អង្គការ​ILO កោត​សរសើរ​និង​គាំទ្រ​ដល់​ការ​តំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​នៅ​កម្ពុជា

អគ្គនាយករង​ទទួលបន្ទុក​ផ្នែកគោល​នយោបាយ​របស់អង្គការ​អន្តរជាតិ​ខាងការងារ (ILO) បានសំដែង​នូវការកោត​សរសើរ និងអបអរ​សាទរ និងគាំទ្រ​ដល់ដំណោះ​ស្រាយរបស់​រាជរដ្ឋាភិបាល​កម្ពុជាក្នុង​ការផ្តល់ប្រាក់​ឈ្នួលអប្ប​បរមាដល់​កម្មករផ្នែក​វាយនភ័ណ្ឌ​កាត់ដេរសំលើក​បំពាក់ និងផលិត​ស្បែក​ជើង​សំរាប់ឆ្នាំ​២០១៥​ខាងមុខ។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

លោកស្រី សាន់ត្រា ប៉ូឡាស្គី (Sandra Polaski) បានលើកឡើងបែបនេះ​នៅក្នុងជំនួប​ពិភាក្សា ការងារ​ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាលពីព្រឹក​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤​នៅទីស្តី​ការក្រសួង។

ថ្លែងប្រាប់​​អ្នកយក​ពត៌មាន​បន្ទាប់ពីកិច្ច​ជំនួបនោះ​ជាមួយលោកស្រី សាន់ត្រា ប៉ូឡាស្គី លោក រដ្ឋមន្ត្រី​បានស្វាគម​លោកស្រី​ដែលបានគាំទ្រ​យើងក្នុងការ​កិច្ចសហប្រតិបត្តិ​ការជាមួយ​កម្ពុជា​កន្លងមក។ លោករដ្ឋមន្ត្រី​បានស្នើសុំ​ឲ្យអង្គការ​អាយឡូជួយ​បន្តកិច្ចសហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្តទៀត ពិសេស​គំរោង​នានា​ដែល​នៅសេសសល់​ដោយស្នើឲ្យ​អាយឡូ​ជួយគាំទ្រ​រហូត​ដល់​ចប់ ពិសេសពេល​ដែលកម្ពុជា​ធ្វើសមាហរណកម្ម​អាស៊ាននា​ពេលខាង​មុខ។ ក្រៅពីនេះ លោករដ្ឋមន្ត្រី​ក៏បានស្នើ​ឲ្យលោក​ស្រីអគ្គនាយក​រងអង្គការ​អាយឡូ ជួយដល់​បញ្ហា​ពលករ​ទេសន្ត​ប្រវេសន៍​ដែលកំពុង​ធ្វើការនៅ​ប្រទេសថៃ និង​ប្រទេស​មួយ​​ចំនួនទៀត។

ជាការឆ្លើយតប​លោកស្រី សាន់ត្រា ប៉ូឡាស្គី បានមាន​ប្រសាសន៍ថា​អង្គការអាយឡូ​សូមកោតសរ សើរពីការ​រីកចំរើន​របស់កម្ពុជា ហើយកិច្ច​សហការ​រវាងអង្គការ​អាយឡូនិង​កម្ពុជា​ឃើញថា​មានភាព​វិជ្ជមានយ៉ាង​ខ្លាំ្ងង ពោលគឺអាច​ចាត់ទុកថា​កម្ពុជានិង​អង្គការអាយឡូ​ជាដៃគូ​ដ៏ល្អ។ លោកស្រី​បានលើក​ទឹកចិត្ត​និងសូម​កោតសរសើរ​ដល់ព្រះរាជា​ណាចក្រកម្ពុជា ក្នុងការជ្រើស​រើសផ្លូវ​អភិវឌ្ឍមួយ​ដោយឈរលើ​គោលការណ៍​គោរពលក្ខខណ្ឌ​ការងារ​និងកិច្ច​គាំពារ សង្គមនា​ពេលកន្លងមក​ហើយក៏បាន​អបអរសាទរ​ដែលកម្ពុជា​បានរកឃើញ​នូវយន្តការ​ជាអចិន្ត្រៃយ៍​មួយដែលមាន​លក្ខណៈទូលំ​ទូលាយ​និងស្របតាម​ស្តង់ដារអន្តរជាតិ​ក្នុងការកំណត់​ប្រាក់ឈ្នួល​អប្បបរមា។ លោកស្រី​ទទួល​ស្គាល់ថា កំណើនប្រាក់​ឈ្នួលអប្បបរមា​សម្រាប់កម្មករ​និយោជិត ផ្នែកវាយ​នភណ្ឌ កាត់ដេរ​និងផលិត​ស្បែកជើង​ឆ្នាំ២០១៥នេះ​ គឺស្ថិតនៅ​លើបន្ទាត់​ភាពក្រីក្រ​ដូចដែលលោក​ស្រីចង់ឃើញ​និងចង់បាន​នាពេលកន្លង​ផងដែរ។ លោកស្រី​សាន់ត្រា ប៉ូឡាស្គី បានបញ្ជាក់ថា «អាយឡូ​សូមអបអរសាទរ​និងកោតសរសើរ​ដល់កម្ពុជា​ដែលបានរៀប​ចំនូវក្របខណ្ឌ​យន្តការ​និងនីតិវិធី​នៃការសិក្សា​មួយប្រកប​ដោយភាព​បច្ចេកទេស ហើយមាន​លក្ខណៈ​សេដ្ឋកិច្ច»។ លោកស្រី​បានបន្តថា «យន្តការនេះ​គឺជាគំរូដ៏ល្អ​មួយសំរាប់​កម្ពុជាខ្លួនឯង​ផងនិងសំរាប់​បណ្តាប្រទេស​ដ៏ទៃទៀត​ផងដែរ»។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ គណៈកម្មការ​ប្រឹក្សាការងារ​ដែលជាក្រុម​ការងារត្រីភាគី​បានសំរេច​ផ្តល់ប្រាក់​ឈ្នួលអប្បបរមា​ដល់កម្មករ​ផ្នែកវាយនភ័ណ្ឌ​កាត់ដេរ​សំលៀក​បំពាក់​និងផលិត​ស្បែកជើង​សំរាប់ឆ្នាំ​២០១៥ខាងមុខ​ចំនួន១២៨​ដុល្លា​អាមេរិក។ ចំនួនទឹក​ប្រាក់នេះ បើបូកជាមួយ​ប្រាក់អត្ថ​ប្រយោជន៍​ផ្សេងៗទៀត​នោះ បានធ្វើឲ្យ​ប្រាក់ប្រចាំខែ​របស់កម្មករ​អាចដល់ទៅ​១៤៧ឬ​ដល់១៥៦​ដុល្លាក្នុង​១ខែ។

លោកស្រីក៏​បានលើក​ទឹកចិត្តឱ្យ​កម្ពុជាបន្ត​អនុវត្តលើ​ជំហ៊ានដែល​បានជ្រើសរើស​នេះ ហើយអង្គការ ILO នឹងពិនិត្យ​ថាអាចជួយ​អ្វីខ្លះដល់​កម្ពុជាដើម្បី​ធានាបាន​នូវការអភិវឌ្ឍ​ប្រកបនិរន្តរភាព។ ពាក់ព័ន្ធនឹង​កិច្ចសហការ​ជាមួយកម្ពុជា​នោះលោកស្រី​សន្យាថានឹង​បន្តកិច្ច​សហប្រតិបត្តិ​ការជាមួយ​កម្ពុជា ពិសេសជួយ​កម្ពុជាក្នុង​ពេលដែល​កម្ពុជាធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ានឆ្នាំ​២០១៥​ខាងមុខនេះ។ចំពោះពលករ​ទេសន្ត​ប្រវេស្តនេះ អង្គការអាយឡូ​បានសន្យាថា​នឹងជួយបង្កើត​ជាក្របខណ្ឌ​គោលនយោបាយ​ក៏ដូចជា​លិខិតបទដ្ឋាន​គតិយុត្ត​នានាដើម្បី​សំរបសំរួល​កំរិតតំបន់​ក្នុងការដោះ​ស្រាយ​បញ្ហានេះ។ ក្នុងដំណើរ​ទស្សនកិច្ចនេះ លោកស្រីនឹង​ចូលរួមក្នុង​សិក្ខាសាលមួយ​ស្តីពីសមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ក្នុងឆ្នាំ២០១៥​កាលានុវត្តភាព​និងបញ្ហា​ប្រឈមដែល​ត្រូវដោះស្រាយ។

គួរបញ្ជាក់ថា​ប្រទេសកម្ពុជា​បានធ្វើសហ​ប្រតិបត្តិការ​យ៉ាងល្អជាមួយ​អង្គការអាយឡូ​ក្នុងការអនុវត្ត​កម្មវិធីការងារ​សមរម្យ​នៅក្នុង៣ដំនាក់​កាលគឺទី១ ពីឆ្នាំ២០០៦ ២០០៧ ទី២ ២០០៨ ២០១០ និងទី៣ ឆ្នាំ២០១១​ដល់ឆ្នាំ​២០១៥។ សំរាប់កម្ម​អនុវត្តការងារ​សមរម្យ​២០១១ ២០១៥ បានកំណត់​ការងារអាទិភាព ចំនួន៣​រួមមាន ទី១.​លើកកំពស់​ទំនាក់ទំនង​វិជ្ជាជីវៈ ទី២.លើក​កំពស់បរិយាកាស​ដែលអំណោយ​ផលដល់​កំណើនការងារ​ដោយផ្តោត ពិសេសលើ​យុវជន និងទី៣. លើកកំពស់​និងពង្រីក​កិច្ចគាំពារ​សង្គម៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative