ប្រ​ភព​​ឆ្លង​​មេ​រោគ​​អេ​ដស៍​​នៅ​​បាត់​ដំ​បង​ ក្រ​សួង​សុ​ខា​ភិ​បាល​ថា​​បណ្តាល​​​ម​ក​ពី​​ការ​​ចាក់​​ថ្នាំ​​និង​​សេ​រ៉ូម​

បន្ទាប់​​ពី​​ការ​​ស្រាវ​​ជ្រា​វ​​រក​​ប្រ​ភព​​នៃ​​ការ​​ឆ្លង​​រាល​ដាល​​មេ​រោគ​​អេ​ដស៍ ​ដែល​​បាន​​រួម​​បញ្ចូល​​ទាំង​​ការ​​សិ​ក្សា​​លើ​​ករ​ណី​​ឆ្លង​ និង​​មិន​​ឆ្លង​​មេ​រោ​គ​​អេ​ដស៍​​អស់​​រយៈ​ពេល​​ជិត​ ១ ​ខែ​រួច​មក​នៅ​ទី​បំ​ផុត​ក្រ​សួង​​សុ​ខា​​ភិ​បាល​បាន​​ បង្ហាញ​​លទ្ធ​ផល​​ដំ​បូង​​ថា​ការ​​ចាក់​​​ថ្នាំ​ និង​​ការ​​ចាក់​​សេ​រ៉ូម​ គឺ​​ជា​​ប្រ​ភព​​សំ​ខាន់​​ដែ​ល​​បាន​​បណ្ដាល​​ឲ្យ​​ពល​រដ្ឋ ​នៅ​​ឃុំ​រ​កា ​ស្រុក​​សង្កែ ​ខេត្ត​​បាត់​ដំ​បង​​ បាន​​ឆ្លង​​មេ​រោគ​​អេ​ដស៍ ​។

008 (1)dយោង​​តាម​​សេច​ក្តី​​ប្រ​កាស​​ព័ត៌​មាន​​រួម ​​រវាង​​ក្រ​សួង​​សុ​ខា​​​ភិ​បាល ​អង្គ​ការ​​សុខ​ភាព​​​ពិ​ភព​​លោក ​និង​​អង្គ​ការ​​យូ​អិ​ន​​អេ​ដស៍ ​ចុះ​​ផ្សាយ​​នៅ​​ថ្ងៃ​​ទី​ ​​៩​ មករា ​បាន​​បញ្ជាក់​​ថា ​លទ្ធ​ផល​​នៃ​​ការ​​សិ​ក្សា​​ស្រា​វ​ជ្រា​វ​​រ​ក​​ប្រ​ភព​នៃ​​ការ​​ឆ្លង​​រាល​ដាល​​មេ​រោ​គ​​អេ​ដស៍ ​ដែល​​រួម​​បញ្ចូល​​ទាំង​​ការ​​សិ​ក្សា​​លើ​​ករណី​​ឆ្លង ​និ​ង​​មិន​​ឆ្លង​​មេ​រោគ​​អេ​ដស៍ ​បង្ហាញ​​ថា​ អ្នក​​ឆ្ល​ង​​មេ​រោគ​​អេ​ដស៍​​ដែល​​បាន​​ចាក់​​ថ្នាំ ​និង​​ចាក់​​សេ​រ៉ូម ​មាន​​កម្រិត​​ខ្ពស់​​ជា​ង​​អ្ន​ក​​មិន​​ឆ្ល​ង​​មេ​រោគ​​អេ​ដស៍។​

នៅ​​ក្នុង​សេច​ក្តី​​ប្រ​កាស​​ព័ត៌​មាន​​បាន​​ឲ្យ​​ដឹង​​ទៀត​​ថា​ ចាប់​​ពី​​ថ្ងៃ​​ទី​​ ៨ ​ដល់​​ថ្ងៃ​​ទី​​ ៣១ ​ខែ​​ធ្នូ​ ឆ្នាំ​​២០​១៤ ​ពល​រដ្ឋ​​ឃុំ​ ​រកា​ ចំ​នួន ​១៩​៤០​ ​នាក់​ បាន​​ស្ម័គ្រ​​ចិត្ត​​ទទួល​​ការ​​ប្រឹ​ក្សា ​និង​​ធ្វើ​​តេស្ត​​ឈាម​​រក​​មេ​រោគ​​អេ​ដស៍ ​ក្នុង​​នោះ​​​ចំ​នួន ​២១​២​​ នាក់​​បាន​​រ​ក​​ឃើញ​​ឆ្លង​​មេ​​រោគ​​​អេ​ដស៍ ​ដែល​​មាន​​អ្នក​​ភូមិ​​រកា​ចំ​នួន ​១៧​៤​​ នាក់ ​ស្មើ​​នឹង ​៨២​%។​

ក្នុង​​ចំ​ណោម​​អ្នក​​ឆ្លង​​មេ​រោគ​​អេ​ដ​ស៍​​ចំ​នួន ​២១​២ ​​នាក់​​នោះ ​គឺ​​មាន​​កុ​មារ​​​អា​យុ​​ក្រោម​ ១៤​​ ឆ្នាំ​ ចំ​នួន ​៣៩​​នាក់ ​ស្មើ​​នឹង​ ១៨​% ​ពល​រដ្ឋ​​អា​យុ​​​ចន្លោះ​​ពី ​១៥​ ​ឆ្នាំ​​ដល់ ​៥៩​​ ឆ្នាំ ​ចំ​នួន ១​២៧​ នាក់​ ស្មើ​​នឹង ​៦០​% ​និង​​មនុស្ស​​ចាស់​​អា​យុ​​ចាប់​​ពី​ ៦០​ ​ឆ្នាំ​​ឡើង​​​ទៅ​​មាន​​ចំ​នួន ​៤៦​​ នាក់​ ស្មើ​​នឹង​ ២២​%​​។​

លោកវេ​ជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​រដ្ឋ​មន្ត្រី​​ក្រ​សួង​​សុ​ខា​ភិ​បាល​បាន ​ថ្លែង​​ក្នុ​ង​​សេច​ក្តី​​ប្រ​កាស​​ព័ត៌​មាន​​ថា ​គ្រប់​​គ្រឹះ​ស្ថាន​​សុ​ខា​ភិ​បាល​​ទាំង​អស់ ​ទាំង​​​រដ្ឋ ​និង​​ឯក​ជន ​ត្រូវ​​អនុ​វត្ត​​ការ​​បង្កា​រ​​មេ​រោគ​​អេ​ដស៍ ​ដោយ​​ប្រើ​ប្រាស់​​សម្ភារ​​បរិ​ក្ខារ​​ពេទ្យ​​ដែល​​បាន​​រម្ងាប់​​មេ​រោគ​​ត្រឹ​ម​​ត្រូវ​​។ ​លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​​ថា៖​«​ក្រ​សួង​​សុ​ខា​ភិ​បាល​បាន​​ពង្រឹង​​ការ​​អនុ​វត្ត​​គោល​​ន​យោ​បាយ​​របស់​​ ក្រ​សួង ​ដោយ​​បញ្ឈប់​​អ្នក​​ប្រ​កប​​របរ​​រ​ក​​ស៊ី​​ព្យា​បាល​​ជំ​ងឺ​​ដែល​​ពុំ​​មាន​​ច្បាប់​​ អនុ​ញ្ញាត​​ត្រឹ​ម​ត្រូវ​»។​

ចំ​ណែក​​ឯ​​លោក​​វេជ្ជ​បណ្ឌិត​ ដុង ​អ៊ិល​អា​ញ់ ​តំ​ណាង​​អង្គ​ការ​​សុខ​ភា​ព​​ពិភ​ព​លោក ​ប្រ​ចាំ​​កម្ពុជា ​បាន​​បញ្ជាក់​​ថា ​សារៈ​សំ​ខាន់​​នៃ ​ការ​​ឆ្លើយ​​តប​​ដ៏​​ឆាប់​​រហ័ស​​ របស់​​ក្រ​សួង​​សុ​ខា​ភិ​​បាល​​ចំ​ពោះ​​បញ្ហា​​ខាង​​លើ​​គឺ​​បាន​​ទប់​​ស្កាត់​​នូវ​​​ការ​​ឆ្លង ​​រាល​​ដាល​​មេ​​រោគ​អេ​ដស៍​​បន្ត​​ទៀត។​

លោក​​បាន​​បន្ត​ថា៖​«​​មា​ន​​ការ​​ចាំ​បាច់​​ក្នុង​​ការ​​ពង្រឹង​​ការ​​អនុ​វត្ត​​ច្បាប់​​ ចំ​ពោះ​​ផ្នែក​​សុ​ខា​ភិ​បាល​​ឯក​ជន ​និង​​អ្នក​​ពុំ​​មា​ន​​វិ​ជ្ជា​ជីវៈ​​ពេទ្យ​​ត្រឹម​​ត្រូវ​ ដើ​ម្បី​​ធា​នា​​ដល់​​​កា​រ​​ថែ​ទាំ ​និង​​ព្យា​បាល​​ប្រ​កប​​ដោយ​​ប្រ​សិទ្ធ​ភាព ​និង​​គុណ​ភា​ព​​ខ្ពស់​»។​

ក្រ​សួង​​សុ​ខាភិ​​បាល​ ក៏​​ឲ្យ​​ដឹង​​ដែរ​​ថា ​ចាប់​​ពី​​ថ្ងៃ​​ទី​​២២ ​ដល់​​ថ្ងៃ​​ទី​​៣១ ​ខែ​​ធ្នូ ​ឆ្នាំ​​២០​១៤ ​អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​ចំ​នួន​ ១​៦​១​ ​នាក់​ បាន​​ចុះ​​ឈ្មោះ​​នៅ​​សេ​វា ​Pr​e​-A​r​t​ ក្នុង​​​នោះ​​​ចំ​នួន ​៧៨​​ នាក់ ​បាន​​ទទួល​​ព្យា​បាល​​ដោយ​​ឱ​សថ​​ប្រ​ឆាំង​​​នឹង​​មេ​រោគ​​អេ​ដស៍​​រួច​​ហើយ​​។​

គួរ​បញ្ជាក់​ថា ​កាល​​ពី​ថ្ងៃ​​ទី​​២២ ​ខែ​ធ្នូ ​លោក​​គ្រូ​​ពេទ្យ​​ឯក​​ជន​​ក្នុង​​ភូមិ​​ លោក​ យ៉ែម ​ជ្រិន​​ ដែល ​ជាប់​​ពាក់​​ព័ន្ធ​​នឹង​​ករ​ណី​​ចម្លង​​ជំ​ងឺ​​អេ​ដស៍​​ទៅ​​មនុស្ស​​ជាង​​មួយ​​រយ​​នាក់​​នៅ​​ ក្នុង​ភូមិ​​រកា ​ត្រូវ​​បាន​​សា​លា​​ដំ​បូង​​ខេត្ត​​បាន​​ធ្វើ​​ការ​​សម្រេ​ច​​ឃុំ​​ខ្លួន​​ក្នុង​​ពន្ធ​នា​គារ​ ​បណ្ណោះ​​អា​សន្ន​ ដោយ​​ចោទ​​ប្រ​កាន់​​ចំ​នួន​​បី​​បទ​​ល្មើស​​ ដែល​​អាច​​ផ្តន្ទា​ទោស​​ដាក់​​ពន្ធ​នា​គារ​​អស់​​មួយ​​ជី​វិត​​​។​

ក្នុង​ចំ​ណោម​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ផ្ទុក​មេ​រោគ​អេ​ដស៍​ទាំង​នោះ​មាន​​មួយ​​ចំ​នួន​​ដែល​​​​​​ជំ​ពាក់​​ប្រាក់​​ស្ថា​ប័ន​​មី​ក្រូ​ហិរ​ញ្ញ​វ​ត្ថុ​ និង​​ប្រាក់​​សហ​គម​ន៍​​ដែល​​បាន​​​ខ្ចី​​​យក​​មក​​ដោះ​ស្រាយ​​ជីវ​ភាព​​គ្រួ​សា​រ​​ពី​​មុន​​មក​ ​នោះ​ កំ​ពុង​​ព្រួយ​​បា​រម្ភ​​ខ្លាច​​ពុំ​​មាន​​លទ្ធ​ភាព​​រក​​ប្រាក់​​សង​​បំ​ណុល​​គេ​​មិន​​បាន​​ នៅ​​ថ្ងៃ​​អនា​គត ​ព្រោះ​​ឥ​ឡូវ​​មាន​​ជំ​ងឺ​​ជាប់​​ខ្លួន​​ទៅ​​ហើយ។​ក្រុម​​ប្រ​ជា​ពល​រដ្ឋ​​ដែល​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​ទាំង​​នោះ ​អំ​ពាវ​នាវ​​ឲ្យ​​អា​ជ្ញា​ធរ​​ពាក់​ព័ន្ធ​ និង​​ម្ចាស់​​បំ​ណុល​​ ទាំង​​អស់​​អនុ​គ្រោះ​​ប្រា​ក់​​ដែល​​ពួក​គាត់​​ជំ​ពាក់​​នោះ​​ ដោយ​​ពន្យារ​​ពេល​​សង​​រយៈ​​ពេល​​យូរ ​ព្រម​​ទាំង​​​មិន​​គិត​​ការ​​ប្រាក់​​ផង​។ ​អ្នក​​ភូមិ​​បញ្ជាក់​​ថា​ ​ចាប់​​តាំ​ង​​​​ពី​​​ដឹង​​ថា ​មាន​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​មក​​ គឺ​​ពុំ​​បាន​​ចេញ​​ទៅ​​ធ្វើ​​ការ​ងារ​​​ឆ្ងាយ​​ពី​​ផ្ទះ​សម្បែង​ រក​​​ប្រាក់​​មក​​ដោះ​ស្រាយ​​ជីវ​ភាព​​គ្រួ​សារ​​​ដូច​​ពេល​​មុន​​នោះ​​ទេ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៥

Google Analytics Alternative