ការបំពុល​ខ្យល់អាកាស​នៅក្នុង​លំនៅដ្ឋាន

ខ្យល់អាកាស​ដែលយើង​ដកដង្ហើម​ស្រូបចូល​ក្នុងខ្លួន មិនមែន​សុទ្ធតែ​បរិសុទ្ធ​នោះទេ។ ផ្សែងឧស្ម័ន និងសារ​ជាតិពុល​បានបំផ្លាញខ្យល់ង្ហើម​របស់យើង គំរាមកំហែង​សុខភាព​សាព៌ាង្គកាយ។ មិនត្រឹមតែ​បំពុលនៅក្នុង​បរិស្ថាន​ធម្មជាតិទេ ផ្សែងឧស្ម័ន និងធាតុពុល​អាចបំពុល​លំនៅដ្ឋាន បច្ចុប្បន្ននេះ​ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផ្នែកខាងក្នុង​លំនៅដ្ឋាន​របស់យើង ក៏អាចរង​ទទួលការ​បំពុលដោយ​សារធាតុ និងឧស្ម័ន​បំពុល​ជាច្រើនដែរ។ ជាពិសេស នៅតាម​លំនៅដ្ឋាន តាមទីក្រុង​ដែលបិទ​ជិតពេក ខ្យល់អាកាស​ពោរពេញ​ទៅដោយ​ធាតុបំពុល​បរិយាកាស​យ៉ាងគ្រោះថ្នាក់ នៅច្រាស់ច្រាល​វិលវល់​ចេញមិនរួច។

ការប្រឈម​ជាប្រចាំ​យូរអង្វែង ជាមួយ​នឹងធាតុ​បំពុលទាំងនេះ បង្កជាអាការៈ​ប្រតិកម្ម (អាឡែកហ្ស៊ី) ការបំពុល ឬពុល ហើយជួន​បង្កជា រោគឆ្លង​ផ្សេងៗ។ ជម្ងឺឆ្លង​ទាំងនេះ ស្ដែងចេញ​ជាអាការៈ​កន្ដួលរមាស់​លើស្បែក រមាស់ក្រហល់​ក្រហាយភ្នែក ក្អក ឈឺបំពង់ក ឈឺក្បាល​ជាដើម។ ការ ប្រឈមមុខ​ទាំងនេះ មួយរយៈ​ពេលយូរ ជួនក្លាយ​ជាកត្ដា​ជម្រុញ​ការកកើត​ជម្ងឺមហារីក។ ធាតុ និងឧស្ម័នពុល​នៅក្នុង​លំនៅដ្ឋាន ដែលប្រទះ​ឃើញជា ញឹកញាប់​មានដូច​តទៅ ៖

ផ្សែង​បារី

ផ្សែងបារី​មានផ្ទុកទៅ​ដោយសារ​ធាតុបំពុល ដែលប៉ះពាល់​ដល់សុខភាព​ជាខ្លាំង ដូចជា​កាបូន​ម៉ូណូអុកស៊ីដ ជាតិគួដ្រុង ជាតិនីកូទីន​ជាដើម។ ក៏អ្នក​ជក់បារី​ងាយទទួល​រងការ​កកើតជម្ងឺ​ដុំសាច់ និងជម្ងឺ​មហារីក។ សមាជិក​ក្រុមគ្រួសារ​មានប្ដី​ប្រពន្ធកូន និងអ្នករួម​ដំបូលដទៃទៀត អាចទទួល​រងផល​ប៉ះពាល់​ដូចអ្នក​ជក់ដែរ។

ជាតិផ័រម៉ាល់​ដេអ៊ីដ

ជាតិផ័រម៉ាល់ដេអ៊ីដ ជាសារធាតុ​មួយមុខ ដែលគេ​ប្រើនៅក្នុង​ផលិតផល​គ្រឿងសំណង់ ផលិតផល​សំយោគ (ដូចជាកម្រាលព្រំ វាំងននជាដើម) គ្រឿងបង្កក ឬពង្រឹង និងផលិតផល​សម្អាង​ដទៃទៀត។ ជាតិផ័រម៉ាល់ដេអ៊ីដ​នេះ អាចសាយភាយ​ចេញ​នៅក្នុងលំនៅដ្ឋាន។ ដោយសារ​កម្រិត នៃការប្រើប្រាស់​សារជាតិនេះ ពិបាក​ប៉ាន់ស្មាន ឬដឹងបាន កាលណា​កំហាប់កើនខ្ពស់​អាចបង្ក និងបណ្ដាលឱ្យ​មានវិបត្ដិ​ផ្លូវដង្ហើម។

ឧស្ម័ន​រ៉ាដុង

ឧស្ម័នរ៉ាដុង​ដែលបែក​ចេញពី​ជាតិអ៊ុយរ៉ានីញ៉ូម មិនបង្កជា​គ្រោះថ្នាក់ទេ បើវាមាន​បរិមាណ​តិចតួច​បំផុតនោះ។ ជាតិអ៊ុយរ៉ាញ៉ូម​ឃើញមាន នៅក្នុងដី​ជាតិខនិជ ពោលគឺ​មាននៅក្នុង​គ្រឿងសំណង់​មួយចំនួន​​​​ ដូចជាឥដ្ឋ បេតុង​ជាដើម។ ជាតិអ៊ុយរ៉ានីញ៉ូមនេះ​មានពាសពេញ​បរិយាកាស តែនៅក្នុង​លំនៅដ្ឋាន​វាអាច​ប្រមូលផ្ដុំ បង្កកំណើត​អត្រា​កម្រិតខ្ពស់។ ឧស្ម័នរ៉ាដុង​បំបែក​ខ្លួនជា​អាតូម​វិទ្យុសកម្ម ដែលទៅ​ភ្ជាប់ខ្លួន​នឹងកម្ទេច​លំអងធូលី។ ពេលដែល​យើង​ដកដង្ហើម​ចូលវា​ទៅក្នុងខ្លួន វាបង្ក​ជាជម្ងឺ​ដំបៅសួត ជួនបង្ក​ជាជម្ងឺ​មហារីក បើការ​ប្រឈម​ដដែល​យូរអង្វែង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជាតិបំពុល​ផ្សេង​ទៀត

ចង្ក្រានហ្គាស បញ្ចេញជាតិ​អាសូតអុកស៊ីដ។ ជាតិកាបូនម៉ូណូអុកស៊ីដ​ភាយចេញ​ពីចង្ក្រាន ឬឡដាំស្ល។ កម្ទេចជាតិ​អាមីញ៉ង់ ក៏បង្កគ្រោះ ថ្នាក់ធ្ងន់ធ្ងរ​ដល់សុខភាព​ផងដែរ ករណី​អាមីញ៉ង់នេះ ជាប្រធានបទ​ក្ដៅគគុក​មួយ នៅក្នុង​ក្របខ័ណ្ឌ​សុខភាព​សាធារណៈ នៅប្រទេស​បារាំង ប៉ុន្មាន​ទសវត្ស​ចុងក្រោយនេះ។

ត្រូវធ្វើ​ដូចម្ដេច​ទៅ?

នៅតាម​លំនៅដ្ឋាន សូមធ្វើ​ការប្រុងប្រយ័ត្ន​ជាពិសេស​ចំពោះ​ផលិតផល​បំពុលជាតិហ្គាស។ ពីព្រោះថា បើផ្សែង​ឧស្ម័ន និងជាតិបំពុល​លំនៅដ្ឋាន​ផ្សេងទៀត បង្កការ​កកកុញ នោះខ្យល់​អាកាស​នៅក្នុង​លំនៅដ្ឋាន​នឹងចោទ​ជាបញ្ហា។ ប្រសិនបើ​លំនៅដ្ឋាន​នោះ មានខ្យល់​អាកាស​ចេញចូល ជា ពិសេស​នៅតាម​ជនបទ មិនមាន​ជាបញ្ហា​ធំដុំទេ។ ផ្ទុយទៅវិញ ចំពោះ​គេហដ្ឋាន​នៅតាម​ទីប្រជុំជន ដូចជា ផ្ទះយើង បន្ទប់ជួល​ស្នាក់នៅ​ជាដើម សូមធ្វើ ការរៀបចំ​ប្រព័ន្ធបូម និងបក់ខ្យល់​ចេញចូល​ឱ្យបាន​ត្រឹមត្រូវ។ គប្បីត្រូវគិត​ផងដែរ អំពីបំពង់​បង្ហុយផ្សែង​នៅចង្ក្រានបាយ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative