និស្សិត​សាលា​តិចណូ ១០០០​នាក់ ចូលរួម​បរិច្ចាគ​ឈាម

ក្រុមនិស្សិត​ប្រមាណ​១០០០នាក់ នៃវិទ្យាសា្ថន​បច្ចេកវិទ្យា​កម្ពុជា​ដែលហៅ​កាត់ថា តិចណូ បានសហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម​បាន​ប្រារព្ធ​ពិធីបរិច្ចាគ​ឈាមដោយ​ស្មគ្រ័ចិត្ត​ក្រោមប្រធានបទ «ការបរិច្ចាគ​ឈាមដោយ​ស្មគ្រ័ចិត្ត និងមិនគិត​កម្រៃ» រយៈពេល​ពីរថ្ងៃ គឺចាប់ពី​ថ្ងៃទី១៧ ដល់ថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុង​សាលប្រជុំធំ​របស់​វិទ្យាសា្ថន ។

រូបភាព សហការី

រូបភាព សហការី

កម្មវិធីនេះ​មានការចូល​រួមជាអធិបតី​របស់លោក នុត សុថន នាយករងនៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និងលោក ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម។

នេះជា​លើទី២ ហើយដែល​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជាបាន​អនុញ្ញាតឲ្យ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម​ក្នុងការចុះទៅ​ទទួលយក​អំណោយឈាម​ដោយ​សប្បុរស​ពីសិស្ស​និស្សិតមក​ពីគ្រប់ដេប៉ាតាម៉ង់​នៅវិទ្យាស្ថាន ហើយកម្មវិធី​លើកនេះ គឺរំពឹង​យ៉ាងមុតមាំ​ថានឹងទទួល​បានប្លោកឈាម​យ៉ាងហោច​ណាស់ ៣៥០ប្លោក​ដើម្បីប្រគល់​ជូនដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម​ក្នុងការយក​ទៅផ្គត់ផ្គង់​ដល់កង្វះខាត​ឈាមទូទាំង​ប្រទេស។

រូបភាព សហការី

រូបភាព សហការី

លោក នុត សុថន នាយករងនៃ​វិទ្យាស្ថាន​បចេ្ចកវិទ្យា​កម្ពុជាបាន​សម្តែងនូវ​ការស្វាគន៍​យ៉ាងកក់ក្តៅ​ចំពោះមជ្ឈមណ្ឌល​ជាតិផ្តល់ឈាម ក៏ដូចជា​ក្រុមហ៊ុន វីតាល់​ដែលបាន​ចូលរួម​ចំនែក ក្នុងការរៀបចំ​កម្មវិធី​សប្បុរសនេះ​ឡើងម្តងទៀត​ក្នុងបរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។ លោកបាន​មានប្រសាសន៍​ថា «ខ្ញុំពិតជា​មានចិត្ត​សប្បាយ​រីករាយ​នៅពេលដែល​ឃើញប្អូនៗ​និស្សិតយ៉ាង​ច្រើនកុះករ មានសណ្តាន​ចិត្តសប្បុរស​ក្នុងការបរិច្ចាគ​ឈាម ដែលទង្វើរ​បាន​បង្ហាញ​យ៉ា​ងច្បាស់ នូវឆន្ទៈ​សាមគ្គីភាព​របស់យុវជន​ខ្មែរជំនាន់ថ្មី»។ លោក សុថន ក៏បានថ្លែង​អំណរគុណផង​ដែរចំពោះ​ក្រុមហ៊ុនទឹក​ពិសារវីតាល់​ដែលតែងតែ​ចូលរួម​ឧបត្ថម្ភក្នុង​កម្មវិធីមនុស្ស​ធម៌នានា ជាពិសេស​កម្មវិធី​បរិច្ចាគឈាម​ដែលតែងតែ​មានវត្តមាន​នៃការឧបត្ថម​របស់ វីតាល់ជា​ច្រើនឆ្នាំរួច​មកហើយ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈ​មណ្ឌលជាតិ​ផ្តល់ឈាម​បានធ្វើការថ្លែង​អំណគុណ​ដល់ដល់​និស្សិតនៃ​វិទ្យាស្ថាន​បចេ្ចកវិទ្យា​កម្ពុជាដែល​បានធ្វើការ​បរិច្ចាគឈាម​ដល់មជ្ឈ​មណ្ឌល។ លោកប្រធាន​ក៏បានធ្វើការ​ផ្សព្វផ្សាយផង​ដែរដល់ប្អូន​និស្សិត​ទាំងឡាយ​ឲ្យបន្ត​ការបរិច្ចាគ​ឲ្យច្រើន និង​ទៀតទាត់​តាមការកំណត់​របស់វិជ្ជសាស្ត្រ​ដែលបុរស​អាចបរិច្ចាគ ៣ខែម្តង ចំនែកឯ​ស្ត្រីអាចធ្វើ​ការបរិច្ចាគ​បានរាល់​៤ខែម្តង។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក៏បាន​បញ្ជាក់បន្ថែម​ថា «ការបរិច្ចាគ​ឈាមគឺការ​ប៉ះពាល់ដល់​សុខភាព​នោះទេ ផ្ទុយវិញ​សកម្មភាព​បរិច្ចាគឈាម​អាចគឺអាច​ធ្វើឲ្យយើង​ក្លាយជាវីរ​បុរសដែល​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្សបាន»៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative