អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បើក​យុទ្ធនាការ​លាង​សំអាត​ច្រាំង​ទន្លេ​ក្រោយ​បុណ្យ​អុំទូក

ដើម្បី​លើកកម្ពស់ សោភ័ណភាព ទីក្រុង និងការ​ជាការទាក់ទាញ​ភ្ញៀវជាតិ និង​អន្តរជាតិ មកទស្សនា​រាជធានី​ភ្នំពេញ​កាលពីរសៀល​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ប្រជាការពារ ខណ្ឌដូនពេញ បានរួមគ្នា ដុះលាង​ច្រាំងទន្លេ តាម​បណ្តោយ ផ្លូវព្រះ​សីសុវត្ថិ ។

រូបភាព សហការី

រូបភាព សហការី

មន្រ្តីសាលា ខណ្ឌដូនពេញ បានឲ្យ​ដឹងថា « ថ្ងៃនេះ ប្រជាការពារ ខណ្ឌដូនពេញ បាននាំ​គ្នាលាង សំអាតច្រាំង​ទន្លេក្នុង​គោលបំណង រក្សាបរិស្ថាន បំបាត់ ក្លិនស្អុយ ឆ្អេះឆ្អាប​ដើម្បីឲ្យ​ភ្ញៀវទេសចរណ៍​ជាតិ អន្តរជាតិ និង​ប្រជាជន មកហាត់​ប្រាណ ឬលំហែរ ស្រូបយក​ខ្យល់​បរិសុទ្ធ​ពីមាត់​ទន្លេ​ចតុមុខ​យើង» ។
សូម​បញ្ជាក់ថា​ទោះបីជា​មិនមាន​ការរៀបចំ​ពិធីបុណ្យ​អុំទូក​ក្តីក៏ ប្រជា​ការពារខណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ខណ្ឌដូនពេញ​តែងតែ​បានចុះ​លាងសំអាត ច្រាំង​ទន្លេ ជាប្រចាំ នៅតាម​បណ្តោយ​ផ្លូវ​ព្រះសីសុវត្ថិ ពីព្រោះ​កន្លែងខ្លះ ធំក្លិន​ឆ្អេះឆ្អាប និង​ក្លិនស្អុយ ដោយសារ​តែប្រជាពលរដ្ឋខ្លះ បានបត់​ជើងតូច ជើងធំ និង​បោះចោល​សំណល់ សំរាមផ្សេងៗ ដោយមិនបាន គិតគូដល់ បញ្ហា​បរិស្ថាន​នោះឡើយ។

ក្នុងការបោស​សំអាតទីក្រុង​នេះដែរកាល​ពីក្រោយបុណ្យ​អុំទូក សាលារាជធានី​សហការ​ជាមួយក្រុម​អ្នកស្មគ្រ័ចិត្ត​សរុបប្រមាណ​៨០០នាក់​បានធ្វើការ​បោសសំអាត​ទីក្រុងភ្នំពេញ​ឲ្យវិលរក​ភាពដើមវិញ បន្ទាប់ពីពិធី​បុណ្យអុំទូក​បានបញ្ចប់។

អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន ធ្លាប់បាន អំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមកកំសាន្ត នៅតាមមាត់ទន្លេ ត្រូវចេះរក្សា​អនាម័យ និង​បរិស្ថាន ឲ្យបាន ល្អប្រសើរ និងគ្រប់ៗគ្នា ដើម្បីចូលរួម លើកកម្ពស់​សោភ័ណភាព​ទីក្រុង ព្រមទាំងការ ទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative