រដ្ឋមន្រ្តី​​សុខាភិបាល​​ចុះសួរ​សុខ​ទុក្ខ​អ្នក​​ជំងឺ និង​​គ្រូពេទ្យ​​នៅ​មន្ទីរពេទ្យ​​កុមារ​​ជាតិ

រដ្ឋមន្រ្តី​សុខាភិបាល​ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង នៅព្រឹក​ថ្ងៃទី១៩ វិច្ឆិកា កន្លងមក​​នេះបាន​ចុះសួរសុខ​ទុក្ខអ្នកជំងឺ គ្រូពេទ្យ និងពិនិត្យ​សេវាដែល​មន្ទីរពេទ្យ​កុមារជាតិ​បានផ្តល់​ជូនអ្នកជំងឺ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​សុខាភិបាល

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​សុខាភិបាល

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារជាតិ​បានមាន​ប្រសាសន៍ថា មន្ទីរពេទ្យ​កុមារជាតិ​មានគ្រែ​សរុបចំនួន​១៥០ និងមាន​អត្រា​ប្រើប្រាស់​គ្រែជាង​៩០ភាគរយ និងមាន​អ្នកមក​ពិនិត្យជំងឺ​ក្រៅមាន​១០០០០​នាក់ និង​សម្រាក​ព្យាបាលជាង​៩០០នាក់​ក្នុងមួយខែ។ លោកបន្តថា ឆ្នាំនេះ​មានកុមារ​កើតជំងឺ​គ្រុនឈាម​ថយចុះច្រើន គឺមាន​ជាង៣០០​ករណីប៉ុណ្ណោះ គិតពីដើម​ឆ្នាំរហូតមក​ដល់ពេលនេះ និងអាច​កើនត្រឹម​៤០០នាក់​នៅដំណាច់​ឆ្នាំនេះ ខណៈឆ្នាំមុន​មានកុមារ​កើតជំងឺ​គ្រុនឈាម ចូលសម្រាក​ក្នុងមន្ទីរពេទ្យ​នេះជាង​១៦០០ករណី។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានមាន​ប្រសាសន៍​ឲ្យដឹង បន្ទាប់ពី​ពិនិត្យលើ​សេវាផ្តល់​ជូនអ្នកជំងឺ និងចុះសួរ​សុខទុក្ខ​អ្នកជំងឺថា ការដែល​លោកចុះ​មកមន្ទីរពេទ្យ​កុមារជាតិ​នាពេលនេះ​មានគោល​បំណងមួយ​ចំនួន ដូចជា ទី១ ដើម្បីពិនិត្យ​មើលពីសេវា​របស់មន្ទីរពេទ្យ ដែលបាន​ផ្តល់ជូន​អ្នកជំងឺ ទី២ ពិនិត្យ​ពីគុណភាព​លើការគ្រប់គ្រង​អ្នកជំងឺ​របស់យើង និងផ្តល់​ការណែនាំ​ដល់គ្រូពេទ្យ​របស់យើង ព្រោះអ្វី​ដែលសំខាន់ គឺការលើក​កំពស់​គុណភាព​សេវា​សុខាភិបាល ដើម្បីធ្វើឲ្យ​ប្រជាពលរដ្ឋ​កាន់តែមាន​ជំនឿទុកចិត្ត​លើមន្ទីរពេទ្យ​សាធារណៈ។
លោកបន្តថា “គោលដៅ​របស់ក្រសួង គឺពង្រឹង​គុណភាព​សេវារបស់​យើង ដើម្បីឲ្យ​ប្រជាជនមាន​ជំនឿទុកចិត្ត​មករកសេវា​របស់យើង និងបាន​សេចក្តីថា​សេវារបស់​យើងកាន់តែ​ត្រូវបាន​លើកកំពស់ និងត្រូវធ្វើ​យ៉ាងណាឲ្យ​ប្រជាជនមាន​ជំនឿទុក​ចិត្តបន្ថែម​ទៀត”។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្តថា យើងសម្តែង​ការកោត​សរសើរ​គ្រូពេទ្យ​របស់យើង ដែលបាន​ខិតខំប្រឹង​ប្រែងធ្វើ​ការងារ និងត្រូវខិតខំ​សិក្សាបន្ត​ទៀតយក​ចិត្តទុកដាក់​បន្ថែមទៀត ត្រូវយល់ដឹង​ពីសុខទុក្ខ​របស់ប្រជាពលរដ្ឋ​យើង ហើយពេលណា​យើងជួយគាត់​បានកាន់​តែច្រើន បានសេចក្តី​ថាប្រសិទ្ឋិ​ភាព​នៃការងារ​របស់យើង​កាន់តែខ្ពស់ ធ្វើឲ្យជំនឿ​ទុកចិត្តរបស់​ប្រជាពលរដ្ឋ​មកលើរាជ​រដ្ឋាភិបាល​កាន់តែខ្ពស់ ប្រជាពលរដ្ឋ​កាន់តែស្រលាញ់​ពេទ្យយើង ធ្វើឲ្យ​សហគមន៍របស់​យើងស្រលាញ់គ្នា រាប់រកគ្នា ជួយគ្នា​ទៅវិញទៅមក ក៏ដូចជា​ប្រទេសយើង​ទាំងមូល៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative