សាច់ត្រី​ជួយថែរក្សា​សុខភាព​បានល្អ!

កាលពីមុន​នៅប្រទេសកម្ពុជា សម្បូរត្រី​ខ្លាំងណាស់ ជាអាទិឃ្លា​មួយបាន​លើកឡើងថា ​“ទីណាមាន​ទឹក ទីនោះ​មានត្រី”។ បច្ចុប្បន្ននេះ​ទិន្នផល​ត្រីធម្មជាតិ មានការ​ថយចុះទាប​គួរឱ្យកត់​សំគាល់។ នៅលើ​ទីផ្សារ ត្រីមាន​តម្លៃខ្ពស់ ហើយសម្បូរ​ទៅដោយ​ត្រីចិញ្ចឹម។ ដើម្បី​ថែរក្សា​សុខភាព ត្រូវគិត​គូរអំពី​ការបរិភោគ។ សាច់ត្រី​មានសារធាតុ​ចិញ្ចឹម ជំនួស​សាច់សត្វ​បាន១០០% លើសពីនេះ វាជាអាហារ​ផ្ដល់អត្ថប្រយោជន៍​ជាច្រើនដល់​សុខភាព។ តើសាច់ត្រីមាន​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង

សាច់ត្រី​ជួយសម្រស់ និងសុខភាព​រាងកាយ

សាច់ត្រី​ដូចគ្នានឹង​សាច់សត្វ និងស៊ុត​បក្សីដែរ គឺជាចំណី​អាហារ​មួយប្រភេទ ​ដែលសម្បូរ​ទៅដោយ​ជាតិប្រូតេអ៊ីន ​(ក្នុង១០០ក្រាម មានប្រមាណ​ជា១៥ ​ទៅ២០ក្រាម)។ ប្រូតេអ៊ីន​ទាំងនេះ​មានគុណភាព​ប្រសើរណាស់ ព្រោះវាផ្ទុក​ទៅដោយ​អាស៊ីត​អាមីនេសារវ័ន្ដ ដែលសាព៌ាង្គកាយ​យើង មិនអាចធ្វើ​សំយោគបាន ហើយមាន​តែនៅក្នុង​ចំណីអាហារ​ដែលបរិភោគ​ចូលតាមមាត់​តែប៉ុណ្ណោះ។

សាច់ត្រី​មានផ្ទុកជាតិដែក​ដែលមាន​ប្រភពពីសត្វ ដូចសាច់​សត្វដែរ និងដែលជ្រាបចូល​ទៅក្នុង​សាព៌ាង្គកាយ​ដោយងាយ។ សារជាតិ​ដែលជំពូកនេះ ជាធម្មតា​មិនសូវសម្បូរ​នៅក្នុង​ចំណីអាហារ​ឡើយ។

សាច់ត្រី​មានផ្ទុក​ទៅដោយ​ជាតិអំបិលខនិជ ជាតិរ៉ែកម្រ និងជាតិវីតាមីន ដូចជាតិ​ផូរស្ព័រ ម៉ាញ៉េស្យូម ​សេឡេនីញ៉ូម ផ្លុយអរ ស័ង្គសី ​វីតាមីនបេ២ បេ១២ វីតាមីនប៉េប៉េ​ជាដើម។ លើសពីនេះ​ទៅទៀត សាច់ត្រី​សម្បូរ​ទៅដោយ​ជាតិអ៊ីយ៉ូដ។

តើលោកអ្នក​បរិភោគ​សាច់សត្វ​បន្ដិចបន្ដួច ឬមិនបរិភោគ ដោយជម្រើស​ដោយចូលចិត្ដ ឬមិនចូលចិត្ដ? ទោះជា​យ៉ាងណា​ក៏ដោយ សាច់ត្រី​អាចពិសា​ជំនួសសាច់សត្វ​ដទៃទៀតបាន ដោយមាន​បរិមាណកម្រិត​អាហារូបត្ថម្ភ​ អាចទទួល​យកបាន។

សាច់ត្រី​ជួយរបប​អាហារ​តមជាតិ​ខ្លាញ់

សាច់ត្រីជា​ចំណីអាហារ​មិនសូវសម្បូរ​ជាតិខ្លាញ់ឡើយ។ ត្រីគ្មានខ្លាញ់ មានផ្ទុកជាតិ​លីពីដតិចជាង ៣%។ ចំពោះ​ត្រីខ្លាញ់ មានជាតិ​លីពីដច្រើនជាង ប្រមាណជា​ពី៤ទៅ២០% មានកម្រិត​ជាតិខ្លាញ់​ប្រហាក់​ប្រហែល​គ្នា​នឹងនៅក្នុង​សាច់សត្វ​គ្មានខ្លាញ់ដែរ។

ប្រសិនបើ​អ្នកតមខ្លាញ់ សូមជ្រើសរើស​យកអាហារ​សាច់ត្រី ពិតជា​ប្រសើរណាស់។ ព្រោះថា​សាច់ត្រី​អាចស្ល ឬធ្វើជាម្ហូប​ដោយមិន​ប្រើខ្លាញ់ និងវាជា​អាហារងាយ​រំលាយ។ ប៉ុន្ដែសូម​ចៀសវាង​សាច់ត្រី​បំពង និងចៀន​ដោយប្រើខ្លាញ់។

រូបភាពទស្សនាវដ្តីសុខភាពយើង

សាច់ត្រីជួយ​បង្ការោគ​បេះដូង និងសរសៃ​ឈាម

ជាតិខ្លាញ់​សាច់ត្រី​ផ្ទុកទៅដោយ​ជាតិអាស៊ីត​ខ្លាញ់មិន​ឆ្អែតចម្រុះ ហើយជា​ពិសេស​មានជាតិ​អាស៊ីតខ្លាញ់ ប្រភេទ​អូមេហ្គា៣។ តាមការ​ស្រាវជ្រាវ​ជាច្រើន​បានបង្ហា​ញថា អាស៊ីតខ្លាញ់​ទាំងនេះ មានផលល្អ​ជួយការពារ​សរសៃឈាម។

ស្ថាប័ន​ជំនាញខាង​ចំណីអាហារ នៅតាម​បណ្ដាប្រទេស​មួយចំនួន បានចេញ​សេចក្ដី​ប្រកាស​ឱ្យបរិភោគ​សាច់ត្រី​ជំនួស​សាច់សត្វ​ដទៃទៀត ឱ្យបាន​លើសពី២​ទៅ៣ដង ក្នុង១សប្ដាហ៍។ សូមជ្រើសរើស​ត្រីដែលស្ទូច ឬនេសាទ​បានពី​ធម្មជាតិ ប្រសើរ​ជាងត្រី​ចិញ្ចឹម។ សាច់ត្រី​ទាំងពីរ​ប្រភេទនេះ មានរសជាតិ​ខុសគ្នា និងក៏គ្មាន​កម្រិតបរិមាណ​អាហារូបត្ថម្ភ​ស្មើគ្នាដែរ។ យ៉ាងណាមិញ កម្រិតអាស៊ីត​ខ្លាញ់អូមេហ្គា៣ មានតិច​នៅក្នុងសាច់ត្រី​ចិញ្ចឹម និងមាន​កម្រិតផល​ការពារ​រោគបេះដូង និងសរសៃឈាម​ក៏តិចតួច​ជាងដែរ។

ប្រការ​ត្រូវយល់ដឹង​អំពី​សាច់ត្រី

ត្រីធម្មជាតិ​សម្បូរតែ​នៅក្នុងរដូវ​នេសាទ​ប៉ុណ្ណោះ។ ត្រីស្រស់​ដែលចាប់​បានពី​ធម្មជាតិ ដូចជាបឹង ព្រែក និងទន្លេ​ធម្មជាតិ មិនអាច គ្របដណ្ដប់​តម្រូវការ​បានទេ។ បច្ចុប្បន្ននេះ មានការ​លំបាក​ក្នុងការ​រកទិញ​ត្រីសាច់​ស្រស់ធម្មជាតិ។ ប៉ុន្ដែសាច់​ត្រីចិញ្ចឹម​សម្បូរ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរចាប់ផ្ដើម​ចេះចិញ្ចឹមត្រី។

ដើម្បី​សុខភាព សូមទិញ​ត្រីមកពិសា​ដែលនៅរស់​និងស្រស់ ហើយបរិភោគ​ក្នុងថ្ងៃនោះ​តែម្ដង​ទើបប្រសើរ។ បើមិន​ដូច្នេះទេ សូមដាក់​ក្លាសេ​វាទៅក្នុង​ទូរទឹកកក ក្នុងកម្រិត​សីតុណ្ហភាព​ទាបជាង៤​អង្សារសេ ឬបង្កក​វាតែម្ដង។ អត្រាបរិមាណ​ជាតិអូមេហ្គា៣ នៅក្នុង​សាច់ត្រីបង្កក មានកម្រិត​ទាបជាង​សាច់ត្រីស្រស់​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ តែក្នុង​ករណី​នៃការ​បង្កកនេះ យកត្រីស្រស់ៗ​ដែលទើប​តែនេសាទ ឬចាប់បាន។

ចំពោះ​ត្រីផ្អក និងត្រីប្រហុក ដែលជា​វិធីបម្រុង​ទុកត្រី​របស់ជន​រួមជាតិខ្មែរ​យើងនោះ តាមកម្រិត​យល់ដឹង មិនទាន់​ឃើញមាន​ស្ថិតិ ស្រាវជ្រាវ​លើគុណភាព ដោយ​ប្រៀបធៀប​ជាមួយ​សាច់ត្រី​ស្រស់នៅ​ឡើយទេ។ ប៉ុន្ដែទោះ​ជាយ៉ាង​ណាក៏ដោយ សាច់ត្រី​បម្រុងទុក ដូចជាត្រីកំប៉ុង​ជាដើម រក្សាបរិមាណ​ជាតិអូមេហ្គា៣​បានល្អ តែជាតិវីតាមីន ជីវជាតិ និងជាតិខនិជ​មិនមាន​អត្រាគុណភាព​ដូចត្រី ស្រស់ឡើយ ហើយរសជាតិ​ទៀតសោត ក៏ត្រូវ​បាត់បង់​ខ្លះដែរ។ ចំពោះ​ត្រីងៀត ​និងត្រីឆ្អើរ នៅសម្បូរ​ទៅដោយ​ជាតិអូមេហ្គា តែសម្បូរ​ជាតិអំបិល។

បើចង់រក្សា​គុណភាព​រសជាតិ និងបរិមាណ​អាហារូបត្ថម្ភ ដែលជា​សារធាតុ​ចិញ្ចឹម​ឱ្យបានល្អ ត្រូវចេះ​ជ្រើសរើស​វិធីចម្អិន។ ការចម្អិន​ដែលប្រសើរ​បំផុត គឺការចំហុយ ដុតល្មមៗ ឬស្ងោរមួយ​ពុះទឹក (មួយភ្លែតបំផុត)។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative