កម្ពុ​ជា​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ពល​ករ​ជា​មួយ​ម៉ា​ឡេ​ស៊ី ​នៅ​ចុង​ខែ​នេះ​ឬ​ដើមឆ្នាំ​ក្រោយ​

លោក​អ៊ិត សំ​ហេង ​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​មាន​ប្រ​​សាស​ន៍​ថា​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​បញ្ជួន​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេ​ស​ម៉ា​​ឡេ​ស៊ីគ្រោង​នឹង​ចុះ​នៅ​ចុង​ខែ​នេះ​ឬ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ហើយ​ដើ​ម្បី​ជួយ​សំ​រួល​ឲ្យ​កម្ម​ក​រ​កម្ពុជា​មាន​ភាព​ស្រប​ច្បាប់​ត្រឹ​ម​ត្រូ​វ​។​

29_10_2011_Bona_Saros 19 year old(R) and mother Mat Sinab 40 year old(L) copyកន្លង​មក​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ផ្អាក​ការ​បញ្ជួន​ពល​ករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​នៅ​ម៉ា​ឡេ​ស៊ី​ដោយ​សារ​រក​ឃើញ​ថា​​មាន​ពល​ក​រ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ត្រូវ​ទទួល​រង​នូវ​ការ​ធ្វើ​បាន​ពី​ម្ចាស់​ផ្ទះ​។​

លោក​ សេង ​សក្តា ​អគ្គ​នា​យក​ នៃ​អគ្គ​នាយក​ដ្ឋាន​ការ​ងារ​បាន​ឲ្យ​ដឹង​ថា ​គណៈ​រដ្ឋ​មន្ត្រី​ម៉ា​ឡេ​ស៊ី ​បាន​សម្រេ​ច​ឲ្យ​មាន​អនុ​ស្សារ​ណៈ​យោ​គ​យល់​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ​គឺ​ទី​១-​សម្រាប់​ពល​ករ​ទូ​ទៅ​ និង​ទី​២-​សម្រាប់​កម្ម​ករ​ការ​ងារ​បម្រើ​តាម​ផ្ទះ​ ព្រោះ​ថា ​កម្មករ​ការ​ងារ​ផ្ទះ​ ជា​ការ​ងារ​មួយ​តម្រូវ​មាន​អនុ​ស្សា​រណៈ​យោគ​យល់​គ្នា​ដាច់​ដោយ​ឡែក ​ហើយ​ទាម​ទារ​ឲ្យមាន​ការ​គ្រប់​គ្រ​ង​ហ្មត់​ចត់​ជាង​ការ​ងារ​ទូ​ទៅ ​ដើ​ម្បី​ជៀស​វាង​ការ​កេង​ប្រ​វ័ញ្ច ​និង​រំ​លោភ​បំ​ពាន​ផ្សេងៗ​។​

លោក​ បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រៅ​ពី​អនុ​ស្សារ​ណៈ​យោគ​យល់​គ្នា​នេះ ​ភា​គី​ម៉ា​ឡេ​ស៊ី​ បាន​ស្វា​គមន៍​ចំ​ពោះ​សំ​ណើរ​របស់​ក្រ​សួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​ក​ម្ពុជា​ ក្នុង​ការ​បង្កើ​ត​ប្រ​ព័ន្ធ​ព័ត៌​មាន​វិជ្ជា ​ដែល​រដ្ឋ​គ្រ​ប់​គ្រ​ង​ដោយ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​ តាមរ​​យៈ​ទិ​ន្ន​ន័យ​ដែល​ផ្តល់​ដោ​យ​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​នៃ​ប្រ​ទេស​ទាំង​ពីរ​ ដើ​ម្បី​ត្រួត​ពិ​និត្យ​ពល​ករ​ឲ្យ​ហ្មត់​ចត់​។​

លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សា​សន៍​បន្ត​ថា​កា​រ​ចចា​ជា​មួយ​ភា​គី​ម៉ា​ឡេ​ស៊ី​កំ​រិត​ថ្នាក់​ជំ​នាញ​បា​ន​បញ្ចប់​សព្វ​គ្រប់​ហើយ​នៅ​សល់​​​បញ្ហា​តិច​តួច​ទេ​ដែ​ល​ត្រូវ​សំ​រេច​ដោយ​ថ្នាក់​រដ្ឋ​មន្ត្រី​ប្រ​ទេស​ទាំង​ពីរ​។​លោ​ក​រដ្ឋ​មន្ត្រី​បាន​បញ្ជា​ក់​ថា​«​ខ្ញុំ​គ្រោ​ង​នឹង​ធ្វើ​ដំ​ណើរ​ទៅ​ម៉ា​ឡេ​ស៊ី​ដើ​ម្បី​ចុះ​កិ​ច្ច​ព្រ​ម​ព្រៀង​នេះ​តែ​ម្តង​ដែល​អាច​នៅ​ចុង​ខែ​នេះ​ឬ​ដើម​ឆ្នាំ​២០​១៥​ខាង​មុខ​»​។​

លោក​បាន​បន្ថែ​ម​ថា​នៅម៉ា​ឡេ​ស៊ី​កន្លង​មក​កម្ពុជា​ព្យួរ​តែ​ពល​ករ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ទេ​ចំ​ណែ​ឯ​ពល​ករ​ផ្សេងៗ​ទៀត​មិន​ព្យួរ​ទេ​ដែល​សព្វ​ថ្ងៃ​មាន​ពល​ករ​ស្រប​ច្បា​ប់​កំ​ពុង​ធ្វើ​ការ​នៅ​ម៉ា​ឡេ​ស៊ី​នៅ​តាម​រោង​ចក្រ​សហ​គ្រាស​ ឬ ​ក្រុម​​ហ៊ុន​ឯក​ជន​ ពិ​សេស​លើ​វិ​ស័យ​កសិ​កម្ម​ ឧ​ស្សា​ហកម្ម​ និង​សំ​ណង់​មាន​ចំ​នួន​១៧​០០​០​នាក់​។

​លោក​អ៊ិត​សំ​ហេង​បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​២០​១៤​នេះ​កម្ពុជា​បាន​បញ្ជួន​ពល​ករ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស​ចំ​នួន​៧​២​ម៉ឺន​នាក់​ក្នុង​នោះ​ថៃ​ច្រើន​ជាង​គេ​បន្ទាប់​មក​ម៉ា​ឡេ​ស៊ី​កូ​រ៉េ​ជប៉ុន​សឹង្ហ​បូរី​ដោយ​ក្នុង​១​ឆ្នាំ​កើន​ឡើង​២​០​ទៅ​៣០​ភាគ​រយ​។​

លោក​រដ្ឋ​មន្រ្តី​បានអះអាង​ថា ​ពល​ករ​កម្ពុជា ​ដែល​កំ​ពុង​បំ​រើ​កា​រ​ងារ ​នៅ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​ ភាគ​ច្រើ​ន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជំ​នាញ ​និង​វិ​ជ្ជា​ជីវៈ ​ពី​ក្រ​សួង ​ឬ ​ក្រុម​ហ៊ុន​មុន​នឹង​ទទួល​យក​ ឬ ​បញ្ជូន​ទៅ​ធ្វើ​ការ​ ។​  ពល​ករ​ខ្មែរ​នា​ពេល​បច្ចុ​ប្បន្ន​ មាន​ជំ​នាញ​ មិន​ចាញ់​ពល​ករ​បរ​ទេស​ទេ ​ពិ​សេស​ប្រ​ទេស​ជា​ស​មា​ជិក​អា​ស៊ាន​ ព្រោះ​ថា​តាម​រយៈ​ការ​ប្រ​លង​ ជំ​នាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ប្រ​ទេស​វៀត​ណាម​​ ឃើញ​ថា​ពល​ករ​កម្ពុជា​មាន​សម​ត្ថភាព​ គ្រប់​គ្រាន់​ អាច​ដណ្តើម​ទី​ផ្សា​រ​អា​ស៊ាន​បាន​ដោយ​មិន​ព្រួយ​បារ​ម្មណ៍។​

សូម​បញ្ជាក់​ថា ​មក​ដល់​ពេល​នេះ ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ទាំង​​ទំ​នាក់​ទំ​នង ​ស្មារ​តី ​ការ​ទទួល​ខុស​ត្រូវ​ ជំ​នាញ ​វិ​ជ្ជា​ជីវៈ ​និង​ធន​ធាន​មនុស្ស​ ក្នុង​ការ​ចូល​រួម​ជា​សមា​ជិក​ ស​មា​គមន៍​​សេដ្ឋ​កិច្ច​អា​ស៊ាន​ប្រ​កប​ដោយ​គុ​ណ​ភាព​ សម​ត្ថ​ភាព​ ឆ្លើយ​តប​តម្រូវ​ការ​ទី​ផ្សារ​ការ​ងារ​ នា​ពេល​​​បច្ចុ​ប្បន្ន​ និង​អនា​គត់​ ហើយ​ស្រប​តាម​យុទ្ធ​សាស្រ្ត​លើក​ស្ទួយ​សេដ្ឋ​កិច្ច​កម្ពុជា​​សម្រាប់​​ទស្ស​ន​​វិ​ស័យ​ឆ្នាំ​២​០​៣០​ ពី​ប្រ​ទេស​មាន​ចំ​ណូល​ទាប​ទៅ​ជា​ប្រ​ទេស​មាន​ចំ​ណូល​ម​ធ្យ​មក​ម្រិត​​ខ្ពស់​​នៅ​​ឆ្នាំ​២០​៣០​ និង​ទៅ​ជា​ប្រ​ទេស​អភិ​វឌ្ឍន៍​នៅ​ឆ្នាំ​២០​៥​០​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ​ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative