គ្រូពេទ្យ​នៅភូមិ​រកា សារភាព​ពីការ​ប្រើប្រាស់​សារ៉ាង​ចាក់​ថ្នាំ​ដដែល

គ្រូពេទ្យ​ដែលអ្នក​ភូមិ​សង្ស័យ​ថាជា​អ្នក​ចម្លង​មេរោគ​អេដស៍ ដល់​អ្នកភូមិ​រកា ឃុំរកា ស្រុកសង្កែ ខេត្ត​បាត់ដំបង​បានសារ​ភាព​ថាខ្លួន​ពិតជា​បានប្រើប្រាស់​សារ៉ាង​ដែល​ប្រើរួច យកមក​ប្រើជា​ថ្មីដើម្បី​ចាក់ជូន​អ្នកជំងឺ។

គ្រូពេទ្យ យ៉ែម ជ្រិន ដែលជា​គ្រូពេទ្យ​ត្រូវអ្នក​ភូមិស្ស័យថា​ជាអ្នក​ចម្លង​មេរោគ​អេដស៍​ដល់ អ្នកភូមិ​រកា។

 

យោងតាម​ប្រភព​ព៌តមាន​ពីស្នង​ការដ្ឋាន​នគររបាល​ខេត្ត​បាត់ដំបង បានឲ្យ​ដឹងនៅ​ថ្ងៃទី២១ ធ្នូកន្លង​មកថា ជនសង្ស័យ​ជា​គ្រូពេទ្យ ដែល​ចម្លង មេរោគ​អេដស៍ នៅខេត្ត​បាត់ដំបង ត្រូវបាន​បញ្ជូនខ្លួន​ទៅកាន់​តុលាការ​ខេត្ត បាត់ដំបង​ហើយ នៅរសៀល​ម៉ោង២ ថ្ងៃ​អាទិត្យ​ទី២១ ខែធ្នូ ឆ្នាំ២០១៤​នេះ។

លោកវរៈ​សេនីយ៍ឯក កុយ ហ៊ាង ប្រធាន​ការិយាល័យ ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានឲ្យ​ដឹងថា គ្រូពេទ្យ​ភូមិឈ្មោះ យ៉ែម ជ្រិន ត្រូវបាន​សមត្ថកិច្ច​នគរបាល ដឹកនាំ​ដោយ​លោក​ព្រះរាជ​អាជ្ញា នួន សាន បញ្ជូន​ទៅកាន់​តុលាការ​សាលា​ដំបូង ខេត្ត​បាត់ដំបង ដើម្បី​បន្តនីតិ​វិធីច្បាប់។

លោកបន្ត​ទៀតថា “ការបញ្ជូន​បានធ្វើឡើង​បន្ទាប់ពី​ជនសង្ស័យ បានសារភាព​ចំពោះ​ទង្វើ​របស់ខ្លួន​ថា ជាការធ្វេស​ប្រហែស ព្រោះមិន​បានប្តូរម្ជុល និង​សឺរ៉ាំង នៅពេល​​ចាក់ថ្នាំ​ដល់​អ្នកជំងឺ”។

សមត្ថកិច្ច​ដែលចូលរួម​នៅក្នុង​ការងារ​ស៊ើបអង្កេត ដឹកនាំ​ដោយព្រះរាជ​អាជ្ញានោះ មានលោក​ជេត វណ្ណី ស្នងការ​រង លោកកុយ ហ៊ាង និងលោក​វរៈសេនីយ៍ទោ អូន ហ្វៃ នាយការិយា​ល័យព្រហ្ម​ទណ្ឌ និង​កម្រិត​ធ្ងន់។

តាមការ​បញ្ជាក់ពីប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប្រចាំ​កម្ពុជា បានឲ្យដឹង​កាលពី​ល្ងាចថ្ងៃ​ទី២០ ធ្នូកន្លង​មកថា គិតត្រឹម​ល្ងាចថ្ងៃ​សៅរ៏​កន្លង​មកនេះ មានប្រជា​ពលរដ្ឋមក​ពីភូមិរកា​ចំនួន​១៤០​នាក់បាន​ឆ្លងមេរោគ​អេដស៍ ជំងឺ​អេដស៍ បន្ទាប់ពី​ការធ្វើតេស្ត​លើ​សំណាក​​ឈាម ដែលបាន​​បញ្ជូនមក​ពី​មន្ទីរពេទ្យ​​បង្អែក ខេត្ត​​បាត់ដំបង។ ដើម្បី​បញ្ជាក់ពី​ភាពច្បាស់​លាស់នៃ​តេស្តនេះ វិទ្យាស្ថាន​ប៉ាស្ទ័រ​បានធ្វើតេស្ត​ឈាមរហូត​ដល់បី​ដង ដើម្បី​បញ្ជាក់​ឲ្យច្បាស់​ពីលទ្ឋផល​នោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative