សារៈប្រយោជន៍​នៃទឹកដោះ​ម្ដាយ

ទឹកដោះម្ដាយ ជាអាហារ​ដ៏ពិសិដ្ឋ​បំផុត សម្រាប់ដំណើរ​ការលូតលាស់​របស់សរីរាង្គ​កាយទារក។ វាជា​ទឹកដោះ​ដែលស្អាត ​គ្មានមេរោគ ​ហើយជា​អាហារសម្បូរ​ជីវជាតិ​គ្រប់ឥតខ្ចោះ។ មាតា​ទាំងឡាយ ត្រូវបំបៅ​កូនជាមួយ​តែទឹកដោះ​សុទ្ធ រយៈ​ពេល៦ខែ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សារៈសំខាន់​នៃទឹកដោះ​ម្ដាយ

មាតា​មិនត្រូវ​ច្របាច់​ទឹកដោះ​ដំបូង​ចោលទេ ព្រោះ​ទឹកដោះ​ដំបូងជា​សារធាតុ​ដែលមាន​សារៈសំខាន់​ណាស់​សម្រាប់ទារក។ ទឹកដោះដំបូង ជាទឹកដោះដែល មាតាផលិត​នៅក្នុងបី-បួនថ្ងៃ​ដំបូង ក្រោយពេល​សម្រាល​កូនរួច។ វាមានលក្ខណៈ​ខាប់ ពណ៌លឿង​ថ្លាៗ។ ទឹកដោះដំបូង មានបរិមាណ​តិចតួចទេ ប៉ុន្ដែវា​គ្រប់គ្រាន់ សម្រាប់​ទារក និងជាតម្រូវ​ការចាំបាច់​របស់ទារក​ ក្នុងរយៈ​ពេលបី-បួនថ្ងៃ​ដំបូងនេះ។ ទឹកដោះដំបូង សម្បូរទៅ​ដោយ​អង្គបដិបក្ខ​(សារធាតុការពារ​សព៌ាង្គកាយទប់ ទល់នឹង​មេរោគ) និងគោលិកាស​របស់ឈាម ច្រើនជាង​ទឹកដោះ​ដែលចេញ​ក្នុងថ្ងៃបន្ទាប់។

ទឹកដោះដំបូង ផ្ដល់ឱ្យ​ទារកនូវ​ភាពសុំាដំបូង ដើម្បីការពារ​ទារក​ទប់ទល់​នឹងបាក់តេរី ក៏ដូចវីរុស​ជាច្រើន​ដែលទារក​នឹងជួប​ប្រទះ។ ទឹកដោះដំបូង អាច រំលាយ និងជំរុញ​លាមកព្រៃ​(មេកូនីញ៉ូម) ចេញមក​ក្រៅបាន ដើម្បីជួយ​ការពារ​កុំឱ្យ​មានខាន់លឿង។ លើសពីនេះ ​វាមាន​កត្ដា​លូតលាស់​ជួយឱ្យ​ពោះវៀន មាន សមត្ថភាព​ការពារ​អាឡែកហ្ស៊ី និងភាពមិន​ទទួល​អាហារ។ កត្ដានេះ​ជួយសម្រួល​ពោះវៀន​ទារកក្នុង​ការរំលាយ ការស្រូប​យកទឹកដោះ និងជួយ​ការពារ​កុំឱ្យពោះ វៀន​ស្រូបយក ជាតិប្រូតេអ៊ីន​ណាដែល​មិនអាច​រំលាយបាន។

ទឹកដោះម្ដាយ​មានជាតិ​ប្រូតេអ៊ីន និងខ្លាញ់​ជាច្រើន​ដែលមាន​បរិមាណ​ត្រឹមត្រូវ ធ្វើឱ្យ​ទារកងាយ​ស្រួលរំលាយ និងស្រូប​យក។ វាមាន​បរិមាណ​ជាតិដែក តិចតួច និងធ្វើឱ្យ​ទារក​មិនមាន​ភាពស្លេក​ស្លាំង។ វានៅ​មាន​វីតាមីនអា និងវីតាមីនសេ​គ្រប់គ្រាន់ ដែលជួយ​ឱ្យទារក​មានភ្នែក​ភ្លឺល្អ ហើយការពារ​កុំឱ្យមាន​ជម្ងឺឆ្លង មានជាតិ​ទឹកគ្រប់គ្រាន់ និងជីវជាតិ​គ្រប់គ្រាន់​ដោយមិន​ចាំបាច់​បន្ថែមជីវ​ជាតិក្រៅទៀត។

លើសពីនេះ ទារកដែល​បៅដោះម្ដាយ មិនសូវ​មានជម្ងឺរាគ និងជម្ងឺរលាក​ផ្លូវដង្ហើមទេ។ តាមការ​អង្កេត​ជាក់ស្ដែង ទារក​ដែលនៅ​បន្ដបៅ​ទឹកដោះម្ដាយ ក្នុងពេល​មានជម្ងឺ ឆាប់ជាសះស្បើយ ជាងទារក​ដែលបញ្ឈប់ការ​បៅទឹកដោះម្ដាយ។

ការបំបៅកូន​ដោយទឹកដោះ ជួយឱ្យម្ដាយ និងទារក​មានភាព​ស្និទ្ធស្នាល ទំនាក់ទំនង​ក្ដីស្រឡាញ់ ដែលនាំ​ឱ្យម្ដាយ​មានអារម្មណ៍​ពេញចិត្ដ​យ៉ាងខ្លាំង។ ការ សិក្សាមួយ​ចំនួនបានលើក​ឡើងថា ការបំបៅ​ដោះម្ដាយ អាចជួយ​ឱ្យកុមារ​មានបញ្ញា​វាងវៃ។ ទារក​ដែលមាន​ទម្ងន់តូច​ពីកំណើត ទទួលការ​បំបៅដោះម្ដាយ​នៅក្នុង សប្ដាហ៍ដំបូង​នៃជីវិត គេមាន​បញ្ញាស្មារតី​ល្អជាងទារក​ដែលបំបៅ​ដោយទឹកដោះ​សប្បនិម្មិត​(ទឹកដោះគោ)។

ហេតុអ្វី​បានជាទារក ត្រូវបៅតែ​ទឹកដោះម្ដាយមួយ​មុខគត់រយៈ​ពេល៦ខែ?

មាតាត្រូវ​ឱ្យទារកបៅ​តែទឹកដោះ​ម្ដាយមួយ​មុខគត់រយៈ​ពេល៦ខែ ពីព្រោះ​ក្នុងកំឡុង​ពេលនេះ ទារកនៅ​ខ្ចីណាស់។ ពោះវៀន​របស់ទារក​ក៏នៅខ្ចី មិនអាច កិនអាហារ​បានទេ។ ម្យ៉ាងវិញទៀត ទឹកដោះម្ដាយ ជាអាហារ​មានគ្រប់ជីវ​ជាតិរួច​ស្រេចទៅហើយ។ នៅពេល​ទារក​មានអាយុ​លើសពី៦ខែ ធ្មេញទារក​ចាប់ផ្ដើមដុះ មានសមត្ថភាព​អាចទំពាខ្លះៗ ដូច្នេះ​គួរតែ​បន្ថែម​អាហារ​បំប៉នដល់​ទារក។

ដំបូន្មាន​របស់គ្រូពេទ្យ​ជំនាញ​សម្រាប់មាតា​ទាំងឡាយ

ទឹកដោះ​ម្ដាយជាទឹក​ដោះមិន​ជូរផ្អូម និងមិន​មានការ​ទិញដូរ​ទៀតផង។ ទឹកដោះម្ដាយ ​អាចទុក​បានរយៈ​ពេល៨ម៉ោង​នៅកន្លែង​ធម្មតា។ វាអាច​ទុកបាន រយៈពេល​២៤ម៉ោង ប្រសិនបើ​យើងទុក​វានៅក្នុង​ទូរទឹកកក។ សម្រាប់ម្ដាយ​ដែលគ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​បំបៅកូន មុនចេញ​ទៅប្រកប​ការងារ ម្ដាយអាច ច្របាច់​ទឹកដោះ​ទុកឱ្យអ្នកផ្ទះ និងអ្នកថែ​ទាំទារក​សម្រាប់បញ្ចុក ឬបំបៅ​ក៏បាន។ នៅពេល​សម្រាល​កូនបានរយៈ​ពេល១ម៉ោង ម្ដាយត្រូវឱ្យ​កូនបៅភ្លាម។ ការដែល ឆាប់ឱ្យកូន​បៅនេះ គឺដើម្បី​ធ្វើឱ្យ​មាន​សុខភាពល្អ​ទាំងកូន​ទាំងម្ដាយ​ផងដែរ ព្រោះវាធ្វើ​ឱ្យស្បូន​ច្របាច់ឈាម​អាក្រក់ចេញ​មកបានអស់។ ម្ដាយឆាប់​មានសុខភាពល្អ ឡើងវិញ និងឆាប់បាន​ត្រឡប់​ទៅផ្ទះ។ ចំពោះម្ដាយ​ដែលមាន​ទឹកដោះ ហើយមិន​ព្រមបំបៅ​ដោះកូន ជារឿយៗ​តែងជួប​នូវបញ្ហា​ស្ទះទឹកដោះ ​ជាហេតុ​បណ្ដាលឱ្យ មាន​ជម្ងឺដោះ ដូចជា​លាសដោះ បូសដោះ ដំបៅដោះ​ជាដើម។ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការ​ផ្ដាំផ្ញើថា បើ​លោកអ្នក​ចង់ដឹង​ពត៌មាន​លម្អិតអំពី​ការ​បំបៅដោះ នេះ សូមអញ្ជើញ​ទៅពិគ្រោះ​ជាមួយ អ្នកជំនាញ​ខាងសុខភាព​មាតាទារក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative