កម្ពុជាបើកវេទិកាស្រូវអង្ករលើកទី៤នៅមជ្ឈមណ្ឌលកោះពេជ្រ

សម្ព័ន្ធសមាគម​សហគ្រាសធុនតូច និងមធ្យម​កម្ពុជា សហការជាមួយ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា និងដោយ​មានការ​ជួយគាំទ្រ​ពីស្ថាប័ន​ពាក់ព័ន្ធ​ក្នុងវិស័យ​ស្រូវអង្ករ កាលពី​ល្លាច​ថ្ងៃទី២០ ខែវិច្ឆិកា បានប្រារព្វ​វេទិកាស្រូវ​អង្ករកម្ពុជា​លើកទី៤ នៅមជ្ឈមណ្ឌល​សន្និបាត​និងពិព័រណ៍​កោះពេជ្រ ក្រោមអធិបតី​ភាពលោក គាត ឈន់ ឧបនាយករដ្ឋ​មន្ត្រីប្រចាំការ​ តំណាងដ៍ខ្ពង់ខ្ពស់​របស់សម្តេចតេជោហ៊ុនសែន។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ​សមាគមសហគ្រាស​ធុនតូចនិងមធ្យម​កម្ពុជា បានមានប្រសាសន៍​ថា​នេះជាលើកទី៤​ហើយដែលយើង​បានរៀបចំ​វេទិកាស្រូវអង្ករ ហើយវេទិកានេះប្រារព្វធ្វើឡើង​ក្នុងគោលបំណង​ដើម្បីចូលរួម​ចំណែកជាមួយ​រាជរដ្ឋាភិបាល​លើការ​លើកស្ទួយដល់វិស័យ​ផលិតកម្មស្រូវ និងការនាំចេញ​អង្ករទៅកាន់ទីផ្សារ​អន្តរជាតិ ស្របពេលដែល​តំរូវការអង្ករនៅលើ​ពិភពលោក​មានកាន់តែ​ច្រើនឡើងៗ។ លោកឧញ៉ា​បានបន្តថា​ជាក់ស្តែងនៅឆ្នាំ២០១៤នេះ តំរូវការអង្ករ​នៅពិភពលោក​មានប្រមាណ​២៦,៤លានតោន ដែលនេះបង្ហាញពីតំរូវការ​អង្ករទីផ្សារ​អន្តរជាតិចេះតែ​កើនឡើងជាលំដាប់។

លោកឧញ៉ាបានបន្ថែមថា «ដោយសារ​ហេតុផល​ខាងលើនេះ ហើយទើបយើង​ទាំងអស់គ្នា​សំរេចជួបជុំ​គ្នានាពេល​នេះ និងប្រមូលគ្នា​ដោះស្រាយ​ការលំបាក និងស្វែងយល់​ពីគ្នាបទ​ពិសោធន៍​ជាមួយគ្នា​ឲ្យបានញឹកញាប់​ថែមទៀត​សំដៅធ្វើ​យ៉ាងណាឲ្យ​ទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាងអ្នកទិញ និងអ្នកលក់​មានតំលាភាព​និងប្រកប​ដោយការ​ទទួលខុស​ត្រូវខ្ពស់»។

លោក គាត ឈន់ បានមានប្រសាសន៍​ថាវិស័យស្រូវ​អង្ករត្រូវបាន​ចាត់ទុកថា​ជាវិស័យ​ដ៏សំខាន់មួយ​នៃសេដ្ឋកិច្ច​កម្ពុជា។ជាក់ស្តែង​កម្ពុជាសំរេច​បានការកាត់​បន្ថយភាព​ក្រីក្រឲ្យ​ធ្លាក់ចុះមក​នៅ២០,៥​ភាគរយ​ក្នុងឆ្នាំ២០១១ ហើយឆ្នាំ​២០១៣​បានបន្ត​ធ្លាក់មកនៅ​១៩,៥ភាគរយ ពោលគឺសំរេច​បាននូវការ​កាត់បន្ថយ​ភាពក្រីក្រ​មុនគោលដៅ​អភិវឌ្ឍន៍​សហសវត្ស។លោកឧបនាយករដ្ឋមន្ត្រី​ប្រចាំការបានបន្ថែមថា «វិស័យនេះ​ពិតជាវិស័យ​សំខាន់ដែលបាន​ជំរុញឲ្យសំរេច​បានការកាត់​បន្ថយភាពក្រីក្រ​ជាទីមោទនៈខាងលើគឺរួមចំណែកយ៉ាងតិច២ភាគ៣ក្នុងការកាត់បន្ថយភាពក្រីក្រនេះ»។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ប៉ុន្តែទោះបីជា យ៉ាងណាក៏​ដោយការចេញអង្ករនៅ​កម្ពុជានៅមានបញ្ហា​ប្រឈមជាច្រើន​ ទាំងកំរិតតំបន់និង​កំរិតអន្តរជាតិ​ដើម្បីសំរេចឲ្យបាន​តាមគោលដៅ​​១លានតោន​​នាឆ្នាំ២០១៥​នាពេល​ខាងមុខនេះ។​លោកគាតឈន់​បានបញ្ជាក់ថាបញ្ហាប្រឈមនោះរួមាន​គោលនយោបាយឧបត្ថម្ភធន​ដល់វិស័យស្រូវអង្ករនៃប្រទេសថៃការផ្តល់​ជួននូវភាពអនុគ្រោះផ្នែកពន្ធនាំចូលបីសហភាព​អឺរ៉ុបដល់ប្រទេសមីយ៉ាន់ម៉ា​ការធ្លាក់ចុះ​នៃតំលៃអង្ករនៅលើទីផ្សារ​អន្តរជាតិនិងជាពិសេស​កង្វះដើមទន់បង្វិល​សំរាប់ប្រមូលទិញស្រូវ​យកទៅកែឆ្នៃកង្​វះខាតហេដ្ឋារចនាសម្ពន័្ធ​ឃ្លាំងស្តុកទុកស្រូវអង្ករ​តាមស្តង់ដាកកំណត់​កង្វះខាតប្រព័ន្ធដឹកជញ្ជួន​ចំរុះសំរួលដល់​ការនាំចេញ​អង្ករជាដើម។

ក្នុងការដោះស្រាយបញ្ហានេះលោកគាតឈន់បានឲ្យដឹងថារាជរដ្ឋាភិបាលបានរៀបចំគំរោងហិរញ្ញប្បទានពីរដ្ឋាភិបាលចិនប្រមាណ៣០០លានដុល្លាដើម្បីរៀបចំសាងសង់ឃ្លាំងស្តុកស្រូវអង្ករដោយផ្តល់សេវាសម្ងួត ស្តុក ត្រួតពិនិត្យ ធ្វើតេស្តនិងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម,រោងម៉ាស៊ីនកិនស្រូវ​អ្នកនាំចេញអង្ករ​អ្នកប្រមូលទិញនិងអ្នកពាក់ព័ន្ធទាំងអស់ដែលស្ថិតនៅក្នុងវិស័យនេះអាចប្រើប្រាស់ស្រូវដែលផ្ញើរទុកក្នុងឃ្លាំងទាំងនេះធ្វើជាវត្ថុបញ្ចាំដើម្បីទទួលយកឥណទានពីធនាគារពាណិជ្ជទៅបង្កើនផលិតកម្មកសិកម្មឬស្រូវបន្ថែមទៀតនិងការបង្កើនការកែឆ្នៃស្រូវក្នុងកស្រុកនិងការនាំចេញ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative