ថ្នាំព្យាបាល​​​ជម្ងឺផ្លូវចិត្ត​​​អាចជាថ្នាំញៀន

រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ នៅប្រទេស​កម្ពុជា ក្នុងចំណោម​ប្រជាពលរដ្ឋ​សាមញ្ញក្ដី ជាគ្រូពេទ្យ​ក្ដី មិនទាន់​មានការ​យល់ដឹងអំពីភាព​ញៀន បាន​ច្បាស់លាស់​នៅឡើយ​ទេ។ ការមិន​យល់ច្បាស់​ពីភាព​ញៀននេះ​ហើយ ធ្វើឱ្យ​ពួកគាត់​មានការ​យល់​ច្រឡំថា ថ្នាំព្យាបាលជម្ងឺផ្លូវ​ចិត្ដ ជា​ថ្នាំញៀន​ទៅវិញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្វីទៅជា​ថ្នាំញៀន?

លោកសាស្ដ្រាចារ្យ កា ស៊ុនបូណាត អ្នកឯកទេស​ខាងវិកល​វិទ្យា បានឱ្យ​និយមន័យ​នៃថ្នាំញៀន​ថា ថ្នាំញៀន គឺជា​សារធាតុ​ទាំងឡាយ​ណាដែល​ប្រើប្រាស់​ទៅ វា​ជះឥទ្ធិពល​មកលើ​យើង។ នៅពេល​យើងប្រើ​វាយូរ​ទៅ វាធ្វើ​ឱ្យយើង​មានចំណង់​ប្រើវា​កាន់តែខ្លាំង។ ផ្ទុយទៅ វិញ នៅពេល​ដែលយើង​ផ្អាក​ប្រើប្រាស់​វា វាធ្វើ​ឱ្យយើងមានចំណង់ប្រើវាខ្លាំងបំផុត។ ទោះបីជាយើងដឹងថា សារធាតុនោះបង្កគ្រោះថ្នាក់ដល់ យើងខ្លាំងយ៉ាងណាក៏ដោយ តែយើង​មិនអាច​អត់វា​បានទេ។ វាធ្វើ​ឱ្យយើង​កញ្ជ្រោលទ្រាំ​មិនបាន មានអ្នក​ខ្លះរហូត​អារដៃ​ដើម្បីសម្រន់​នូវភាព កញ្ជ្រោល​នោះ។ ប្រៀបដូច​ជាមនុស្ស​ញៀនស្រា នៅពេល​ព្រឹកឡើង​គាត់ត្រូវ​តែផឹកស្រា ទោះបី​ជាគាត់​ដឹងថា វាធ្វើ​ទុក្ខក៏​ដោយ។

ថ្នាំព្យាបាល​ជម្ងឺផ្លូវចិត្ដជាថ្នាំ​ញៀន?

ជាការពិត ថ្នាំពេទ្យ​អាចឱ្យ​យើងញៀន​បាន ប្រសិនបើ​អ្នកជម្ងឺ ប្រើប្រាស់​មិនគោរព​តាម​វេជ្ជបញ្ជា។ ឧទាហរណ៍ ការ​ប្រើប្រាស់​ថ្នាំ ងងុយដេក មានដូចជា​វ៉ាល្យូម ត្រង់សែន ឡិចសូម៉ីល​ជាដើម។ មានអ្នក​ជម្ងឺខ្លះ ពេលណា​គាត់សម្រាន្ដ​មិនលក់ ដំបូងគាត់​លេបម្ដង​មួយគ្រាប់ ក្រោយមក​លេបពីរ​គ្រាប់ ទើបធ្វើ​ឱ្យគាត់​សម្រាន្ដលក់ មានអ្នក​ខ្លះទៀត​លេបរហូត​ដល់រាប់សិប​គ្រាប់​ឯណោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

មិនចំពោះ​តែថ្នាំ​ព្យាបាល​ជម្ងឺផ្លូវ​ចិត្ដទេ ថ្នាំពេទ្យ​ណាក៏​អាចធ្វើ​ឱ្យអ្នក​ជម្ងឺមាន​អាការ​ធ្វើទុក្ខដែរ។ ការដែល​ថ្នាំធ្វើ​ទុក្ខនេះ អ្នកជម្ងឺខ្លះ ចាត់ទុកថា ជាថ្នាំញៀន​ដែរ។ យ៉ាងណាម៉ិញ ជម្ងឺ​ផ្លូវចិត្ដ​ត្រូវព្យាបាល​រយៈពេល​យូរ។ នៅពេល​គាត់​ព្យាបាល​បានស្រួល​បន្ដិច គាត់ក៏​ឈប់លេប ថ្នាំ។ លុះជម្ងឺ​រើឡើង​វិញ គាត់ថា​បណ្ដាលមក​ពីថ្នាំ​ដែលគាត់​លេបជា​ថ្នាំញៀន។ ប្រការ​ទាំងនេះ ដោយសារ​គាត់មិន​ទាន់យល់​ច្បាស់​ត្រឹមត្រូវពី និយមន័យ​នៃពាក្យថា ញៀន ឬថ្នាំញៀន និងដោយសារ​ការយល់​មិនច្បាស់​ថា អាការ​នៅពេល​ដែលញៀន​យ៉ាងដូចម្ដេច ពោលគឺឱ្យ​តែឃើញ បាតុភូត​នេះកើត​ឡើង ប្រជាពលរដ្ឋ​ចោទ​ប្រកាន់ថា គាត់មាន​អាការ​ញៀន​ទាំង​ងងឹត​ងងុល។

ដំបូន្មាន​របស់អ្នក​ឯកទេស

លោក​សាស្ដ្រាចារ្យ កា ស៊ុនបូណាត បានទូន្មាន​ប្រជាពលរដ្ឋខ្មែរ​ថា យើង​គួរតែ​ឈប់យក​ភាពមិន​ច្បាស់លាស់​មកនិយាយ​ថាជាការ ពិតទៅ។ យើងត្រូវ​ស្វែងយល់​ឱ្យបាន​ច្បាស់ នូវអត្ថន័យ​របស់ថ្នាំ​ញៀន។ ហើយប្រសិន​បើយើង​ព្យាបាល​ជម្ងឺដោយ​គ្រូពេទ្យ ដែលមាន​ការចេះ ដឹងត្រឹមត្រូវ​តាមក្បួន​វេជ្ជសាស្ដ្រ​ច្បាស់លាស់ គឺមិនអាច​ឈានដល់​ការញៀន​បានទេ ទោះបី​ជាថ្នាំនោះ អាចធ្វើ​ឱ្យញៀន​ក៏ដោយ។ ការប្រើ ប្រាស់ថ្នាំពេទ្យ​មួយចំនួន​ដែលបង្ក​ទៅជា​ញៀន គឺជាការ​ប្រើប្រាស់​ដោយខ្វះ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដែល​ជាទូទៅ ច្រើនតែ​ប្រើដោយ​ចិត្ដ អ្នកជម្ងឺ​ខ្លួនឯង​ទៅវិញទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative