សមាគមន៍​ជប៉ុន​ហ្គោជីកៃ ផ្តល់​អណ្តូង​ទឹកស្អាត ៤៥​អណ្តូង​ដល់​ប្រជាពលរដ្ឋ​៤ភូមិ​នៅ​ស្រុក​ក្រលាញ់

ប្រជាពលរដ្ឋ ចំនួនពីរឃុំ គឺ ឃុំតាអាន និងឃុំ​ស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានទទួល​នូវអគារ​សិក្សា ១ខ្នង ស្មើនឹង ៥បន្ទប់ និង អណ្តូង​ទឹក​ស្អាត​ចំនួន ៤៥អណ្តូង ដែលជា​អំណោយរបស់ លោក តូម៉ូយ៉ា តាស៊ីរ៉ូ តាមរយៈ​សមាគមន៍​ជប៉ុន ហ្គោជីកៃ ។

រូបភាព សហការី

រូបភាព សហការី

អគារសិក្សា ១ខ្នង ៥បន្ទប់ និង​ត្រូវ​សាងសង់ ជូនសាលា​​បឋមសិក្សា ហ៊ុន សែន តាអាន ស្ថិតក្នុង​ឃុំតាអាន ស្រុកក្រឡាញ់ ខេត្ត​សៀមរាប។ អគារ​សិក្សា​នេះ នឹងចាប់​ដំណើរការ​សាងសង់ជូន នៅពេល​ឆាប់ៗ នេះ និង​សាងសង់ ឲ្យរួចរាល់​ជាស្ពាពរ​នៅដើម ខែវិច្ជិកា ឆ្នាំ ២០១៥ ដើម្បីឲ្យ​សិក្សានុសិស្ស​បាន​ចូលរៀន​ក្នុងឆ្នាំសិក្សា​២០១៥ ២០១៦​ខាងមុខ ។

ដោយ​ឡែក អណ្តូងទឹក ស្នប់ចំនួន​៤៥អណ្តូង​ទឹកស្អាត​ត្រូវបានចែក​ជូនប្រជាពលរដ្ឋ​ចំនួន៤ភូមិ នៅក្នុងឃុំ​ស្រណាល ស្រុកក្រឡាញ់ ក្នុងនោះ ភូមិរំដេង ទទួលបាន ៤អណ្តូង ភូមិរហាល ទទួលបាន ១២អណ្តូង ភូមិគោកត្នោត ទទួលបាន៥ អណ្តូងនិង ភូមិស្រណាល​ទទួលបាន ២៤ អណ្តូង ។

លោក តូម៉ូយ៉ា តាស៊ីរ៉ូ តំណាងម្ចាស់​អំណោយបាន​និយាយថា សមាជិក ហ្គោជីកៃ បានមកកាន់​ខេត្តសៀមរាប ជាញឹកញាប់ ហើយបាន​ជួយកសាង​សាលារៀន និង កសាង​អណ្តូង​ទឹកស្អាត ជូនប្រជាពល​រដ្ឋកម្ពុជា នៅតាម​បណ្តា​សហគមន៍​ដែលខ្វះខាត ។ លោកក៏បាន​បង្ហាញនូវ​ក្តីសោមនស្ស​រីករាយ និង មានមោទនភាព​ក្រៃលែង ដែលបាន​មកចែករំលែក​ការដោះស្រាយ​ឆ្លើយតប​តាមតម្រូវ​ការរបស់​ប្រជាពលរដ្ឋ​កម្ពុជា ដែលខ្វះខាត នៅទីនេះ ។ លោក​ក៏បានសូម​ឲ្យប្រជាពល​រដ្ឋទាំងអស់​ប្រើប្រាស់ អណ្តូង​ទឹកស្អាត​ទាំងនោះ ដោយ​រីករាយ និង​ប្រកបដោយ​ផាសុកភាព​ល្អប្រសើរ ។

លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌលខេត្ត​សៀមរាប​ដែលបានចូលរួម​នាឪកាសនោះ​​បានមាន​ប្រសាសន៏​ឲ្យដឹងថា សមាគម ហ្គោជិកៃ​បានមក ជួយកសាង​សាលារៀន និង​អណ្តូងទឹក​ស្អាតជូន​សហគមន៍ ប្រជាពលរដ្ឋ​ក្នុងខេត្ត​សៀមរាប ចាប់តាំង​ពីឆ្នាំ ២០០៩មក រហូតមកដល់​ពេលនេះ​សមាគមន៏​នេះបាន​ជួយអគារ​សិក្សា សរុបបាន​ចំនួន ៤អាគារ និង​អណ្តូង​ទឹកស្អាត​បានចំនួន​៣០៩ អណ្តូង ។

ក្នុងនាម​​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ជនបទនៃ​ខេត្តសៀមរាប លោក​ឧកញ៉ា សៀង ណាំ បានថ្លែង​អំណរគុណ​យ៉ាងធំធេង ចំពោះលោក តូម៉ូយ៉ា តាស៊ីរ៉ូ ព្រមទាំង​សមាជិក​សមាជិការ​ទាំងអស់ នៃសមាគម ហ្គោជិកៃ​ប្រទេសជប៉ុន ដែលបានរួម​ចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការជួយ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ ក្នុងវិស័យអប់រំ អភិវឌ្ឍ​ធនធានមនុស្ស និង​បានចូលរួម​យកចិត្តទុក​ដាក់លើការងារ​ធ្វើឲ្យ​ប្រសើរឡើង នូវសុខុមាលភាព​របស់​ប្រជាពល​រដ្ឋ​កម្ពុជា តាមរយៈនៃ​ការកសាង​អណ្តូង​ទឹកស្អាត ជូន​សហគមន៍៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative