កម្ពុជា​រៀបចំ​ពិធីបុណ្​យ​អង្ករលើក​ទី២ ដើម្បី​លើក​ស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

សហពន្ធ័​ស្រូវអង្ករ​កម្ពុជា និង​សហពន្ធ័​ទេសចរណ៍​កម្ពុជា កាលពីព្រឹក​ថ្ងៃទី១៨ វិច្ឆិកា ២០១៤ បានរៀបចំ​ពិធីបុណ្យ​អង្ករ នៅសណ្ឋាគារ​ស៊ូហ្វីតែល ភ្នំពេញ ភូគីត្រា រាជធានី​ភ្នំពេញ​ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម ជាពិសេស​វិស័យស្រូវ​អង្ករនៅ​កម្ពុជាកាន់​តែប្រសើរ​ឡើង។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

ពិធីនេះ​បានប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព លោកថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ និង​លោក សុខ ពុទ្ធិវុធ ប្រធាន​សហពន្ធ័ស្រូវ​អង្ករកម្ពុជា តំណាង​ក្រុមហ៊ុន​នានាពាក់ព័ន្ធ​ការនាំចេញ​អង្ករ និងនិស្សិត​ជាច្រើនទៀត។ នេះជាលើក​ទី២ហើយ ដែលមាន​ការរៀបចំ​ពិធីបុណ្យ​អង្ករនេះ​ដែលលើក​ទី១ បានធ្វើ​ឡើងនៅ ខេត្ត​សៀមរាប ។ នៅក្នុងពិធី​នោះក៏មាន​ការរៀបចំ​សំដែងជាច្រើន ដូចជាការ​បោកស្រូវ ការស្ទួង​ស្រូវ ការកិនស្រូវ​ដោយដៃ​និងមានការ​រៀបចំជា​ស្តង់ធ្វើ​បង្អែម អន្សមដែល​ធ្វើពីកសិករ​សំរាប់​ភ្ញៀវភ្លក់​ផងដែរ។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

លោក សុខ ពុទ្ធិវុធ ប្រធាន​សហពន្ធ័ស្រូវ​អង្ករកម្ពុជា បានមាន​ប្រសាសន៍ថា ពិធីបុណ្យ​អង្ករកម្ពុជា លើក​ទីពីរនេះ ត្រូវបានរៀប​ចំឡើង​ដើម្បីជាការ​លើក​បង្ហាញ​ពី​គុណភាព​ដ៏វិសេស​វិសាលនៃ​អង្កររបស់​យើង ហើយពិធី​នេះគឺជាការ​ខិតខំរួម​គ្នាមួយ ដើម្បីបង្ហាញ​ពីសកម្មភាព​របស់យើង​នៅក្នុងការ​លើកស្ទួយ​អង្ករកម្ពុជា នៅក្នុងស្រុក និងនៅ​លើឆាក​អន្តរជាតិ។ លោកបន្តថា ក្នុងមួយ​ឆ្នាំៗ មានភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើនមក​ទស្សនា នៅតំបន់​ទេសចរណ៍​នានាក្នុង​ប្រទេសយើង ហើយនៅពេល​ភ្ញៀវទេសចរ​ទាំងនោះមក ពួកគេនឹង​ទទួលរស់​ជាតិ បាយដ៏ឆ្ងាញ់ របស់យើង បន្ទាប់មក​ពួកគេនឹង​ផ្សព្វផ្សាយ ទៅដល់​ប្រជាជន​របស់គេ​បន្តទៀតពី រស់ជាតិ​អង្កររបស់​យើង ។

លោកបាន​បន្ថែមថា« នេះការផ្សព្វ​ផ្សាយមួយ​តាមរយៈ​ភ្ញៀវទេសចរ ដែលទស្សនា​តំបន់ទេសចរណ៍​របស់យើង ដូចនេះ​កម្ពុជាយើង ត្រូវតែបន្ត​ខិតខំផលិត​អង្ករដែល​មានរស់ជាតិ​ឆ្ងាញ់ៗ​ដើម្បីប្រកួត ក្នុងឆាក​អន្តរជាតិ »។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

លោកថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ បានមាន​ប្រសាសន៍ឲ្យ​ដឹងដែរថា បន្ទាប់ពីបាន​រៀបចំធ្វើ​ឡើងលើកដំបូង​នៅខេត្ត​សៀមរាប ប្រកប​ដោយ​ជោគជ័យ​កាលពីឆ្នាំ​មុន យើងបាន​រៀបចំនូវ ព្រឹត្តិការណ៍​នៅឆ្នាំនេះទៀត ដើម្បីបង្ហាញ​វឌ្ឍនៈភាពនៃ​ការរីកចម្រើន​វិស័យកសិកម្ម​កម្ពុជា ជាពិសេស​អំពី​ជោគជ័យ​ ជារួមរបស់​ផលិតកម្ម​ស្រូវ អង្ករកម្ពុជា និងបន្ត​ជម្រុញផ្សព្វ​ផ្សាយសក្តានុពល​កសិ-ទេសចរណ៍​ជូនភ្ញៀវ​ទេសជាតិ និងអន្តរជាតិ​បានស្វែងយល់​អោយកាន់តែ​ច្បាស់ថែម​ទៀត ស្របពេល​ដែល អង្ករផ្កាម្លិះ កម្ពុជាបាន​ឈ្នះពានរង្វាន់​និងចាត់ថ្នាក់​ជាអង្ករលេខ១​ល្អជាងគេ​លើពិភពលោក ចំនួនពីរឆ្នាំ​ជាប់គ្នា គឺ ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៣។

លោករដ្ឋមន្ត្រី​បានបន្តថា​កម្ពុជា បាននាំចេញ​អង្ករប្រមាណ​ជាង ៣៧ម៉ឺនតោន​ទៅកាន់ប្រទេស​ជាង៥០ លើ​ពិភពលោក នៅឆ្នាំ​២០១៣ ហើយក្នុង​រយៈ​ពេល​​១០​ខែដំបូង​នៃឆ្នាំ ២០១៤នេះ កម្ពុជាបាន​នាំចេញ​អង្ករចេញ​ប្រមាណ ៣០៤.៧៨៨​តោន ។ ក្នុងនោះ រាជរដ្ឋាភិបាល​កម្ពុជាមាន​គោលដៅជំរុញ​ការនាំចេញ អង្ករអោយ​បានចំនួន​១លានតោន​ក្នុងឆ្នាំ ២០១៥​ខាងមុខ​នេះដែរ ។

លោក​បន្ថែមថា តាមរយៈ​ពិធីបុណ្យ​អង្ករលើក​ទីពីរនេះ លោកសង្ឃឹម​យ៉ាងមុត​មាំថា គឺពិតជា​នឹងរួមចំណែក​ដល់ការ​បង្កើននិង​លើកកម្ពស់​គុណភាព អង្ករកម្ពុជា ការផ្សព្វផ្សាយ​កិត្តិនាមដ៏​ល្បីល្បាញ ជូនដល់​ភ្ញៀវជាតិ និង​អន្តរជាតិ អំពី​អង្ករកម្ពុជា ដែលឈ្នះ​ពាន់រង្វាន់​ពិភពលោក ជាអង្ករល្អ​ជាងគេ ហើយ​សង្ឃឹម​ថាឆ្នាំ ២០១៤នេះ អង្ករ​កម្ពុជា នឹងរក្សា​បាននូវដំណែង​ចំណាត់ថ្នាក់​លេខ១បន្ត​ទៀតនាឱកាស​សន្និសីទ​អង្ករពិភពលោក​ដែលនឹង​ប្រារព្ធធ្វើ​ឡើងនៅ​ទី​ក្រុងភ្នំពេញ ចាប់ពីថ្ងៃ​ទី១៩ ដល់២០ វិច្ឆិកា​២០១៤នេះ ដែលនឹង​មានអ្នកចូល​រួមពាក់ពន្ធ័​នឹងវិស័យ​ស្រូវអង្ករ ជាង ៦០០នាក់ មកពី ៣៧ ប្រទេស ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative