គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់ មាន​មនុស្ស​១០៦​នាក់​រក​ឃើញ​ផ្ទុក​មេរោគ​អេដស៍ ខណៈ​បុគ្គល​សង្ស័យ​រត់​បាត់

ខណៈ​មនុស្ស​ជាច្រើន​បាន​និងកំពុង​ស្រទ្បាំងកាំង ពីការរក​ឃើញអ្នក​ផ្ទុកមេរោគ​អេដស៍​ជាច្រើន​នៅភូមិរកា ស្រុកសង្កែ ខេត្ត​បាត់ដំបង មន្រ្តី​ជំនាញ​បាន​និយាយថា ពេលនេះ​គេមិនទាន់​អាច​សន្និដ្ឋាន​ពីការឆ្លង​មេរោគនេះ បណ្តាលមក​ពីមូលហេតុ​អ្វីជាក់លាក់​នៅទ្បើយ​ទេ។

007 copyលោកវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សា​អមក្រសួង​សុខាភិបាល និងជា​នាយក​មជ្ឈមណ្ឌល​ជាតិប្រយុទ្ឋ​នឹងជំងឺ​អេដស៍ និងកាមរោគ​បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាព​កម្ពុជា ដឹងនៅ​ល្ងាចថ្ងៃ​ទី១៧ ធ្នូនេះថា គិតត្រឹម​ម៉ោង១២ថ្ងៃ​ត្រង់ថ្ងៃទី​១៧ ធ្នូនេះ​ មានមនុស្ស​ចំ​នួន​១០៦នាក់ ត្រូវបានធ្វើ​តេស្ត​រក​ឃើញ​​ឆ្លងមេរោគ​អេដស៍ ក្នុងចំណោម​អ្នកមកធ្វើ​តេស្តឈាម​សរុប​ចំនួន​៧៧៥​នាក់។ លោក​បន្តថា នេះជា​លទ្ឋផល​ជំហ៊ានតំបូង​ប៉ុណ្ណោះ។ លទ្ឋផល​នេះ​នឹងត្រូវ​យកទៅ​ធ្វើតេស្ត​នៅមន្ទីរ​ពិសោធន៍​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពិសោធន៍​របស់​មជ្ឈមណ្ឌល​ជាតិប្រយុទ្ឋ​ជំងឺអេដស៍​ជាបន្ត​ទៀត។

លោក​បន្តថា “រហូតមក​ទល់ពេល​នេះ យើងមិនទាន់​ហ៊ានសន្និដ្ឋាន​យ៉ាងណា​នៅទ្បើយទេ វាទាមទារ​ការវិភាគ និង​ស្រាវជ្រាវ​បន្តទៀត ទើបយើង​អាច​សន្និដ្ឋាន​ថាការ​ឆ្លងនេះ​បណ្តាលមក​ពីមូលហេតុ​អ្វី”។ លោក​បន្តថា “គុណភាព​នៃការធ្វើ​តេស្តនេះ​ត្រឹមត្រូវ មិនមែន​គ្មាន​គុណភាព​ដូចការ​លើក​ទ្បើង​នោះទេ”។

សូមចុចអាន ប្រជាពលរដ្ឋ៩០នាក់នៅស្រុកសង្កែ ខេត្តបាត់ដំបងបានឆ្លងមេរោគអេដស៍ទាំងមិនដឹងខ្លួន11 copy

លោកវេជ្ជបណ្ឌិត មាន ឈីវុន បានបន្ត​ថា វិធានការណ៍​ដែលយើង​ត្រូវធ្វើ​នៅ ពេលនេះ គឺទី១ អប់រំឲ្យ​ប្រជាជន​ក្នុងមូលដ្ឋាន​នេះយល់ និងកុំមាន​ការរើស​អើងគ្នា ទី២ ផ្តល់ឳសថ​ប្រឆាំងនឹង​មេរោគ​អេដស៍​ឬថ្នាំពន្យា​ជីវិតដល់​អ្នករស់​នៅជាមួយ​មេរោគ​អេដស៍ និង​លើកទឹក​ចិត្តគាត់​កុំឲ្យមាន​ការភ័យ​ព្រួយ និង​ទី៣ កម្មវិធីជាតិ​នឹងផ្តល់ការ​ធ្វើតេស្តរក​មេរោគអេដស៍ ជំងឺអេដស៍​ដល់អ្នកមាន​បំណងចង់​ដឹងពីលទ្ឋផល​ឈាម​របស់ខ្លួន និងទី៤ បន្តស្រាវជ្រាវ​នៅក្នុង​ភូមិបន្ត​ទៀត។ លោក​បន្តថា ភូមិរកា​ជាភូមិធំ មាន​ប្រជាជន​រស់នៅ​ចំនួន​២៧០៦នាក់ និង​មានចំងាយ​ពីក្រុងបាត់​ដំបង​ប្រមាណ​៨គីទ្បូម៉ែត្រ​ប៉ុណ្ណោះ។
លោក​បន្តថា “យើងមិន​មានវិធាន​ការណ៍ចាប់​បង្ខំឲ្យ​ប្រជាជន​ក្នុងភូមិ​ទាំងអស់​ធ្វើតេស្តឈាម​រកមេរោគ​អេដស៍​នោះទេ តែយើង​នឹងផ្តល់​ការធ្វើតេស្ត​ជូនពួក​គាត់​តាមគោល​ការណ៍​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ”។

បុរស​ដែលចាក់​ថ្នាំក្នុង​ភូមិនេះ​បានគេច​ខ្លួនបាត់ បន្ទាប់ពី​អ្នកភូមិ​ផ្អើលឆោរ​ទ្បោពីការឆ្លង​មេរោគ​អេដស៍ ជំងឺ​អេដស៍។

លោកវេជ្ជ​បណ្ឌិត មាន ឈីវុន​បានបន្ត​ថា ការរកឃើញ​អ្នកផ្ទុក​មេរោគ​អេដស៍​ក្នុងភូមិ​នេះ ដើមហេតុ​គឺមានមនុស្ស​ចាស់ក្នុង​ភូមិ២​នាក់កើត​ជំងឺរបេង។ បុរស​មានអាយុ​៧៤ឆ្នាំ និង​ស្រ្តីអាយុ​៧២ឆ្នាំ ពេលពួក​គាត់មក​ធ្វើតេស្ត​រកមេរោគ​របេងក៏​ឃើញពួក​គាត់មាន​ផ្ទុកមេរោគ​អេដស៍​ផងដែរ ដែលធ្វើ​ឲ្យមាន​ការងឿង​ឆ្ងល់ពី​ការ​មូលហេតុ​នាំឲ្យ​គាត់ឆ្លង​មេរោគ​អេដស៍ ព្រោះពួកគាត់​ចាស់ៗ​អស់ទៅ​ហើយ និងមិន​បានទៅ​ប្រព្រឹត្តិ​ផ្តេសផ្តាស​នៅទី​ណាទ្បើយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative