វិធានការទប់ទល់ពេលមករដូវដំបូង

កាលពីជំនាន់មុនៗ ភាពពេញវ័យ​របស់ស្ដ្រី គឺនៅក្នុងវ័យ​១៧ ឬ១៨ឆ្នាំ។ ភាពពេញវ័យ ជាវ័យ​ដែលស្ដ្រី​ចាប់ផ្ដើមមានរដូវ ឬដែលចាស់បុរាណ​ហៅថា ជាវ័យ​ចូលម្លប់ ឬវ័យ​គ្រប់ការ។ ផ្ទុយទៅវិញ​បច្ចុប្បន្ននេះ ស្ដ្រីឆាប់​មានរដូវ ហើយអាយុនៃការ​មករដូវ​ដំបូង​របស់ស្ដ្រី ធ្លាក់មក​នៅត្រឹម​១១ឆ្នាំ ឬ១២ឆ្នាំ​តែប៉ុណ្ណោះ។ ការរីកចម្រើន​របស់សង្គម រូបភាព​ផ្សេងៗដែល​ធ្វើឱ្យ​មានការ​ស្រើបស្រាល ជាកត្ដា​មួយដែល ជម្រុញឱ្យ​ស្ដ្រីឆាប់​មានរដូវ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ស្ដ្រីនៅពេល​ជិតពេញវ័យ មានអាការៈ​ប្រែប្រួល​បន្ដិចបន្ដួច ដូចជា​ការប្រែសម្លេង​ពីតូចមក​ជាសម្លេងធំ ឬសម្លេងប្រែ​ជាស្អកស្អា និង មានការ​ឡើងសុដន់​បន្ដិចបន្ដួច​ជាដើម។ ការឡើង​សុដន់នេះ ជាសញ្ញាមួយ​បញ្ជាក់ថា គាត់ជិត​ពេញវ័យ ឬជិតមក​រដូវហើយ។ ចំពោះ​រយៈពេល មករដូវ​របស់ស្ដ្រី​ត្រឹមត្រូវ គឺឈាម​រដូវធ្លាក់មក ក្នុងរយៈពេល​ពីបីថ្ងៃទៅមួយ​សបា្ដហ៍ ជាទៀងទាត់​រាល់មួយ​ខែម្ដង។

តើស្ដ្រីត្រូវ​អនាម័យខ្លួន​ដូចម្ដេចខ្លះ នៅពេល​មករដូវ​ដំបូង?

លោកស្រី​សាស្ដ្រាចារ្យ គ្រុយ លាងស៊ីម ប្រធានផ្នែក​សម្ភពនៃ​មន្ទីរពេទ្យ​កាល់ម៉ែត បានផ្ដល់​ដំបូន្មាន​ដល់យុវតីខ្មែរ​ដូចតទៅ។ ប្អូនៗស្ដ្រី ត្រូវប្រើប្រាស់​សំឡីអនាម័យ​ឱ្យបាន​ត្រឹមត្រូវ នៅមុនពេល​ចេញទៅ​សិក្សា ឬទៅ​ធ្វើការ។ លុះពេលត្រឡប់​មកផ្ទះវិញ ពេលថ្ងៃត្រង់ គប្បីត្រូវ​ផ្លាស់សំឡី​អនាម័យ​ចេញ មិនត្រូវ​ទុកវា​នៅពីព្រឹក​រហូតដល់​ល្ងាចនោះទេ។ ត្រូវផ្លាស់​ទាំងខោ​ទ្រនាប់​ផងដែរ ប្រសិនបើ​ឈាមរដូវ ប្រឡាក់ គឺដើម្បីកុំឱ្យ​ប្រឡាក់ដល់​សំពត់ ឬខោខាង​ក្រៅទៀត។ ត្រូវឧស្សាហ៍​ប្ដូរសំឡី​អនាម័យ ដើម្បីកុំឱ្យ​កកិត ឬរលាក​ទ្វារមាស និងចៀស វាងការជះក្លិន​មិនល្អមក​ខាងក្រៅ។ ក្នុងការ​ចូលបន្ទប់​ទឹកផ្លាស់​ប្ដូរសំឡី គឺត្រូវ​ដុសលាង​ឱ្យបានស្អាត​រហូតដល់​បាត់ក្លិន ទើបយើង​ផ្លាស់សំឡី មួយទៀត។ ចំពោះនារី​ដែលមក​រដូវច្រើន ត្រូវប្រើ​សំឡីអនាម័័័យ​ដែលក្រាស់​បន្ដិច។

ប្អូនៗនារី នៅពេល​ដឹងថា​ខ្លួនមាន​រដូវហើយ មានន័យថា​ខ្លួនពេញក្រមុំ​ហើយ ពោលគឺជា​វ័យគ្រប់ការ។ ដូច្នេះកាលណា​យើងមាន ការរួម​ដំណេក​ជាមួយ​មនុស្សប្រុស យើងនឹង​អាចមានកូន។ ប្អូនៗស្ដ្រី នៅពេល​មករដូវ​លើកដំបូង មិនត្រូវអល់​ឯកទេ។ ត្រូវហ៊ាន​និយាយប្រាប់ ម្ដាយ ឬចាស់ទុំ​ដើម្បីឱ្យលោក​ជួយពន្យល់​ណែនាំ។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើឪពុកម្ដាយត្រូវយក​ចិត្ដទុក​ដាក់ចំពោះ​កូនយ៉ាង​ដូចម្ដេចខ្លះ?

នៅពេលកូន​ស្រីអាយុ​បាន៨​ទៅ៩ឆ្នាំ មាតាបិតា​គួរតែ​ស្សាហ៍​សង្កេត​មើលកូន។ នៅពេល​ដែលឃើញ​កូនមានធ្លាក់​ឈាមរដូវ មាតា ឬបងស្រី​ត្រូវជួយ​ពន្យល់ណែនាំ​ពីបញ្ហាមក​រដូវនេះថា ជាបញ្ហា​ដែលត្រូវតែ​កើតមាន​នៅលើស្ដ្រី​គ្រប់រូប។ សមាជិក​នៅក្នុង​គ្រួសារ ត្រូវ ជួយលើក​ទឹកចិត្ដ​កូនស្រី ឬប្អូនស្រី​ឱ្យចេះ​ថែរក្សាខ្លួន ព្រោះថា​កុមារី​ពុំទាន់​យល់ដឹងពី​បញ្ហានេះ​នៅឡើយទេ។ គេពុំ​ដឹងថា ត្រូវប្រើប្រាស់​សំឡីអនាម័យ​របៀបណា។ ម្យ៉ាងទៀត​កុមារីមាន​ការខ្មាស់អៀន​ច្រើន ហើយគេមិន​ដឹងថា ត្រូវធ្វើ​អនាម័យ​ខ្លួនរបៀប​ដូចម្ដេច។ ដូច្នេះ​នៅក្នុង សង្គម​គ្រួសារ ឪពុកម្ដាយ​ត្រូវស្រឡាញ់​កូន និង​ណែនាំកូន។ នៅពេល​ដែលកូន​ផ្លាស់វ័យ គួរឧស្សាហ៏​និយាយលេង​ជាមួយកូន ផ្ដល់ទំនុក​ចិត្ដដល់ កូន ដើម្បីនៅពេល​មានរឿងអ្វី កូនអាច​ប្រាប់យើង​បាន ហើយយើង​អាចជួយ​គេបាន​ទាន់ពេល​វេលា។ មិនត្រូវ​អាងអំណាច​គាបសង្កត់​កូន នាំ ឱ្យកូនខ្លាច​មិនហ៊ាន​និយាយរឿងប្រាប់​នោះទេ។

ប្រការ​ត្រូវធ្វើ ពេលមានអាការៈ​ឈឺចាប់

នៅពេល​មករដូវ ស្ដ្រីខ្លះ​តែងតែ​មានភាព​រំខាន​បន្ដិចបន្ដួច ដូចជា​ចុកពោះ​ជាដើម។ នៅពេល​មានអាការៈ​បែបនេះ ​បើទ្រាំ​ពុំបាន ស្ដ្រី ត្រូវប្រើថ្នាំ​បំបាត់ការ​ឈឺចាប់  ដូចជា​ថ្នាំដែលមាន​ជាតិប៉ារ៉ាសេតាម៉ុល អាស្ពីរីនជាដើម។ ប៉ុន្ដែថ្នាំ​ទាំងនេះក៏​ធ្វើឱ្យយើង​ឈឺក្រពះដែរ ដូច្នេះសូម ពិសាថ្នាំ​ទាំងនេះ​ជាមួយទឹក​ឱ្យបានច្រើន ឬញ៉ាំបាយ​ឱ្យឆ្អែត​ជាមុនសិន។ សូមចងចាំថា ថ្នាំអាស្ពីរីន​អាចបង្កការ​ហូរឈាមខ្លាំង។ ដូច្នេះការប្រើ ប្រាស់វា​ត្រូវមានការ​ប្រុងប្រយ័ត្ន។ ជាការ​ប្រសើរ សូមទៅ​ជួបជាមួយគ្រូពេទ្យ​ជំនាញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative