សិស្សក្រីក្រចំនួន៧៦៦នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាព្រះម្លូរ ព្រៃក្រលាញ់ ព្រៃស្រឡិត គកធំ និងគកតូច ដែលស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែងកាលពីពេលថ្មីៗនេះបានទទួលសម្ភារៈសិក្សាពីបុគ្គលិកក្រុមហ៊ុនណាហ្គាវើល ។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បាននាំយកសម្ភារៈសិក្សាចែកជូនដល់សិស្សក្រីក្រទាំងនោះបានមានប្រសាសន៍ថា “ក្រុមហ៊ុនណាហ្គាវើលបានផ្តោតលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ក្រុមហ៊ុនណាហ្គាវើលបាននាំយកសម្ភារៈសិក្សានិងតម្រូវការអប់រំដល់សិស្សជាមួយនិងក្ដីសង្ឃឹមដើម្បីលើកទឹកចិត្តសិស្សឱ្យខិតខំរៀនសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសកម្ពុជា។ លើសពីនេះទៀត ក្រុមហ៊ុនណាហ្គាវើលក៏បានផ្តួចផ្តើមបង្កើតសកម្មភាពអប់រំជាច្រើនដែលរួមទាំងការប្រកួតប្រជែងគូរគំនូរ ប្រកួតប្រជែងប្រកបពាក្យអង់គ្លេស និងការប្រកួតប្រជែងសរសេរអត្ថបទជាដើម ដើម្បីអាចឱ្យសិស្សានុសិស្សនៅតាមបណ្តាខេត្តជនបទចេះប្រើប្រាស់ភាសាអង់គ្លេស”។
ប្អូនភាព សុជាតា ជាសិស្សថ្នាក់ទី៥នៃសាលាបឋមសិក្សាព្រះម្លូរបាននិយាយថា “សិស្សានុសិស្សមានភាពសប្បាយរីករាយ និងរំភើបជាខ្លាំងដោយសានេះជាលើកដំបូងសម្រាប់ពួកគេដែលទទួលបានសម្ភារសិក្សាពីក្រុមហ៊ុនឯកជន”។
លោក អ៊ុំ សាវី នាយកសាលាបឋមសិក្សាគកតូចមានប្រសាសន៍ថា “តាំងនាមឲ្យសិស្សានុសិស្ស និងឪពុកម្តាយរបស់ពួកគេ ខ្ញុំសូមថ្លែងអំណគុណដល់ក្រុមហ៊ុនណាហ្គាវើលដែលបានឧបត្ថម្ភសម្ភារសិក្សា”។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនណាហ្គាវើលបានលើកទឹកចិត្តកុមារឲ្យខិតខំរៀនសូត្រសម្រាប់អនាគតកម្ពុជា។ អ្វីដែលក្រុមហ៊ុនណាហ្គាវើលបានធ្វើក្រុមហ៊ុនផ្សេងៗគួរតែអនុវត្តតាមផងដែរ។
លោក ថង សំអាត នាយកសាលាព្រះម្លូរមានប្រសាសន៍ថា “ព្រះម្លូរគឺជាសាលាដែលនៅជនបទដាច់ស្រយាលហើយនៅឆ្ងាយ គ្មានក្រុមហ៊ុនណាមកជួយក្មេងៗនៅទីនេះទេ។ អ្វីដែលសាលាធ្វើបានគឺតិចតួចប៉ុណ្ណោះ។ ដោយមានការឧបត្ថម្ភពីក្រុមហ៊ុនណាហ្គាវើល វាជួយច្រើនជាពិសេសសម្រាប់កុមារក្រីក្រ និងក្មេងកំព្រា។ ក្នុងនាមជានាយកសាលា ខ្ញុំសូមអរគុណដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដែលបានចំណាយពេលវេលា និងថវិការបស់ពួកគេដើម្បីជួយដល់ក្មេងៗរបស់យើង”។
សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com
អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥