មន្ត្រី​កាំកុងត្រូល​ដុត​កំទីច​ចោល​ឆ្អឹង​មាន់​ខូច​គុណភាព​នាំ​ចូល​ពី​ប្រទេស​ថៃ

ឆ្អឹងចំនួន ២០០ គីឡូក្រាម ប្រហិត​ចំនួន១២០ គីឡូក្រាម និង​ពង់មាន់​ជាច្រើន​គ្រាប់ទៀត​ខូចគុណភាព​ដែលឈ្មួញ​លួចលាក់ បង្កប់​តាមរទះ​អូស យកនាំ​ចេញពីផ្សារ​រោងក្លឿ តាមច្រក​ទ្វារអន្តរជាតិ ប៉ោយប៉ែត និង ច្រកទ្វារ​ខ្លងលឹក​ប្រទេសថៃ ត្រូវបាន មន្ត្រី​កាំកុងត្រូល​ប្រចាំច្រក​ទ្វារអន្តរជាតិ ប៉ោយប៉ែត​ចាប់បាន​និងនឹងធ្វើការ​ដុតកំទីក ចោល​ដើម្បីការពារ​សុខភាពរបស់​ប្រជាពលរដ្ឋ ។

រូបភាព សហការី

រូបភាព សហការី

ពិធីដុត​កំទេចនេះ​បានប្រព្រឹត្តទៅ​កាលពីល្ងាច​ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច បរិវេណដី កាស៊ីណូ ស្ថិតនៅភូមិ សាមគ្គី​មានជ័យ សង្កាត់​-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ។

បើតាម​លោក អ៊ុត សុភាព ប្រធានការិយាល័យ កាំកុងត្រូល សាខាខេត្ត បានថ្លែង​ឲ្យដឹងថា ក្រោយបង្ក្រាប បានទំនិញ​ខាងលើ​នេះភ្លាម លោកក៏បាន​បញ្ជាកម្លាំង របស់លោក​ប្រមូល យកទៅដុត​កម្ទេច ចោលភ្លាមៗ តែម្តង ដើម្បី​ជៀសវាង​ឈ្មួញយកទៅ លក់បន្តឲ្យ​ប្រជាពលរដ្ឋ ព្រោះទំនិញ​ខាងលើនេះ​ត្រូវបានគេ​ដាក់សារធាតុ​គីមី ។ លោកបាន​បន្តថា ឆ្អឹងមាន់​ចំនួន​២០០​គីឡូក្រាមនេះ គឺភាគីថៃ​បានប្រលេស​យកសាច់ ចេញហើយ​យកទៅ លក់លើ​ទីផ្សារ ចំណែកឆ្អឹង​គេយក​ទៅចោល ឬយក​ទៅអោយ​សត្វស៊ី និងបាន​ដាក់សារធាតុ​គីមី ជាច្រើន​នៅក្នុង​ឆ្អឹងមាន់ ដើម្បីរក្សា​ទុកបាន​យូរថ្ងៃ រីឯប្រហិត គេផលិត​ឡើងដោយ​បានដាក់​សារធាតុគីមី​ច្រើន និងរក្សាទុក​បានយូរថ្ងៃ ចំពោះពង់​មាន់វិញ គឺពង់ដែល​គេយកទៅ​ផ្ចោះមិនបាន ហើយគេយក​មកស្ងោរ​មិនទាន់​ឆ្អិនល្អ និងគេ​យកមក​លក់ចែកចាយ នៅផ្សារ​រោងក្លឿ ប្រទេសថៃ អោយទៅ​ជនជាតិខ្មែរ យកមក​បរិភោគ បើសិន​យើងបាន​បរិភោគ វាធ្វើអោយ​ខ្លួន យើង​ឈឺ​ក្បាល និងងាយ​ស្រួស ឆ្លងជម្ងឺ​ផ្សេងៗ​ផងដែរ ។

លោក អ៊ុន សុភាពក៏ បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ និងឈ្មួញ ទាំងអស់​បញ្ឈប់បន្ត​ការនាំចេញ និងបន្ត​យកលក់​ចែកចាយ និង​បរិភោគ​ទំនិញខាងលើ បន្តទៀត ដើម្បីការពារ​សុខភាព​ទាំងអស់គ្នា៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative