ការ​អប់​រំ​មនុស្ស​វ័យ​ជំ​ទង់​គួរ​ធ្វើ​ដូច​ម្តេច​

ការ​អប់​​រំ​មនុស្ស​មាន​បែប​ផែន​ខុសៗ​គ្នា​ អា​ស្រ័យ​ទៅ​តាម​វ័យ​របស់​មនុស្ស​ ប៉ុ​ន្តែ​នៅ​ក្នុ​ង​អត្ថ​បទ​សង្គម​លេខ​នេះ ​លោក​ច្រាយ​ ចំ​ណាន​សូម​លើក​យក​សិល្បៈ​នៃ​​ការ​អប់​រំ​មនុស្ស​វ័យ​ជំ​ទង់​ឲ្យ​មាន​ប្រ​សិទ្ឋិ​ភាព​ ​និង​ប​​ញ្ចៀ​ស​សោក​នា​ដ​កម្ម​មក​​បង្ហា​ញ​ជូន​មិត្ត​អ្ន​​ក​អាន​ឲ្យ​បាន​ជ្រាប​ និង​ទុក​គ្រា​ន់​តែ​ធ្វើ​ជា​ប្រ​ទីប​តូច​មួ​យ​សម្រាប់​ត្រិះ​រិះ​ពិ​ចារ​ណា។​

007ffលោក​ច្រាយ​ ចំ​ណាន​អ្នក​និ​ពន្ឋ​សៀវ​ភៅ​សិ​ល្បៈ​នៃ​ការ​ចង​ចិត្ត​ដៃ​គូ​ជី​វិត​ និង​សៀវ​ភៅ​ជា​ច្រើ​ន​ទៀត ​និង​ជា​អ្ន​ក​តាម​ដាន​ការ​វិ​វត្តន៍​របស់​សង្គម​បាន​មាន​ប្រ​សា​​សន៍​ឲ្យ​គេហ​ទំ​ព័រ​សុខ​ភា​ព​កម្ពុជា​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គ្មា​ន​ឪ​ពុក​ម្តាយ​ណា​​មិ​ន​ស្រ​លាញ់ ​និង​មិ​ន​ចង់​ឲ្យ​កូន​ខ្លួន​ល្អ​នោះ​ទេ ​តែ​ទន្ទឹម​នឹង​នោះ​ពួក​គាត់​កំ​ហុស​ជា​រឿយៗ​ដោយ​មិន​បាន​ដឹ​ង​ខ្លួ​ន​ផង​ដែរ ​ដោយ​សារ​ពួក​គាត់​ខ្វះ​សិល្បៈ​ ឬ​មិន​យល់​ដឹង​ពី​សិល្ប៍​វិ​ធី​អប់​រំ​បុត្រ​ ធី​តា​វ័យ​ជំ​ទង់​រប​ស់​ខ្លួន​។​

ពេល​​អប់​រំ​បុត្រ​ធី​តា​ឪ​ពុក​ម្តាយ ​ឬ​អា​ណា​ព្យា​បាល​ទាំ​ង​ទ្បាយ​ដែល​ការ​យល់​ដឹង​នៅ​មា​ន​កម្រិត​ តែង​តែ​ជេរ​ប្រ​ទេច​ផ្តា​សា ​ប្រ​មាថ​ដោយ​ពាក្យ​អសុ​រស​ផ្សេងៗ ​និង​ជូន​កាល​ពួក​គាត់​យក​កូន​របស់​គាត់​ទៅ​ប្រៀប​ជា​មួយ​អ្ន​ក​ដទៃ ​ហើយ​ការ​ប្រៀ​​បធៀ​ប​នោះ ​គឺ​បាន​បន្តុះ​បង្អាប់​កូន​របស់​ខ្លួន​ទាំង​ស្រុង​ ដែល​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​តូច​​ចិត្ត​ អស់​សង្ឃឹម​រហូត​ទៅ​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង ​ដោយ​យក​មធ្យោ​បាយ​ចង​ក​សម្លាប់​ខ្លួន​ ឬ​លោ​ក​ទឹ​ក​ទន្លេ ​និ​ង​ផឹក​ថ្នាំ​ពុល​ជា​ដើម​។​

លោក​ចំ​ណាន​ថ្លែង​ទៀត​ថា ​“​ការ​អប់​រំ​បែប​នេះ​ជា​លទ្ឋ​ផល​នាំ​មក​នូវ​សោក​នាដ​កម្ម ​ប៉ុ​ន្តែ​ឪ​ពុក​ម្តា​យ​មិន​​ដែល​បាន​ទទួល​ខុស​ត្រូវ​ ឬ​ជួន​កាល​មិន​បាន​ដឹង​ពី​កំ​ហុស​រប​ស់​ខ្លួន​នោះ​ទេ ​និង​តែ​ង​គិត​ថា​កូន​រ​បស់​គាត់​ជា​មនុស្ស​គិត​ខ្លី​ទើប​សម្រេច​ចិត្ត​ធ្វើ​អត្ត​ឃាត​បែប​នេះ ​គ្រាន់​តែ​ពួ​ក​គា​ត់​ស្តី​ឲ្យ​បន្តិច​បន្តួច​ ដែល​តាម​ពិត​នេះ​ជា​កំ​ហុស​រ​បស់​ពួក​គាត់​ស្ទើ​រ​ទាំង​ស្រុង​”​។​

ការ​ធ្វើ​អត្ត​ឃាត​រ​បស់​យុវ​ជន​វ័យ​ជំ​ទង់ ​តែង​តែ​កើត​មាន​ជា​រឿយៗ ​និង​ត្រូវ​បាន​អ្នក​សារ​ព៌ត​មាន ​យក​មក​ចុះ​ផ្សា​យ​លើ​ទំ​ព័រ​កា​សែត​នា​នា​ ហើយ​រាល់​កិច្ច​សម្ភា​សន៍​ឪ​ពុក​ម្តា​យ​ ដែល​មាន​កូន​ធ្វើ​អត្ត​ឃាត​បែប​នេះ ​តែង​តែ​និ​យាយ​ថា​គាត់​គ្រាន់​តែ​ស្តី​ប​ន្ទោស​បបន្តិ​ច​បន្តួច​ ដោយ​មិន​ដែល​ទទួល​ស្គាល់​ពី​កំ​ហុស​របស់​ខ្លួន​ទ្បើយ​។​

លោកច្រាយ​ ចំ​ណាន​បាន​បន្ត​ថា ​ការ​ពិត​កំ​ហុស​ទាំង​នេះ ​បណ្តាល​មក​ពី​ឪ​ពុក​ម្តាយ​ទាំង​នោះ​មិន​បាន​ទទួល​ការ​អប់​រំ ​ឬ​ពួក​គាត់​បាន​ទទួល​ការ​អប់​រំ​ផ​​ង​ដែរ​  តែ​ពួក​គាត់​មិន​បាន​ស្វែង​យល់​ពី​ចិត្ត​សាស្រ្ត​ ពី​វិ​ធី​សាស្រ្ត​នៃ​ការ​អប់​រំ​មនុស្ស​។​ហេ​តុ​នេះ​ឪ​ពុក​ម្តាយ​ទាំង​ទ្បាយ​មិន​ត្រូវ​បន្តុះ​បង្អា​ប់​បុត្រ​ ជេរ​ប្រ​ទេច​ផ្តា​សា ​ប្រ​មាថ​ និង​យក​បុត្រ​ធី​តា​រ​​បស់​ខ្លួន​ទៅ​ធៀប​ថា​អន់​ជាង​អ្នក​ដទៃ​ទ្បើយ​ ព្រោះ​វ័យ​របស់​ពួក​គេ​ជា​វ័យ​ដែល​មាន​ភាព​ឆេវ​ឆាវ​ ចូល​ចិត្ត​យក​ដឹង​ ច​ង់​ស្គាល់​ពី​អ្វី​ប្លែកៗ​ ជា​វ័​យ​​ដែល​ពួក​គេ​ត្រៀម​ខ្លួន​នឹង​ពេញ​វ័យ ​និង​ជា​វ័យ​មាន​ទំ​នោរ​និ​យម​ទៅ​តាម​គ្នា​ទៅ​វិញ ​ទៅ​ម​ក​ជា​មួយ​មិត្ត​ភ័ក្ត​របស់​ពួក​គេ។​

លោក​បន្ត​ថា ​“​គ្មាន​ការ​អប់​រំ​ណា​មាន​ប្រ​សិទ្ឋិ​ភាព​ជាង​ការ​លួង​លោក ​លើក​​ទឹ​ក​ចិត្ត ​កោត​សរ​សើរ ​និង​ផ្តល់​ភាព​កក់​ក្តៅ​ផ្សេងៗ​ដល់​ពួក​គេ​ទ្បើយ​ ព្រោះ​គ្រ​ប់​មនុស្ស​ត្រូវ​​កា​រ​សកម្ម​ភាព​ទាំង​អស់​នេះ”​។​ លោក​បន្ត​ថា ​“​ជី​វិត​មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​ពេ​​ល​អស់​សង្ឃឹម​ ពេល​ទុក្ខ​សោក ​ពេល​ព្រាត់​ប្រាស់​សមា​ជិ​ក​គ្រួ​សារ​ បែក​បាក់​គូ​សង្សារ​ជា​ដើម​។​ពេល​ជួប​បញ្ហា​បែ​ប​នេះ ​សម្តី​ដែល​មាន​តំ​លៃ​និ​​ង​ពួក​គេ​ចង់​ស្តាប់​គឺ​ពាក្យ​ណែ​នាំ ​ចង្អុល​បង្ហាញ ​លួង​​លោម ​និង​លើក​ទឹក​ចិត្ត​គ្នា​”​។​

ដូច​នេះ​នៅ​ពេល​បុត្រ​ ធី​តា​រ​បស់​អ្នក​ប្រ​ព្រឹត្ត​កំ​ហុស ​សូម​ហៅ​ពួ​ក​គេ​មក​សួរ​ពី​ហេតុ​ផ​ល ​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​សាង​កំ​ហុស​ដោយ​ទន់​ភ្ល​ន់​ ប្រា​ប់​ពួក​គេ​ថា​ពួក​គេ​ជា​ម​នុស្ស​ឆ្លាត​ ធ្វើ​ជា​លួច​សរ​សើរ​ពួក​គេ​ពី​ក្រោយ​ខ្នង​ និង​និ​យាយ​ថា​សង្ឃឹម​ថ្ងៃ​ក្រោយ​កូន​នឹង​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ជាង​នេះ​ជា​ដើម​។​​

ឧ​ទា​ហរណ៍ ​ពេល​ម្តាយ​អប់​រំ​កូន​ស្រី​ អ្ន​ក​ម្តាយ​ទាំង​ទ្បាយ​ត្រូវ​ហៅ​មក​សួរ​​ដោយ​ទន់​ភ្លន់ ​ពន្យល់​ពួក​គេ​ដោយ​ទន់​ភ្លន់​ និង​ម៉ឺង​មាត់​ បន្ទាប់​មក​ចាប់​កូន​ស្រី​របស់​ខ្លួន​ឳប​ និង​និ​យាយ​ប្រាប់​គេ​ថា ​“​ម៉ាក់​ឬ​ម៉ែ​ស្រ​លាញ់​កូ​ន​ខ្លាំង​ណាស់ ​ម៉ាក់​ដឹង​​ថា​កូន​មិន​ចង់​ឲ្យ​មាន​កំ​ហុស​ទេ ​កូន​ម៉ាក់​ឆ្លា​ត​ ហើយ​កូន​ជា​អ្វីៗ​ទាំង​អស់​របស់​ម៉ែ ​សង្ឃឹម​ថា​កូន​នឹង​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ជាង​នេះ ​ព្រោះ​ម៉ាក់​មិន​ចង់​ឃើញ​កូ​ន​ខុស​ម្តង​ហើយ​ម្តង​ទៀត​បាន​ទេ”​។​

009ffនេះ​គ្រាន់​តែ​ជាឧ​ទា​ហរណ៍​ខ្លី​មួយ ​ដែល​បុគ្គល​ជា​ឪ​ពុក​គួរ​តែ​ធ្វើ​បែប​នោះ​ដូច​គ្នា ​ព្រោះ​មាន​តែ​ការ​បង្ហាញ​ពី​កំ​ហុស​របស់​ពួក​គេ​ដោយ​ទន់​ភ្លន់​ និ​ង​លួង​លោម ​លើក​ទឹ​ក​ចិត្ត​ដល់​ពួក​គេ​ទេ ​ទើប​ពួក​គេ​មាន​ភាព​កក់​ក្តៅ ​ហើយ​ពួក​គេ​ទទួល​បាន​អារ​ម្ម​ណ៍​មាន​សុវ​ត្ថិ​ភាព​ជាង​ ព្រោះ​ពេល​សាង​កំ​ហុស​អ្វី​មួយ ​យុវ​ជន​ជំ​ទន់​តែង​តែ​រង​សម្ពាធ​ និង​អស់​សង្ឃឹម​។​ ដូច​នេះ​វិ​ធី​ជួយ​ពួក​គេ ​គឺ​មាន​តែ​ការ​ផ្តល់​​កា​រ​ស្រ​​លាញ់​ចំ​ពោះ​ពួក​គេ​ឲ្យ​បាន​ច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ទេ ​ទើប​ពួក​គេ​ទទួ​ល​បាន​នូវ​ភាព​កក់​ក្តៅ ​និង​ក្លាយ​ជា​កូន​ប្រ​កប​ដោយ​ក្តី​កត្ត​ញ្ញូ។​

លោក​ច្រាយ​ ចំ​ណាន​បាន​បន្ត​ថា ​“​ឪ​ពុ​ក​ម្តាយ​ ឬ​អា​ណា​ព្យា​បាល​ខ្មែ​រ​ភាគ​ច្រើ​ន​ ពួក​គាត់​មិ​ន​សូវ​និ​យាយ​ពា​ក្យ​​ស្រ​លាញ់​ចំ​ពោះ​កូន​នោះ​ទេ ​ព្រោះ​ពួក​គាត់​មាន​អារ​ម្មណ៍​អៀន​ខ្មាស់​ ពួក​គាត់​មាន​​អា​រម្មណ៍​ខ្លាច​កូន​បាន​ចិត្ត​ ក្លាយ​ជា​ក្មេង​ទំ​នើង​ជា​ដើម​ ដែល​នោះ​ជា​ការ​គិត​មួយ​ដ៏​ខុស​ឆ្គង​”​។​ លោក​បន្ត​ថា ​“​គ្មាន​កូន​ណា​មិន​ពេញ​ចិ​ត្ត​ចំ​ពោះ​ពាក្យ​ស្រ​លាញ់ ​ដែល​ឪ​ពុក​ម្តាយ​និ​យា​​យ​ទៅ​កាន់​កូន​របស់​ខ្លួន​ទ្បើយ​ ដូច​នេះ​សូម​ឪ​ពុក​ម្តាយ​ អា​ណា​ព្យា​បាល​ទាំង​ទ្បាយ​​និ​យាយ​ពាក្យ​ស្រ​លាញ់ ​លួង​លោម ​លើក​ទឹក​ចិត្ត​ទៅ​កាន់​កូន​របស់​ខ្លួន​ឲ្យ​បាន​ច្រើ​ន​​ ​ដើ​ម្បី​ផ្ត​ល់​ការ​លើក​ទឹក​ចិត្ត​ អារ​ម្មណ៍​កក់​ក្តៅ​ចំ​ពោះ​បុត្រ​ ​ធី​តា​របស់​ខ្លួន​”​។​

ការ​ដែល​ឪ​ពុក​ម្តាយ​ និង​អា​ណា​ព្យា​បាល​ខ្មែរ​ មិន​សូវ​និ​យាយ​ពាក្យ​ស្រ​​លាញ់​ទៅ​កាន់​កូន​ ដោយ​សារ​ពួក​គេ​មិន​ដែល​លឺ​ឪ​ពុក​ម្តាយ​ របស់​ពួក​គាត់​និ​យាយ​ទៅ​កាន់​ពួក​គាត់​ដូច​គ្នា​ ដែល​បញ្ហា​ទាំង​អស់​នេះ​ប​ណ្តា​ល​ម​ក​ពី​កង្វះ​ការ​អប់​រំ​ ការ​មិន​សូវ​មាន​ទម្លា​ប់​បែប​នេះ​ពី​មុន​មក​ជា​ដើម​។​

ដូច​នេះ​កា​រ​អប់​រំ​កូន​វ័យ​ជំ​ទង់​ឬវ័​យ​ណា​ក៏​ដោយ ​មា​តា​បិ​តា​ អា​ណា​ព្យា​បា​ល​គួរ​តែ​ប្រើ​ពាក្យ​ទន់​ភ្លន់​ លួង​លោម ​លើក​ទឹក​ចិត្ត​ប៉ុ​ណ្ណោះ ​ដែល​មាន​ប្រ​សិទ្ឋិ​ភាព ​និង​អាច​បញ្ចៀស​បាន​នូវ​​សោក​នា​ដកម្ម​ដូច​ការ​លើក​ទ្បើ​ង​ខាង​លើ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖  គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative