បញ្ហា​ចំណី​អាហារ​ និង​ទឹកគ្មាន​សុវត្តិភាព​ជាមូល​ហេតុចម្បងមួយបង្ក​ឲ្យ​មានជំងឺ​រាតត្បាត​នៅកម្ពុជា​

លោក​​វេជ្ជបណ្ឌិត​ ម៉ម ​ប៊ុនហេង​ រដ្ឋមន្ត្រី​​ក្រសួង​សុខាភិបាល​ មាន​​​ប្រសាសន៍​ថា​​ ក្នុង​ចំណោម​​ជំងឺ​រាតត្បាត​​ដែល​កើត​​ឡើង​នៅ​ប្រទេស​​កម្ពុជា​ ស្ទើរ​តែ​​ពាក់​កណ្ដាល​​បង្ក​ឡើង​​ដោយសារ​​បញ្ហា​​ចំណី​​អាហារ​ និង​​ទឹក​គ្មាន​សុវត្ថិភាព។​

Untitledលោករដ្ឋមន្ត្រី​បានបា​នថ្លែង​នៅក្នុងទិវា​​សុខភាព​ពិ​ភពលោក​កាល​ពីពេល​ថ្មីៗ​នេះ​ឲ្យដឹងថា ​«ចាប់​តាំង​ពី​​ឆ្នាំ​២០១២​ ដល់ ២០១​៥ ​ក្នុង​ចំណោម​ជំងឺ​​រាត​ត្បាត​​សរុប១៤២​លើក​ ក្នុង​នោះ​ ជំងឺ​រាត​ត្បាត​​បង្ក​​ដោយ​​ពុល​​ចំណី​​អាហារ​ និង​ទឹក​​សរុប៦៥​​លើក​ ដែល​ស្មើ​​នឹង៤៦% ​នៃ​ចំនួន​សរុប។ ចំពោះ​​ជំងឺ​រាក​ដែល​ចូល​​ព្យាបាល​​នៅ​តាម​​គ្រឹះស្ថាន​​សុខាភិ​បាល​​សាធារណៈ​​ជា​ ​រៀង​រាល់​ឆ្នាំ មាន​ប្រមាណ៣​សែន​ករណី»។​

ក្រសួង​សុខាភិ​បាល​​កម្ពុជា ​និង​អង្គកា​រ​សុខភា​ព​ពិភពលោក​ បង្ហាញ​ថា​ បញ្ហា​ចំណី​អាហារ​​គ្មាន​​សុវត្ថិភាព ​បណ្ដាល​ឲ្យ​​មនុស្ស​ទូទាំង​​ពិភពលោក​​ប្រមាណ២​លាន​​នាក់​ស្លាប់​​ជា​រៀង​រាល់​ឆ្នាំ។​ ការ​បង្ហាញ​​តួលេខ​នេះ​ គឺ​ចំ​ថ្ងៃ​​ដែល​ស្ថាប័ន​ទាំង​នេះ​​ប្រារព្ធ​​ទិវា​សុខ​ភាព​​ពិភពលោក ​នៅ​ខែ​មេសា ឆ្នាំ​​២០១៥។ ​ចំណី​អាហា​រ​គ្មាន​​សុវត្ថិភាព ​ក៏​ជា​មូលហេតុ​​នាំ​មុខ​​គេ​លំដាប់​​ទី​២​ ដែល​ធ្វើ​​ឲ្យ​​កុមារ​​អាយុ​ក្រោម៥​ឆ្នាំ​ស្លាប់។​

តាមរបាយការណ៍ពី​នាយកដ្ឋាន​​ប្រយុទ្ធ​នឹង​​ជំងឺ​ឆ្លង​​នៃ​ក្រសួង​​សុខា​ភិបាល​​ ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​២០១៤​ មាន​ការ​ផ្ទុះ​​ជំងឺ​បណ្ដាល​​មក​​ពី​ការ​​ពុល​​ចំណី​​អាហារ​ចំនួន៤៦៤​ករណី​ ដែល​មាន​មនុស្ស​៨​នាក់​ស្លាប់។ ថ្មីៗ​​នេះ​ដែរ​ មាន​​ករណី​ពុល​​នំ​ប៉័ង​​សាច់​បានធ្វើ​ឲ្យមាន​មនុស្ស​រាប់​រយ​នាក់​​ចូលសម្រាក​ពេទ្យនៅ​​ខេត្ត​សៀមរាប​។ លទ្ធផល​នៃ​​ការ​ពិសោធ​​រក​ឃើញ​​ថា សាច់​​នៅ​ក្នុង​នំ​​ប៉័ង​នោះ​​មាន​មេរោគ​ តែ​មិន​បាន​​និយាយ​ឲ្យ​​លម្អិត​ថា ​ជា​មេរោគ​​ឈ្មោះ​អ្វី​​នោះ​ទេ។​

ដើម្បី​កាត់​​បន្ថយ​​បញ្ហា​នេះ ​ទើប​ក្រសួ​ង​សុខាភិបាល​ និង​អង្គការ​សុខភាព​​ពិភពលោក ដាក់​​ប្រធានបទ​​សម្រាប់​ទិវា​​សុខភាព​ពិភព​លោក​នៅ​​ឆ្នាំ​​២០១៥ ថា ​”ពី​កសិដ្ឋាន​ដល់​តុ​បរិភោ​គ ធ្វើ​​ឲ្យ​អាហារ​​មាន​​សុវត្ថិភាព”។ ​ក្នុង​ន័យ​នេះ​ គឺ​ចង់​​សំដៅ​​ដល់​ការ​​ធ្វើ​យ៉ាង​ណា​​ឲ្យ​មនុស្ស​គ្រប់​រូប ​យក​ចិត្ត​​ទុក​ដាក់​​លើ​ការ​រៀបចំ​​ចម្អិន ​និង​កា​រ​រក្សា​ទុក​​ចំណី​អាហារ​​ឲ្យ​មាន​​សុវត្ថិភាព ​គ្មាន​មេរោគ​ និង​គ្មាន​​ជាតិ​​គីមី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative