វិធីបំបាត់ក្លិនខ្លួន

ក្លិនខ្លួន ជាបញ្ហា​ដែលបុគ្គល​រាល់រូប​គួរចាប់​អារម្មណ៍ និងយកចិត្ដ​ទុកដាក់​ថែរក្សា ព្រោះថា​មិនមាន​អ្នកណា​ម្នាក់ មានក្លិន​ក្រអូបពីធម្មជាតិ​នោះទេ។ អ្នកខ្លះ​មានក្លិន​ខ្លួនធម្មតា ដោយគ្រាន់តែ​​​ធ្វើការ​សម្អាត និងងូតទឹក​ក៏ជា​ការស្រេច។ ប៉ុន្ដែអ្នក​ខ្លះទៀត មានក្លិន​ធម្មជាតិ​មិនល្អខុសពី​ធម្មតា។

រូបភាពទស្សនាវដ្តីសុខភាពយើង

ក្លិនខ្លួន​មនុស្ស បង្កឡើង​ដោយសារ​ក្រពេញដែល​បញ្ចេញសារ​ធាតុក្លិន ឬដែល​ហៅថា​ក្រពេញ​អាប៉ូគ្រីន។ វានៅ​ជាប់នឹង​ក្រពេញ ញើស ហើយធ្វើ​សកម្មភាព​បញ្ចេញក្លិន ទៅតាម​ពេលដែល​យើងមាន​អារម្មណ៍​រំភើប ភ្ញោច​អារម្មណ៍ ឬបែក​ញើសជាដើម។ ក្រពេញ​ទាំងនេះ ស្ថិតនៅ​តាមបរិវេណ​ក្លៀក ប្រដាប់ភេទ ​ក្រលៀន គូទ សុដន់​ជាដើម។ លោកវេជ្ជបណ្ឌិត ថៃ គា អ្នកជំនាញ​ខាងរោគ​សើស្បែក និងជម្ងឺកាម រោគ បានបកស្រាយ​ដូចតទៅ ៖

មូលហេតុនាំ​ឱ្យមាន​ក្លិនមិន​ធម្មតា

នោះជាក្លិន​មិនល្អពី​ធម្មជាតិ​តែម្ដង ដោយសារ​តែក្រពេញ​អាប៉ូគ្រីន បញ្ចេញនូវ​បរិមាណ​សារធាតុ​ក្លិន ច្រើនដង​ខុសពី​ធម្មតា។ នៅ ពេលយើង​មានសុខភាព​មិនល្អ វាបណ្ដាល​ឱ្យបែក​ញើសច្រើន គួបផ្សំ​នឹងការ​បញ្ចេញក្លិន

​របស់ក្រពេញ​អាប៉ូគ្រីន​ថែមទៀត ក៏ធ្វើឱ្យ​កកើត មេរោគ​ជាប្រចាំ​នៅជាប់​នឹងស្បែក។ ការប្រើ​ផលិតផល​ធ្វើឱ្យ​ក្លៀកស ដោយមិន​មានការ​ណែនាំ​ត្រឹមត្រូវ​ពីគ្រូពេទ្យ​ជំនាញ ក៏អាច​ធ្វើឱ្យផលិត ផលនោះ​មានប្រតិកម្ម​ជាមួយក្លៀក ហើយនាំ​ឱ្យមានក្លិន​មិនល្អ។

ការមិនយក​ចិត្ដទុកដាក់ ឬមិនមាន​ពេលសម្អាត​ខ្លួនឱ្យ​បានទៀង​ទាត់ល្អ ទុកបណ្ដោយ​ឱ្យមានក្អែល និងមេរោគ​ប្រមូលផ្ដុំ ក៏ជាមូល ហេតុចម្បង​នាំឱ្យមានក្លិន​ខ្លួនផងដែរ។

ការប្រែប្រួល​លំនឹងជាតិ​អាស៊ីដបាស​(ភាសាបារាំង​ហៅថា ប៉េហាស់ PH) នៅលើស្បែក​ដោយសារ​ការដុស​សម្អាត កកិត​ខ្លាំងលើ ស្បែក និងការប្រើ​សាប៊ូមិន​ត្រូវនឹង​ស្បែក ក៏បណ្ដាល​ឱ្យមានក្លិន​មិនល្អដែរ។ លំនឹង​អាស៊ីដ​បាសនេះ ជួយធ្វើ​ឱ្យមាន​តុល្យភាព​អាស៊ីដ​នៅលើ ស្បែក។ ដូច្នេះ​នៅពេល​លំនឹង​អាស៊ីដបាស​ប្រែប្រួល វាអាចនាំឱ្យ​មានក្លិន​មិនល្អ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីបំបាត់​ក្លិនខ្លួន

ត្រូវងូត​ទឹកសម្អាត​ខ្លួនឱ្យ​បានស្អាត​ដើម្បីកុំ​ឱ្យក្អែល និងមាន​សារជាតិ​ញើសពូន​ផ្ដុំបង្កើត​ជាក្លិន​មិនល្អ។ ការងូត​ទឹកសម្អាត​ខ្លួននេះ កាន់តែ​ចាំបាច់​សម្រាប់អ្នក​ធ្វើការ​ដោយពលកម្ម​បញ្ចេញ​ញើសច្រើន។

គប្បីជ្រើសរើស​ប្រើសាប៊ូ​ដែលសម​ទៅនឹង​ស្បែក និងមាន​សារធាតុ​សម្លាប់​មេរោគ​ស្រាល ព្រោះថា បើសិនយើង​ប្រើសាប៊ូ​មានជាតិ សម្លាប់​មេរោគខ្លាំង វាអាចនាំ​ឱ្យបាត់បង់​លំនឹង​អាស៊ីដបាស។ ម្យ៉ាងវិញ​ទៀត ព្រោះថា​នៅលើស្បែក​មានមេរោគ​អាក្រក់ និងមេរោគ​ល្អ សម្រាប់​ជំនួយ​កោសិកា​ស្បែក​របស់យើង។

គួរប្រើ​ផលិតផល​បំបាត់ក្លិន​ក្លៀកមួយ​ចំនួន ដែលសមស្រប​ទៅនឹងស្បែក​លោកអ្នក។ ប៉ុន្ដែចូរ​ចងចាំថា ផលិតផល​បំបាត់ក្លិន​ទាំង នេះ នឹងមាន​ប្រសិទ្ធ​ភាពកាន់​តែល្អ ក្រោយពេល​យើងងូត​ទឹកសម្អាត​ខ្លួនរួច​តែប៉ុណោ្ណះ។

ប្រសិនបើ​មានអាការៈ​កន្ទួលរមាស់ មានប្រែ​ពណ៌ក្រម៉ៅ​ខុសធម្មតា នៅតាម​បរិវេណ​ដែលក្រពេញ​អាប៉ូគ្រីន​បញ្ជេញ គប្បី​ទៅឱ្យ គ្រូពេទ្យ​ជំនាញធ្វើការ​ពិនិត្យ និងព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative