ណូ​វែ​លហ្សេ​​ឡង់​​រៀប​ចំ​ការ​តាំងពិព័រណ៍​ពី​ការ​សិក្សា​​នៅឆ្នាំ២០១៥       

ស្ថាប័ន​អប់​រំ​នានា​​ក្នុងប្រទេស​​ណូ​វែ​ល​​ហ្សេ​ឡង់​​សហការ​​ជាមួយ​​ក្រុមហ៊ុន​​IDP​ រៀបចំការ​តាំងពិព័រណ៍​​ណូ​វែ​ល​​ហ្សេ​ឡង់​​ឆ្នាំ​២០១៥​នៅ​ថ្ងៃ​ពុធ ​ទី៨ ខែមេសា​ ឆ្នាំ២០១៥​ ដើម្បី​ផ្តល់ព័ត៌មាន​​ទាក់ទ​ង​​នឹង​​ជម្រើស​​ការសិក្សា​​តម្លៃ​​ និ​ង​ការបំពេញ​​បែបប​ទ​​សុំ​ទិដ្ឋាការ​​ទៅ​ប្រទេសណូ​វែ​ល​​ហ្សេ​ឡង់​​ទៅដល់​​សិស្ស​និស្សិត​ និង​អាណាព្យាបាល។​

Untitledតាមរយៈ​ពិព័រណ៍​​ពី​ការសិក្សា​​នៅ​ណូ​វែ​ល​​ហ្សេ​​ឡង់​នេះ​ សិស្ស​​និស្សិត​ និង​​អាណាព្យាបាល​​អាច​មក​​ទទួល​ព័ត៌មាន​​ស្តីពី​​កម្មវិធី​សិក្សា​ និង​បរិយាកាស​​សិក្សា​នៅក្នុង​​ស្ថាប័ន​សិក្សា​ចំនួន​៨រួមមាន​ ​Academic Colleges Group (ACG), ​ Auckland University ​of Technology, ​  Lincoln University, The University of Auckland, Unitec Institute of Technology, ​Ntec ​Tertiary​ Group, ​និង Victoria University of Wellington​។ សិស្ស​​និស្សិត​​ក៏​នឹង​​ទទួលបាន​​ការប្រឹក្សាទាក់ទង​​នឹង​ការចុះឈ្មោះ​​ និង​ការត្រៀម​​ខ្លូន​ប្រឡង IELTSពី​​សំណាក់​​បុគ្គលិក​​មណ្ឌល​​ប្រឡង​IELTS​ជា​ផ្លូវការ​​ប្រចាំ​កម្ពុជា។​

លោក ម៉ៅ ​ស្រេង ​នាយក​​ប្រចាំ​​ប្រទេស​​នៃ​IDP​ Education​ កម្ពុជា​​ បាន​មានប្រសាសន៍ថា​៖ ​“ការតាំងពិព័រណ៍​​នេះ នឹង​ផ្តល់​ឱកាស​ពិសេស​​ដល់​សិស្ស​​និស្សិត​​ ដែល​កំពុង​ស្វែង​រក​ការ​សិក្សា​នៅ​​បរទេស។ សិស្ស និស្សិត​​ដែល​ទទួល​បាន​​សញ្ញាប័ត្រ​ឧ​ត្ត​​ម​​សិក្សា​​នៅក្រៅ​ប្រទេស ​នឹងមាន​​អទិភាព​​ចម្បង​ ក្នុងការ​ប្រកួត​ប្រជែង​យក​​ការងារ​ដ៏​​ល្អប្រសើរ”។

លោក​​Reuben​ Levermore អគ្គ​រាជទូត​​ប្រទេស​ណូ​​វែ​ល​ហ្សេ​​ឡង់​ប្រចាំ​​នៅ​កម្ពុជា​ បាន​មានប្រសាសន៍​​ផងដែរ​​ថា៖ “តាមរយៈ​​ប្រព័ន្ធ​អប់រំ​​នៅ​ប្រទេស​​ណូ​វែ​ល​​ហ្សេ​ឡង់​​សិស្ស​និស្សិត​​នឹង​ទទួល​បាន​ការ​សិក្សា​​ប្រកប​ដោយ​គុណ​ភាព​​ និង​ទទួល​ស្គាល់​​ទូទាំង​ពិភព​លោក ដោ​យ​​ក្នុងនោះ​​ពួកគេ​នឹង​​មាន​ឱកាស​​ទទួលបាន​​នូវ​បរិយាកាស​​សិក្សា​​ប្រកប​ដោយ​​សុវត្ថិភាព​ ព្រមជាមួយ​​នឹង​ភា​ព​រួ​សរា​យ​រា​ក់ទាក់​​របស់​​ប្រជាជន។​ ខណៈពេល​​កំពុង​​សិក្សា​​នៅ​ប្រទេស​​ណូ​វែ​ល​​ហ្សេ​ឡង់​​សិស្ស​​និស្សិត​​នឹង​ទទួលបាន​​គំនិតថ្មី​ៗ​ក៏ដូចជា​​បទពិសោធន៍ល្អ។​ លោក​បាន​​បន្ត​ថា​​គ្រប់​​ស្ថាប័ន​​សិក្សា​​ទាំងអស់​​នឹង​ផ្តល់​ឲ្យ​អ្នក​​នូវ​ការអប់រំ​​ប្រកបដោយ​គុណភាពដូចៗ​គ្នា​​ហើយ​អ្វីដែល​​ធានាបា​ន​​នូវ​​ភាពល្អ​ប្រសើរ​​នេះ​​គឺ​ក្រម​សីលធម៌ ​គោលការណ៍​​ច្បាប់​​របស់រ​​ដា្ឋ​ភិ​បាល​ និង​​កម្មវិធី​សិក្សា​​ ដែល​​ត្រូវបាន​​រៀបចំ​ ឡើង​​យ៉ាង​​ច្បាស់លាស់។​ ទន្ទឹមនឹង​​ការ​ផ្តល់ជូន​​នូវ​ប្រព័ន្ធ​អប់រំ​​ស្តង់​ដារ​​ពិភពលោ​ក​ប្រទេស​​ណូ​វែ​ល​​ហ្សេ​ឡង់​​ផ្តល់​ជូន​​នូវ​​សុវត្ថិភាព​​ក្នុងការ​​រស់នៅ​​ផងដែរ។​ លោក​បាន​​បន្ថែម​ថា«យើងខ្ញុំ​សូម​ធ្វើការ​ស្វាគមន៍​​ដល់​​ប្រជាជន​​មកពី​​គ្រប់​តំបន់​​មកកាន់​​ប្រទេស​ណូ​​វែ​ល​ហ្សេ​ឡង់​ ដែល​ជា​ប្រទេស​​ដែល​​សម្បូរ​ទៅដោយ​​ទេសភាព​​ស្រស់​ស្អាត​ ហើយ​​ប្រជាជន​មាន​ភាព​រ​ស់រាយ​ និង​​ចេះ​ជួយ​​គ្នា​ទៅ​វិញទៅមក»។

អ្នកស្រី​ សៅ ​ណាគ្រី​ អតីត​និស្សិត​​នៃ​សកល​វិទ្យា​ល័យ​​Auckland​ ប្រទេស​ណូ​​វែ​ល​ហ្សេ​ឡង់​ បាន​រំឮក​ពី​​ជីវិត​​និស្សិត​ថា៖​ “ណូ​វែ​ល​​ហ្សេ​ឡង់​ គឺជា​​ប្រទេស​​ដែល​​សិស្ស​​និស្សិត​​ប្រាថ្នា​ធ្វើជា​​គោល​ដៅ​​សិក្សា​​នា​ថ្ងៃ​អនាគត។ ​ បន្ថែម​ពី​លើ​ការ​អប់រំ​​ដែល​​ប្រកប​ដោយ​​គុណភាព​ សកល​វិទ្យាល័យ​​នៅ​ទីនោះ​​យកចិត្តទុកដាក់​លើ​ការ​រស់នៅ​​របស់​​សិស្ស​និស្សិត​​អន្តរជាតិ ​​ហើយ​​ផ្តល់​​ជា​ជំនួយ​​ចាំបាច់​ផ្សេងៗ​ដល់​ពួកគេ។ សាស្ត្រាចារ្យ​នៅ​ទីនោះ​​ តែងតែ​​ស្វាគមន៍​​យោបល់​​សិស្ស​ជានិច្ច ហើយ​​ពួកគេ​​នឹង​ជួយ​​ជ្រោម​ជ្រែង​រៀងរាល់​ ពេលដែល​ពួក​គេ​មាន​​បញ្ហាផ្សេង។​សិស្សនិស្សិត​នឹង​​ទទួលបា​ន​​នូវ​​បទពិសោធន៍​ដ៏​​គួរឱ្យភ្ញាក់ផ្អើល​​ជាច្រើន​​ នៅពេលដែល​ពួក​គេ​​ឃើញ​​នូវ​​ការ​យកចិត្តទុក​ដាក់​​យ៉ាង​ល្អិ​តល្អន់​​ពី​សំណាក់​​អ្នក​នៅ​​ជុំវិញ​ខ្លួន។​ លើសពីនេះទៅទៀត​​ ណូ​វែ​ល​ហ្សេ​​ឡង់ ​ទទួលបាន​​ភាពល្បីល្បាញ​​ថា​​ ជា​ប្រទេស​ប្រកប​ទៅដោយ​​ភាពស្រស់ស្អា​ត​ សន្តិភាព​ និង​​គ្មាន​​អំពើពុ​ក​រលួយ។

គួរ​បញ្ជាក់ថា ​ការតាំង​ពិព័រណ៍​នឹង​ធ្វើ​នៅ​​ទីតាំង​​ACE ​សាខា​ទួល​​ទំពូង​ ផ្ទះ​លេខ១៦៧ ​ផ្លួ​វ១៦៣ កាច់ជ្រុង​​ផ្លូវ៤៨០ ខ័​ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ ​ចាប់ពីម៉ោង១០ព្រឹក–១៧:៣០ ថ្ងៃ​ពុធ​ ទី៨ ​ខែមេសា ​ឆ្នាំ​២០១៥​នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative