រោគខ្វះឈាម

នាងខ្ញុំមាន​សំណួរចង់​សួរវេជ្ជបណ្ឌិត​យើង។ បងស្រី​របស់នាង​ខ្ញុំគាត់​ខ្វះឈាម តើលោក​វេជ្ជបណ្ឌិតយើង អាចជួយ​ប្រាប់ពី​វិធីថែ​ទាំខ្លួនប្រចាំថ្ងៃ ពេលគាត់​ខ្វះឈាម​បានទេ? ហើយតើ​ចំណីអាហារ​បង្កឥទ្ធិពល​ខ្វះឈាមដែរ ឬទេ? កញ្ញា ស.ស.ភ អាយុ២៦ឆ្នាំ ខេត្ដកំពង់ឆ្នាំង

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ពាក្យ“ខ្វះឈាម” ដែល​ប្រជាពលរដ្ឋខ្មែរ​យើងនិយម​ប្រើ អាចមាន​អត្ថន័យ​ពីរយ៉ាងគឺ ជាការ​ខ្វះឈាម​ពិតប្រាកដ និងសម្ពាធ ឈាមទាប។ សំណួររបស់​ប្អូនស្រីនេះ ប្រហែល​ជាចង់​សំដៅ​ទៅរកការ​ខ្វះឈាម ដែលមាន​សម្ពាធ​ឈាមទាប។ សម្ពាធឈាម​ថយចុះ ឬ ទាប ស្ដែងចេញ​ជាបែប​សភាពចុះ​ខ្សោយនៃ​សុខភាព​រាងកាយ។ ជាឧទាហរណ៍ ពេលដែល​អ្នកទទួល​ទានដំណេក​ស្ដូកស្ដឹង បន្ទាប់មក​ងើបបែប​ទាន់ហន់​(រហ័សជ្រុល)។ ការចុះខ្សោយ​នេះ ជាលទ្ធផល​នៃបម្រែ​បម្រួល​សម្ពាធឈាម ក្នុងសរសៃ​ឈាម​អាកទែរ។ ពេលដែល​ដេក ម៉ាស ឈាម​ទាំងអស់​បានចែក​រំលែក​ជាលក្ខណៈ​ស្មើសាច់ នៅពាសពេញ​សព៌ាង្គកាយ។ ប៉ុន្ដែពេល​ងើបឡើងឈរ បើគិត​ទៅដល់ច្បាប់​ទំនាញ​ផែនដី ម៉ាសឈាម​មាននិន្នាការ​កកកុញ​នៅប៉ែក​ខាងក្រោម​នៃ​សព៌ាង្គកាយ។ វាជា​ហេតុផល ដែលឈាម​រត់ចេញពី​ខួរក្បាល ឆ្ពោះមក​ដៃ និងជើង ពេលនោះ​មានអាការ​មិនស្រួលខ្លួន ធីងធោង​បានកើតឡើង រហូតបណ្ដាល​ឱ្យដួល​ទៀតផង។ គ្រោះថ្នាក់​បណ្ដាលមក​ពីសម្ពាធ​ឈាមទាប រិតតែ ខ្លាំងក្លា សម្រាប់អ្នក​ដែលប្រើថ្នាំ​បញ្ចុះ​ទឹកនោម។ ដើម្បី​ចៀសវាង​បាតុភូត​ទាំងនេះ ដែលតែង​កើតនៅ​ពេលព្រឹក​ព្រលឹម គប្បីលើក​ជើងទាំងពីរ ឡើង​លើសិន មុននឹង​ងើបឡើង បន្ទាប់មក​ងើបក្បាល និងដងខ្លួន​សន្សឹមៗ និងអង្គុយ​មួយសន្ទុះ​សិនមុន​នឹង​ងើបឈរ។

ទាក់ទង​នឹងសំណួរ​ប្អូនស្រី ដែលថា​តើចំណី​អាហារបង្ក​ឥទ្ធិពល​ខ្វះឈាម​(សម្ពាធឈាមទាប)​ដែរ ឬទេ។ ប្រការ​សំខាន់​ទាក់ទងនឹង សារធាតុ​អំបិល​(ជាតិប្រៃ) នៅក្នុងម្ហូប​អាហារ។ ពោល បើ​បរិភោគ​ចំណី​អាហារ​មានជាតិ​អំបិល​តិចជ្រុល​(សាបជ្រុល) អាច​បង្កឱ្យ​សម្ពាធ ឈាមចុះ​ទាបបានដែរ។ វេជ្ជបណ្ឌិត​យើង សូមផ្ដាំផ្ញើ​ទៅបងស្រី​របស់ប្អូន​ស្រីថា ត្រូវទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ ដើម្បីវាស់​សម្ពាធ​ឈាម និងព្យា បាលបើ​មានរោគ​ណាមួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative