ផែនការ​ជាតិ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាស​ធាតុ កំពុង​ពិភាក្សា​គ្នា

វេទិកានៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (NGOF) សហការ​ជាមួយ អង្គការ Chetthor, PDAO,German Watch, DCA/CA និង Southern Voice កាលពី​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ បានរៀបចំ​នូវសិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់តំបន់​រយៈពេលមួយ​ថ្ងៃស្តីអំពី “គំនិតផ្តួចផ្តើម​របស់​ស្ថាប័ន​​ពាក់ព័ន្ធលើ ដំណើរការ នៃការរៀបចំ​ផែនការជាតិ​បន្ស៊ាំទៅនឹង ការប្រែប្រួល​អាកាសធាតុ” ដែលបាន​​ប្រព្រឹត្ត​ធ្វើ​ឡើងនៅ សាខាកាកបាទ​ក្រហមកម្ពុជា ប្រចាំ​ខេត្តព្រៃវៃង។

Climate change seminar 17 nov 2014

រូបភាព Internet

សិក្ខា​សាលានេះ ធ្វើឡើង​ក្នុងគោល​បំណងលើក​កំពស់ការ​យល់ដឹងជា​សាធារណៈលើ​គោលគំនិត​នៃការប្រែប្រួល​អាកាសធាតុ និងវិធានការ​បន្ស៊ាំ និងពង្រឹង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិដែលទាក់ទង​ទៅនឹងការ​បន្ស៊ាំ។ ស្វែងយល់​បន្ថែមពី​កង្វល់របស់​សហគមន៍ និង​កសិករ​ដែលរង​ផលប៉ះពាល់ អាជ្ញាធរ​មូលដ្ឋាន សង្គមស៊ីវិល និង អាជ្ងាធរដែនដី​ថ្នាក់ក្រោមជាតិ​លើផលប៉ះពាល់​ដោយការ​ប្រែប្រួល​អាកាសធាតុ​និងពិគ្រោះ​យោបល់​ជាមួយពហុ​ភ្នាក់ងារពាក់ព័ន្ធ​នានាលើការ​ផ្ដួចផ្ដើម​គំនិត និង​ទស្សនៈវិស័យ​របស់ពួកគេ​សម្រាប់ផែនការ​បន្ស៊ាំថ្នាក់​ជាតិក្នុង​ប្រទេសកម្ពុជា។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ​នៃវេទិកាមិន​មែនរដ្ឋាភិបាល​ស្តីពីកម្ពុជា បានមាន​ប្រសាសន៍ថា “នៅក្នុងផែនទី​នាំផ្លូវជា​សាកល ក៏ដូចជា​នៅកម្ពុជា ដើម្បីអភិវឌ្ឍន៌​ផែនការជាតិ​បន្ស៊ាំទៅនឹង​ការប្រែប្រួល​អាកាសធាតុ យើងត្រូវពឹង​ផ្អែកលើ​ឯកសារ​សំខាន់ៗមួយ​ចំនួន ដូចជាផែនការ អភិវឌ្ឍន៍​យុទ្ធសាស្រ្ត​ជាតិ២០១៤​-២០១៨ ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍បៃតង ផែនការ​យុទ្ធសាស្រ្ត​ឆ្លើយតប​នឹងការប្រែប្រួល​អាកាសធាតុ​កម្ពុជា២០១៤​-២០២៣ ផែនការ​យុទ្ធសាស្រ្ត​សកម្មភាពប្រែប្រួល​អាកាសធាតុ​តាមវិស័យ កម្មវិធី​គាំទ្រការ​បន្សាំនឹង​ការប្រែប្រួល​អាកាសធាតុ និងកម្មវិធី​ការប៉ាន់ប្រមាណ​ផលប៉ះពាល់​នៃការប្រែប្រួល​អាកាសធាតុ​ជាដើម។”

លោកបាន​បន្តថា “ផ្អែកលើ​ឯកសារ​គោលទាំងនេះ និងការ​ពិគ្រោះយោបល់​ជាមួយភាគី​ពា​ក់ព័ន្ធនៅថ្ងែនេះ យើង​សង្ឃឹមថា ជាចំនុច​ចាប់ផ្តើមល្អ​ក្នុងការ​ជជែក​ពិភាក្សា​ថាតើ ផែនការជាតិ​បន្ស៊ាំទៅនឹង​ការប្រែប្រួល​អាកាសធាតុ NAP គួរមានរូបរាង​យ៉ាងដូចម្តេច​ក្នុងការឆ្លើយ​តបទៅនឹង​បញ្ហាការ​ប្រែប្រួល អាកាសធាតុ​ដែលកំពុង​កើតមានឡើង​យ៉ាងក្តៅគគុក​នៅកម្ពុជា នឹងបានចេញ​នូវលទ្ធផល​ជាផ្លែផ្កា។”

ចាប់តាំងពី​ឆ្នាំ ២០១៣ មក UNDP, UNEP និង GIZ ដែលគាំទ្រ​ដោយក្រសួង​បរិស្ថាន​ប្រទេសកម្ពុជា ដើម្បីកំណត់​ធាតុចូល​សម្រាប់រដ្ឋាភិបាល​ក្នុងការ​បង្កើត​ដំណើរការ​ផែនការជាតិ​បន្ស៊ាំទៅ​នឹង ការប្រែប្រួល​អាកាសធាតុ ក្នុងប្រទេស​កម្ពុជា (NAP)។ គោលបំណង​សំខាន់នៃ​ដំណើរការផែន​ការជាតិបន្ស៊ាំ​ទៅនឹងការ​ប្រែប្រួល​អាកាសធាតុ ក្នុងប្រទេស​កម្ពុជាតាម​ការស្នើសុំ​របស់ ក្របខ័ណ្ឌ​អង្គការសហ​ប្រជាជាតិ ស្តីពីការប្រែ​ប្រួលអាកាសធាតុ (UNFCCC) និង​គោល​ការណ៍ណែនាំ​បច្ចេកទេស​សំខាន់ៗដ៏ទៃ​ទៀត គឺដើម្បី ៖បង្កើត​វិធីសាស្រ្ដ​រយៈពេលវែង និងមធ្យម​ដើម្បីកាត់​បន្ថយភាព​ងាយរងគ្រោះ​ទៅនឹងផល​ប៉ះពាល់ដោយ​ការប្រែប្រួល​អាកាសធាតុ។ សម្របសម្រួល​ដល់ការបញ្ចូល​ការបន្ស៊ាំ​ទៅនឹងការ​ប្រែប្រួល​អាកាសធាតុ (CCA) ក្នុងលក្ខណៈ​ជាប់ទាក់ទង​គ្នាទៅក្នុង​គោលនយោបាយ កម្មវិធី និង​សកម្មភាពថ្មី និង​សកម្មភាពមាន​ស្រាប់នានា​ដែលពាក់ព័ន្ធ​ទាំងអស់។

ក្របខ័ណ្ឌ​នៃផែនការជាតិ​បន្ស៊ាំទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជាមាន​មួយចំនួនរួច​ទៅហើយដែល​អាចពង្រឹង និងអភិវឌ្ឍ​បន្ថែមដើម្បី​សម្រេចបាន​នូវគោលបំណង​ទាំងពីរ​ខាងលើនេះ។ ការងារ​ទាំងនេះក៏រួម​បញ្ចូលទាំង​ផែនការយុទ្ធ​សាស្រ្ដលើការ​ប្រែប្រួល​អាកាសធាតុ​នៅកម្ពុជា (CCCSP) ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ការប្រែប្រួល​អាកាសធាតុ និង​គំនិតផ្ដួចផ្ដើម​ស្ដីពីការ​បញ្ជា្របការ​យល់ដឹងពី​អាកាសធាតុ​ជា​ច្រើននៅថ្នាក់​ក្រោមជាតិ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative