គន្លឹះ​ចំនួន​៨ចំណុច​ដើម្បី​បន្ត​ធ្វើ​កំណែ​ទំរង់​ក្នុង​វិស័យ​អប់រំ

ឆ្លើយតបទៅ​នឹងភាព​រីកចំរើន​នូវហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុងវិស័យអប់រំ​រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់​វិធានការជា​គន្លឹះចំនួន​៨ចំណុច​បន្ថែម​ទៀត ដើម្បីបន្ត​ការអនុវត្ត​កំណែទម្រង់​ក្នុងវិស័យ​អប់រំ យុវជន និងកីឡា​ឱ្យកាន់តែ​ប្រសើរឡើង។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា

ការលើក​ឡើងរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា​បានធ្វើឡើងក្នុងពិធី​​សម្ពោធ​វិទ្យាល័យ​ព្រះនរោត្តម​សីហមុនី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤​ក្រោមព្រះរាជា​ធិបតីភាពរបស់​ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា ជាទីសក្ការៈ​ដ៏ខ្ពង់ខ្ពស់។

វិទ្យាល័យ​ព្រះនរោត្តម សីហមុនី ទទួលបាន​ព្រះរាជអំណោយ​ជាអគារសិក្សា​សរុបចំនួន​០៦អគារ ក្នុងនោះប្រើ​សម្រាប់ថ្នាក់​បឋមសិក្សា​ចំនួន០៣​អគារ ស្មើ១២​បន្ទប់ និងសម្រាប់​វិទ្យាល័យ​ចំនួន០៣​អគារ ស្មើ ១៤បន្ទប់ រួមមាន​បន្ទប់​ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់​បណ្ណាល័យ និងបន្ទប់​ទីចាត់ការ ព្រមទាំង​មានបង្គន់​អនាម័យ​ចំនួន០៣ ត្រូវជា​១២បន្ទប់។

លោករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ថាព្រះរាជ​កាយវិការ​ដ៏សប្បុរស​ថ្លៃថ្លារបស់ ព្រះករុណា​ព្រះមហាក្សត្រ ចំពោះ វិស័យអប់រំ ពិតជាបាន​រួមចំណែក​ដល់ការ​អនុវត្ត​គោលនយោបាយ​ដែលបាន កំណត់ក្នុង​ផែនការយុទ្ធសាស្ត្រ​វិស័យអប់រំ​ឆ្នាំ២០១៤​-២០១៨ និងយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៣ របស់​រាជរដ្ឋាភិបាល​កម្ពុជាដែល​មាន សម្ដេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៥ នៃរដ្ឋសភា​របស់យើង។

ចំពោះវិធាន​ការចំនួន​៨ចំណុចរបស់លោករដ្ឋមន្ត្រី​ក្នុងការពង្រឹង​វិស័យអប់រំ​នោះ រួមមាន

១. ការបង្កើន​គុណភាព​និងប្រសិទ្ធភាព​នៃសេវាអប់រំ

២.ការ​ពង្រឹង​ការ​គ្រប់គ្រង​បុគ្គលិក

៣.ការពង្រឹង​ការប្រឡង​គ្រប់ប្រភេទ

៤.ការកែ​ទម្រង់​​ឧត្ដមសិក្សា

៥. ការអភិវឌ្ឍ​សម្រាប់​យុវជន នូវជំនាញ​បច្ចេកទេស និង​ជំនាញទន់

៦.ការអនុវត្ត​ស៊ីជម្រៅ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ

៧. ការកែទម្រង់​ការងារអប់រំ​កាយនិងកីឡា

និងទី៨. ការបង្កើត​ធនាគារ​ខួរក្បាល​វិស័យអប់រំ។

តាមតួលេខ​​ស្ថិតិអប់រំ​ឆ្នាំសិក្សា​កន្លងមក​បានបង្ហាញថា សាលារៀន​មត្តេយ្យសិក្សា​មាន ៣,១៨៤ សាលាបឋម​-សិក្សា​មាន ៦,៩៩៣ អនុវិទ្យាល័យ​មាន ១,២៤៤ និងវិទ្យាល័យ​មាន ៤៤។ កុមារ​មត្តេយ្យមាន ១៥៧,២៨៨​នាក់ ក្នុងនោះ កុមារី ៧៥,៦៩៧​នាក់ ។ សិស្សបឋម​សិក្សា ២,០៧៣,៨១១​នាក់ ក្នុងនោះ​ស្រី ៩៩៤,៩៨៩​នាក់ ។ សិស្សមធ្យម​សិក្សា​បឋមភូមិ ៥៣៨,៦២៦​នាក់ ក្នុងនោះ​ស្រី ២៦៧,៧៧៣​នាក់ និង​សិស្ស​មធ្យម​សិក្សា​ទុតិយភូមិ សរុប ២៦៦,២៩៣​នាក់ ក្នុងនោះស្រី ១២៧,០៣៧​នាក់ ។ គ្រូបង្រៀន​សរុប​មាន ៨៨,៨១៨​នាក់ ក្នុងនោះ​ស្រី ៤២,១៥៣​នាក់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative