រួមភេទក្រោយឆ្លងទន្លេ

តើបន្ទាប់ពី​ភរិយា​ឆ្លងទន្លេ​ហើយរយៈពេល​ប៉ុន្មានខែ ទើបប្ដីប្រពន្ធ​អាចរួម​ដំណេក​បានបន្ដ​ទៀត? លោក រ.ឌ អាយុ ២៧ឆ្នាំ ភ្នំពេញ

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ពេលសម្រាលកូន ទ្វារមាស​ស្ដ្រីសុទ្ធ​តែត្រូវ​ទទួលរង​ការដាច់ដោច គ្រាន់តែ​តិចតួច ឬច្រើន​ប៉ុណ្ណោះ។ ការចាប់​ផ្ដើមរួមភេទ វាអាស្រ័យ​ទៅនឹងការ​ជាសះស្បើយ​នៃទ្វារមាស​ឆាប់រហ័ស ឬយូរនិងការវិលមកវិញ​នៃចំណង់​ផ្លូវភេទ​របស់ស្ដ្រី​ជាភរិយា។

បន្ទាប់ពី​សម្រាលកូនរួច ទ្វារមាស​ដែលរងការ​ដាច់ដោចនោះ នៅមាន​អាការៈឈឺ និងចាប់​ជាសះដូច​ធម្មតាវិញ ជួនកាល​ត្រូវការ ពេលវេលា​ដល់ទៅ២ ឬ៣សបា្ដហ៍​ឯណោះ។ រយៈពេលនេះ ស្ដ្រីពិបាក​ទទួលយក​ការរួមភេទ​ណាស់។ បើការ​ឈឺចាប់​នេះបន្ដ​លើសពី២ ឬ៣សបា្ដហ៍ គប្បីរួសរាន់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញខាង​សម្ភពជា​បន្ទាន់។

ម្យ៉ាងទៀត​ក្រោយពី​សម្រាលកូនរួច ស្ដ្រីមិនទាន់​មានអារម្មណ៍​ផ្លូវភេទទេ ដោយសារថា​ពេលសម្រាល ស្ដ្រីទទួល​រងនូវការ​លំបាក ជាច្រើន​ហើយក៏​អាស្រ័យទៅលើ​ស្ថានភាព​ផ្លូវចិត្ដ​របស់គាត់​ផងដែរ។ ការហត់នឿយ​អស់កម្លាំង ក៏ជាកត្ដា​មួយជះឥទ្ធិពល​ដល់ការ​វិលមកវិញ នៃចំណង់​ផ្លូវភេទដែរ។ ជាទូទៅ​ស្ដ្រីចាប់មាន​ចំណង់ផ្លូវភេទ​ដូចធម្មតាវិញ ចាប់ពី១ខែ​ទៅ៦ខែ។

ជារួម បើសិនការ​សះស្បើយទ្វារមាស​បានល្អ ហើយអារម្មណ៍​ផ្លូវភេទ​របស់គាត់​ឆាប់វិល​មកវិញ លោកអ្នក​អាចចាប់ផ្ដើម​រួមដំណេក បានរហ័ស តែយ៉ាងលឿន​បំផុត១ខែ​កន្លះឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative