មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧​បំពាក់​ម៉ាស៊ីន​ស៊ីធី​ស្កេន​ម៉ូដែល​ចុងក្រោយ​តំលៃ​ជាង​១លាន​ដុល្លារ

មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ឋបុប្ឆា) ខេត្តសៀមរាប ទើបបានបំពាក់ម៉ាស៊ីន​ (City Scan) ​ម៉ូដែល​ចុងក្រោយ ដែលមាន​​តំលៃ១,៣​លាន​ដុល្លារ​​អាមេរិក​សម្រាប់​ថតឆ្លុះ និង​ផ្តល់ភាព​ងាយស្រួល​ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ។

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

រូបភាព គេហទំព័រ សុខភាព​កម្ពុជា

លោក​​សាស្រ្តាចារ្យ បេអាត រីចនើ (Beat Richner) ស្ថាបនិក​និង​ជាប្រធាន​មូលនិធិ​គន្ឋបុប្ឆា​បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាព​​​កម្ពុជា​ដឹងកាលពី​ចុងសប្តាហ៍​កន្លងមកថា ​ដោយសារ​មាន​បំណង​សម្រួលដល់​ដំណើរការថត ឆ្លុះក្នុងខ្លួន​អ្នកជំងឺ​ឲ្យមើល​ឃើញច្បាស់​ ​និង​​ងាយ​ស្រួល​​​​ធ្វើ​​​រោគ​​​វិនិច្ឆ័យ​និង​ព្យាបា​ឲ្យ​មានប្រសិទ្ឋិភាព​ខ្ពស់​លោក​បាន​​សម្រេច​ចិត្ត​ទិញ​ម៉ាស៊ីន​ City Scan​ម៉ាក​ Philip​តំលៃ​១,៣​លានដុល្លារ​ និង​ជាផលិតផល​នៅ​ប្រទេសហូទ្បង់​ យកមក​ប្រើប្រាស់​និង​ដាក់ឲ្យដំណើរ​ការក្នុង​មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧។

លោកបន្តថា​ “​វាជា​ម៉ាស៊ីនទំនើប ​និងជា​ម៉ូដែល​ចុងក្រោយ​បំផុតនៅលើ​ពិភពលោក ​ដែល​អាច​ថត​មើល​ឃើញច្បាស់គ្រប់​សរីពាង្គកាយ​អ្នកជំងឺ​ ​និង​អាចកាត់​បន្ថយភាព​ស្មុគ្រស្មាញនានា​ ក្នុងការធ្វើ​រោគវិនិច្ឆ័យ​របស់គ្រូពេទ្យ​”។​លោកបន្តថា​“ម៉ាស៊ីននេះ​ជួយគ្រូពេទ្យ​បានច្រើនណាស់​ ក្នុងការធ្វើ​រោគ​​វិនិច្ឆ័យ​​មុន​ឈាន​​ដល់​​ការព្យាបាល​អ្នកជំងឺ​ឲ្យកាន់តែមាន​គុណភាព ​និង​ប្រសិទ្ឋិភាពខ្ពស់​”។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោក​​​សាស្រ្តាចារ្យ ​​​Beat​​​ ​Richner ​​​​បាន​បន្ត​ថា​ នៅ​​មន្ទីរពេទ្យ ​សាកល​​វិទ្យា​ល័យ​ ហ្សូរិក​​ប្រទេស​ស្វីស ​មិនទាន់​មាន​ម៉ាស៊ីន​​នេះ​ប្រើប្រាស់​នៅទ្បើយទេ​ ប៉ុន្តែ​កម្ពុជា​មាន​ម៉ាស៊ីន​នេះប្រើ​ ពិតជាអាចមាន​ប្រសិទ្ឋិភាព​ ក្នុង​ការជួយព្យាបាល​និង​សង្រ្គោះជីវិតកុមារ​បានកាន់តែច្រើន​។លោកបន្តថា​ លឿនម៉ាស៊ីន​នេះអាចមានា​សមត្ថភាពថត​បាន​១៨០​ប៉ុស្ត៍​ក្នុង​មួយវិនាទី ​ដែលជាល្បឿន​មួយលឿនបំផុត​និង​ផ្តល់រូបភាព​ច្បាស់បំផុត​អាច​មើលឃើញ​គ្រប់សសៃ​របស់អ្នកជំងឺ​ និង​គ្រប់ទីកន្លែង​នៃ​សរពាង្គកាយ។

មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧​ ជា​មន្ទីរពេទ្យថ្នាក់​ខេត្តតែមួយគត់​ដែលត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់បញ្ចូល​ក្នុង​រចនាសម្ព័ន្ឋ ​គ្រប់គ្រងរបស់​ក្រសួង​សុខាភិបាល ​និង​មានឋានៈ​ស្មើមន្ទីរពេទ្យ​ថ្នាក់ជាតិ ​ហើយ​មន្ទីរពេទ្យនេះ​ស្មើឋានៈ​នាយកដ្ឋាន​ចំណុះឲ្យ​ក្រសួង​សុខាភិបាល​ ប៉ុន្តែ​ការគ្រប់គ្រង​និង​ផ្តល់សេវាកម្ម​ រួមទាំង​ការចំណាយ​នៅតែស្ថិត​ក្រោមការ​គ្រប់គ្រង ​របស់លោក​សាស្រ្តាចារ្យ​Beat​ Richner ​និង​បន្តផ្តល់​សេវាពិគ្រោះ ​សម្រាក ​និង​ព្យាបាល​ដោយឥតគិតថ្លៃ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative