គ្រូពេទ្យ​ខ្មែរ​ដែល​ទទួល​ការ​បណ្តុះ​បណ្តាល​នៅខេត្ត​សៀមរាប​មាន​សមត្ថភាព​ស្មើនឹង​គ្រូពេទ្យ​នៅតំបន់​អឺរ៉ុប

ដោយមាន​កិច្ចសហការ​ពីសាកល​វិទ្យាល័យហ្សូរិក ប្រទេសស្វីស ក្រុមនិស្សិត​​ដែលបាននិង​កំពុងបណ្តុះ​បណ្តាល នៅមន្ទីរពេទ្យ​គន្ឋបុប្ឆា (ជ័យវរ្ម័ន​ទី៧) ខេត្តសៀមរាប​ត្រូវបាន​វាយតំលៃថា ពួកគេមាន​សមត្ថភាព​ស្មើនឹង​និស្សិត ដែលបាន​បណ្តុះបណ្តាល​នៅតាម​សាកលវិទ្យាល័យ​នានានៅ​តំបន់អឺរ៉ុប។ កម្ម​វិធី​បណ្តុះបណ្តាល​ជំនាញ​ឯកទេសលើ​ជំងឺកុមារ​នេះ ធ្វើទ្បើង​នៅក្នុង​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ផ្ទាល់ ក្រោមកិច្ច​សហការពី​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល និង​ក្រសួង​សុខាភិបាល​ផងដែរ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោកសាស្រ្តាចារ្យ ហ្វីលីក សេនហូសឺរ៍ (FELIX SENNHAUSER) សាកលវិទ្យាធិការ​នៃ University Hospital Zuric2បានមាន​ប្រសាសន៍ឲ្យ​ដឹងបន្ទាប់​ពីបានធ្វើ​តេស្តផ្ទាល់​មាត់ ជាមួយនិស្សិត​ដែលបាននិង​កំពុងត្រៀម​បញ្ចប់ការ​សិក្សាលើ​ជំនាញ​ឯកទេស​ជំងឺកុមារ ក្នុងមន្ទីរពេទ្យ​ជ័យវរ្ម័នទី៧​នាព្រឹកថ្ងៃ​ទី១៥ វិច្ឆិកា​កន្លងមក​ថា តាមរយៈ​បទសោធន៍​ដែលលោក​បានបំពេញ​ការងារ​នៅអឺរ៉ុប និងបាន​សហការធ្វើ​ការងារ​ជាមួយលោក​សាស្រ្តចារ្យ Beat Richner ជាង​២០​ឆ្នាំកន្លង​មកនេះ លោកអាច​វាយតំលៃ​បានថា គុណភាព​បណ្តុះបណ្តាល​នៅទីនេះ​ល្អណាស់ ហើយអ្នក​សិក្សានៅ​ទីនេះមាន​សមត្ថភាព​មិនចាញ់ និស្សិត​ដែលបាន​បញ្ចប់ការ​សិក្សានៅតាម​សាកលវិទ្យាល័យ​នានានៅ​អឺរ៉ុបទ្បើយ។

លោកបន្តថា “តាមរយៈ​លទ្ឋផល​នៃការ​ប្រលងនេះ ខ្ញុំបានរក​ឃើញថា​សមត្ថភាព​និស្សិតនៅ​ទីនេះ​លេខ១ តាមរយៈ​គុណភាព​នៃការអប់រំ និងការ​បង្រៀន​នៅទីនេះ ហើយខ្ញុំ​មានក្តីរីករាយ​បំផុត​លទ្ឋផលនេះ”។ លោកបន្ត​ថា “ខ្ញុំបាន​និយា យជាមួយ​សាស្រ្តាចារ្យ Beat Richner នៅថ្ងៃនេះ​ថា ខ្ញុំមិនដែល​បានជួប​លទ្ឋផល និងបទ​ពិសោធន៍ នៃការអប់រំ​ល្អបែបនេះ​ពីមុនមក​នោះទេ ហើយដោយសារ​តែការផ្តោត​លើការ​អប់រំ លើការ​បណ្តុះបណ្តាល និងការត្រួត​ពិនិត្យ​គុណភាព​ជាប្រចាំ​របស់លោក Beat Richner បានធ្វើឲ្យ​ដំណើការ​មន្ទីរពេទ្យនេះ ប្រកបដោយ​បរិស្ថាន​ដ៏ល្អ និង​ជោគជ័យ”។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោក​សាស្រ្តាចារ្យ FELIX SENNHAUSER បានបន្តថា លោកជា​អ្នកបង្ហាញ​ផ្លូវឲ្យប្រជាជន​កម្ពុជាមាន​ភាពទទួល​ខុសត្រូវនេះ ហើយជា​មូលហេតុ​ដែល​លោកមក​ពីសាកលវិទ្យាល័យ​ហ្សូរិក ដើម្បីបង្រៀន​និស្សិតនៅ​ទីនេះពី​របៀបនៃ​ការធ្វើ​ដូចម្តេច ដើម្បី​ការពារជំងឺ ការឆែក​ជំងឺ ការតាមដាន និងការ​ថែររក្សា​កុមារនៅ​ទីនេះ​ជាដើម។ តាមរយៈ​ការរៀនផង​ធ្វើការងារផង និង​ប្រព័ន្ឋ​គ្រប់គ្រង​ដ៏ល្អរបស់​មន្ទីរពេទ្យនេះ បានធ្វើឲ្យ​និស្សិត​បញ្ចប់ការ​សិក្សានៅ​ទីនេះ មាន​គុណភាពខ្ពស់ មានកម្រិត​សមត្ថភាព​ខ្ពស់ និងមាន​ស្តង់ដាខ្ពស់។

លោកបន្តថា “ប្រសិនជាខ្ញុំ​ជាជីតា​ម្នាក់ ខ្ញុំនឹងយក​ចៅរបស់ខ្ញុំ​មកសម្រាល​កូននៅទីនេះ និងយក​មកព្យាបាល​ជំងឺនៅទីនេះ ព្រោះខ្ញុំមាន​ការទុកចិត្ត​ចំពោះអ្នក​បញ្ចប់ការ​សិក្សានៅ​ទីនេះ ហើយតាម​រយៈការធ្វើ​តេស្តផ្ទាល់មាត់ ខ្ញុំបានរក​ឃើញថា បន្ទាប់ពីសួរ​សំណួរវេជ្ជបណ្ឌិត​នៅទីនេះ គឺពួកគាត់​មានគុណភាព​ខ្ពស់ដូច​វេជ្ជបណ្ឌិត​នៅអាមេរិក និងនៅអឺរ៉ុប”។

លោកសាស្រ្តាចារ្យ Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ឋបុប្ឆា​និងជា​ប្រធានមូលនិធិ​គន្ឋបុប្ផា​បានមាន​ប្រសាសន៍​ថា នេះជាវគ្គ​បណ្តុះបណ្តាល​ជំនាន់ទី៣​នៅទីនេះ ដែលវគ្គនេះ​មានអ្នក​សិក្សាសរុប​ចំនួន៣៥​នាក់។ មូលហេតុ​ដែលយើង​ប​ណ្តុះបណ្តាល​នៅទីនេះ ដោយសារ​អ្នកធ្វើការ​នៅទីនេះ មិនមាន​ឳកាសសិក្សា​នៅសាកល​វិទ្យាល័យ​ក្នុងរាជធានី​ភ្នំពេញ ដោយមាន​សាស្រ្តាចារ្យ​មកពីសាកលវិទ្យាល័យ​ហ្សូរិក និង​សាស្រ្តាចារ្យ​មកពីសាកល​វិទ្យាល័យ ​វិទ្យាសាស្រ្ត​សុខាភិបាលមក​ជួយបង្រៀន​នៅទីនេះ។ លោកបន្តថា គ្រូមក​បណ្តុះបណ្តាល​នៅទីនេះ បានផ្តល់ការ​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយគ្រូមក​បណ្តុះបណ្តាល​នេះសុទ្ឋតែ​មានជំនាញ​ឯកទេស​ច្បាស់លាស់លើ​ជំងឺកុមារ។

លោកបន្តថា “នេះជាការ​បណ្តុះបណ្តាល​បន្ថែម បំពាក់បំប៉ន​សមត្ថភាព​គ្រូពេទ្យ ព្រោះ​វិទ្យាសាស្រ្ត​វេជ្ជសាស្រ្ត​មានការវិវត្តន៍​ជារៀងរាល់​ថ្ងៃ ហេតុនេះ​គ្រូពេទ្យ​ត្រូវរៀន​ជាប្រចាំ ដើម្បីដើរ​ឲ្យទាន់ការ​វិវត្តន៍របស់​វិទ្យាសាស្រ្ត និងដើម្បី​អាចគ្រប់គ្រង​ជំងឺបាន​ទាន់ពេលវេលា”។ លោក​បន្តថា “មន្ទីរពេទ្យ​បាននិង​កំពុងរួមចំ​នែកជួយ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស ដោយមួយ​ថ្ងៃៗមាន​និស្សិតពេទ្យ​៨០នាក់​បានចុះកម្ម​សិក្សានៅ​មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧​ជាប្រចាំ”។

លោកសាស្រ្តាចារ្យ Beat Richner បានបន្តថា តាមរយៈការ​បណ្តុះ​បណ្តាលនេះ នឹងសមត្ថភាព​ដែលអ្នកសិក្សា​ទទួលបាន យើងនឹងយក​អ្នកទាំងនេះ​ធ្វើជាសាស្រ្តាចារ្យ​បង្រៀន​នៅវគ្គក្រោយ​ទៀត ដោយសារបន្ទាប់​ពីការវាយ​តំលៃពី​សាស្រ្តាចារ្យ​បរទេស បានរកឃើញ​ថាសមត្ថភាព​ពួកគេស្មើ នឹង​សមត្ថភាព​​និស្សិតសិក្សា​នៅសហគមន៍​អឺរ៉ុប ឬប្រទេស​ស្វីសហើយ ប៉ុន្តែទោះជា​យ៉ាងណាពីមួយ​ពេលទៅ​មួយពេល យើងនៅតែ​ត្រូវការ​សាស្រ្តាចារ្យ​មកពីហ្សូរិក មកពី John Hopkins និងមក​ពីប្រទេស​បារាំងមក​ជួយយើង ដើម្បីជួយ​ត្រួតពិនិត្យ​គុណភាព​តាមដាន បណ្តុះបណ្តាល និងចូលរួម​វាយតំលៃ​ពីការងារ​នៅទីនេះ។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យា​ធិការនៃ​សាកលវិទ្យាល័យ វិទ្យាសាស្រ្ត​សុខាភិបាល​បានមាន​ប្រសាសន៍ថា កម្មវិធីបណ្តុះ​បណ្តាលនេះ​ធ្វើទ្បើង ក្រោមកិច្ច​សហការពី​សាកល​វិទ្យាល័យ​ហ្សូរិក និង​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ក្នុងការ​ធ្វើការងារ​រួមគ្នា។ វិញ្ញាសារ​ប្រលងនេះ​គឺធ្វើរួមគ្នា​ដោយសាកលវិទ្យាល័យ​​ទាំងពីរ ដោយមាន​ទាំងវិញ្ញាសារ​សរសេរ និង​វិញ្ញាសារ​ផ្ទាល់មាត់។ សញ្ញាបត្រពី​ការបណ្តុះ​បណ្តាល​នៅទីនេះ នឹងមាន​ការទទួល​ស្គាល់ពី​សាកលវិទ្យាល័យ​ហ្សូរិក ចុះហត្ថលេខា​និងផ្តល់ជូន​តាមរយៈ​សាលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល។ លោកបន្តថា និស្សិតដែល​បញ្ចប់ការ​សិក្សានេះ គឺពួកគេ សិក្សាលើ​ឯកទេស​ជំងឺកុមារ ហើយពួកគេ​សិ​ក្សាផង​រៀនផង ដែលជា​ភាពចំណេញ​មួយ គឺពួកគេ​បានអនុវត្តន៍​ការងារ​ផ្ទាល់ផង រៀនផង និងចំណេញ​ពេលវេលា​ផងដែរ។

លោកបន្តថា “អ្នកសិក្សា​នៅទីនេះសុទ្ឋ​តែអ្នកបាន​បញ្ចប់ការសិក្សា​កម្រិតវេជ្ជបណ្ឌិត​ទូទៅរួចហើយ ប៉ុន្តែជាទូទៅ​យើងអនុវត្តន៍​តាមអនុក្រិត​លេខ២១​របស់រាជ​រដ្ឋាភិបាល ដែលអនុញ្ញាត្ត​ឲ្យអ្នករៀនចប់​បរិញ្ញាបត្រ​វេជ្ជសាស្រ្ត ឬបញ្ចប់​ឆ្នាំទី៦​អាចមករៀន​យកជំនាញ​ឯកទេសបាន”។ លោកបន្តថា “ខ្ញុំសង្ឃឹម​ថាអ្នកបញ្ចប់​ការសិក្សា​នៅពេលនេះ នឹងចូលរួម​ជួយផ្តល់ការ​បង្រៀនដល់​និស្សិតដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative