របៀបតុបតែង​មុខពេល​ចូលពិធី​អាពាហ៍ពិពាហ៍

សុភាពនារី​ទាំងឡាយ តែងតែ​ធ្វើការ​តុបតែង​មុខនៅ​ពេលមាន​ពិធីផ្សេងៗ ដូចជា​ការចូលរួម​ពិធីជប់លៀង ពិធីបុណ្យ ពិធីរៀប​អាពាហ៍ពិពាហ៍​ជាដើម។ ប៉ុន្ដែមាន​សុភាពនារី​មួយចំនួន​មមាញឹក​នឹងការងារ ឬធុញទ្រាន់​ក្នុងការ​ចំណាយពេលធ្វើដំណើរ​ទៅហាង​កែសម្ផស្ស។ លោកស្រី អ្នកនាងកញ្ញា​អាចសាកល្បងតុបតែងមុខ​ដោយខ្លួនឯង តាមរយៈការ​រៀបរាប់បង្ហាញរបស់មេជាង​កែសម្ផស្ស អ្នកនាង គង់ កុលលីន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការលាង​សម្អាតស្បែក​មុខ

ដំបូងបង្អស់ ត្រូវជូតសម្អាត​ស្បែកមុខ​ជាមួយនឹង​ក្រែមសម្អាត​ស្បែកមុខ។ បន្ទាប់មកទៀត ត្រូវប្រើ​ទឹកបាញ់​សម្អាតផ្ទៃ​មុខម្ដងទៀត ដើម្បីឱ្យ​ស្បែកមុខ កាន់តែ​មានភាព​ស្រស់ថ្លា។

ការប្រើ​ក្រែមជា​ទ្រនាប់ និងការ​ជ្រើសរើស​ពណ៌ម្សៅ

ត្រូវប្រើក្រែម​ការពារ​កុំឱ្យមាន​ប្រតិកម្ម​លើស្បែកមុខ និងដើម្បីឱ្យ​ស្បែកទន់​រលោង​មានសំណើម ដោយលាប​ទុកចោល​រយៈពេល​ពីពីរ ទៅបីនាទី។ ត្រូវជ្រើសរើស​ពណ៌ម្សៅ​ទ្រនាប់ស្អិត ឱ្យស្រប​ទៅនឹង​សម្បុរ​ស្បែកដង​ខ្លួនរបស់យើង។ ការធ្វើ​បែបនេះ គឺដើម្បី​ចៀសវាង​សតែមុខ តែដងខ្លួន និងកខ្មៅនោះ។ ម្សៅស្អិត ត្រូវលាប​ដោយប្រើ​អេប៉ុង​យកមកញីថ្នមៗ​លើបរិវេណផ្ទៃមុខ ដើម្បីឱ្យ​ស្បែកមុខម៉ដ្ឋល្អ និងជាប់ម្សៅ​បានយូរ​នៅពេល​ដែលយើង​ប្រើម្សៅហុយ​លាបពីលើ។ ក្រោយ មកទៀត ត្រូវប្រើ​ម្សៅពន្លឺ​ពណ៌ស ដែលសុភាពនារី​មួយចំនួន​និយមប្រើពាក្យ ម្សៅហាយ​ឡាយស មកលាប​លើបរិវេណ​ក្រោមភ្នែក ចង្កា និងលើថ្ងាស ដើម្បីឱ្យផ្ទៃ មុខកាន់តែ​មានពន្លឺ​ស្រស់ថ្លា។ មកដល់​ដំណាក់កាលនេះ យើងត្រូវ​ជ្រើសរើស​ពណ៌ម្សៅហុយ​ឱ្យស្រប​នឹងស្បែក​ដងខ្លួន មកផាត់​លើម្សៅស្អិត។ ក្នុងករណី ស្បែក មុខអ្នកនាងកញ្ញា ជាប្រភេទ​ស្បែកមុខខ្លាញ់ អ្នកនាង​ត្រូវប្រើ​ម្សៅផាត់ ផាត់ពីលើ​ម្សៅហុយ​ដែលយើង​ផាត់រួច​មកហើយ​មួយជាន់ទៀត រួចទើប​ប្រើជក់​មកបោសសម្អាត​កម្ទេចកម្ទីរ​ម្សៅ ដើម្បីឱ្យ​ស្មើសាច់ម្សៅ និងមើលទៅ​ឃើញម៉ដ្ឋ​រលោងល្អ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចិញ្ចើម និងភ្នែក

អ្នកនាងកញ្ញា អាចទុក​ទ្រង់ទ្រាយ​ចិញ្ចើមដើម ឬកោរ​តាមរាង​សណ្ឋានដែល​ចូលចិត្ដ រួចគូស​ជាមួយនឹង​ខ្មៅដៃគូសចិញ្ចើម​ពណ៌សូកូឡា ដើម្បីឱ្យសម ស្របទៅនឹង​ទម្រង់មុខ​របស់អ្នក។ ចំពោះភ្នែកវិញ ក្នុងករណី​ភ្នែកមិន​សូវធំល្អ ឬមិនមាន​ត្របកភ្នែក អ្នកនាងកញ្ញា​អាចបិតជ័រ​សម្រាប់បិត​ត្របកភ្នែក ដើម្បីជា ជំនួយដល់​អ្នកដែលគ្មាន​ត្របកភ្នែក និងអ្នកដែល​មានភ្នែកតូច ឬមធ្យមឱ្យ​កាន់តែធំមូលល្អ។

ត្រូវជ្រើសរើស​ពណ៌មក​ផាត់លើ​ត្របកភ្នែក ឱ្យសមស្រប​ទៅនឹងសម្លៀក​បំពាក់របស់​អ្នកនាងកញ្ញា ដែលត្រូវស្លៀក​ចូលរួមក្នុង​កម្មវិធីនោះ។ ឧទាហរណ៍ បើសិនត្រូវស្លៀក​សម្លៀកបំពាក់​ពណ៌លឿង អ្នកនាងកញ្ញា​គួរតែផាត់​ឱ្យលេចចេញ​ពណ៌សូកូឡា​ទឹកមាស ឬពណ៌លឿង​បែកពណ៌ត្រួយចេក។ បន្ទាប់ពី​ផាត់ត្របក ភ្នែករួច យើងត្រូវ​ប្រើទឹក​គូសភ្នែក​នៅតាមរង្វង់ភ្នែក ជាមួយប្រដាប់​គូសរង្វង់ភ្នែក រួចទើប​ពត់រោមភ្នែក និងលាបម៉ាស្ការ៉ា​ជំនួយឱ្យ​រោមភ្នែកខ្មៅ​ក្រាស់ល្អ។ ចំពោះ អ្នកដែល​មិនមាន​រោមភ្នែក ឬមានបន្ដិចបន្ដួច អ្នកនាងកញ្ញា​អាចពាក់​រោមភ្នែក​សិប្បនិម្មិត​ជាជំនួយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផាត់ពណ៌​នៅលើថ្ពាល់

ការផាត់ពណ៌​នៅលើថ្ពាល់នេះ ក៏ត្រូវមើល​ឱ្យស៊ីពណ៌​ដែលផាត់​នៅលើ​ត្របកភ្នែក​អ្នកនាងកញ្ញា​ផងដែរ។ ក្នុងករណី​ផាត់ត្របកភ្នែក​ពណ៌លឿង​បែកពណ៌ ត្រួយចេក​ដូចបានរៀបរាប់​ខាងលើ អ្នកនាងកញ្ញា​គួរតែជ្រើសរើស​ពណ៌ទឹក​ក្រូចចាស់ ឬខ្ចីយកមកផាត់​លើថ្ពាល់។ ការផាត់​ថ្ពាល់នេះ ក៏នៅអាស្រ័យ​ទៅលើ​ទម្រង់មុខ របស់អ្នកនាងកញ្ញា​ផងដែរ។

– មុខតូច ត្រូវផាត់អូស​ចាប់ពីថ្ពាល់ ឡើងទៅ​ជិតជ្រុង​ក្រោមកន្ទុយភ្នែក​នៃថ្ពាល់។

– មុខធំ ត្រូវផាត់​ពាក់កណ្ដាល​ថ្ពាល់ត្រង់ អូសទៅដល់​ចំណុចពាក់កណ្ដាល​គុម្ពត្រចៀក រួចទើប​ផាត់រាងចុះ​មកក្រោមបន្ដិច។

– មុខជ្រុង និងថ្ពាល់ផត ត្រូវផាត់​អូសចាប់ពី​ផ្នែកក្រោម​នៃថ្ពាល់ តាមទិសដៅ​ពីក្រោមទៅលើ​ចំឆ្អឹងជ្រុង​បន្ដិច និងចំថ្ពាល់​ផតបន្ដិច។

ការតុបតែង​បបូរមាត់

យើងត្រូវ​យកសម្រាប់​គូសរឹម​បបូរមាត់ មកគូស​តាមរឹម​បបូរមាត់​ឱ្យលេចចេញ​ទម្រង់បបូរមាត់​បានច្បាស់ល្អ និងអាចគូស​ជាទម្រង់​ដែលយើងចង់បាន ដូចជាទម្រង់​បេះដូងជាដើម។ តាមរយៈសិល្បៈ និងការប៉ិនប្រសប់​ក្នុងការគូសរឹម​បបូរមាត់ ក៏អាចជំនួយ​ដល់អ្នកដែល​មានបបូរមាត់​ធំក្រាស់ ឬតូចស្ដើង​ជ្រុលឱ្យ មើលទៅ​ឃើញស្អាត​សមរម្យបានដែរ។ ការគូសរឹម​បបូរមាត់​នេះ ត្រូវជ្រើសរើសពណ៌​ឱ្យសមស្រប ទៅនឹងពណ៌​ដែលបានផាត់​លើត្របកភ្នែក។ ចំពោះត្របកភ្នែក ពណ៌លឿង​បែកត្រួយចេក យើងគួរ​ជ្រើសរើស​ពណ៌ទឹកក្រូច​ចាស់មកគូស​តាមរឹម​បបូរមាត់។ បន្ទាប់មកទៀត ត្រូវជ្រើសរើស​ពណ៌ក្រែម​លាបបបូរមាត់​ឱ្យសមនឹង ពណ៌រឹម​បបូរមាត់ ដូចករណី​យើងបាន​ជ្រើសរើស​រឹមបបូរមាត់​ពណ៌ទឹកក្រូចចាស់ ដូច្នេះយើង​គប្បីប្រើ​ក្រែមលាប​បបូរមាត់​ពណ៌ទឹកក្រូចខ្ចី។ ទីបញ្ចប់ យើងលាប ក្រែមដែល​មានសារធាតុ​រលោង ដើម្បីជំនួយ​ដល់បបូរ​មាត់ឱ្យរលោង និងមានពន្លឺ ក៏ដូចជាឱ្យ​កាន់តែពន្លេច​សម្រស់មុខ​របស់អ្នកនាងកញ្ញា​ថែមមួយ​កម្រិតទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative