សមត្ថកិច្ច​បង្ក្រាប​ទីតាំង​បង្ខាំង​មនុស្ស​ធ្វើ​ទារុណ្ឌកម្ម និង​ជំរិត​ប្រាក់​របស់​ជនជាតិ​វៀតណាម​ដ៏ធំ

ទីតាំងបង្ខាំង​មនុស្សធ្វើ​ទារុណ្ឌកម្ម ជំរិតប្រាក់​មួយកន្លែង​ស្ថិតនៅភូមិ​ក្រយាជើង ឃុំក្រយា ស្រុកប្រាសាទ​បល្ល័ង ខេត្តកំពង់ធំ​របស់ជនជាតិ​វៀតណាម​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នគរបាលនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ចុះបង្ក្រាប និងរំដោះ​បានជនជាតិ​វៀតណាម​ចំនួន១១នាក់ ហើយបាន​បញ្ជួន​ត្រឡប់ទៅ​ស្រុក​កំណើតវិញ។

រូបភាព​ សហការី

រូបភាព​ សហការី

ការចុះបង្ក្រាប​នោះក្រោម​ការដឹកនាំ​បញ្ជាផ្ទាល់​ដោយលោក​ឧត្តមសេនីយ៍​ត្រី ជូ សំអាន ស្នងការខេត្ត​កាលពីថ្ងៃ​ទី០៨.០៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយធ្វើ​ការចាប់ខ្លួន​ជនជាតិ​វៀតណាម​២នាក់ និង​ស្ត្រីខ្មែរម្នាក់ ពីបទបង្ខាំង​មនុស្សធ្វើ​ទារុណ្ឌកម្ម និង​ជំរិតទារ​ប្រាក់ ។ ពាក់ព័ន្ធ​ហេតុការណ៍​ខាងលើ លោកឧត្តម​សេនីយ៍ត្រី ជូ សំអាន ស្នងការ​បានឲ្យ​ដឹងថា ក្នុងអំឡុង​ខែកញ្ញា ឆ្នាំ២០១៤ លោកបាន​ទទួលពត៌មាន​ពីខេត្តឧត្តរ​មានជ័យ​ជុំវិញ​សកម្មភាព​របស់មុខ​សញ្ញាមេក្លោង​ជាប្ដីឈ្នោះ ហួ តាប់ ហៅ​បងទី៦ ឬ​បងសាវ អាយុ៤២ឆ្នាំ ជាជនជាតិ​វៀតណាម កាន់អត្តសញ្ញាណ​ប័ណ្ណខ្មែរ​ចេញដោយ​អាជ្ញាធរខេត្ត​ស្វាយរៀង និង​ប្រពន្ធឈ្មោះ ធឿន ស្រីតួច អាយុ៣៣ឆ្នាំ ជាជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ/ឃុំ​កើតហេតុ ។ ក្រោយទទួល​បានពត៌មាន​ខាងលើ លោកក៍បាន​ចាត់មន្ត្រី​នគរបាល​ស្រុកប្រាសាទ​បល្ល័ង្គឲ្យ​ធ្វើការ​តាមដាន និងស្រាវជ្រាវ រហូតដល់​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្រាប់តែ​មានជនជាតិ​វៀតណាម​២នាក់ ដែលបាន​រត់ចេញពី​ទីតាំងផ្ទះ​ខាងលើមក​ប្ដឹងដល់​សមត្ថកិច្ច​ប៉ុស្តិ៍មូលដ្ឋាន ឲ្យជួយ​អន្តរាគមន៍​រំដោះជន​រងគ្រោះជា​ច្រើននាក់​ដែលកំពុង​ជាប់ឃុំឃាំង​ក្នុងផ្ទះ ភ្លាមនោះ​សមត្ថកិច្ច​ក៍បាន​អន្តរាមន៍​ធ្វើការឡោមព័ន្ធ​ទីតាំងផ្ទះ​ខាងលើ រហូត​រំដោះបាន​ជនជាតិ​វៀតណាម ១១នាក់ ក្នុងនោះ​ស្រី២នាក់ និងឃាត់​ខ្លួន​ជនមេក្លោង​ឈ្មោះ ហូ តាប់ ហៅសាវ ហៅបងទី៦ ជាម្ចាស់ផ្ទះ កាន់អត្ត​សញ្ញាណប័ណ្ណ​ខ្មែរលេខ ០៩០៣៨៨៨២២ និងប្រពន្ធ​ឈ្មោះ ធឿន ស្រីតូច ព្រមទាំង​ដកហូតបាន​លុយដុល្លា​ក្លែងក្លាយ​ចំនួន២ម៉ឺន រថយន្តកាមរី​១គ្រឿង និង​វត្ថុតាង​សំរាប់ធ្វើ​ទារុណ្ឌកម្ម​មនុស្សមួយ​ចំនួនធំ ។

លោកស្នង​ការបានរៀបរាប់​ទៀតថា​រហូតដល់​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៤ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិវៀត​ណាមម្នាក់​ឈ្មោះ ង្វៀន វ៉ាន់ធឿ អាយុ២២ឆ្នាំ គឺជាជន​ដៃដល់ក្នុង​ការធ្វើ​ទារុណ្ឌកម្ម​មនុស្ស ទីលំនៅ​ខេត្តឡុងអាន សូមបញ្ជាក់​ថាឈ្មោះ ង្វៀន វ៉ាន់ធឿ ក៍ត្រូវបាន​មេក្លោងពីរ​នាក់ប្ដីប្រពន្ធ​ចាប់ពង្រាត់​ពីប្រទេស​វៀតណាម មកអំឡុង​ជា២ខែ ក្រោយមក​អតីតជន​រងគ្រោះ​ម្នាក់នេះ​មានការត្រូវ​រ៉ូវជាមួយ​ប្ដីប្រពន្ធ​មេក្លោង​ក៍ក្លាយ​ជាជនដៃ​ដល់ ធ្វើទារុណ្ឌកម្ម​លើជនរង​គ្រោះជាជន​ជាតិវៀតណាម​ទាំង១១​នាក់ ដែលមេក្លោង​ពីរនាក់ប្ដី​ប្រពន្ធបាន​លួងលោម​ពង្រាត់ពី​ប្រទេស​វៀតណាម មកជា​បន្តបន្ទាប់​ប្រមាណជាង​១ខែមក​ហើយ ។

លោកឧត្តមសេនីយ៍ បានបន្តថា ក្រោយរំដោះ​​ជនរងគ្រោះ និងឃាត់ខ្លួន​មេក្លោងទាំង​៣រួច នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់សមត្ថកិច្ច​ថា ពីរនាក់ប្ដី ប្រពន្ធ​ខាងលើបាន​អួសទាញ​ពួកគេពី​ស្រុកកំណើត​ប្រទេស​វៀតណាម ដោយសន្យា​ជួយរក​ការងារនៅ​ព្រំដែន​ខ្មែរថៃ ដោយទទួល​បានកំរៃ​ខ្ពស់ ទៅតាម​សមត្ថភាព ។ ក្រោយពួកគេ​ធ្វើដំណើរមក​តាម មេក្លោង​ទាំងពីរក៍​បានយកមក​បង្ខាំង​ទុកក្នុងបន្ទប់​មិនឲ្យដើរ​ចេញក្រៅ សូម្បីចូល​បន្ទប់ទឹកក៍​មានអ្នកតាម និង​ផ្ដល់អាហារ​ហូបចុកតែ​១ថ្ងៃ២​ពេល ១ពេល​១ចានចង្កិះ និង​បានវាយធ្វើ​បាបឆក់​ខ្សែភ្លើង វាយ​និងដំបង ទាត់ធាក់ រួចហើយឲ្យ​និយាយទូរស័ព្ទ​ទៅគ្រួសារ​ជំរិតទារលុយ ២០០០​ដុល្លារ ៣០០០​ដុល្លារ ទៅ ៥០០០ដុល្លារ ។ ក្នុងនោះ ក៍មាន​គ្រួសារខ្លះ​វេលុយ​ឲ្យពួកគេ​ជាបន្តបន្ទាប់​រួចហើយដែរ ។

លោកស្នងការ​​បានឲ្យដឹង​ទៀតថា​នៅថ្ងៃ​ទី០៩ ក្រោយធ្វើការ​នាំជនរងគ្រោះ​ទាំងអស់មក​ដល់ស្នងការ​ដ្ឋានដើម្បី​ចាត់បញ្ជូន​ជនជាតិ​វៀតណាម​ទៅប្រទេស​កំណើត​វិញ ស្រាប់តែ​ប្រភពពត៌មាន​បានឲ្យដឹងថា មានជនជាតិ​វៀតណាម​៣នាក់ស្រីម្នាក់ បានរត់គេច​ខ្លួនដោយ​លួចធ្វើដំណើរ​តាមរថយន្ត​តាក់ស៊ីបាត់​ផងដែរ ។ តែទោះយ៉ាង​ណាជនជាតិ​វៀតណាម​ទាំង១១នាក់​ត្រូវបាន​បញ្ជូនទៅ​ប្រទេសកំណើត​វិញក្នុងថ្ងៃ​ដដែល ដោយឡែក​មេក្លោង និងគូរកន​ទាំង៣នាក់​កំពុងត្រូវ​បានសមត្ថកិច្ច​ព្រហ្មទណ្ឌក​សាងសំណុំ​រឿងបញ្ជូន​ទៅសាលា​ដំបូងខេត្ត​ដើម្បីផ្ដន្ទា​ទោសតាម​ច្បាប់។

សូមបញ្ជាក់ថា​នេះជាអំពើ​ចាប់បង្ខាំង​ធ្វើទារុណ្ឌកម្ម និងជំរិត​ប្រាក់ដ៍ធំមួយ​ដែលមិនធ្លាប់​កើតមានក្នុង​ទឹកដីខេត្ត​កំពង់ធំនេះ​ពីមុន​មកទេ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative