ខ្ញុំមានជម្ងឺ​ធ្លាក់ទឹកចិត្ដ

នៅប្រទេស​កម្ពុជា ជម្ងឺធ្លាក់​ទឹកចិត្ដ ជាជម្ងឺ​ដែលកើត​មានច្រើន និងគ្រប់វ័យ​ផងដែរ។ បើតាម​ប្រសាសន៍​របស់លោក​សាស្ដ្រាចារ្យ កា ស៊ុនបូណាត អ្នកឯកទេស​វិកលវិទ្យា បានឱ្យ​ដឹងថាក្នុងចំណោម​អ្នកជម្ងឺ​១០០នាក់ មានអ្នក​ជម្ងឺ​ប្រមាណ​ជា៣៥% ដែលមាន​ជម្ងឺធ្លាក់​ទឹកចិត្ដ​នេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ហេតុអ្វី​បានជាមាន​ជម្ងឺធ្លាក់​ទឹកចិត្ដ?

មានមូល​ហេតុជា​ច្រើន ដែលនាំ​ឱ្យមាន​ជម្ងឺធ្លាក់​ទឹកចិត្ដ ដូចជា​ការ​បាត់បង់​ទ្រព្យសម្បត្ដិ កិត្ដិយស មនុស្សដែល​យើង​ស្រឡាញ់ ផ្ទះសម្បែង ការបរាជ័យ​ជាដើម។ អ្វីៗដែល​យើងធ្លាប់​មាន ត្រូវ​បាត់បង់​វាទៅវិញ ធ្វើឱ្យ​យើងមាន​ការ​សោកស្ដាយ​ជាខ្លាំង ធ្វើឱ្យ​យើងឈឺចិត្ដ ឬតូចចិត្ដ ឈឺចាប់ និងទុក្ខសោក។ ករណី​ផ្សេងទៀត គឺដោយសារ​ការប្រើថ្នាំ​មួយចំនួន ដូចជា​ពពួក​ថ្នាំគ័រទីកូអ៊ីត ដិចសាមេតាសូន ដិចតង់ស៊ីល ជាដើម។ កាលណា​យើងប្រើ​ច្រើន វាធ្វើឱ្យ​យើងទៅ​ជាទន់ដៃ ទន់ជើង​រហូតក្លាយ​ជាជម្ងឺ​ធ្លាក់ទឹកចិត្ដ។

ជម្ងឺធ្លាក់​ទឹកចិត្ដនេះ កើតមាន​លើស្ដ្រី​ច្រើនជាង​បុរស។ ដោយសារ​ជាទូទៅ មនុស្សប្រុស​ត្រូវបាន​ចាត់ទុក​ជាមនុស្ស​ខ្លាំង ហើយជា មនុស្សមាន​សិទ្ធិច្រើន​ជាង​មនុស្សស្រី។ នៅពេល​ដែលមាន​បញ្ហាលំបាក ប្រុសៗ​អាចចេញ​ទៅខាង​ក្រៅនៅ​ពេលល្ងាច ឬថ្ងៃឈប់​សម្រាក ដើម្បី ជួបជុំ​ជាមួយ​មិត្ដភក្ដិ និយាយ​ពីនេះ​ពីនោះ ផ្ដោះប្ដូរ​យោបល់​គ្នាទៅវិញ​ទៅមក អាចជួយ​លើកទឹកចិត្ដ ហើយសម្រួល​បញ្ហាដែល​គាត់ជួប ប្រទះ ឱ្យអាច​ធូរស្រាល ឬរក​ដំណោះ​ស្រាយ​បាន។ ចំណែក​មនុស្សស្រី​នៅក្នុង​សង្គមខ្មែរ​យើង ភាគច្រើន​មិនបាន​ចេញទៅ​ណាទេ គឺគិតតែ​ពីនៅ​ក្នុង ផ្ទះ។ ជាឧទាហរណ៍ ប្រសិន​បើស្វាមី​មានរឿង​ខឹង​អ្វីមួយ ក៏ត្រូវ​នៅស្ងៀម។ ដូច្នេះ​ស្ដ្រីហាក់​ដូចជា មានតួនាទី​ប្រមូល​ផ្ដុំនូវ​ភាពតាន​តឹងច្រើន ជាង​បុរស ហើយមិន​អាចនិយាយ​ប្រាប់អ្នក​ណាទេ ព្រោះខ្លួន​ជាស្រី។ ពិសេសស្ដ្រី​មាន​តួនាទី ជាអ្នក​ដោះស្រាយ​បញ្ហា​ទំនាស់​ដោយផ្ទាល់​នៅក្នុង ក្រុម​គ្រួសារ តាំងពី​បងប្អូន​កូនចៅ​ឪពុកម្ដាយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្នកមាន​ជម្ងឺធ្លាក់​ទឹកចិត្ដ​មានអាការ​បែបណា?

ជម្ងឺធ្លាក់​ទឹកចិត្ដ​មាន ៣កម្រិត គឺកម្រិតល្មម កម្រិតមធ្យម និងកម្រិត​ធ្ងន់ធ្ងរ។

-កម្រិតល្មម (កម្រិតស្រាល) អ្នកជម្ងឺ​គ្រាន់តែ​មានចិត្ដ​ស្រងូត​ស្រងាត់ មិនសូវ​និយាយស្ដី ពិសារ​បាយមិនបាន​ច្រើន គេងមិន លក់ អារម្មណ៍​មិនមូល ឈឺក្បាល ភ្លេចមុខ​ភ្លេចក្រោយ។ ជួនកាល​ខឹងខ្លួនឯង អស់សងឹ្ឃម តូចចិត្ដ អារម្មណ៍​រវើរវាយ គិតច្រើន រហូត​មិនចង់ ជួបគេឯង​ចង់តែ​ទៅណា​ឱ្យបាត់។

-កម្រិតមធ្យម ៖ គឺធ្វើទុក្ខ​កាន់តែខ្លាំង គេងមិនលក់​កាន់តែខ្លាំង ស្រកទម្ងន់ និងមាន​អារម្មណ៍​ឆេវឆាវ។

-កម្រិតធ្ងន់ធ្ងរ ៖ ភ្លេចភ្លាំង​កាន់តែខ្លាំង បាយមិនបាន ស្គមខ្លាំង​ធ្វើអ្វី​មិនកើត។ អ្នកជម្ងឺ​ចាប់ផ្ដើម​មានអាការ​ចង់សម្លាប់​ខ្លួនឯង ជួន កាលទៀត មិនចង់​សម្លាប់ខ្លួនឯង​បែរជា​ចង់សម្លាប់​អ្នកដ៏ទៃ។

ចំពោះអ្នក​ដែលប៉ង​សម្លាប់​ខ្លួនឯង នៅពេល​ត្រូវបាន​គេជួយ​ឱ្យរួចផុត​អំពីការ​ស្លាប់ហើយ ត្រូវយក​គេទៅ​ព្យាបាល​ផ្នែកជម្ងឺ​ផ្លូវចិត្ដ្ដឱ្យ ថយចុះ បើមិន​ដូច្នោះទេ អ្នកនោះ​នឹងប៉ង​សម្លាប់​ខ្លួនទៀត។ ផលវិបាក​នៃជម្ងឺ​ធ្លាក់ទឹកចិត្ដ គឺអាច​បណ្ដាលឱ្យ​បាត់បង់​ជីវិត ឬក្លាយទៅ​ជាមនុស្ស ពិការ​ផ្លូវចិត្ដ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីបង្ការ និងទប់ស្កាត់​ជម្ងឺធ្លាក់​ទឹកចិត្ដ

កាលណា​យើងជួប​បញ្ហា​ខកចិត្ដ ការបាត់​បង់ក្ដី ការ​បរាជ័យក្ដី យើងមិន​ត្រូវនៅ​ស្ងៀមទេ។ ត្រូវរក​អ្នកជួយ​ផ្ដល់ប្រឹក្សា ជួយលើក ទឹកចិត្ដ និងជួយ​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ ដែលនាំ​ឱ្យការ​ពិចារណា​របស់យើង​អាច​ត្រឹមត្រូវ ហើយយើង​ធ្វើការ​មិនជួប​ការ​បរាជ័យ។ មិន ត្រូវយល់ថា ខ្លួនឯង​ជាមនុស្ស​អភ័ព្វ ជាមនុស្សសំណាង​អាក្រក់​ជាងគេ​ទេ តែត្រូវ​គិតថា មានគេ​លំបាក​ជាងយើង​ទៅទៀត។ នៅក្នុង​សង្គមខ្មែរ យើង នៅពេល​មានឪពុក​ម្ដាយស្លាប់ អាចារ្យ ឬមនុស្ស​ចាស់តែង​មកណែនាំ​ពន្យល់ថា កុំឱ្យ​កើតទុក្ខ​ពេក គាត់សា្លប់​ទៅគាត់​បានសុខ​ហើយ។ តាម​ពុទ្ធឱវាទ​បានលើក​ឡើងថា “ កើតចាស់​ឈឺស្លាប់”។ ដូច្នេះ​បើមាន​បងប្អូន ឬឪពុកម្ដាយ​ស្លាប់ កុំឱ្យមាន​ការស្ដាយ​ស្រណោះ​ពេក ព្រោះវា ជារឿង​ធម្មតា។ យើងមិន​ត្រូវ​ឱ្យការ​ពិបាកចិត្ដ​គ្របដណ្ដប់​មកលើ​យើង​ពេកទេ ត្រូវចេះ​ពង្រឹងជំហរ​ថា វា​ជារឿង​ធម្មតា។ ប្រសិនបើ​យើងចេះ តែកើត​ទុក្ខរាប់​ឆ្នាំ ធ្វើឱ្យ​យើងមាន​ជម្ងឺធ្លាក់​ទឹកចិត្ដ មានតែ​ការអប់រំ និងការ​ឱ្យយោបល់ ទើបអាច​ជួយបាន​ខ្លះ។

ជម្ងឺនេះ សំខាន់គឺ​យើង ត្រូវស្គាល់​រោគសញ្ញា​របស់វា។ បើយើង​ដឹងថា​មានជម្ងឺ​ធ្លាក់ទឹកចិត្ដ​ហើយ យើងត្រូវ​ព្យាយាម​នៅជួប​ជុំក្នុង រង្វង់​គ្រួសារ ហើយនិយាយ​ប្រាប់គេ មិនត្រូវ​អៀនខ្មាស​ទេ។ បើយើង​មិនហ៊ាន​និយាយ​ប្រាប់គេ វានាំឱ្យ​អាការ​ជម្ងឺកាន់​តែធ្ងន់ធ្ងរ នាំឱ្យ​មានការ លំបាក និងគ្រោះថ្នាក់​សម្រាប់ខ្លួន​ឯង និងក្រុម​គ្រួសារ។ លើសពីនេះ បើក្នុង​ករណីណា​ដែលជួប​ប្រទះនូវ​ទុក្ខសោក ការខកចិត្ដ ការព្រាត់​ប្រាស់ ត្រូវនិយាយ​ជាមួយ​ចាស់ទុំ ឬជាមួយ​នរណាម្នាក់​ដែលយើង​គោរព ឱ្យគេ​ជួយឱ្យ​យោបល់។ ប្រសិន​បើគាត់​ដោះស្រាយ​មិនបាន​ទៀត យើងត្រូវ ឱ្យគ្រូពេទ្យ​ជួយដោះ​ស្រាយឱ្យ ព្រោះគ្រូពេទ្យ​ខាង​វិកលវិទ្យា គាត់មាន​ជំនាញ​ខាង​ចិត្ដសាស្ដ្រ គេយល់​ពីជម្រៅចិ​ត្ដរបស់​យើង។ យើងម្នាក់ៗ​ក៏ ត្រូវ​ស្វែងយល់​ពីអ្នក​ដ៏ទៃដែរ។ បើឃើញ​គេប្ដូរ​អកប្បកិរិយា កុំអាល​ចាប់កំហុស​គេថា ជាការ​ខុសឆ្គង​ឱ្យសោះ ត្រូវស្វែង​យល់ឱ្យ​ដឹងថា វាជា ជម្ងឺ ឬជាការ​ប្ដូរ​ឥរិយាបទ​របស់មនុស្ស​ម្នាក់ៗ ដែលគេ​ចង់ធ្វើ ឬកាច់រាង។ ប្រសិនបើ​យើងចេះ​តែចោទ​ប្រកាន់គេ នុះនាំ​ឱ្យគេ​កាន់តែ​មាន អាការ​ធ្ងន់ធ្ងរ​ឡើង។ តែបើ​យើង​ដឹងថា វាបណ្ដាល​មកពី​ជម្ងឺ​ផ្លូវចិត្ដ យើង​គួរតែ​អនុគ្រោះ​មេត្ដា​ករុណា ហើយយើង​ជួយលើក​ទឹកចិត្ដគ្នា ទើប អាច​បន្ថយការ​កើតជម្ងឺ​ធ្លាក់ទឹកចិត្ដ​បាន។

និយាយ​រួមដើម្បី​បង្ការ និងជួយកាត់​បន្ថយ​ជម្ងឺផ្លូវចិត្ដ យើងគួរ​ជួយគ្នា​ទៅវិញ​ទៅមក គោរពសិទ្ធិ​គ្នា ហើយ​ស្មោះត្រង់​ជាមួយគ្នា មិនកេង​ប្រវ័ញ្ច។ បើគិត​តាមធម៌ព្រះ ក៏អាចជួយ​កាត់បន្ថយ​វិបត្ដិដែល​នាំឱ្យកើត​ជម្ងឺធ្លាក់​ទឹកចិត្ដ គឺមេត្ដា ករុណា រួចហើយ​យើងជួយ​ឈឺឆ្អាល  អាណិត​អាសូរ ពេលនោះ​អ្នកជម្ងឺ​នឹងមាន​ក្ដីសង្ឃឹម ហើយ​សប្បាយចិត្ដ​ឡើងវិញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative