បញ្ហាផ្លូវភេទ​​​គួរប្រាប់កូន​​​ពេលណា?

យើងគ្រប់គ្នា​សុទ្ធសឹង​បានដឹង​ហើយថា ប្រពៃណី​ទំនៀម​ទំលាប់​វប្បធម៌​ខ្មែរ មិនបាន​បើកចំហរ​ចំពោះការ​និយាយ ពីបញ្ហា​ផ្លូវភេទ​នោះទេ។ ម្យ៉ាងវិញទៀត អ្នកដែល​ចង់ដឹង​ចង់ឮ​ពីបញ្ហាភេទ ត្រូវបាន​គេចាត់ទុកថាជាមនុស្ស​ល្មោភកាម អាសអាភាស ឥតកេរ្ដិ៍ខ្មាស់​ទៅវិញ។ ជាពិសេស​ស្ដ្រីខ្មែរ គឺត្រូវ​បានកាត់ ផ្ដាច់ពីការ​យល់ដឹង​ផងទាំងទ្បាយ ដែល​ទាក់ទង​នឹងបញ្ហា​ផ្លូវភេទ ដោយសារ​ការខ្មាស់អៀន និងកត្ដា​ប្រពៃណី​សង្គម។ ប៉ុន្ដែ​បច្ចុប្បន្ន ដោយការ​រីកចម្រើននៃ វិទ្យាសាស្ដ្រ និងវិវឌ្ឍនៈភាព​នៃជម្ងឺ​ទាក់ទង​នឹងបញ្ហា​ភេទ កាន់តែ​មានសភាព​ខ្លាំងក្លានោះ ធ្វើឱ្យមនុស្ស​ងាកមក​ចាប់អារម្មណ៍ និងពិភាក្សាគ្នា​ពីបញ្ហា​ផ្លូវភេទ។ ទន្ទឹមនឹង​នោះ ក៏មាន​អាណាព្យាបាល​មួយចំនួន បែរជា​មានការស្ទាក់ស្ទើរ​ក្នុងការ​បង្ហាញឱ្យកូនៗ យល់ដឹង​ពីបញ្ហាភេទ និងមិនដឹងថា តើពេល​វេលាណា ដែល សមស្រប​ត្រូវប្រាប់​ពួកគេ? ហើយតើ​ត្រូវនិយាយ​ប្រាប់គេថា​ដូចម្ដេច?

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍​ជាមួយលោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​សមាគម​ថែទាំ​សុខភាព​គ្រួសារកម្ពុជា ហៅកាត់ថា រ៉ាក់ អំពីបញ្ហា​នេះ ដោយចង​ក្រងជាអត្ថបទ​ដូចខាងក្រោម ៖

តើអាណា​ព្យាបាល គួរប្រាប់កូន​ពីបញ្ហាផ្លូវភេទ​ដែរឬទេ?

បញ្ហាភេទ​គឺជារឿង​សំខាន់ណាស់។ ការពិភាក្សា​ពីបញ្ហា​ផ្លូវភេទ អាចមាន​ភាពចម្រូង​ចម្រាស់​ច្រើន ដោយសារ​មានទស្សនៈ​ផ្សេងៗគ្នា។ ប៉ុន្ដែ ការនិយាយ ពីរឿងភេទ មិនមែន​ជារឿង​អាក្រក់ ដែលជំរុញ​ឱ្យអ្នកស្ដាប់​ទៅប្រព្រឹត្ដ​អំពើ​នោះទេ ហើយយើង​គួរតែ​បើកចំហរ ឱ្យមនុស្ស​ទូទៅ​បានដឹង ដើម្បីឱ្យ​គេអាចការ ពារខ្លួន​ទុកជាមុន។ ដូចដែល​សុភាសិតខ្មែរ​មួយឃ្លាបាន​លើកទ្បើងថា “ គោបាត់​ទើបធ្វើរបង ” មានន័យថា​បើយើង​ពន្យារពេល​នៃការ​និយាយរឿង​រ៉ាវទាំងនេះ ប្រាប់ដល់​កូននោះ មានន័យថា​យើងហាក់​ដូចជាទុក​ឱកាសឱ្យ​បញ្ហាផ្សេងៗ​អាចកកើត​ទ្បើង។

តើពេលណា ដែលសមស្រប​ត្រូវប្រាប់កូន​ពីបញ្ហា​ផ្លូវភេទ?

អាណាព្យាបាល​គួរចាប់ផ្ដើមអប់រំ ឬពិភាក្សា​ពីបញ្ហាផ្លូវភេទ នៅពេល​ដែលកូន​ឈានចូល​ដល់វ័យ​ជំទង់។ ពោលគឺ​នៅពេល​ដែលគេចាប់​ផ្ដើមពេញ​វ័យខ្ទង់ អាយុ១២ឆ្នាំ​ទ្បើងទៅ។ ព្រោះថា​ពេលនេះ រាងកាយ និងសតិអារម្មណ៍​របស់កូន ចាប់ផ្ដើម​មានការ​ប្រែប្រួល ហើយពេល​វេលានេះ ក៏ជារយៈពេល​មួយដែល អាណាព្យាបាល​មានការ​លំបាក​ក្នុងការ​គ្រប់គ្រង គឺមាតាបិតា​ងាយនឹង​មានភាព​ប៉ះទង្គិច​ជាញឹកញាប់​ជាមួយកូន ហើយក៏ជា​ដំណាក់កាល​មួយដែលកូន​ចាប់ផ្ដើម សាងភាព​ម្ចាស់ការ​លើខ្លួនឯង។ ដូច្នេះ ពួកគេ​ងាយប្រឈម​មុខនឹង​គ្រោះថ្នាក់​ផ្សេងៗ​ជាច្រើន រួមទាំង​បញ្ហាភេទ​ផងដែរ ប្រសិនបើ​អាណាព្យាបាល​ពុំបានផ្ដល់ ពេលវេលា​គ្រប់គ្រាន់​យកចិត្ដ​ទុកដាក់​ថែទាំអប់រំ​គេនោះទេ។

អាណាព្យាបាល ក៏គួរចេះ​ជ្រើសយក​ពេលវេលា​មកពន្យល់​ប្រាប់កូន អំពីបញ្ហា​នេះឱ្យបាន​សមស្រប​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​ផងដែរ។ ឧទាហរណ៍ ដូចជា​ការឮកិច្ច​សន្ទនាតាម​កម្មវិធីវិទ្យុ ទូរទស្សន៍​ជាដើម លោកអ្នក​អាចឆ្លៀត​ឱកាសនេះ​សួរយោបល់ ផ្ដល់ការ​ណែនាំ​ដល់ពួកគេ ឬជ្រើសយក​ពេលដែលសល់ ពីការសិក្សា​របស់កូន។ ប៉ុន្ដែត្រូវ​សង្កេត​មើលថា តើកូនមាន​ចំណាប់​អារម្មណ៍​ចំពោះបញ្ហា​នេះដែរ​ឬទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

គួរប្រាប់កូន​ដោយ​របៀបណា?

អាណាព្យាបាល​គួរផ្ដល់ឱ្យ​គេនូវ​ពត៌មានពិត ចៀសវាង​នូវការ​ផ្ដល់ពត៌​មានមិន​ច្បាស់លាស់ ដែលអាច​ធ្វើឱ្យពួកគេ លំបាក​ក្នុងការ​កំណត់ ថាមួយ​ណាពិត ប្រាកដ​ត្រឹមត្រូវ ។

– ក្រៅពីការ​និយាយប្រាប់​ដោយផ្ទាល់ លោកអ្នក​គួរមាន​រក្សាទុក​ព្រឹត្ដិបត្រ ខិត្ដប័ណ្ណ ឬសៀវភៅ​ទាក់ទង​នឹងសុខភាព​ផ្លូវភេទ​នៅផ្ទះរបស់​លោកអ្នក ដើម្បីផ្ដល់​ឱកាសឱ្យ​កូនៗបាន​អាន និងស្វែងយល់​ពីបញ្ហានេះ​ដោយខ្លួនឯង​នៅពេល​គេទំនេរ ពីព្រោះ​ថា កូនឈាន​ចូលដល់​វ័យជំទង់ គេមិនចូល​ចិត្ដធ្វើតាម បង្គាប់​ឪពុកម្ដាយ​ទេ ដូច្នេះការ​ផ្ដល់ឯកសារ​ឱ្យគេសិក្សា​ដោយខ្លួនឯង អាចមាន​ប្រសិទ្ធភាព​ជាង គ្រាន់តែ​លោកអ្នក ត្រូវធ្វើការ​ជ្រើសរើស​ឯកសារ​ឱ្យបាន​ត្រឹមត្រូវ។

– ប្រសិន​បើអាច អាណាព្យាបាល​គួរធ្វើ​ជាឪពុកម្ដាយ​ផង ជាមិត្ដភក្ដិ​ផង ដើម្បីឱ្យ​កូនអាច​ពិភាក្សា​ពីបញ្ហា​ទាំងអស់​នេះជាមួយ​លោកអ្នក។

– ការផ្ដល់គំរូ​ប្រសើរជាង​ការទូន្មាន។ ប្រសិន​បើលោកអ្នក​ចេះតែប្រៀន​ប្រដៅ​កុំឱ្យកូន​ធ្វើនេះ​ធ្វើនោះ ជាឧទាហរណ៍ មិនឱ្យ​កូនមាន​ដៃគូ​ស្នេហាច្រើន ហើយខ្លួន​ជាអ្នក​ប្រព្រឹត្ដវិញ​នោះ ពាក្យសម្ដី​របស់លោកអ្នក​ពុំមានឥទ្ធិពល​ទេ។

– ថ្វីត្បិតថា លោកអ្នក​នឹងនិយាយ​ប្រាប់ដោយ​ចំហរពីបញ្ហា​ផ្លូវភេទមែន ប៉ុន្ដែគួរ​តែកំណត់​ព្រំដែន​ផងដែរ ដោយផ្អែក​ទៅតាម​កម្រិតយល់ដឹង​របស់ កូន។ ឧទាហរណ៍ ប្រសិនបើ​កូនចាប់ផ្ដើម​ឈានចូលដល់​វ័យជំទង់ គួរពន្យល់​ប្រាប់គេ​ពីការ​ប្រែប្រួល នៅក្នុង​រាងកាយ​ប៉ុណ្ណឹងសិន​បានហើយ ចាំពេល​គេធំបន្ដិច មានចំណេះដឹង​ពីសង្គម​សមល្មម នុះសឹម​ប្រាប់គេឱ្យ​បានស៊ី​ជម្រៅ។ អាណាព្យាបាល​ខ្លះ ពុំបាន​យកចិត្ដទុក​ដាក់ចំពោះ​ការប្រែប្រួល​រាងកាយ​ពេលពេញ​វ័យទេ ដោយគិតថា​វាជាកត្ដា​ធម្មជាតិ កូននឹង​ដឹងដោយ​ខ្លួនឯង។ ប៉ុន្ដែសូម​ចងចាំថា ពួកគេអាច​នឹងមានការ​ភ័យខ្លាច និងព្រួយបារម្ភ​ចំពោះការ​ប្រែប្រួលនេះ ហើយ មិនបាន​ត្រៀមលក្ខណៈ​ទុកជាមុន​ទ្បើយសម្រាប់​ការពេញវ័យ។

រូបភាពទស្សនាវដ្តីសុខភាពយើង

គួរហាមឃាត់​កូនដែរឬទេ ប្រសិនបើ​គេចង់ទទួល​បានបទពិសោធន៍​ពីការរួមភេទ?

ការរួមភេទ​គឺជាកត្ដា​ធម្មជាតិ។ ជាការពិត នៅពេល​ដែលក្មេងចាប់​ផ្ដើមពេញ​វ័យគ្រប់ការ គេមាន​ចំណង់​ផ្លូវភេទ យើងពិត​ជាពិបាក​ហាមឃាត់​ខ្លាំងណាស់ ជាពិសេសគឺ​ក្មេងប្រុស។ ទោះបីជា​ដូច្នេះក៏​ដោយ អាណាព្យាបាល​ក៏មិនត្រូវ​បណ្ដែត​បណ្ដោយ​ទៅតាម​ចំណង់​របស់ពួក​គេដែរ។ ថ្វីត្បិតថា​លោកអ្នក​មិនអាច ហាមឃាត់​គេបានមែន ប៉ុន្ដែការ​និយាយប្រាប់​ពួកគេពី​ផលវិបាក ដែលបណ្ដាល​មកពីការ​រួមភេទ ដូចជាការ​មានផ្ទៃពោះ​វ័យក្មេង ការបង្ខំឱ្យ​រៀបការ​ដើម្បី ទទួលខុស​ត្រូវចំពោះ​អនាគត​កូនស្រី ការបង្ខំចិត្ដ​រំលូតកូន ការឆ្លងរាល​ដាលនៃ​ជម្ងឺកាមរោគ ជម្ងឺអេដស៍​ជាដើម គឺជាបច្ច័យមួយ​ដែលអាចជួយ​ទប់ស្កាត់ការ ឈានទៅ​ដកពិសោធន៍​ទាំងងងឹត​ងងុល របស់យុវជន​វ័យក្មេងៗ​ចំពោះការ​រួមភេទ។

បញ្ហាទាំងនេះ គួរចាប់ផ្ដើម​និយាយតាំងតែ​ពីពេលដំបូង ដែលពួក​គេទើបនឹង​ពេញវ័យ ពោលគឺ​មុនពេល​ដែលគេ ចាប់ផ្ដើម​មានចំណង់​ផ្លូវភេទ។ នៅពេល រាងកាយ​ចាប់ផ្ដើម​ប្រែប្រួល ពួកគេ​មិនទាន់​មានចំណង់​ផ្លូវភេទភ្លាម​នោះទេ ដូច្នេះការ​ប្រាប់ជាមុន ជារឿង​ដែលប្រសើរ​បំផុត។

សូមកុំគិតថា លោកអ្នក​នឹងមិនបាន​ទទួលអ្វី​សោះនោះ ពីការ​ប្រាប់កូន​អំពីបញ្ហា​ផ្លូវភេទ។ ជួនកាល​លោកអ្នក​អាចទទួល​បាន ដោយមិន​ដឹងខ្លួនទៀត​ផងក៏ មាន។ ប៉ុន្ដែប្រសិន​បើបុត្រធីតា​របស់លោកអ្នក ប្រឈមមុខ​នឹងគ្រោះថ្នាក់​ដោយសារ​ការមិនបាន​ដឹងអ្វីសោះ​នោះ វានឹងធ្វើ​ឱ្យ​លោកអ្នក​មានវិប្បដិសារី​មិនខាន។ ដូច្នេះ គួរព្យាយាម​ពន្យល់នឹង​ផ្ដល់ឱកាស​ឱ្យពួកគេ បានយល់​ដឹងអំពីបញ្ហា​ផ្លូវភេទ​បន្ថែមទៀត បើទោះបី​ជាកម្មវិធី​សិក្សានៅ​សាលារៀន​មានហើយក៏ដោយ។ ការជួយ​តម្រង់ទិស​របស់​លោកអ្នក នឹងធ្វើ​ឱ្យកូនៗ​មានពត៌មាន​កាន់តែច្រើន និងច្បាស់លាស់ ហើយអាច​ជួយដល់ការ​ត្រិះរិះ​ពិចារណា​របស់ពួក​គេឱ្យ កាន់តែខ្ពស់ ក្នុងបញ្ហាភេទ។ លោកអ្នក​ក៏មិន​ខកចិត្ដ ចំពោះ​ការប្រព្រឹត្ដ​របស់ពួក​គេ នៅពេល​អនាគត​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative