មន្ត្រី​សុខាភិបាល​បកស្រាយ​ជុំវិញការ​រិះគន់​ការបំពេញ​បែបបទ​ត្រួត​ពិនិត្យ​ជំងឺ​អេបូឡា

ឆ្លើយតប​ទៅនឹងការ​រិះគន់ជុំវិញ​ការកកស្ទះ​អ្នកដំណើរ​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដោយសារតែ​ឲ្យអ្នកធ្វើ​ដំណើរបំពេញ​បែបបទមុន​ពេលចេញ​ពី​ព្រលាន​យន្តហោះនោះ ត្រូវបាន​លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លងនៃ​ក្រសួង​សុខាភិបាល​បានធ្វើការ​បកស្រាយ ថា «បញ្ហនេះ​មិនមែនជា​កំហុសរបស់​ខាងក្រសួង​សុខាភិបាល​នោះទេ គឺដោយសារ​តែក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​មិនបានសហការ​ល្អ​ជាមួយ​ក្រសួង​ទើប​បណ្តាល​ឲ្យមានកើត​បញ្ហានេះទៅ »។

ទិដ្ឋភាព​កកស្ទះ​អ្នក​ដំណើរ​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

ទិដ្ឋភាព​កកស្ទះ​អ្នក​ដំណើរ​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

ការបកស្រាយ​របស់​លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ នេះបានធ្វើ​ឡើងបន្ទាប់​ពីមានពត៌មាន​មួយចំនួន​បានលើក​ឡើងថា​វិធានការ​បំពេញបែប​បទដោយឲ្យ​អ្នកធ្វើដំណើរ​បំពេញបែបបទ​មុនពេលចេញ​ពីព្រលាន​យន្តហោះ​របស់ក្រសួង​ក្រសួង​សុខាភិបាល​ក្នុងការស្វែង​រកជំងឺអេបូឡា​នោះពុំមែន​ជាវិធានការ​មិនល្អ​នោះទេ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានប្រាប់​ពីប្រទេសថៃ​ជាទីដែល​លោកចូលរួម​កិច្ចប្រជុំ​បានឲ្យដឹង​កាលពីព្រឹក​ថ្ងៃទី១២ វិច្ឆិកា ឲ្យដឹងថា​តាមពិតទៅ​មុនពេល​ដែល​ក្រសួង​សុខាភិបាល​បានដាក់ម៉ាស៊ីន​ស្កេនត្រួត​ពិនិត្យជំងឺ​អេបូឡា​នៅព្រលាន​យន្តហោះ​ ក្រសួងបាន​បើកកិច្ចប្រជុំ​ជាមួយមន្ត្រី​អាកាសយាន្ត​ដ្ឋាន​ព្រលាន​យន្តហោះ និងមន្ត្រី​មកពីក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់នៅ​ក្នុងប្រទេស​កម្ពុជារួច​រាល់ហើយ។ នៅក្នុង​កិច្ចប្រជុំនោះ យើងបានតំរូវ​ឲ្យក្រុមហ៊ុន​អាកាសចរណ៍​នីមួយៗ​ត្រូវចែកបណ្ណ​ប្រកាសសុខភាព​អ្នកដំណើរ​ដោយឥតគិតថ្លៃ​ដល់អ្នក​ដំណើរ​ដើម្បីឲ្យពួក​គេបំពេញ​នៅលើយន្តហោះ​ឲ្យរួចរាល់​មុនពេលចុះ​ចតនៅ​ព្រលាន។

លោកវេជ្ជបណ្ទិត​បានបន្តថា​វិធានការនេះ​ធ្វើឡើង​ដើម្បីជួយ​សំរួលដល់​អ្នកដំណើរ​និងកុំឲ្យ​មានការកក​ស្ទះអ្នកដំណើរ​នៅព្រលាន​ផងដែរ។ លោកបាន​បញ្ជាក់ថា​បណ្ណប្រកាស​សុខភាពអ្នក​ដំណើរនោះ គឺក្រសួង​សុខាភិបាលជាអ្នក​ចែកដោយ​ឥតគិតថ្លៃ​ដល់ក្រុមហ៊ុន​អាកាសចរណ៍ ហើយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ ក្រសួងបាន​ចែក​ឲ្យលើសទៀតផង។ ប៉ុន្តែសោកស្តាយ​ដែលពួកគាត់​មិនបានចែក​ឲ្យអ្នកដំណើរ។

លោកប្រធាន​នាយកដ្ឋាន​រូបនោះ​បានបន្ថែម​ថា «ប្រសិនបើ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​អនុវត្តតាម​ការណែនាំ​របស់ក្រសួងនេោះ វានឹងមិនមាន​ការកកស្ទះ​រហូតដល់​មានការរិះ​គន់ពីអ្នក​ដំណើរបែប​នេះនោះទេ»។ ប៉ុន្តែមាន​ក្រុមហ៊ុន​ភាគច្រើនបាន​អនុវត្តតាម​ការណែនាំ​របស់ក្រសួង តែមានក្រុមហ៊ុន​មួយចំនួន​ប៉ុណ្ណោះ ដែលមិនបាន​អនុវត្តតាម​ដែលធ្វើឲ្យ​អ្នកដំណើរ​ចូលមក​ប្រទេស​កម្ពុជាត្រូវ​មកបំពេញ​បែបបទ​នៅក្នុងព្រលាន​បង្កឲ្យមាន​ការកកស្ទះ​អ្នកដំណើរ​ដោយសារតែ​ទីកន្លែងដែល​ត្រូវបំពេញនោះ​មិនមានធំ​ទូលាយអាច​ឲ្យអ្នកដំណើរ​ចេញចូល​ស្រួលឡើយ។

លោក​វេជ្ជបណ្ឌិត​បានស្នើសុំ​ដល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​អនុវត្តតាម​ការណែនាំ​របស់ក្រសួង​សុខាភិបាល​ដើម្បីបញ្ជៀស​ការកកស្ទះ​ចរាចរណ៍​នៅព្រលាន​យន្តហោះជា​បន្តទៀត ពិសេស​ជៀសវាងការ​រិះគន់ពី​អ្នកធ្វើ​ដំណើរចូល​មកក្នុង​ប្រទេសកម្ពុជា។

ក្នុងការទប់​ស្កាត់ជំងឺ​អេបូឡានេះ ក្រសួង​សុខាភិបាល​បានដាក់ម៉ាស៊ីន​ស្កេននៅតាម​ច្រកចេញចូល​ព្រលានយន្ត​ហោះពោធិចិនតុង​ ព្រលានយន្ត​ហោះខេត្ត​សៀមរាប និងច្រក​ចេញចូល​ប៉ោយប៉ែតជាប់​ព្រំប្រទល់​ប្រទេសថៃ។ដោយដាក់​ភ្នាក់ងារ​សុខាភិបាល​ក្នុងច្រកនីមួយៗ​ពី៣ទៅ៤នាក់​ដើម្បីត្រួត​ពិនិត្យអ្នក​ដំណើរចេញ​ចូលតាម​ច្រកខាង​លើនេះ។ការចុះការ​ដាក់ម៉ាស៊ីន​ស្កេនកំដៅ​រករោគសញ្ញា​ជំងឺអេបូឡានេះ​ដើម្បីពង្រីក​ការងារប្រព័ន្ធ​ការពារដែល​មានស្រាប់ និងរៀបចំ​ប្រព័ន្ធតាម​ដាននិង​ឆ្លើយតប​គោរពតាម​និតិស្តង់ដា​សំដៅការពារ​សុវត្តិភាព និងសន្តិសុខ​ជួនប្រជាពល​រដ្ឋយើង​កុំឲ្យឆ្លងជំងឺ​ដ៏កាច​សាហាវនេះ។

គួរបញ្ចាក់ថា​រហូតមកដល់​ពេលនេះនៅ​កម្ពុជានៅ​មិនទាន់មាន​ករណីសង្ស័យ​ឬឆ្លងជំងឺ​អេបូឡា​នៅឡើយទេ ខណៈដែល​នៅតាមបណ្តា​ប្រទេសនៅ​អាហ្វិកមួយ​ចំនួនកំពុង​ឆ្លងទៅមនុស្ស​រាប់ម៉ឺននាក់ និងសំលាប់​មនុស្សប្រមាណ​១ម៉ឺននាក់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative