រដ្ឋ​មន្រ្តី​អប់​​រំៈ​“​ដោយ​សារ​ធន​ធាន​ម​នុស្ស​នៅ​មាន​ក​ម្រិត​ ទើប​រាជ​​រដ្ឋា​ភិ​បាល​បា​ន​ដាក់​វិ​ធាន​កា​រណ៍​ព​ង្រឹង​ធន​​ធាន​ម​នុស្ស​

គាត់​មិន​មែន​ជា​តា​រា​ភាព​យន្ត​ដ៏​ល្បី​នោះ​ទេ ​តែ​លោក​ប​ណ្ឌិត​ហង់​ ជួន​ ណា​រ៉ុន​ ជា​តា​រា​ន​យោ​បាយ​ដែល​​បាន​និង​កំ​ពុង​រះ​ទ្បើង​ ក្នុង​រាជ​រដ្ឋា​ភិ​បាល​អា​ណ​ត្តិ​ទី​៥​នេះ ​ដែល​ធ្វើ​​ឲ្យ​គ្រប់​មជ្ឈ​ដ្ឋាន​អ្នក​សិ​ក្សា​ និង​ប្រ​ជា​ជន​កម្ពុ​ជា​ស្ទើរ​ទូ​ទាំ​​ង​ប្រ​ទេស​ស្គាល់​គាត់​ តាម​រយៈ​ក​ណ្តាប់​ដៃ​ដែក​របស់​គាត់ ​ដែល​បាន​ចេញ​នូវ​ផែន​​ការ​យុទ្ឋ​សាស្រ្ត​ ដើ​ម្បី​ព​ង្រឹង​គុណ​ភាព​អប់​រំ​នៃ​កម្ពុជា។​

IMG_0711 copyលោក​បណ្ឌិត​ហង់ ​ជួន ​ណា​រ៉ុន​ រដ្ឋ​មន្រ្តី​ក្រ​សួង​អប់​រំ ​យុវ​ជន​និង​កី​ទ្បា​ក្នុង​រាជ​រដ្ឋា​ភិ​បាល​អា​ណត្តិ​ទី​៥​នេះ​ កើត​នៅ​ថ្ងៃ​ទី​២ ​មករា​​ឆ្នាំ​១៩​៦២​ ក្នុង​ស​ង្កាត់​​លេខ​៥​ក្រុង​ភ្នំ​ពេញ​។​ ជា​កូន​បញ្ញ​វ័ន្ត​ និង​ឧត្ត​ម​មន្រ្តី​រាជ​ការ​ស​ម័យ​សង្គម​រាស្រ្ត​​និ​យម ​លោក​បាន​ចូល​សិ​ក្សា​នៅ​សា​លា​បឋ​ម​សិ​ក្សា​ទួល​ទំ​ពូង​ មុន​បន្ត​ទៅ​សិ​ក្សា​នៅ​អនុ​វិ​​ទ្យា​ល័យ​ក្រុង​តា​ខ្មៅ​ និង​បន្ត​សិ​ក្សា​កម្រិត​ម​ធ្យម​សិ​ក្សា​តុ​តិយ​ភូមិ ​នៅ​​វិ​ទ្យា​ល័យ​អនុ​វត្ត​ន៍​ក្រុង​ភ្នំ​ពេញ​។ ​ក្នុង​របប​ខ្មែរ​ក្រ​ហម​ ក្រុម​គ្រួ​សារ​លោក​បណ្ឌិត​ហង់​ ជួន​​ណា​រ៉ុន​​ត្រូវ​ខ្មែរ​ក្រ​ហម​ ជម្លៀស​ទៅ​កាន់​ភូមិ​ស្រ​ទ្បៅ​ច្រឹង​ ឃុំ​វាល​ម្លូ​ ស្រុក​ទឹក​ជ្រៅ​(​ប​ច្ចុប្ប​ន្ន​នេះ​ជា​ស្រុក​ព​ញា​ក្រែក​ )​ ខេត្ត​កំ​ពង់​ចាម​ និង​នៅឆ្​នាំ​១៩​៧៨​ គ្រួ​សារ​លោក​ត្រូវ​​ខ្មែរ​ក្រ​ហម​ជំ​លៀស​ទៅ​កាន់​ស្រុក​សន្ទុក​ ក្បែ​រ​ភ្នំ​សន្ទុក​ខេត្ត​កំ​ពង់​ធំ​សព្វ​ថ្ងៃ​នេះ។​

ក្រោយ​ថ្ងៃ​រំ​ដោះ​៧​​មក​រាឆ្នាំ​១៩​៧៩​ ឪ​ពុក​លោក​បាន​មក​រស់​នៅ​ម្តុំ​គី​ទ្បូ​ម៉ែត្រ​លេខ​៦ ​ក្រុង​ភ្នំ​ពេញ ​និង​ប​ន្ទាប់​មក​រណ​សិរ្ស​ក​សាង​ការ​ពារ​មាតុ​ភូមិ​កម្ពុជា​ បាន​ប្រ​កាស​ជ្រើស​រើស​មន្រ្តី​រាជ​ការ​ ឪ​ពុក​លោ​ក​បណ្ឌិត​(​លោក​ហង់​ ជួន​)​បា​ន​ចូល​បំ​​រើ​ការ​ងារ​នៅ​ក្រ​សួង​អប់​រំ ​ដែល​កាល​ណោះ​មាន​លោក​ចាន់​ វែន​ជា​រដ្ឋ​មន្រ្តី​ ព្រោះ​​មុន​របប​ខ្មែរ​ក្រ​ហម​ ឪ​ពុក​របស់​លោក​មាន​តួ​នា​ទី​ជា​មន្រ្តី​ទ​ទួល​ប​ន្ទុក​ផ្នែក​រដ្ឋ​បាល​និង​ជា​សាស្រ្ត​ចារ្យ​នៃ​សា​កល​វិ​ទ្យា​ល័យ​ភូមិ​ន្ទ​វិ​ចិត្រ​សិ​ល្បៈ​ និង​ធ្លាប់​ជា​ព្រឹទ្ឋ​បុរស​​នៃ​មហា​វិទ្យា​ល័យ​របាំ​នៃ​សា​កល​វិទ្យា​ល័យ​ដ​ដែល​នេះ​។ ​លោក​ហង់​ ជួន​ នេះ​ក៏​ធ្លាប់​ចូល​រួម​កាត់​ត​ភាព​យន្ត​ ជាមួ​យ​សម្តេច​ព្រះ​បរម​កោដ​​នរោត្តម​សីហនុ ​ជា​មួយ​លោក​អៀវ ​ប៉ុ​ណ្ណា​កា​សមា​ជិក​ព្រឹទ្ឋ​សភាព​សព្វ​ថ្ងៃ​នេះ ​ហើយ​ក្នុង​របប​ខ្មែរ​ក្រហម​ គ្រួ​សារ​លោក​ប​ណ្ឌិត​ក៏​បាន​ជួប​គ្រួ​សារ​លោក​អៀវ​ ប៉ុ​ណ្ណា​កា​នៅ​វាល​ម្លូ​ ខេត្ត​កំ​ពង់​ចាម​ផង​ដែរ​។

​​លោក​ប​ណ្ឌិត​ហង់​ ជួន​ ណា​រ៉ុន​បាន​រំ​លឹក​ថា ​ក្រោយ​របប​ខ្មែរ​ក្រ​ហម​ លោក​បាន​ចូល​ធ្វើ​ការ​ជា​មួយ​ក្រុម​យុវ​ជន​ នៃ​ក្រ​សួង​អប់​រំ ​យុវ​ជន​និង​កី​ទ្បា​ ដែល​មាន​ភារ​កិច្ច​ដើរ​បោស​សំ​អាត​សា​លា​រៀន​ ហើយ​សា​លា​តំ​បូង​បំ​ផុត​ដែល​លោក​និង​ក្រុម​យុ​វជន​ដ​ទៃ​ទៀត ​បាន​បោស​សំ​អាត​​គឺ​សា​​លា​កុ​​មារី​(​សា​លា​ចតុ​មុ​សព្វ​ថ្ងៃ​នេះ​) ​និង​បាន​ប្រា​​រព្ធ​ពិ​ធី​បើក​ប​វេស​នកាល​នៅ​ខែ​ក​ញ្ញា​ឆ្នាំ​១៩​៧៩​ និង​បន្ទាប់​មក​បាន​រដ្ឋ​បាន​បើក​បវេស​នកាល​ នៅ​សា​លា​កម្ពុជ​បុត្រ​ ដែល​មាន​កម្រិត​ត្រឹម​មធ្យម​សិ​ក្សា​បឋម​ភូមិ​ និង​ក្រោយ​មក​បាន​បោស​សំ​អាត​នៅ​វិ​ទ្យា​ល័យ​ភ្នំ​ដូន​ពេញ​(​វិ​ទ្យា​ល័យ​ព្រះ​ស៊ី​សុវ​ត្ថិ​សព្វ​ថ្ងៃ​នេះ)​។

​បន្ទាប់​រៀប​ចំ​វិ​ទ្យា​ល័យ​ភ្នំ​ដូន​ពេញ​រួច​ នៅ​ក្នុង​កំ​ទ្បុង​ឆ្នាំ​១៩​៧៩​ ១៩​៨០​ប​ណ្ឌិ​​ត​ហង់ ​ជួន​ ណា​រ៉ុន​បាន​ចូល​រៀន​នៅថ្នាក់​ទី៨​ និង​ដល់​ថ្នាក់​ទី​៩ ​លោក​បាន​រៀប​ចំ​ប្រ​លង​ផ្លោះ​ថ្នាក់ចូល​ថ្នាក់​ទី​១០​​ នៅ​ក្នុង​ឆ្នាំ​សិ​ក្សា​១៩​៨០​ ១៩​៨១​បាន​ជាប់​ជា​ស្ថាប​ពរ​ និង​ទ​ទួល​បាន​និ​ទ្ទេស​ល្អ​បង្គួ​រ​ ដែល​មាន​តែ​ពីរ​នាក់​ប៉ុ​ណ្ណោះ​បាន​ទទួល​និ​ទ្ទេស​នេះ​នៅ​ទូ​ទាំង​ប្រ​ទេស។​ប​ន្ទាប់​មក​នៅ​ឆ្នាំ​១៩​៨១​ ១៩​៨២ ​លោក​បាន​បន្ត​ទៅ​បោស​សំ​អាត​ ​និង​ចូល​សិ​ក្សា​នៅ​វិ​ទ្យា​ស្ថាន​ប​ច្ចេក​វិ​ទ្យា​កម្ពុជា​ មិត្ត​ភាព​កម្ពុជា​ សូ​វៀត​ (​សា​លា​តិច​ណូ​បច្ចុ​ប្បន្ន​)​ដែល​ពេល​នោះ​មិន​មាន​គ្រូ​ខ្មែ​រ​នោះ​ទេ ​គឺ​មាន​តែ​គ្រូ​​ជន​ជាតិ​សូ​វៀត​។​លោក​បាន​រៀន​នៅ​ទី​នោះ​រយៈ​ពេល​១​ឆ្នាំ​ និង​ជា​និ​ស្សិត​ជំ​នាន់​ទី​១​នា​ស​ម័យ​នោះ ​និង​បាន​ជាប់​អា​ហា​រូប​ករណ៍​ទៅ​សិ​ក្សា​នៅ​ប្រ​ទេស​រុស្ស៊ី​ក្នុង​ឆ្នាំ​១៩​៨២​ ១៩​៨៣​ និង​បាន​ទៅ​សិ​ក្សា​ជំ​នាញ​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​ នៅ​សា​កល​វិ​ទ្យា​ល័យ​រដ្ឋ​ទី​ក្រុង​ទី​​ក្រុង​គៀវ​(​ប្រ​ទេស​អ៊ុយ​ក្រែន​)​។​

បន្ទាប់​ពី​បាន​សិ​ក្សា​នៅ​ទី​នោះ​បាន​រយៈ​ពេល​បី​ឆ្នាំ​ រហូត​ដល់​​ឆ្នាំ​ទី២​​ លោក​បាន​ផ្លាស់​មក​សិ​ក្សា​នៅ​វិ​ទ្យា​ស្ថាន​ជាតិ ​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ទី​ក្រុង​ម៉ូ​ស្គូ​វិញ​ និង​រៀន​ចប់​ថ្នាក់​ប​រិញ្ញា​បត្រ​ជាន់​ខ្ពស់​(​អនុ​បណ្ឌិត​)​នៅ​ឆ្នាំ​១៩​៨៨​ ដោយ​​ទទួល​បាន​ស​ញ្ញា​បត្រ​ក្រ​ហម​។ ​សញ្ញា​បត្រ​ក្រ​ហម​ គឺ​ជា​សញ្ញា​បត្រ​ដែល​ផ្តល់​ដល់​និ​ស្សិត​ដែល​មាន​ពិន្ទុ​ខ្ពស់​លើ​គ្រប់​មុខ​វិជ្ជា​ និង​ពេល​នោះ​គេ​អនុ​ញ្ញាត្ត​ឲ្យ​លោក​សិ​​ក្សា​ថ្នាក់​បណ្ឌិត​ជំ​នាញ​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​ និង​បាន​បញ្ចប់​ការ​សិក្សា​នៅឆ្នាំ​១៩​៩១​​ និង​បាន​វិល​ត្រ​លប់​មក​ប្រ​ទេស​វិញ ​និង​ចូល​បំ​រើ​ការ​ងារ​នៅ​ក្នុង​លេ​ខា​ធិ​ការ​ដ្ឋាន​ឧត្ត​ម​ក្រុម​ប្រឹ​ក្សា​ជាតិ​កម្ពុជា​(​S​N​C​)​ និង​បន្ទាប់​មក​នៅ​ឆ្នាំ​១៩​៩៣​ ដល់​១៩​៩៨​បាន​ចូល​បំ​រើ​ការ​ងារ​នៅ​ស្ថាន​ទូត​អូ​ស្រ្តា​លី ​និង​ចាប់​ពី​ឆ្នាំ​១៩​៩៩​​ដល់​ឆ្នាំ​២០​១៣​លោក​​បាន​ចូល​បំ​រើ​ការ​ងារ​ជា​មន្រ្តី​ជាន់​​ខ្ពស់​ ក្នុង​ក្រ​សួង​សេដ្​ឋកិច្ច​និង​ហិរ​ញ្ញ​វត្ថុ​។​

ដោយទ​ទួល​បាន​ការ​ទុក​ចិត្ត​ពី​ស​ម្តេច​តេ​ជោ​ហ៊ុន​ សែន​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ លោក​បណ្ឌិត​ហង់​ ជួន​ ណា​រ៉ុន​ត្រូវ​បាន​តែង​តាំង​ជារ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​អប់​រំ​ យុវ​ជន​និង​កី​ទ្បា​ ជា​ពេល​ដែល​លោក​មាន​ឳ​កាស​ប​ញ្ចេញ​ក​ណ្តាប់​ដៃ​ដែក​ ដើ​ម្បី​កែទ​ម្រង់​ក្រ​សួង​ដែល​ជា​អា​យុ​ជី​វិត​របស់​ជាតិ​នេះ​។ ​បើទោះ​ជា​ការ​កែ​ទ​ម្រង់​របស់​លោក​ទទួល​បាន​ប្រ​តិ​កម្ម​ច​ម្រុះ​ពេញ​ចិត្ត​ផង​ និង​មិន​ពេញ​ចិត្ត​ផង​ក្តី​ តែ​ម​ហា​ជន​និង​អ្នក​សិ​ក្សា​ភាគ​ច្រើន​គាំ​ទ្រ​វិ​ធាន​ការ​ដាក់​ចេញ​ដោយ​រដ្ឋ​មន្រ្តី​ថ្មី​រូប​នេះ។​

ពេល​ដឹង​ថា​លោក​ដឹង​ថា​សម្តេច​នា​យក​រដ្ឋ​មន្រ្តី​ តែង​តាំង​លោ​ក​ជា​រដ្ឋ​មន្រ្តី​​ក្រ​សួង​អប់រំ​ លោក​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​រយៈ​ពេល​ជិត​១​ខែ ​និង​ប​ន្ទាប់​ពី​រដ្ឋា​ភិ​បា​​ល​អា​ណត្តិ​ទី​៥​ត្រូវ​បាន​បង្កើត​ទ្បើង​នៅ​ថ្ងៃ​ទី​២៤ ​កញ្ញា​ឆ្នាំ​២០​១៣​ និង​រយៈ​ពេល​ប៉ុ​ន្មាន​ថ្ងៃ​ក្រោយ​មក​គឺ​នៅ​ថ្ងៃ​ទី​២៨​ លោក​មាន​ពេល​ពីរ​បី​ថ្ងៃ​ ដើ​ម្បី​ពិ​ភា​ក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក​ម្រិត​ រដ្ឋ​លេ​ខា​ធិ​ការ​ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​របស់​ក្រ​សួង ​ដោយ​បាន​ជ​ជែក​គ្នា​និង​កំ​ណ​ត់​យក​អា​ទិ​ភាព​ចំនួន​៨ ​ដើ​ម្បី​កែ​ទំ​រង់​ក្នុង​វិ​ស័យ​នេះ ​ទី១​ កំ​ណែ​ទំ​រង់​វិ​ស័យ​ហិរ​ញ្ញ​​វត្ថុ​សា​ធារ​ណៈ ​ទី២ ​ការ​គ្រប់​គ្រង​បុគ្គ​លិក​ ទី​៣​ គុណ​ភាព​អប់​រំ​ ទី​៤​ កំ​ណែ​ទំ​​រង់​ខាង​ការ​ប្រ​លង​ ទី​៥​ កំ​ណែ​ទ​ម្រង់​ឧ​ត្តម​សិ​ក្សា​ ទី​៦​​ការ​ផ្តល់​ឲ្យ​យុវ​​ជន​នូវ​ជំនាញ​ទាំង​ជំ​នាញ​រ៉ឹង​ និង​ជំ​នាញ​ទន់ ​ទី៧​ ការ​កែទ​ម្រង់​វិ​ស័យ​អប់​រំ​កាយ​និង​កី​ទ្បា​ និង​ទី​៨ ​ការ​បង្កើត​ធ​នា​គារ​ខួរ​ក្បាល​ស​ម្រាប់​ស្រាវ​ជ្រាវ​វិ​ស័យ​អប់​រំ​។​

លោក​បន្ត​ថា ​“​ប​ន្ទាប់​ពីមា​នកា​រ​ឯក​ភាព​លើ​វិ​ធាន​ការ​ទាំង​៨ ​ខ្ញុំ​បាន​រៀប​ចំ​ជា​វិ​ធាន​កា​រណ៍​លំ​អិត​ ដើ​ម្បី​ឆ្លង​ទៅ​ស​ម្តេច​នា​យក​រដ្ឋ​មន្រ្តី​ និង​មាន​ការ​ឯក​ភាព​ពី​​សម្តេច​ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​អនុ​វត្តន៍​តែ​ម្តង​”​។លោក​បន្ត​ថា ​“​វិ​ស័យ​អប់​រំ​របស់​​យើង​ដោយ​សារ​ប្រ​ទេស​យើង​ឆ្លង​កាត់​របប​ខ្មែ​រ​ក្រ​ហម​ ដែល​គ្រូ​៨០​ភាគ​រយ​ត្រូវ​បាន​ខ្មែរ​ក្រ​ហម​សំ​លាប់​ និង​ក្រោយ​ពេ​ល​រំ​ដោះ​ក្នុង​ទស​វត្សរ៍​ទី​៨០​ កម្ពុជា​នៅ​មាន​សង្រ្គា​មនៅ​ទ្បើយ​។ ​អញ្ចឹង​រដ្ឋា​ភិ​បាល​ស​ម័យ​នោះ​បាន​រើស​គ្រូ​ទ្បើង​វិញ​ ដោយ​យក​អ្នក​រៀន​​បាន​៤​ឆ្នាំ​ យក​គាត់​ទៅ​បណ្តុះ​ប​ណ្តាល​ហើយ​ចេញ​បង្រៀន​ ព្រោះ​កាល​ណោះ​យើង​មាន​ពាក្យ​ស្លោក​ថា ​“​អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះ​តិច​ អ្នក​ចេះ​តិច​បង្រៀន​អ្នក​មិន​ចេះ ​អញ្ចឹង​​គុណ​វុ​ឌ្ឍិ​គ្រូ​នៅ​ទាប​”​។​

​ជា​មួយ​នឹង​ភាព​ប្រ​សើរ​ទ្បើង​នៃ​ក​ម្រិត​គុណ​វុឌ្ឍិ​របស់​គ្រូ​ និង​ការ​ដាក់​ចេញ​នូវ​វិ​ធាន​ការ​ណ៍​កំណែ​ទ​ម្រង់​នេះ ​លោក​បណ្ឌិ​ត​ហង់​ ជួន​ ណា​រ៉ុន​បាន​ទ​ទួ​ល​ស្គាល់​និង​លើក​ទ្បើង​ថា ​ជា​បន្ត​បន្ទាប់​គុណ​វុឌ្ឃិ​របស់​គ្រូ​នា​ពេល​បច្ចុ​ប្បន្ន​នេះ ​ត្រូវ​បាន​ដំ​ទ្បើង​ដល់​១២​បូក​២ ​សម្រាប់​គ្រូ​​បឋម​សិ​ក្សា​គឺ​អ្នក​ធ្លាក់​ទី​១២​ ត្រូ​វរៀន​រយៈ​ពេល​ពីរ​ឆ្នាំ​អាច​ធ្វើ​ជា​គ្រូ​បឋម​សិ​ក្សា​ និង​គ្រូ​អនុ​វិទ្យា​ល័យ​ទាល់​តែ​រៀន​ចប់​ថ្នាក់​ទី​១២​ និង​រៀប​ពីរ​ឆ្នាំ​ និង​គ្រូ​វិ​ទ្យា​ល័យ​គឺក​ម្រិត​បរិ​ញ្ញាបត្រ​បូក​១​(​មាន​ន័យ​ថា​ អ្នក​សិ​ក្សា​ចប់​បរិ​ញ្ញា​បត្រ​ និង​រៀន​គរុ​កោ​​សល្យ​១​ឆ្នាំ​)​។​ដោយ​សារ​គុណ​វុឌ្ឍិ​គ្រូ​នៅ​ទាប​ អញ្ចឹង​នៅ​ពេល​យើង​ចាប់​ផ្តើម​ព​ង្រឹង​វិ​ស័យ​អប់​រំ​ យើង​ឃើញ​ថា​កុ​មារ​ដល់​វ័យ​ចូល​រៀន​៩៨​ភាគ​រយ​បាន​ចូល​រៀន​ តែ​គុណ​ភាព​ធ្លាក់​ចុះ ​អញ្ចឹង​ទើប​យើង​ពង្រឹ​ង​គុណ​ភាព​នៃ​ការ​អប់រំ​ ដើ​ម្បី​ដើរ​ឲ្យ​ទាន់​គេ​ក្នុង​បណ្តា​ប្រ​ទេស​អា​ស៊ាន​ ​។​

លោក​បន្ត​ថា ​ប្រ​ទេស​អា​ស៊ាន​ភាគ​ច្រើ​នមិន​មាន​សង្រ្គា​​ម​ វិ​ស័យ​អប់​រំ​គេ​លូត​លាស់​ខ្លាំង​ អញ្ចឹង​យើង​ត្រូវ​ប្រ​ណាំង​ប្រ​ជែង​ជា​មួយ​ប្រ​ទេ​ស​ទាំង​អស់​នោះ ​ខណៈ​ប្រ​ទេស​​ក្នុង​តំ​បន់​នេះ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ ព្រោះ​ប្រ​ជា​ជន​​សឹង្ហ​បុរី​មាន​ប្រាក់​ចំ​ណូល​៥០​.០០​០​ដុល្លារ​ក្នុង​១​ឆ្នាំ​ តែ​កម្ពុជា​យើង​មាន​ចំ​ណូល​តែ​១០​០០​ដុល្លារ​ប៉ុ​ណ្ណោះ​។​

​ពេល​ធន​ធាន​មនុស្ស​របស់​កម្ពុជា​នៅ​មាន​ក​ម្រិត​ តើ​កម្ពុជា​ប្រ​ឈម​បញ្ហា​​​អ្វី​ខ្លះ​ពេល​កម្ពុជា​ ធ្វើ​ស​មា​ហរ​ណ​កម្ម​ជា​មួយ​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​អា​ស៊ាន​?​ រដ្ឋ​មន្រ្តី​ដែល​មាន​ជំ​នាញ​សេដ្ឋ​កិច្ច​រូប​នេះ​បាន​គូស​ប​ញ្ជាក់​ថា ​“​ដោយ​សារ​តែ​ធន​ធាន​មនុស្ស​យើង​នៅ​មាន​កម្រិត​ ទើប​រាជ​​រដ្ឋា​ភិ​បាល​បាន​ដាក់​វិ​ធាន​ការណ៍​ពង្រឹង​ធន​​ធាន​មនុស្ស​ហើយ ​ព្រោះ​កន្លង​មក​យើង​​យក​ពី​បរិ​មាណ ​តែ​បរិ​មាណ​យើង​គ្រប់​ហើយ​ យើង​ចាប់​ផ្តើម​គិត​ពី​គុណ​ភា​​ព​វិញ​ម្តង​”។​លោក​បន្ត​ថា ​“នេះ​ជា​គោល​ន​​យោ​បាយ​មួយ​ដែល​វា​ត្រឹម​ត្រូវ​ ប្រា​កដ​និយម​ ដែល​ពី​មុន​យើង​គិត​ពី​បរិ​​មាណ ​តែ​ពេល​នេះ​យើង​ត្រូវ​គិត​ពី​គុណ​ភាព ​ពេល​ចូល​អា​ស៊ាន​ យើង​ត្រូវ​គិត​ពី​គុណ​ភាព​ហើយ​ ព្រោះ​យើង​ត្រូវ​ប្រ​ណាំង​ប្រ​ជែង​ជា​មួយ​គេ”​។

​លោក​បន្ត​ថា ​“​កម្ពុជា​បាន​បើក​ចំ​ហ​រួច​ហើយ ​ដែល​មាន​ជន​បរ​ទេស ​គ្រូ​បរ​ទេស​ចូល​មក​​បង្រៀន​នៅ​ទី​នេះ​បាន​ដែរ​ អញ្ចឹ​ង​ជា​ចំ​ណោ​ទ​ ជា​បញ្ហា​យើង​​មិន​ចោទ​ជា​បញ្ហា​អ្វី​ទេ​ យើង​មិន​ខ្លាច​ថា​គេ​មក​ដ​ណ្តើម​ការងារ​យើង​ទេ ​ព្រោះ​យើង​បើក​ចំ​ហ​រួច​ហើយ​ ប៉ុ​ន្តែ​បញ្ហា​ប្រ​ឈម​ត្រង់​ថា ​តើ​យើង​អាច​ដ​ណ្តើម​ការ​ងារ​នៅ​ស្រុក​គេ​បាន​ឬ​អត់​។​​ បើ​សិន​គុណ​ភាព​អប់​រំ​របស់​យើង​ទាប​ យើង​មិន​អាច​ទៅ​ដណ្តើម​ការ​ងារ​នៅ​ស្រុក​គេ​បាន​នោះ​ទេ”​។​លោក​បន្ថែ​មថា​“​អញ្ចឹង​អា​ស៊ាន​​ បើ​យើង​មិន​មាន​គុណ​ភាព​ខ្លាំង​ទេ ​យើង​មិន​អាច​បង្ក​លក្ខ​ណៈ​ឲ្យ​យុវ​ជន​យើង​ទៅ​ដណ្តើម​ការ​ងារ​នៅ​ក្រៅ​ស្រុក​បាន​នោះ​ទេ”​។​

និ​យាយ​ដល់​វិ​ស័យ​អប់​រំ​ អាច​មាន​ន័យ​ថា​ជា​វិ​ស័យ​មួយ​ដែល​ទាក់​ទង​នឹង​អ្វីៗ​ទាំង​អស់​របស់​ប្រ​ទេស ​និង​ពាក់​ព័ន្ឋ​មនុស្ស​ជា​ច្រើន​ ព្រោះ​ក្រ​សួង​នេះ​ជា​ក្រ​សួង​​មួយ​ដែល​មាន​បុគ្គ​លិក​ច្រើន​ជាង​គេ ​ដូ​ច្នេះ​ដើ​ម្បី​ទទួល​បាន​គុណ​ភាព​នៃ​ការ​អប់រំ​ មិន​ត្រឹម​តែ​ត្រូ​វមាន​កម្ម​វិ​ធី​សិ​ក្សា​ល្អ​ មាន​វិ​ន័យ​តឹង​រ៉ឹង ​មាន​គ្រូ​ប្រ​កបដោយ​គុណ​វុឌ្ឍិ​សីល​ធ៌ម​វិជ្ជ​ជីវៈ​នោះ​ទេ​ តែ​ជីវ​ភាព​គ្រូ​ក៏​ត្រូវ​តែ​សម្លឹង​មើល​ជា​អាទិ​ភាព​ផង​ដែរ​។​

ដោយ​ទទួល​ស្គាល់​ពី​បញ្ហា​នេះ ​លោក​បណ្ឌិត​ហង់​ ជួន​ ណា​រ៉ុន​បាន​មាន​ប្រ​​សាសន៍​ថា ​យើង​បាន​និ​ង​កំ​ពុង​ដាក់​ចេញ​វិ​ធាន​ការណ៍ ​ពង្រឹង​វិ​ស័យ​ឧត្តម​សិ​ក្សា​ ជា​ច្រើន​ផង​ដែរ​ ដូច​ជា ​ទី​១ ​យើង​ត្រូវ​ប​ណ្តុះ​ប​ណ្តាល​គ្រូ​ឲ្យ​មាន​សញ្ញា​បត្រ​ខ្ពស់ៗ​ឲ្យ​បាន​ច្រើន​ ក្នុង​ពេល​​ដែល​ឥ​ទ្បូវ​នេះ ​គ្រូ​បង្រៀន​នៅ​ឧត្តម​សិ​ក្សា​ មាន​សញ្ញា​បត្រ​ប​ណ្ឌិត​មាន​​១៤​ភាគ​រយ​ និង​៨០​ភាគ​រយ​ជា​អ្នក​បាន​បញ្ចប់​ការ​សិ​ក្សា​ថ្នាក់​បរិ​ញ្ញា​​បត្រ​ជាន់​ខ្ពស់​ និង​បរិ​ញ្ញាប​ត្រ​។ ​អញ្ចឹង​យើង​ត្រូវ​តែ​ដំ​ទ្បើង​គ្រូ​ ឲ្យ​មាន​សញ្ញា​បត្រ​ខ្ពស់​ៗ​ឲ្យ​បាន​ច្រើន​ និង​ជា​គ្រូ​មាន​​គុណ​វុឌ្ឍិ​ពិត​ប្រា​កដ​ មិន​មែន​ជា​គ្រូ​មាន​តែ​សញ្ញា​បត្រ​នោះ​ទេ​។​អញ្ចឹង​យើង​ត្រូវ​តែ​បញ្ជូន​ពួក​គាត់ ​ទៅ​រៀន​នៅ​បរ​ទេស​ឲ្យ​បាន​ច្រើន​​ ទី២​ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្រឹះ​​ស្ថាន​ឧត្តម​សិ​ក្សា​រដ្ឋ​ និង​ឯក​ជន​ឲ្យ​គាត់​សហ​ការ​ជា​មួយ​សា​​កល​វិ​ទ្យា​ល័យ​នៅ​បរ​ទេស​ តាម​រយៈ​ការ​ដក​ស្រង់​បទ​ពិ​សោ​​ធន៍​ ពិ​និត្យ​ទ្បើង​វិញ​នូវ​កម្ម​វិ​ធី​សិ​ក្សា​ អ​ញ្ជើញ​គ្រូ​ពី​បរ​ទេស​មក​ប​ង្រៀន​ ឬ​ការ​ដោះ​ដូរ​និ​ស្សិ​​ត​ជា​ដើម​។​

ទី​៣​ ជំ​រុញ​ឲ្យ​​មាន​ភាព​ជា​ដៃ​គូរ​វាង​សា​កល​វិ​ទ្យា​ល័យ​ក្នុង​ស្រុក​ និង​បរ​ទេ​ស​ឲ្យ​មាន​សញ្ញា​បត្រ​​រួម​គ្នា​ ដូច​ជា​​នៅ​សា​កល​វិ​ទ្យា​ល័យ​ភូមិ​ន្ទនិ​តិ​សាស្រ្ត​ និង​វិ​ទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ ជា​​សា​លា​ដែល​មាន​ស​ញ្ញា​បត្រ​រួម​គ្នា​ ទាំង​សញ្ញា​បត្​រខ្មែរ​ផង​ និង​សញ្ញា​បត្រ​មក​ពី​បា​រាំង​​ផង​ ទី​៤​ យើង​ចង់​ឲ្យ​សា​កល​វិ​ទ្យា​ល័យ​និ​មួយ​ៗ​ព​ង្រឹង​គុណ​ភាព​ខ្លួន​ឯង​តែ​ម្តង​  និង​ត្រូវ​មាន​ស​ម្ភារៈ​សិ​ក្សា​ សៀវ​ភៅ​សិ​ក្សា​ស្រាវ​​ជ្រា​វ​ជា​ដើម​ ដើ​ម្បី​ក្រ​សួង​វាយ​តំ​លៃ​គាត់​ធ្វើ​បាន​ក​ម្រិត​ណា។​

ជា​មួយ​វិ​ធាន​កា​រណ៍​ដាក់​ចេញ​ភ្លាមៗ ​និង​ប​ន្ទាន់​ដើ​ម្បី​ផ​លិត​បាន​នូវ​ធន​ធាន​មនុស្ស​ ដែល​អាច​មាន​សម​ត្ថភាព​ប្រ​កួត​ប្រ​ជែង​ ជា​មួយ​ប​ណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​ រដ្ឋ​មន្រ្តី​អប់​រំ​រូប​នេះ ​បាន​ប​ញ្ចូល​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ ទ​ទួល​ស្គាល់​គុណ​ភាព​អប់​រំ​នៃ​កម្ពុជា​(​A​C​C​)​មក​ក្នុង​ក្រ​សួង​អប់​រំ​​ហើយ​ អ​ញ្ចឹង​យើង​ត្រូវ​ពិ​និត្យ​ទ្បើង​វិញ​នូវ​យន្ត​ការ​វាយ​តំ​លៃ​គ្រឹះ​ស្ថាន​ឧ​ត្តម​សិ​ក្សា​ ដែល​ពី​មុន​គាត់​វាយ​តំ​លៃ​តែ​ថ្នាក់​មូល​ដ្ឋាន​នៃ​គ្រឹះ​​ស្ថាន​ឧ​ត្តម​សិ​ក្សា​និ​មួយៗ ​តែ​ឥ​ទ្បូវ​នេះ​យើង​ឲ្យ​គាត់​ពិ​និត្យ​ទ្បើង​​វិញ​និង​ធ្វើ​​ការ​​វាយ​តំ​លៃ​ជា​រួម ​និង​មាន​ការ​ទ​ទួល​ស្គាល់​ជា​ស្ថា​ប័ន​តែ​ម្តង​ ដើ​​ម្បី​​ឲ្យ​សា​ក​ល​​វិ​ទ្យា​ល័​យ​​មួយ​ៗ​គាត់​ប្រឹង​ប្រែង​ ព្រោះ​ក្រ​សួង​មិន​អាច​ធ្វើ​ជំ​នួស​បាន​ទេ​តែ​ក្រ​សួ​ង​គ្រាន់​តែ​​ប្រាប់​ថា​គួរ​តែ​ល​ម្អ​អញ្ចេះ​ កែ​លំ​អរ​អញ្ចុះ​។

លើក​ទ្បើង​ពី​គុណ​តំ​លៃ​គ្រូ​នៅ​ក្នុង​សង្គម​ លោក​រដ្ឋ​មន្រ្តី​បាន​មាន​ប្រ​សាសន៍​ថា ​តំ​លៃ​គ្រូ​ធ្លាក់​ចុះ​មួយ​ផ្នែក​ដោយ​សារ​សិស្ស​មិន​ខំ​រៀន​ ដោយ​គាត់​អាង​ថា​មាន​តែ​ទូរ​ស័ព្ទ​ មាន​តែ​លុយ​ឲ្យ​គ្រូ​ ឲ្យ​អនុ​រ័ក្ស​នៅ​ពេល​ប្រ​លង​គាត់​​ប្រលង​ជាប់​ហើយ ​តែ​ឥ​ទ្បូវ​យើង​ចាប់​ផ្តើម​ចេញ​ពី​ចំ​ណុច​នេះ​តែ​ម្តង​ ទី​១​ពង្រឹង​គុណ​ភាព​​ ទី​២​ ពង្រឹង​ស្មារ​តី​សិស្ស​ឲ្យ​ដឹង​ថា ​ទោះ​ជា​មាន​លុយ​ក៏​មិន​អាច​ជាប់​បាន​ដែរ​ អញ្ចឹង​ពេល​រៀន​គាត់​ស្តាប់​គ្រូ​ហើយ​ គាត់​គោ​រព​គ្រូ​ហើយ។​ ខុស​ពី​មុន​គាត់​អាង​មាន​​លុយ​ អាង​មាន​ទូរ​ស័ព្ទ​ទំ​នើប​(​សំដៅ​ដល់​ការ​បង្ហោះ​ឯក​សារ​ចូល​)​គាត់​អាច​ប្រ​លង​ជាប់​ហើ​​យ​ តែ​ឥទ្បូវ​មិន​អាច​ធ្វើ​បាន​ទេ។​

ដើ​ម្បី​លើក​ស្ទួយ​កិ​ត្តិ​យស ​កិ​ត្យា​នុ​ភាព​គ្រូ​ ទី​១​ គឺ​ត្រូវ​ដំ​ទ្បើង​ប្រាក់​បៀរ​វត្សរ៍​  ទី​២​ វិ​ធាន​កា​រណ៍​ក្រៅ​ពី​ប្រាក់​បៀរ​វត្សរ៍​ យើង​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​បង្រៀន​គួរ​ជា​ឯក​ជន​ អញ្ចឹង​សិ​ស្ស​ត្រូវ​ខំ​ប្រឹង​រៀន​ គ្រូ​អាច​រក​ចំ​ណូល​បន្ថែម​ដោយ​ស្រប​ច្បាប់​ ខុស​ពី​មុន​គ្រូ​យក​ប្រាក់​ពី​សិស្ស​ក្នុង​ថ្នាក់​តែ​ម្តង​ ដែលធ្វើ​ឲ្យ​សិ​ស្ស​មិន​ខំ​ប្រឹង​រៀន​ក៏​ប្រ​លង​ជាប់​ តែ​ឥ​ទ្បូវ​សិស្ស​ត្រូវ​តែ​រៀន​ និង​សិស្ស​មិន​មាន​លទ្ឋ​ភាព​ត្រូវ​ខំ​មក​រៀន​​ឲ្យ​បាន​​ដិ​ត​ដល់​។​

ក្នុង​រលក​សម្តី​មួយៗ ​ប្រ​កប​ដោយ​ភាព​ម៉ឺង​ម៉ាត់​ រដ្ឋ​មន្រ្តី​អប់​រំ ​ដែល​ជា​អ​តីតៈ​កូន​ប្រុស​រដ្ឋ​មន្រ្តី​ក្រ​សួង​អប់​រំ​ផង​ដែរ​នោះ ​បាន​មាន​ប្រ​សាសន៍​ថា​“​គោល​ដៅ​រប​ស់​ក្រ​សួង​អប់​រំ​ គឺ​បណ្តុះ​ប​ណ្តាល​ជំ​នាញ​រ៉ឹង ​និង​ជំ​នាញ​ទន់​ដល់​យុវ​ជន​ ជា​អា​ទិភាព​មួយ​ក្នុង​ចំ​ណោម​អា​ទិ​ភាព​ទាំង​៨ ​នៃ​កំ​ណែ​ទំ​រង់​​វិ​ស័យ​​អប់​រំ​ ព្រោះ​យើង​ចង់​ឲ្យ​យុវ​ជន​យើង​រីក​ចំ​រើន​ កាយ​សម្ប​ទា​ ប្រា​ជ្ញា​​ស្មារ​តី​សីល​ធ៌ម​ តំ​លៃ ​បំ​ណិន​ ដើ​ម្បី​ឲ្យ​ពួក​គេ​ចូល​រួម​ចំ​នែក​អភិ​វឌ្ឈ​ន៍​សេដ្ឋ​កិច្ច​ស​ង្គម​ ស្រប​តាម​ចតុ​ស្តម្​ភទាំង​៤​នៃ​ការ​អប់​រំ​បច្ចេក​ទេស​​គឺ​ រៀន​ដើ​ម្បី​ធ្វើ​ ធ្វើ​ដើ​ម្បី​រៀន​ រក​ប្រាក់​ដើ​ម្បី​រស់​នៅ ​និង​រស់​ដើ​ម្បី​បំ​រើ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative