រដ្ឋាភិបាល គ្រោង​នឹង​បង្កើត​មហា​វិទ្យាល័យ​រដ្ឋមួយ​ចំនួន​បន្ថែម​ទៀត

រដ្ឋាភិបាល​កម្ពុជាគ្រោង​នឹងបង្កើត​មហាវិទ្យាល័យ​រដ្ឋមួយ​ចំនួន​បន្ថែមទៀត​ដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅកម្ពុជា។

រូបភាព សហការី

រូបភាព សហការី

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ ​យុវជន ​និងកីឡា​ បានមាន​ប្រសាសន៍​កាលពីពេល​ថ្មីៗនេះ​ឲ្យដឹងថា​ក្នុងគោលដៅ​ដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅកម្ពុជា​ឲ្យមាន​សមត្ថភាព​ដូចប្រទេស​ជឿនលឿន​ដទៃ នៅឆ្នាំ ២០១៥ ខាងមុខ​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹង​ចំណាយ​ថវិកា​បង្កើត​មហាវិទ្យាល័យ​មួយចំនួន​បន្ថែមទៀត។ លោករដ្ឋមន្ត្រី​ក្រសួងអប់រំ ហង់ ជួន​ណារ៉ុន បានអះអាង​ថា មហាវិទ្យាល័យ​សំខាន់​ជាងគេ ដែលរដ្ឋាភិបាល​គ្រោងនឹង​បង្កើតថ្មី​នោះ គឺមហា​វិទ្យាល័យ​វិស្វកម្ម។ លោករដ្ឋមន្ត្រី​បានបន្ត​ថា គម្រោង​បង្កើត​មហាវិទ្យាល័យ​ថ្មីនេះ ក៏ជាហេតុផល​ចម្បង​ដែលធ្វើឲ្យ​រដ្ឋាភិបាល​ត្រូវបន្ថែម​ថវិកាលើ​ការចាយវាយ​របស់ក្រសួង​អប់រំផង​ដែរ ក្រៅពីដំឡើង​ប្រាក់បំណាច់​មុខងារ​បន្ថែមទៀត​ដល់មន្ត្រី​រាជការ​ក្រសួងអប់រំ​នៅឆ្នាំក្រោយ ។

គួរបញ្ជាក់​ថានៅឆ្នាំ​២០១៥​ខាងមុខនេះ រាជរដ្ឋាភិ​បាលកម្ពុជា គ្រោង​ចំណាយលើ ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៧ ភាគរយ (ប្រហែល ៦៥៥លាន​ដុល្លារ) នៃថវិកា​ជាតិសរុប​ឆ្នាំ ២០១៥ ដែលទើប នឹងដាក់​ជូនសភា​ត្រួតពិនិត្យ។ ថវិការដ្ឋ ដែលគ្រោង​ចំណាយ​នៅឆ្នាំ ២០១៥ មានប្រមាណ ១៥.៦៩៩.​៥២៩ លានរៀល ឬប្រហាក់​ប្រហែលនឹង ៣.៨៥៣ លានដុល្លារ ដែលចំនួន​នេះកើន​ឡើង ១០,៨ ភាគរយ បើធៀប​នឹងច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១៤។ ឆ្នាំ​២០១៤ ​មានចំនួន​១៤.១៦៦. ១៩៥ លានរៀល ឬ ប្រហាក់​ប្រហែល ៣.៤៥៥ លានដុល្លារ។

លោក ហង់ ជួនណារ៉ុន បានបញ្ជាក់​ថា ថវិកា ដែលរដ្ឋាភិបាល​គ្រោងចំណាយ​ទៅលើ​ក្រសួង អប់រំ​នៅឆ្នាំ​ក្រោយនេះ មាន​ចំនួន ១៧ភាគរយ​នៃថវិកា​ជាតិ​សរុប ដែលបាន​កំណត់នៅក្នុង​សេចក្តីព្រាង ច្បាប់ថវិកា​ជាតិ ឆ្នាំ ២០១៥ ។ ចំនួន​ថវិកានេះ កើនឡើង ១៨ ភាគរយ​បើប្រៀបធៀប​នឹងថវិកា​ក្រសួង អប់រំ​កាល​ពីឆ្នាំ ២០១៤ កន្លងទៅ ទំហំទឹកប្រាក់​ដែលរដ្ឋាភិបាល​បានចំណាយ​លើក្រសួង​អប់រំនៅ មានប្រមាណ ១.៣៤២.០៤៩ លានរៀល ឬប្រហាក់​ប្រហែល​៣២៩លាន​ដុល្លារ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative