សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ចុះMOU​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ

ក្នុងគោលដៅ​ស្របគ្នា សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល និងសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ បានចុះ​អនុស្សរណៈ​យោគយល់គ្នា ដើម្បីគ្រឹះស្ថាន​ឧត្តមសិក្សា​នេះអាចផ្តល់​គ្រូពេទ្យ និង​និស្សិតពេទ្យ​ស្ម័គ្រចិត្តចុះ​ជួយព្យាបាល​ជំងឺប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន។

រូបភាព សហការី

រូបភាព សហការី

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ​នៃសាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល បានមាន​ប្រសាសន៍​ឲ្យដឹងក្នុង​ពិធីចុះ​ហត្ថលេខា​នៅល្ងាច​ថ្ងៃទី១២ វិច្ឆិកា​កន្លងមក ដោយបាន​សម្តែង​អំណរគុណ​ដល់លោក​បណ្ឌិត ហ៊ុន ម៉ាណែត និង​លោកស្រី​ដែលបាន​ផ្តល់ឳកាស​ឲ្យមន្រ្តី បុគ្គលិក​របស់​សាកលវិទ្យាល័យ និស្សិតឲ្យ​មានលទ្ឋភាព​កាន់តែ​ជិតស្និទ្ឋ ជាមួយ​ប្រជាពលរដ្ឋ​ក្នុងការផ្តល់​សេវា​សុខភាព​ជូនពួកគាត់​នៅតាម​សហគមន៍ តាមរយៈ​កិច្ចសហការ​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ និង​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល។

លោកបន្ត​ថា “យើងខ្ញុំ​ទាំងអស់គ្នា​ជាថ្នាក់​ដឹកនាំ មន្រ្តី​បុគ្គលិក និស្សិតនៃ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល នឹងខិតខំ​ប្តេជ្ញាក្តាប់​យកឳកាស​នេះ​ដើម្បី​សិក្សា​ពង្រឹង និង​ពង្រីកចំណេះ​ដឹងផង និងផ្តល់​នូវសេវា​បំរើប្រជា​ពលរដ្ឋឲ្យ​បានកាន់តែ​ប្រសើរ​ថែមទៀត”។

សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ជាគ្រឹះស្ថាន​បណ្តុះបណ្តាល​វិស័យវិទ្យាសាស្រ្ត​សុខាភិបាល​ចំណាស់ជាង​គេនៅកម្ពុជា ដែលបាន​បង្កើតទ្បើង​នៅឆ្នាំ​១៩៤៦ មានឈ្មោះ​ថា “សាលា​មន្រ្តី​សុខាភិបាល” ហើយក្លាយ​ជាមហាវិទ្យាល័យ​វេជ្ជសាស្រ្ត និង​វិទ្យាស្ថាន​ទន្តសាស្រ្ត​នៅឆ្នាំ ១៩៧១ និងបាន​ប្រែ​ក្លាយ​ជា​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​នាឆ្នាំ១៩៩៧ ក្រោយពីការ​ច្របាច់​បញ្ចូលគ្នា​នូវមហាវិទ្យាល័យ​ចម្រុះមួយ​ចំនួន។ សាកលវិទ្យាល័យ​នេះបណ្តុះ​បណ្តាល​លើបីកម្រិត គឺកម្រិត​បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់ក្រោយ​បរិញ្ញាបត្រ និង​មាននិស្សិត​បញ្ចប់ការ​សិក្សាចំនួន​១៥ ១២៧នាក់​ចាប់តាំង​ពីឆ្នាំ១៩៨០ ដល់ឆ្នាំ​២០១៣”។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុម​ប្រឹក្សាភិបាល​សមាគមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ បានមាន​ប្រសាសន៍​លើកទ្បើង​ពីប្រវត្តិ​របស់​សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេចតេជោ​ថា សមាគមនេះ​ទើបបង្កើត​នៅថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការណែនាំ​របស់សម្តេច​តេជោ ហ៊ុន សែន ដើម្បីរៀបចំ​និងផ្តល់​សេវាមួយ​ដើម្បីជួយ​ដល់ការងារ​សង្គម។ លោក​បន្តថា សមាគមនេះ​បង្កើតទ្បើង​ក្នុងគោល​បំណងចំនួន​ពីរ ទី១ ដើម្បីផ្តល់​សេវាជូន​ប្រជាពលរដ្ឋ ទោះជាមាន​រូបភាពមិនធំ​និងមាន​និរន្តរភាព​ក្តី តែជាសកម្មភាព​ដែលបានផ្តល់​ជូនប្រជាពលរដ្ឋ​ដោយផ្ទាល់ដៃ ទី២ ផ្តល់ឳកាស​ដល់គ្រូពេទ្យ និង​យុវជនដែល​មានឆន្ទៈ​រួមគ្នាអាច​រួមគ្នាធ្វើ​កិច្ចការងារ​សង្គម និងផ្តល់​ឳកាសឲ្យ​ប្អូនៗនិស្សិត ដែលមាន​ឆន្ទៈអាច​ចែករំលែក​ពេលវេលា​ចុះជួយ​ព្យាបាលជំងឺ​ប្រជាជន​នៅតាម​មូលដ្ឋាន។

លោក​បន្តថា “អ្វីដែលសំខាន់គឺការចូលរួមពីប្រជាពលរដ្ឋ ពីសប្បុរសជន និងពីនិស្សិតរបស់យើង បើទោះជាការងារយើងលំបាកនិងមានបញ្ហាប្រឈមក្តី តែការមាន​ឆន្ទៈរួមគ្នា​នេះហើយ ដែលធ្វើឲ្យ​យើងទទួល​បានជោគជ័យ”។ លោក​បន្ថែមថា “ការសហការ​ចូលរួមពី​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិ​បាល គឺជា​សក្ខីកម្ម បង្ហាញពី​ការគាំទ្រ​របស់សាកល​វិទ្យាល័យនេះ ហើយខ្ញុំជឿ​ជាក់ថា​ការផ្តល់​កិត្តិយស​ចូលរួមនេះ ជាការងារល្អ​ណាស់ក្នុង​ការជំរុញ​លើកទឹកចិត្ត​ចំពោះការងារ​មនុស្សធ៌ម”។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ត​ថា រយៈពេលជិត​២ឆ្នាំកន្លង​មកនេះ សមាគមនេះ​បានធ្វើការងារ​ជាច្រើន ដោយបាន​ព្យាបាលជំងឺ​ជូនប្រជាពល​រដ្ឋបានជាង៨០០០០​នាក់នៅទូទាំង​ប្រទេស។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative