វិធីថែទាំខ្លួនពេលមករដូវ

តាមការ​ស្រាវជ្រាវ ការដែល​ឆាប់មក​រដូវពេក​ក៏មិនល្អ ក្រមក​រដូវពេក​ក៏មិន​ល្អដែរ។ ស្ដ្រីកាន់​តែឆាប់​មានរដូវ​នៅពេល​ណាដែល មនុស្សលោក​ចេះតែ​វិវឌ្ឍន៍​ទៅមុខ។ បងប្អូន​ស្ដ្រីខ្លះក៏បាន​យល់ដឹង​នូវប្រការ​មួយចំនួន​ហើយ ក្នុងការ​ថែទាំ​ខ្លួនពេល​មករដូវ។ ប៉ុន្ដែ​ប្រការខ្លះទៀត បងប្អូន​ស្ដ្រីខ្លះ ក៏នៅ​ពុំទាន់​យល់ដឹង​នៅឡើយ​ដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការមក​រដូវ​ជាអ្វី?

ការមករដូវ គឺជារឿង​ធម្មតា​ទេសម្រាប់​ស្ដ្រីគ្រប់​រូប។ ហើយការ​មករដូវ​នេះ ជាសញ្ញា​មួយបញ្ជាក់​ប្រាប់គាត់​ថា គាត់ពេញ​ក្រមុំ ហើយ។ ពីមុនស្ដ្រី​មករដូវ​នៅអាយុ​ច្រើន ប៉ុន្ដែ​បច្ចុប្បន្ននេះ អាយុនៃ​ការមក​រដូវរបស់​ស្ដ្រីចេះ​តែតិច​ទៅៗ។ យ៉ាងណា​ម៉ិញ កាលពីមុន​ស្ដ្រីមាន អាយុ១៧ឆ្នាំទើប​មករដូវ ឥឡូវថយ​មកនៅ​ត្រឹមអាយុ​១១ ឬ១២ឆ្នាំ រហូតកុមារី​ខ្លះទៀត មានអាយុ​ត្រឹមតែ​៨ឆ្នាំទេ។ ស្ដ្រីត្រូវ​ដឹងថា ជាធម្មតា​រដូវស្ដ្រី​ដែលមក​ទៀងទាត់ គឺមកមួយ​ខែម្ដងនិង​ក្នុងរយៈពេល​ពី៣ ទៅ៥ថ្ងៃ ឬ១សបា្ដហ៍។

អាការៈឈឺ​នៅមុនពេល​មករដូវ

នៅមុន​ពេលមក​រដូវ ស្ដ្រីច្រើន​មានអាការ​ចុកពោះ ឈឺក្បាល ឈឺដៃ ឈឺជើង ឈឺតាម​សាច់ដុំ។ល។ អាការៈ​ទាំងនេះ វានឹង​បាត់ទៅ វិញនៅពេល​ដែលមក​រដូវ និងក្រោយ​ពេលមក​រដូវរួច ដោយឯងៗ។

ការប្រើប្រាស់​សំឡីអនាម័យ

ស្ដ្រីគួរ​ប្រើសំឡី​អនាម័យ​ឱ្យសមស្រប​ទៅតាម​ចំណុះនៃ​ឈាមរដូវ។ មានន័យថា ឈាមរដូវ​មកច្រើន យើងគួរ​ប្រើសំឡី​អនាម័យ រាងក្រាស់​បន្ដិច ឬសំឡី​ដែលជក់​ទឹកបានល្អ ដើម្បី​កុំឱ្យ​ឈាមរដូវ​ប្រលាក់មក​ខាងក្រៅ។ ចំពោះសំឡី កាលណា​យើងប្រើ​ក្រាស់ពេក វាធ្វើឱ្យ យើងស្អុះ​ស្អាប់ពេក។ ដូច្នេះ​ស្ដ្រីគួរ​ប្រើប្រាស់​សំឡីទន់ ឬបែបណា​ដែល​ងាយស្រួល​ប្រើ​សម្រាប់​ខ្លួនឯង។ ចំពោះស្ដ្រី នៅតាម​ជនបទ ដែលគ្មាន ថវិកា​គ្រប់គ្រាន់ ក្នុងការ​ទិញសំឡី​អនាម័យ លោកស្រី​អ្នកនាង​អាចប្រើ​ក្រណាត់​ជំនួសបាន ដោយបោកគក់​ក្រណាត់នោះ​ឱ្យបាន​ត្រឹមត្រូវ។

ចំណី​អាហារ

មានពាក្យ​ចចាមអារាម​ខ្លះថា នៅពេល​មករដូវ ស្ដ្រីមិនគួរ​បរិភោគម្ជូរ ទឹកកក ឬតំណម​ចំណី​អាហារ​មួយចំនួន​ទៀត ដែលថា​ធ្វើឱ្យ ដំណើរការ​រដូវស្ដ្រី​មានការ​រអាក់រអួល។ លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេស​ខាងសម្ភព និងរោគស្ដ្រី បានលើក​ឡើងពី​ករណីនេះ​ថា ស្ដ្រី មិនចាំបាច់​តមចំណីទេ គាត់ចង់​បរិភោគអ្វី គឺបរិភោគ​ជាធម្មតា ព្រោះថា ដើម្បីមក​រដូវបានល្អ ទាល់តែ​យើងបរិភោគ​អាហារឱ្យ​បានគ្រប់សព្វ ដើម្បីឱ្យ​អាហារ​នោះ ផលិតចេញ​ជាឈាម​រដូវបាន។ មានស្ដ្រីខ្លះ ពេលមក​រដូវមាន​ភាពស្លេក​ស្លាំង។ ករណី​ដូចនេះ គាត់ត្រូវ​បន្ថែមចំណី គឺត្រូវ បរិភោគឱ្យ​បានគ្រប់គ្រាន់។ ដូចគ្នាដែរ ចំពោះនារី​ដែលរើស​ចំណីអាហារ មិនសូវញុំា​ចំណីអាហារ ក្នុងកំឡុង​ពេលនេះ​គាត់គួរតែ​ញុំាចំណី​អាហារ បន្ថែមទៀត។ ចំណីអាហារ​ទាំងនោះ អាចជា​ផ្លែឈើ​គ្រប់មុខ (ព្រោះវាមាន​វីតាមីន​គ្រប់គ្រាន់) ឬចំណីអាហារ​ផ្សេងៗទៀត។ ការបរិភោគ ចំណីអាហារ​បន្ថែមនេះ អាចចៀសវាង​បាននូវ​ភាព​ស្លេកស្លាំង ព្រោះថា នៅពេល​មករដូវ ស្ដ្រីត្រូវ​បាត់បង់​ជាតិដែក និងជាតិ​កាល់ស្យូម​យ៉ាង ច្រើនរួច​ទៅហើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

អនាម័យ​សព៌ាង្គកាយ

នៅពេល​ឈាមរដូវ​ជោគសំឡី ស្ដ្រីត្រូវប្ដូរ​សំឡីចេញ ហើយងូត​ទឹកសម្អាត​កាយ​ជាធម្មតា រួចដាក់ ឬបោះចោល​សំឡី​អនាម័យឱ្យ បានត្រឹមត្រូវ។ ក្នុងពេល​មករដូវនេះ គាត់មិន​គួរគប្បី​ចុះទៅក្នុង​ទឹកត្រញំង ឬស្រះទេ ព្រោះវា​នាំឱ្យ​ឆ្លងមេរោគ​ផ្សេងៗ។ សូម​ចៀសវាង​នូវការ ស្លៀកខោ​ដែលធ្វើពី​ជាតិនីឡុង ឬខោដែល​ហប់ពេក។ ខោសើម​ត្រូវផ្លាស់​ចេញ ដើម្បី​ចៀសវាង​នូវការ​រមាស់។

សកម្មភាព​ផ្លូវកាយ

នៅពេល​មករដូវ ស្ដ្រីមាន​ការនឿយហត់ និងអស់​កម្លាំងច្រើន។ នៅពេលខ្លះ ស្ដ្រីកំពុង​មករដូវ​ក៏មិនគួរ​លេង ឬហាត់​កីឡាដែរ ព្រោះវា​ធ្វើឱ្យកាន់​តែអស់​កម្លាំង​ថែមទៀត។ ប៉ុន្ដែស្ដ្រី​អាចលេង​កីឡា ដែលប្រើ​កម្លាំង​តិចតួច ទៅតាម​ស្ថានភាព​សុខភាព។ ដូចគ្នាដែរ ចំពោះ សកម្មភាព​ការងារ​ប្រចាំថ្ងៃ ក្នុងពេល​មករដូវ ស្ដ្រីចូរ​កុំធ្វើ​ដំណើរផ្លូវ​ឆ្ងាយពេក និងកុំធ្វើ​ការងារ​ប្រើកម្លាំង​ធ្ងន់ពេក។ ចូរធ្វើការ​ទៅតាម​កម្លាំង ដែលអាច​ធ្វើទៅបាន។

ដំបូន្មាន​របស់អ្នក​ជំនាញ

បងប្អូន​ស្ដ្រី​ទាំងឡាយ​ត្រូវចេះ​ស្រឡាញ់ខ្លួន និងត្រូវ​ចេះថែទាំ​ខ្លួននៅ​ពេលមក​រដូវ។ សំឡីអនាម័យ​ដែលបាន​ផ្លាស់ចេញ ត្រូវខ្ចប់ឱ្យបានត្រឹមត្រូវ មុននឹង​ចោលទៅក្នុង​ធុងសម្រាម ចៀសវាង​អ្នកដទៃ​មើលឃើញ​ថាយើង​ជាស្រី​មិនល្អ។ ដូច្នេះ យើងត្រូវ​ចេះលាក់​កំបាំងដែរ។

ប្រសិនបើរ​ដូវមក​លើសពី​មួយសប្ដាហ៍​ឡើងទៅ គឺចាត់ទុក​ថាជារឿង​មិនធម្មតា ហើយគួរ​ប្រញាប់ទៅជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំនាញ។ នៅពេល​ដែលដឹងថា ខ្លួនមាន​អាការៈ​ស្លេកស្លាំង ត្រូវញុំា​ចំណីអាហារ ឬញុំាគ្រាប់​ថ្នាំជាតិដែក ដើម្បីបង្គ្រប់​ឱ្យឈាម​ដែលបាន​បាត់បង់ទៅ។ ប្រការ​មួយទៀត ពេលមាន​អាការៈ​ឈឺចាប់​នៅពេល​មករដូវ​ជារៀងរាល់​ខែ ហើយអូស​បន្លាយមិនបាត់សោះ យើងគួរ​លេបថ្នាំ​បំបាត់ការ ឈឺចាប់​ទាំងនោះ។ ប៉ុន្ដែថ្នាំ​បំបាត់ការ​ឈឺចាប់​មានច្រើន​ប្រភេទ មុននឹង​ជ្រើសរើស​ថ្នាំទៅ​ប្រើប្រាស់ លោកស្រី​អ្នកនាង​គួរទៅជួប​ពិគ្រោះជា មួយគ្រូពេទ្យ​ជំនាញជាមុន​ទើបជាការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

 

Google Analytics Alternative