កម្ពុជា​-​ម៉ាឡេស៊ី ចុះ​អនុស្សារណៈ​​យោគ​យល់​​គ្នា​ការ​បញ្ជូន​ពលករ​ខ្មែរ

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ធនធាន​មនុស្ស នៃប្រទេស​ម៉ាឡេស៊ី បានបើក​កិច្ចប្រជុំ​ពិភាក្សាគ្នា​លើចំណុច​ចុងក្រោយ នៅរាជធានី​ភ្នំពេញ​កាលពីពេល​ថ្មីៗនេះ មុននឹង​ឈានទៅ​បញ្ជូន​ពលករ​កម្ពុជា ទៅបម្រើ​ការងារស្រប​ច្បាប់នៅ​ប្រទេស​ម៉ាឡេស៊ី សារជាថ្មី​នាពេល​អនាគត។

រូបភាព សហការី

រូបភាព សហការី

ខ្លឹមសារ​នៃអនុស្សារណៈ​យោគយល់​គ្នាដែល​ប្រទេស​ទាំងពីរ នឹងត្រូវ​ពិភាក្សា​បញ្ចប់ រួមមាន​​ភារកិច្ច និងការ​ទទួលខុស​ត្រូវរបស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ម៉ាឡេស៊ី ភារកិច្ច និងការ​ទទួលខុស​ត្រូវរបស់​កម្មករ​ការងារផ្ទះ និង​កិច្ចសន្យា​ការងារ។

ថ្លែងក្នុង​ពិធីចុះ​អនុស្សារណៈ​យោគយល់គ្នា លោក សេង សក្តា អគ្គនាយក នៃអគ្គនាយក​ដ្ឋានការងារ​បានឲ្យ​ដឹងថា គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី បានសម្រេច​ឲ្យមាន​អនុស្សារណៈ​យោគយល់​ពីរដាច់​ដោយឡែក​ពីគ្នា គឺទី១-​សម្រាប់ពលករ​ទូទៅ និងទី២​-សម្រាប់​កម្មករការងារ​បម្រើតាម​ផ្ទះ ព្រោះថា កម្មករ​ការងារ​ផ្ទះ ជាការងារ​មួយតម្រូវ​មានអនុស្សារណៈ​យោគយល់គ្នា​ដាច់ដោយ​ឡែក ហើយទាមទារ​ឲ្យមានការ​គ្រប់គ្រង​ហ្មត់ចត់​ជាង​ការងារ​ទូទៅ ដើម្បី​ជៀសវាង​ការកេង​ប្រវ័ញ្ច និង​រំលោភ​បំពានផ្សេងៗ។

លោក បានឲ្យ​ដឹងទៀតថា ក្រៅពី​អនុស្សារណៈ​យោគយល់​គ្នានេះ ភាគី​ម៉ាឡេស៊ី បានស្វាគមន៍​ចំពោះសំណើរ​របស់​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ក្នុងការ​បង្កើតប្រព័ន្ធ​ព័ត៌មានវិជ្ជា ដែលរដ្ឋ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ទិន្នន័យដែល​ផ្តល់ដោយ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នៃ​ប្រទេស​ទាំងពីរ ដើម្បីត្រួត​ពិនិត្យ​ពលករ​ឲ្យហ្មត់ចត់។

លោកស្រី Wenny Kusuma នាយិកា​ អង្គការ UNWOMEN ប្រចាំ​ប្រទេស​កម្ពុជាវិញ វត្តមាននៃ​អនុស្សារណៈ​យោគយល់នេះ​បានបង្ហាញថា ម៉ាឡេស៊ី​បានប្តេជ្ញា​ចិត្តធ្វើ​សហប្រតិបត្តិ​ការលើបញ្ហា​គ្រប់គ្រង​ពលករ ចំណាកស្រុក​ដែលធ្វើការ​ងារតាមផ្ទះ។ លោកស្រី​បានពន្យល់​ថា “ពលករ​ចំណាកស្រុក​ប្រឈមមុខ​ខ្លាំងនឹងការ​រំលោភបំពាន​តាមរយៈ​កិច្ចសន្យា ដែលមាន​លក្ខណៈ​កេងប្រវ័ញ្ច”។ លោកស្រី​បន្តថា ជាញឹកញាប់ ការធ្វើការងារ​តែម្នាក់ឯង​នៅក្នុង​ផ្ទះ​ឯកជន ស្ត្រីជំនួយ​ការមេផ្ទះ​ប្រឈមនឹង​ការបំពាន​លើរាងកាយ​ផង និង​ផ្លូវភេទផង ហើយពួកគេ​គ្មានសេរីភាព​ក្នុងការដើរ​ហើរ និងធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នកខាងក្រៅ ក៏ដូចជា​ការទទួល​ប្រាក់ឈ្នួល​មិនសមរម្យ​ជាដើម។

កម្ពុជាបាន​មានបទ​ពិសោធន៍​អាក្រក់​ ប្រទេសម៉ាឡេស៊ី​ក្នុងបញ្ហា​បញ្ជូន ស្ត្រីជំនួយ​ការមេផ្ទះនេះ។ ក្រៅពីករណី​ស្លាប់ ករណីធ្វើ​បាបលើ​រាងកាយ ក៏ត្រូវបាន​រកឃើញ​ផងដែរ។ សារព័ត៌មាន​ក៏នៅផ្សព្វផ្សាយ​អំពីករណី​ឪពុកម្តាយ​ស្វែងរក​អន្តរាគមន៍ពី អង្គការសិទ្ធិ​មនុស្ស​ដើម្បីអោយ​ជួយរកកូន​ស្រីរបស់​ពួកគេដែល​ចេញទៅ ធ្វើការនៅ​ប្រទេស​ម៉ាឡេស៊ីដែរ។

គួរបញ្ជាក់ថា តាមតួលេខ​ដែលផ្តល់​ដោយក្រសួង​ធនធាន​មនុស្ស​ម៉ាឡេស៊ី បច្ចុប្បន្ន​ពលករខ្មែរ ដែលបានសុំ​ទិដ្ឋារស្នាក់​នៅ និងធ្វើការ​នៅប្រទេស​ម៉ាឡេស៊ី សរុប​ចំនួន​១៣,២៤៥​នាក់។ ក្នុងនោះ​កម្មករ​ការងារផ្ទះ​ចំនួន ៧,៧៩៦នាក់ កម្មករ​សំណង់​ចំនួន​២៨០នាក់ កម្មកររោង​ចក្រចំនួន ៣,៨០៦​នាក់ បុគ្គលិក​សេវាកម្ម​ចំនួន ៥៨៤នាក់ កម្មករ​កៅស៊ូចំនួន​៤២០នាក់ និងកម្មករ​ផ្នែកកសិកម្ម​ចំនួន៣៥៩​នាក់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative