មន្ទីរពេទ្យ​​រដ្ឋ​ដែល​ជំរុញ​​ឲ្យ​មានការ​​កើនឡើង​​នៅ​ភាព​ជឿជាក់​​របស់​ពលរ​ដ្ឋ។ លោក​វេជ្ជបណ្ឌិត​​លៀង​ ឬ​ទ្ធា ​បាន​បញ្ជាក់ថា ​នៅក្នុង​ដំណាក់កាល​​នេះ​​ក្រសួង​​នៅតែ​បន្ត​​ប្រុងប្រយ័ត្ន​​ជានិច្ច​ ព្រោះ​ថា​​​គ្រុន​ឈាម​​​នៅ​​កម្ពុជា​​​កន្លង​​មក​៣​ទៅ៥​ឆ្នាំ​ម្ដង​​តែងមាន​ការ​ផ្ទុះ​រាត​ត្បាត​ម្ដង ​ដូច្នេះ​វា​​នឹង​អាច​​កើតមាន​ឡើង​នៅ​​ឆ្នាំ​​ណាមួយ​នៃ​​ឆ្នាំ២០១៥​ដល់​ឆ្នាំ​២០១៧ខាងមុខ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative