ការយល់​ដឹងពី​ជំងឺផ្លូវ​ចិត្ដ?

ជម្ងឺផ្លូវចិត្ដ​អាចស្ដែង​ឡើងតាមរយៈ​ទឹកមុខ កាយវិការ ប្រតិកម្ម ពាក្យសម្ដី ដែលមនុស្ស​ម្នាក់បាន​បព្ចោញមក​ខាងក្រៅ។ សម្រាប់ការ​ប្រាស្រ័យ​ទាក់ទងគ្នា ក្នុងការស់នៅ​ប្រចាំថ្ងៃ មិនថានៅ​ទីណាទេ មានលក្ខណៈ​មិនសមស្រប​នឹងគេឯង​គ្រប់គ្នា​ដែលរស់​នៅក្នុង បរិយាកាសនោះ។ ហើយកើត​មានលើសពី ២សប្ដាហ៍​ឡើងទៅ ចាត់ទុកថា​អ្នកនោះ​មានជម្ងឺផ្លូវចិត្ដ​មិនប្រក្រតី​ហើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើអ្វីទៅជា​ជម្ងឺផ្លូវ​ចិត្ដ?

ជម្ងឺផ្លួវចិត្ដ គឺរាល់​បាតុភូត​ទាំងឡាយណា​ដែលធ្វើឱ្យ​អារម្មណ៍​មិនបានស្ងប់ មិនបានសប្បាយ ហើយរំខាន​ដល់ការ​រស់នៅ​យ៉ាងខ្លាំង។ អ្នកដែល​កើតជម្ងឺ​ផ្លូវចិត្ដ មានន័យថា​អ្នកនោះ​ឆាប់ខ្លាចពេក ឆាប់ភ័យពេក នៅមិន​ស្ងៀមមាន​អារម្មណ៍​ច្រាសច្រាល ធ្វើការ​មិនកើត។ ជម្ងឺនេះ បព្ចោញរោគ​សញ្ញាខុសៗគ្នា​ទៅតាមវ័យ។

កត្ដាអ្វីខ្លះ​ដែលនាំ​ឱ្យមាន​ជម្ងឺផ្លូវ​ចិត្ដ?

នៅក្នុង​ពិភពលោក មានកត្ដាបី​ដែលនាំឱ្យ​កើតជម្ងឺ​ផ្លូវចិត្ដ គឺកត្ដា​ជីវសាស្ដ្រ កត្ដាសង្គម និងកត្ដា​ចិត្ដសាស្ដ្រ។  ប៉ុន្ដែសម្រាប់ ប្រទេសកម្ពុជា មានកត្ដា​មួយទៀតបន្ថែម​ទៅលើកត្ដា​ទាំងបី គឺកត្ដា​ជំនឿ។

១. កត្ដាជីវសាស្ដ្រ ៖ កាលណា​នៅអាការៈ​ក្នុងខ្លួន​មានការ​ប្រែប្រួល​ធ្វើឱ្យ​ផ្លូវចិត្ដ​យើងក៏​ប្រែប្រួលដែរ។  ឧទាហរណ៍ស្ដ្រី​នៅពេល មុនមក​រដូវមួយសប្ដាហ៍ ជាតិអ័រម៉ូន​វាប្រែប្រួល។ ដូច្នេះ ស្ដ្រីខ្លះ​មុនមករដូវ​មានទឹកមុខ​ស្រងូតស្រងាត់ នេះជាកត្ដា​មួយធ្វើឱ្យ​មានផ្លូវចិត្ដដែរ។ មានកត្ដា​ជាច្រើន​នៅក្នុង​ខ្លួនមនុស្ស ដែលមានភាព​មិនប្រក្រតី សុទ្ធតែ​អាចបង្កឱ្យ​កើតជម្ងឺ​ផ្លូវចិត្ដបាន។ លើសពីនេះ ហ្សែនក៏វា​អាចចម្លង ជម្ងឺផ្លូវចិត្ដនេះ​ពីជីដូនជីតា​តាមកូនចៅ​ផងដែរ ប៉ុន្ដែករណីនេះ​មិនមែនមាន ១០០ %ទេ។

២. កត្ដាផ្លូវចិត្ដ ៖ មនុស្សម្នាក់​ដែលចេះ​តែគិត​អំពីខ្លួន​ឯងថា ខ្លួនកើត​មកមិន​ដូចគេ ហើយមាន​ការតូចចិត្ដ​យល់ថា ខ្លួនមិន មានរូបរាង​ល្អដូចគេ ចេះតែព្រួយ​ធ្វើឱ្យមាន​ជម្ងឺធ្លាក់​ទឹកចិត្ដ។ សេចក្ដីប៉ងប្រាថ្នា​ដែលខ្ពស់ពេក ប៉ុន្ដែខ្លួនឯង​ធ្វើមិនបាន វាបង្កបាន​ជាទំនាស់ ផ្លួវចិត្ដ មានការ​លំបាក​កាន់តែ​ខ្លាំឡើងៗ នាំឱ្យកើត​ជាជម្ងឺកើត​ជាជម្ងឺ​ផ្លួវចិត្ដ។

រូបភាពទស្សនាវដ្តីសុខភាពយើង

៣. កត្ដាសង្គម ៖ សង្គ្រាម គ្រោះធម្មជាតិ ដូចជាគ្រោះ​មហន្ដរាយ ដោយសារ​ខ្យល់ព្យុះ ផ្ទុះភ្នំភ្លើង រញ្ជួយផែនដី​ជាដើម។ កត្ដាទាំងនេះ​យាយី​ដល់ខ្លួនយើង ជួនកាលក្បែរ​បាត់បង់ជីវិត ក៏នាំឱ្យ​មានជម្ងឺ​ផ្លួវចិត្ដដែរ។ ក្នុងបរិយាកាស​សង្គមមិនល្អ អ្នកដែល​រងគ្រោះ ដោយសារ​សង្គ្រាម ងាយនឹង​មានជម្ងឺ​ផ្លូវចិត្ដណាស់។

៤. បព្ចាជំនឿ ៖ ជាឧទាហរណ៍​ខ្លួនឯងក្រ ហើយឪពុកម្ដាយ​បានស្លាប់អស់​ក្នុងសម័យ​ប៉ុលពត ដោយមិនបាន​រៀបចំសពឱ្យ បាន​ត្រឹមត្រូវ។ ពេលខ្លះ​សុបិន្ដ​ឃើញ​ឪពុកម្ដាយ​ពុំមាន​សម្លៀកបំពាក់ ក៏ចេះតែ​គិតថា​ឪពុកម្ដាយ​មានកម្ម​មានពៀរ។ ជំនឿ​បែបនេះ​ធ្វើឱ្យ យើងព្រួយ​កាន់តែ​ខ្លាំងឡើងៗ ក៏ជាកត្ដាមួយ​នាំឱ្យមាន​ជម្ងឺផ្លូវចិត្ដដែរ។ នៅប្រទេសកម្ពុជា កត្ដានេះ​ក៏កើត​មានច្រើនដែរ ដោយសារ វប្បធម៌ ជំនឿ និងប្រពៃណី​របស់ខ្មែរ។

ផល​ប៉ះពាល់​នៃជម្ងឺ​ផ្លូវចិត្ដ​នៅ​កម្ពុជា

តាមការ​ប៉ាន់ស្មាន​របស់លោក​សាស្ដ្រាចារ្យ កា ស៊ុនបូណាត អ្នកឯកទេស​ខាងវិកលវិទ្យា នៅប្រទេសកម្ពុជា អ្នកដែល​កើតមាន ជម្ងឺផ្លូវចិត្ដ​មានប្រហែល​ជា៦០% ក្នុងចំណោម​ប្រជាពលរដ្ឌ​ដែលធ្លាប់រស់​នៅក្រោម​របបប៉ុលពត។ ក្នុងនោះ​មានអ្នក​ជំនាន់ក្រោយ​ដែលមិន ធ្លាប់បាន​រស់នៅក្រោម​របបប៉ុលពត​សោះប្រហែល​៣៥% ដែលជា​កូនចៅ​របស់អ្នក​ដែលរងគ្រោះ​ដោយរបបប៉ុលពត​នោះ។ ជម្ងឺផ្លូវចិត្ដ​បានជះ ឥទ្ធិពល​មកលើ​កូនតាម រយៈ​អាកប្បកិរិយា​របស់ឪពុកម្ដាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative