ការរួមភេទ​​​ពេលមាន​​​ផ្ទៃពោះ

ភរិយា​របស់ខ្ញុំបាទមានផ្ទៃពោះ​ចំនួន៤​ខែមក​ហើយ។ ខ្ញុំបាទ​មិនចង់​ទៅរួមភេទ​ក្រៅផ្ទះទេ។ ខ្ញុំបាទសូម​សួរវេជ្ជ​បណ្ឌិតយើង តើខ្ញុំបាទ អាច“គេង”ជាមួយ​ភរិយាខ្ញុំបាទ​បាន ឬទេ? លោក ច.ស.ហ អាយុ៣៤ឆ្នាំ ភ្នំពេញ

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ បាន! ពេលភរិយា​របស់លោក​មានផ្ទៃពោះ​៤ខែ លោកពិត​ជាអាច​រួមភេទ​បានដូច​ធម្មតា តែត្រូវ​អនុវត្ដ​ទៅតាម​ក្បួនរួមភេទ ជាមួយ​ស្ដ្រីមាន​ផ្ទៃពោះ។ ផ្ទុយទៅ​វិញលោក​មិនអាច​រួមភេទ​ពេលគភ៌​គ្រប់ខែ ក្នុងករណី​គភ៌មាន​គ្រោះថ្នាក់ ឬមាន​ការហាម​ប្រាមពី​គ្រូពេទ្យ ជំនាញ​ខាងសម្ភព។ កាលបើ​គភ៌មាន​ដំណើរ​វិវឌ្ឍន៍ជា​ប្រក្រតី ហើយមាត់​ស្បូនបិទ​ជិតល្អ។ មាត់ស្បូន​បិទជិតនេះ មិនបណ្ដាល​ឱ្យមាន​ការប៉ះ ទង្គិចនឹង​លិង្គដែល​ស៊កចូល​ក្នុងទ្វារមាស និងបង្កការ​ឈឺចាប់​ដល់ទារក​ក្នុងស្បូន​នោះទេ។ ក្រៅពី​ការពារ​ដោយស្បូន ក៏មាន​ទឹកភ្លោះ​ផងដែរ ដែលដើរ​តួនាទី ជួយកាត់​បន្ថយការ​ប៉ះទង្គិច។ តោងដឹងថា បើអារម្មណ៍​របស់ម្ដាយ​យ៉ាងណា ទារក​ក្នុងផ្ទៃ​ក៏អាច​ទទួលដោយ​ប្រយោលខ្លះ ដែរ។ តើទារក​ទទួល​អារម្មណ៍​សុខដុម​ខាងផ្លូវភេទ​ដែរ ឬទេ? រហូតមក​ដល់ពេល​នេះ មិនទាន់​មានអ្នក​វិទ្យាសាស្ដ្រ​ណាឆ្លើយ​តបនឹង​សំណួរនេះ បាន​ល្អិតល្អន់​ឡើយ។ ដូច្នេះលោក​អាចរួមភេទ​ជាមួយភរិយា​របស់លោក​បាន ដើម្បី​ជីវភាព​ផ្លូវភេទ​ក្នុងគ្រួសារ។ តែគប្បី​នាំភរិយា​ទៅជួបអ្នក ជំនាញខាង​សម្ភពជា​ប្រចាំផង ដើម្បី​សុខភាព​ភរិយា និងបុត្រ​របស់លោក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative