ផ្តល់​មាស៊ីន​ទំនើប​សំរាប់​ស្រាវជ្រាវ​រកករណី​របេង​​ដល់​មន្ទីរពេទ្យ​ខេត្ត​កំពង់​ស្ពឺ

ក្នុងគោលបំណង​បង្កើនការងារ​ស្រាវជ្រាវរក​ករណីជំងឺ​របេង ពិសេសជំងឺ​របេងដែល​ស៊ាំថ្នាំឲ្យ​កាន់តែមាន​ប្រសិទ្ធភាព​លឿននោះ​មជ្ឈមណ្ឌលជាតិ​កំចាត់​រោគ​របេង​និងហង់សិន (CENAT) កាលពីថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤​បានធ្វើការ​ប្រគល់ម៉ាស៊ីន​ជីន អិចស្ពើត (G Xpert MTB​/RIF) ដែលជា​ម៉ាស៊ីនមាន សមត្ថភាព​អាចស្រាវជ្រាវ​ករណីរបេង​ធម្មតា​និងរបេង​ស៊ាំថ្នាំ​បានលឿន​ឆាប់រហស័​ដល់មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

ពិធីប្រគល់​និងទទួលនេះ​បានប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ទីប្រឹក្សាអម​ក្រសួង​សុខាភិបាល​ និងជានាយក​មជ្ឈមណ្ឌល​ជាតិកំចាត់​រោគរបេង និងហង់សិន (CENAT) លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ និងប្រធាន​មន្ទីរពេទ្យខេត្ត។

លោក​វេជ្ជបណ្ឌិត អោ វ៉ាន់ថេន បានសំដែង​នូវអំណរគុណ​យ៉ាងជ្រាលជ្រៅ​ដែលមជ្ឈមណ្ឌល​ជាតិកំចាត់​រោគរបេង​និងហង់សិន​ដែលបាន​ផ្តល់ម៉ាស៊ីន​ជីន អិចស្ពើត ដល់មន្ទីរពេទ្យ​ខេត្តនា​ពេលនេះ។ លោកបាន​បន្តថា «ម៉ាស៊ីននេះ​យើងទន្ទឹង​រងចាំជាយូរ​ណាស់មកហើយ ព្រោះវាពិត​ជាមានសារៈ​សំខាន់​ណាស់​​ដែលអាចឲ្យ​មន្ទីរពេទ្យ​មានលទ្ធភាព​ក្នុងការបង្កើន​ប្រសិទ្ធភាព​រកករណី​របេងកាន់តែ​បានច្រើនថែម​ទៀត ស្របទៅតាម​ទឹសដៅរបស់​កម្មវិធីជាតិ​ក្នុងការចូលរួម​ចំណែកកាត់​បន្ថយអត្រា​ឈឺនិង​ស្លាប់ដោយសារ​ជំងឺរបេង​កាន់តែ​ថយចុះ»។ លោកប្រធាន​មន្ទីរសង្ឃឹម​ថាក្រោយពី​ទទួលបាន​ម៉ាស៊ីននេះ​ហើយការងារ​ស្រាវជ្រាវរក​ករណីរបេង​និងជំងឺ​របេងស៊ាំថ្នាំ​នៅខេត្តកាន់​តែមានភាព​ល្អប្រសើរ​ឡើង។

លោកវេជ្ជ​បណ្ឌិត ម៉ៅ តាន់អ៊ាង បានមាន​ប្រសាសន៍ថា​ម៉ាស៊ីនជីន​អិចស្ពើត ជាម៉ាស៊ីន​មានសមត្ថភាព​អាចស្រាវជ្រាវ​ករណីរបេង​ធម្មតានិង​របេងស៊ាំថ្នាំ​លឿនឆាប់​រហស័ ដោយវាអាច​ចាប់បាន​មេរោគល្អ​និងខ្លាំង​ជាងម៉ាស៊ីន​មីក្រូស្កុប​ទៅទៀត។ លោកបាន​លើកទៀតថា​ជាក់ស្តែងក្នុង​ចំណោមមនុស្ស​១០០នាក់ ​មីក្រូស្កុប​ចាប់បានតែ​៣០នាក់ទេ តែម៉ាស៊ីននេះ​អាចចាប់បាន​រហូតដល់​៦០នាក់។

លោកវេជ្ជបណ្ឌិត​បានបន្តថា​ម៉ាស៊ីននេះ​អាចរកឃើញ​ករណីរបេង​ធម្មតានិង​របេងស៊ាំថ្នាំ​តែក្នុងរយៈ​ពេលតែ៩០នាទី​ប៉ុណ្ណោះ​ដែលជាធម្មតា​ការធ្វើរោគ​វិច្ឆ័យរករបេង​ស៊ាំថ្នាំត្រូវ​ប្រើពេល​ប្រមាណពី​៣ទៅ៨​សប្តាហ៍។ ដូចនេះចាប់​ពីពេលនេះ​ទៅខេត្ត​កំពង់ស្ពឺ​មិនចាំបាច់​បញ្ជួនកំហាក​អ្នកជំងឺរបេង​ស៊ាំថ្នាំទៅ​ភ្នំពេញទៀតទេ​ ព្រោះមាន​ម៉ាស៊ីននេះ​ហើយ។ លោកបាន​បន្តទៀតថា​យើងបានដាក់​ម៉ាស៊ីននេះ​តាំងពីខែ​កម្ភៈឆ្នាំ​២០១២ នៅខេត្តបាត់​ដំបង ហើយរហូត​មកដល់ពេល​នេះយើងបាន​ដាក់ពង្រាយ​ម៉ាស៊ីននេះ​បានចំនួន​១៤​គ្រឿងហើយ នៅតាម​រាជធានីខេត្ត​ចំនួន១០ រួមទាំង​ខេត្តកំពង់ស្ពឺ​និងថ្ងៃទី២១​ដាក់១គ្រឿង​ទៀតនៅ​ខេត្តកំពត។ លោកវេជ្ជបណ្ឌិត​ ម៉ៅ តាន់អ៊ាង បានឲ្យដឹង​ថាតាមគំរោង​យើងនឹងដាក់​ម៉ាស៊ីននេះ​គ្របដណ្តប់​នៅតាមមន្ទីរ​ពេទ្យបង្អែក​នៅទូទាំង​ប្រទេសនៅ​ឆ្នាំ២០១៨​ខាងមុខ។

លោកបាន​បន្តថាការ​ដាក់ម៉ាស៊ីន​ជីនអិចស្ពើត​នៅតាម​មន្ទីរពេទ្យ​បង្អែកទូទាំង​ប្រទេស គឺដើម្បី​ស្រាវជ្រាវ​ករណីជំងឺ​របេងធម្មតា ជំងឺអេដស៍ និងជំងឺ​របេង​ស៊ាំថ្នាំ ពោលគឺ​ស្រាវជ្រាវ​លើប្រជាពលរដ្ឋ​ដែលមាន​ហានិភ័យ​ខ្ពស់ចំពោះ​ជំងឺរបេង ដូចជាអ្នក​ជាប់ពន្ធ​ធនាគារ អ្នកជំងឺ​ទឹកនោមផ្អែម​ជាដើម។ លើសពីនេះ​ទៅទៀត ម៉ាស៊ីននេះ​ត្រូវបានកម្មវិធី​ជាតិបាន​ប្រើប្រាស់​ស្រាវជ្រាវ​ករណីជំងឺ​របេងតាម​បែបសកម្ម​នៅតាម​សហគមន៍​មួយចំនួន​ផងដែរ។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បានមាន​ប្រសាសន៍ថា «កាលណា​យើងធ្វើរោគ​វិនិច្ឆ័យបាន​លឿនយើង​ក៏អាចជួយ​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​បានទាន់​ពេល​វេលាដែរ។ ដូចនេះបើ​ចង់ជួយ​អ្នកក្រ គឺត្រូវជួយ​អ្នកជំងឺរបេង​ឲ្យបានជា​សះស្បើយ​ដែលនេះ គឺជាចូលរួម​ចំណែកយ៉ាង​សំខាន់ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និងកាត់​បន្ថយអត្រា​ឈឺនិងស្លាប់​ដោយសារ​ជំងឺរបេង​នេះទៀតផង»។ គួរបញ្ជាក់ថា​កម្មវិធីជាតិ​បានដាក់ប្រើ​ប្រាស់ម៉ាស៊ីន​ជីនអិចស្ពើត​នេះតាម​ការ​ណែនាំ​របស់​អង្គការសុខភាព​ពិភពលោក ហើយម៉ាស៊ីន​នេះក្នុង១គ្រឿង​មានតំលៃ​ប្រមាណ​២ម៉ឺន​ដុល្លាអាមេរិក។ម៉ាស៊ីនដែល​កម្មវិធីជាតិ​ប្រើប្រាស់​បច្ចុប្បន្ននេះ គឺជាការ​ជួយឧបត្ថម្ភ​ពីអង្គការ UNITAID តាមរយៈ​អង្គការ​សុខភាព​ពិភពលោក TB REACH, MSF, TB CARE, USAID និងCHC។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative