ច្បាប់​ការពារ​បរិស្ថាន

បរិស្ថាន ជារឿង​សំខាន់ណាស់​សម្រាប់​សម័យទំនើប។ ការបំពុល​បរិស្ថាន​ជាប្រការ​គ្រោះថ្នាក់​បំផុត។ កិច្ចការពារ​បរិស្ថាន ត្រូវតែ​យកចិត្ដទុកដាក់​ដោយរាជ​រដ្ឋាភិបាល​នៃប្រទេស​កម្ពុជា។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅខែធ្នូ ឆ្នាំ១៩៩៦ ច្បាប់ស្ដី​ពីកិច្ច​ការពារ​បរិស្ថាន និងការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ត្រូវបាន​អនុម័ត​ដោយសភាជាតិ និងឡាយ​ព្រះហស្ថលេខា​ដោយ​ព្រះមហាក្សត្រ​ព្រះបាទ​ព្រះនរោត្ដមសីហនុ ព្រមទាំង​បានប្រកាស​ទទួលស្គាល់​ដោយរាជ​រដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រកម្ពុជា។ ដើម្បី​ចូលរួម​ចំណែក ក្នុងកិច្ច​ការពារ​បរិស្ថាន ទស្សនាវដ្ដី​សុខភាពយើង សូមធ្វើ​ការដក​ស្រង់ចំណុច​សំខាន់ខ្លះ​នៃច្បាប់នេះ។

គោល​បំណង​នៃច្បាប់

មាត្រា១ ៖ បានចែងពីគោល​ដៅនៃ​ច្បាប់

– ការពារលើក​កម្ពស់គុណ​ភាពបរិស្ថាន​នឹងសុខភាពពលរដ្ឋ​ដោយធ្វើ​ការទប់ស្កាត់ ការកាត់​បន្ថយ និងការត្រួត​ពិនិត្យការ​បំពុល

– វាយតម្លៃ​ហេតុប៉ះពាល់​បរិស្ថាន​មុននឹងចេញ​សេចក្ដីសម្រេច​របស់រាជរដ្ឋាភិបាល​ចំពោះ​រាល់គម្រោង​ដែលបាន​ស្នើឡើង

– ធានាឱ្យមាន​ការអភិរក្ស ការអភិវឌ្ឍន៍ ការគ្រប់គ្រង និងការប្រើប្រាស់​ដោយហេតុផល និងប្រកបដោយ​និរន្ដរភាព និងភាពស្ថិតស្ថេរ​នូវធនធានធម្ម ជាតិនៃ​ព្រះរាជាណាចក្រកម្ពុជា

– លើកទឹកចិត្ដ និងផ្ដល់លទ្ធភាព​ឱ្យសាធារណជន​ចូលរួម​ក្នុងកិច្ច​ការពារ​បរិស្ថាន និងការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ

– បង្ក្រាប​អំពើ​ទាំងឡាយណា​ដែលធ្វើឱ្យ​ប៉ះពាល់​ដល់បរិស្ថាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផែនការ​បរិស្ថានជាតិ និងផែនការ​បរិស្ថាន​តំបន់

មាត្រា២ ផែនការ​បរិស្ថានជាតិ និងផែនការ​បរិស្ថានតំបន់ ត្រូវសម្រាប់​ដោយរាជរដ្ឋាភិបាល និងក្រសួង​បរិស្ថាន​ដោយសហការ​ជាមួយ​ក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធ។

មាត្រា៣ ផែនការ​បរិស្ថានជាតិ​ជាផែនការ​សម្រាប់​កិច្ចការពារ​បរិស្ថាន និងការ​គ្រប់គ្រង​ធានធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្ដរភាព និងភាព​ស្ថិតស្ថេរ សម្រាប់អនុវត្ដ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា។ ផែនការ​បរិស្ថានជាតិ​ត្រូវ ៖

– កំណត់ពី​បញ្ហាបរិស្ថាន​សំខាន់ៗ និងបញ្ហា​គ្រប់គ្រង​ធនធាន​ធម្មជាតិ​សំខាន់ៗ ដែលពាក់ព័ន្ធ​នឹងការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម

– លើកឡើង​ពីវិធាន​ការសម្រាប់​ធានាការ​គ្រប់គ្រង​បរិស្ថាន។

មាត្រា៤ ផែនការ​បរិស្ថានតំបន់ ត្រូវអនុលោម​តាមផែនការ​បរិស្ថានជាតិ។ ផែនការ​បរិស្ថាន​តំបន់ត្រូវ ៖

– កំណត់ពី​បញ្ហាបរិស្ថាន​សំខាន់ៗ និងបញ្ហា​គ្រប់គ្រង​ធនធាន​ធម្មជាតិ​សំខាន់ៗ ដែលពាក់ព័ន្ធ​ទៅនឹងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមនៃ​តំបន់​នីមួយៗ

– លើកឡើង​ពីវិធានការ​សម្រាប់ធានា​ការគ្រប់គ្រង​បរិស្ថាននៃ​តំបន់នោះ។

មាត្រា៥ ផែនការ​បរិស្ថានជាតិ និងផែនការ​បរិស្ថាន​តំបន់ត្រូវ​ពិនិត្យ និងកែសម្រួល​យ៉ាងយូរ​មួយដង​ក្នុងរយៈពេល​ប្រាំឆ្នាំ។

ដកស្រង់​ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative