មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​បើក​ឲ្យ​ដំណើរ​ការ​នូវ​ការ​វះកាត់​ទ្រូង និង​សួត

ដោយមាន​បំណង​ពង្រីក​សេវាកម្ម​ពិនិត្យ ព្យាបាល​កាន់តែ​សម្បូរ​បែប​ថែមទៀត មន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត​បានបើកឲ្យ​ដំណើរការ​នូវការវះកាត់​ទ្រូង និងសួត​ដែលជាសេវា​មានជាលើក​តំបូងនៅ​ប្រទេសកម្ពុជា។

រូបភាព សហការី

រូបភាព សហការី

លោកសាស្រ្តាចារ្យ លឹម តាំង អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត​បានមាន​ប្រសាសន៍ឲ្យ​ដឹងក្នុងពិធី​បើកឲ្យ​ដំណើរការ​នូវសេវា​វះកាត់ទ្រូង និងសួត​នៅព្រឹកថ្ងៃ​ទី១៣ វិច្ឆិកា​នេះថា មន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត​ជាមន្ទីរពេទ្យ​ធំមួយនៅ​កម្ពុជា​ដែលមាន​គ្រែសរុប​ចំនួន៥០០ និងមាន​សេវាពិនិត្យ ព្យាបាល​គ្រប់ជំងឺ​ទូទៅ និង​ជំងឺ​ឯកទេសនានា ហើយថ្ងៃនេះ​មន្ទីរពេទ្យ​បាននិង​កំពុងបើក​ឲ្យដំណើរការ​នូវសេវាថ្មី​មួយទៀត គឺការ​វះកាត់ទ្រូង​និងសួត​ជាលើកតំបូង ក្រោមការ​​ឧបត្ថម្ភ និង​​សហការពីសមាគមជំនួយអ្នកជំងឺសួតខ្មែរនៅប្រទេសបារាំង ។ លោក​បន្តថា កិច្ចសហការ​នេះបាន​ចាប់ផ្តើម​កាលពីឆ្នាំ​២០០៨ ដើម្បីចាប់​ផ្តើមបណ្តុះ​បណ្តាលធនធាន​មនុស្ស និង​ការបំពាក់​សម្ភារៈ​បរិក្ខា​វេជ្ជសាស្រ្ត។

លោក​បន្តថា នៅឆ្នាំ​២០០៩ មន្ទីរពេទ្យ​បានដំណើរការ​វះកាត់​អ្នកជំងឺសួត​ជាលើក​តំបូង ហើយរហូត​មកទល់​ពេលនេះ មានអ្នកជំងឺ​សួត១១៧​ករណីបាន​ទទួលវះកាត់​ដោយជោគជ័យ​ដោយគ្រូពេទ្យ​ខ្មែរ និង​គ្រូពេទ្យបរទេស​ដែលបានស្ម័គ្រចិត្ត​មកជួយ​បណ្តុះបណ្តាល និង​បំពាក់បំប៉ន​គ្រូពេទ្យខ្មែរ។
លោក​វេជ្ជបណ្ឌិត អាំង ជិតសួង នាយក​សមាគម​ជំនួយអ្នកជំងឺ​សួតខ្មែរ​ដែលបាន​ជួយលើ​កម្មវិធីនេះ បានមាន​ប្រសាសន៍សម្តែង​ក្តីសប្បាយ​រីករាយ ចំពោះ​កិច្ចសហការ​គ្នាដែលផ្តល់​ផលប្រយោជន៍ មិនអាច​កាត់ថ្លៃ​បានដល់ការ​លើកកំពស់ ការសង្រ្គោះ​សុខភាព​ប្រជាជនកម្ពុជា។លោកជាអតីតៈ​ជំនួយការ​គ្រូពេទ្យ​វះកាត់នៅមន្ទីរពេទ្យ​នេះ មុនពេលចេញ​ទៅសិក្សា​នៅប្រទេស​បារាំងក្នុង​ឆ្នាំ១៩៧៥។

លោកសាស្រ្តាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត​បានមាន​ប្រសាសន៍​សម្តែងអំណរ​គុណដល់​ស្ថានទូត​បារាំង និង​សមាគម​ជំនួយជំងឺ​សូតខ្មែរ ដែលបាន​ផ្តល់កិច្ច​សហការ​ជួយបណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​បំពាក់សម្ភារៈ​បរិក្ខាពេទ្យ​ដល់ផ្នែក​ដ៏សំខាន់នេះ ពិសេស​សមាគម​ជំនួយសួត​ខ្មែរនៅ​ប្រទេសបារាំង ដែលតែងតែ​គិតគូពី​សុខទុក្ខបង​ប្អូនប្រជាពល​រដ្ឋខ្មែរ ដែលរស់​នៅក្នុង​ប្រទេស​កម្ពុជា​ជានិច្ចកាល។
លោក​បន្តថា “ជំងឺសួតជា​បញ្ហាសុខភាព​ដ៏ចំបងមួយ ដែលកើតមាន​លើប្រជាជន​កម្ពុជា ហើយនៅ​កម្ពុជាពី​មុនមកមិនមាន​សេវាវះកាត់​ជំងឺសួតទេ ធ្វើឲ្យ​អ្នក​ដែលមាន​​ជំងឺនេះ​ចេញទៅ​ព្យាបាល​នៅបរទេស ប៉ុន្តែពេលនេះ​ជាមោទនភាព​ណាស់សម្រាប់​មន្ទីរពេទ្យ ដែលបានដាក់​ឲ្យដំណើរការ​នូវសេវាវះកាត់​ជំងឺនេះ​ទ្បើង”។

លោកសាស្រ្តាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានសម្តែង​អំណរគុណ​ដល់សមាគម​ជំនួយសួត​ខ្មែរនៅ​ប្រទេស​បារាំង និងសម្តែង​អំណរគុណ​ដល់ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែលបានមក​ជួយបណ្តុះ​បណ្តាល​ធនធាន​មនុស្ស នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត ដែលជា​មន្ទីរពេទ្យ​បង្អែកថ្នាក់ជាតិ​ដ៏សំខាន់មួយ​សម្រាប់ជួយ​សម្រាលទុក្ខ​លំបាករបស់​បងប្អូន​ប្រជាពលរដ្ឋ ដែលសកម្មភាព​នេះធ្វើទ្បើង​ស្របតាម​គោលនយោបាយ​របស់រាជ​រដ្ឋាភិបាល ក្នុងការកាត់​បន្ថយភាព​ក្រីក្ររបស់​ប្រជាជនកម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative