ស្ត្រីនៅលីវ​​​ត្រូវពិគ្រោះ​​​រោគស្ត្រី

ការតាមដាន​សុខភាព ជារឿង​ចាំបាច់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ដើម្បី​បង្ការ​ជម្ងឺផ្សេងៗ និងអាច​ព្យាបាល​បានទាន់​ពេល​វេលា។ ជាធម្មតា ប្រសិនបើយើងមាន​សុខភាព​ធម្មតា គឺយើង​មិនចាំ​បាច់ទៅ​មន្ទីរ​ពេទ្យទេ ប៉ុន្ដែស្ដ្រីដែល​មានជម្ងឺ ចាំបាច់​ត្រូវតែ​ទៅពិនិត្យ​សុខភាព។ សម្រាប់​ពេលនេះ ទស្សនាវដ្ដី សុខភាពយើង សូមណែនាំ​ស្ដ្រីនៅ​លីវ​ឱ្យ​យល់ដឹងនូវ​បញ្ហា​មួយចំនួន ដែលគួរ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើអ្វីទៅ​ជាសុខភាព​ធម្មតា​របស់ស្ដ្រី​នៅលីវ?

ស្ដ្រីត្រូវ​យល់ដឹងថា បញ្ហាអ្វីខ្លះ ដែលជា​បញ្ហា​ធម្មតា​របស់ខ្លួន។ ការមក​រដូវរាល់ខែ ឬពីរ​ទៅបី​ខែម្ដង គឺមិនជា​បញ្ហាអ្វីទេ វាជា​រឿង​ធម្មតា ចំពោះអ្នក នៅលីវ។ ហើយការ​មករដូវ មានការ​ចុកពោះ​បន្ដិចបន្ដួច ក៏មិនមាន​បញ្ហា​អ្វីដែរ។ ស្ដ្រីត្រូវ​ដឹងអំពី​ការធ្លាក់ស។ កាលណា​ធ្លាក់ស​ធម្មតា គឺវាមាន​លក្ខណៈ​អន្លាយដូច សម្បោរ ឯការធ្លាក់ស​មិនធម្មតា មានពណ៌​បៃតង លឿង និងមាន​លក្ខណៈ​ដុំៗ។

ហេតុអ្វី​ត្រូវទៅ​ជួបជាមួយ​គ្រូពេទ្យ​ជំនាញ?

លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន ឯកទេស​សម្ភព និងរោគស្ដ្រី នៃមន្ទីរពេទ្យ​កាល់ម៉ែត បានទូន្មានថា ស្ដ្រីនៅលីវ​ត្រូវ​យល់ដឹង​ចំពោះ​បញ្ហាធ្លាក់ស។ ឧទាហរណ៍ ការធ្លាក់ស​មានការ​រមាស់ ឬមាន​បញ្ហា​ដែលឆ្ងល់ អ្នកគួរ​ទៅសួរ​គ្រូពេទ្យ​ប្រសើរ​ជាជាង​ទៅសួរ​មិត្ដភក្ដិ ឬបងប្អ្អូន​ដែល​មិនមែន​ជាគ្រូពេទ្យ។ ឆាប់ដឹង​ជម្ងឺ គ្រូពេទ្យ អាចព្យាបាល​បានទាន់​ពេលវេលា ព្រោះថា​អ្នក​ជម្ងឺខ្លះ គ្រាន់តែ​ប្រើថ្នាំ​លេប ឬចាក់ទៅ អាចជា​សះស្បើយ ដោយមិន​ចាំបាច់​ធ្វើការ​វះកាត់​ទេ។ គ្រូពេទ្យ​មានវិធី​ធ្វើ ឱ្យគាត់ឆាប់​ជាឡើង​វិញបាន។ ចំពោះ​ស្ដ្រីដែល​មានជម្ងឺ ហើយគាត់​មិនបាន​ទៅពិនិត្យ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ និងនៅមន្ទីរ​ពេទ្យ (សម្រេចចិត្ដ​ព្យាបាល​ខ្លួន ឯងដោយ​មិនត្រឹមត្រូវ) គាត់នឹង​ជួបផល​វិបាក​អាក្រក់ ដូចជា​ធ្លាក់ស​រមាស់ ជម្ងឺមហារីក ជម្ងឺទ្វារមាស​រ៉ាំរៃ​ជាដើម។ ចំពោះស្ដ្រី ដែលមាន​អាការ​ចុកពោះ ពេលមិន មករដូវ ក៏ត្រូវទៅ​មន្ទីរពេទ្យ​ដែរ។ ជួនកាល​គាត់មាន​ដុំដៃស្បូន​រួចទៅហើយ តែគាត់​មិនចាប់​អារម្មណ៍ លុះពេល​ដុំនោះ​កាន់តែ​រីកធំ វាបង្ក​ការចុក​ពោះកាន់​តែខ្លាំង ទើបគាត់​ទៅ​មន្ទីរពេទ្យ។ ដំណាក់កាល​នោះ គ្រូពេទ្យ​ពិបាកក្នុង​ការវះកាត់​ណាស់។

ដំបូន្មាន​របស់អ្នក​ជំនាញ

បងប្អូនស្ដ្រី​ទាំងឡាយ គួរចៀសវាង​ការប្រើថ្នាំ​ដោយខ្លួនឯង។ គ្មានអ្វី​ប្រសើរ​ជាងការ​ទៅ​ពិគ្រោះ​ជម្ងឺ​ជាមួយ​គ្រូពេទ្យ​ទេ។ កាលណា​យើងជួប​ពិគ្រោះ​ជម្ងឺ ជាមួយ​ពេទ្យ បានន័យថា គ្រូពេទ្យ​នោះ ទទួលខុសត្រូវ​ក្នុងការ​ព្យាបាល​យើង។ ពីព្រោះ​ថានៅ​មន្ទីរពេទ្យ មាន​កត់ត្រា​ទុកនូវ​កាល​បរិច្ឆេទ​ពិនិត្យ ឬពិគ្រោះ​ជាមួយនឹង គ្រូពេទ្យ​ណាម្នាក់​យ៉ាង​ច្បាស់លាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative