វេជ្ជបណ្ឌិត លី ចេងហ៊ុយៈ ការរសិក្សា​វិជ្ជាជីវៈពេទ្យ​ដើម្បីក្លាយ​ជាអ្នកមាន​ជាការយល់​ច្រទ្បំដ៏​ធំមួយ

អ្នកមានបំណង​ធ្វើជាគ្រូពេទ្យ​តែងតែ​គិតថា ការសិក្សា​យកចំណេះ​ដឹងផ្នែកនេះ នឹងជួយ​ឲ្យពួកគេ​រកប្រាក់​បានច្រើន តែលោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បានគិតថា ការគិត​បែបនេះ​ជាការយល់​ច្រទ្បំដ៏ធំមួយ ព្រោះគ្រូពេទ្យ​មិនមែនជា​មុខរបររក​ប្រាក់ទេ គឺជាមុខ​របរជួយ​សង្រ្គោះមនុស្ស និងជា​មនុស្សមាន​ចិត្តជួយ​អ្នកដទៃ។

វេជ្ជបណ្ឌិតលី ចេងហ៊ុយ ទទួលប័ណ្ខសរសើរ ពីរដ្ឋមន្រ្តី​ក្រសួង​ព៌តមាន លោក ខៀវ កាញារីទ្ឋ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ទទួលប័ណ្ខសរសើរ ពីរដ្ឋមន្រ្តី​ក្រសួង​ព៌តមាន លោក ខៀវ កាញារីទ្ឋ

ដោយបាន​ចាប់ផ្តើម​ក្រុមបោះពុម្ព​សៀវភៅ​ឈ្មោះ Galaxy នៅឆ្នាំ១៩៩៩ ដែលជា​សៀវភៅ​អប់រំ​សុខភាព និងក្រោយ​មកបានផ្អាក ហើយចាប់ផ្តើម​បោះពុម្ព​ទស្សនាវដ្តី​សុខភាពយើង ចាប់តាំង​ពីឆ្នាំ២០០៥​មក លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បានចាប់​អារម្មណ៍​ការងារ​ផ្សព្វផ្សាយ​សារអប់រំ​ពីសុខភាព ជាជាង​បើក​គ្លីនិក រកប្រាក់​ផ្ទាល់ខ្លួន បើទោះជា​លោកបាន​បញ្ចប់ការ​សិក្សាជំនាញ​ឯកទេស​ជំងឺអេដស៍ សុខភាព​បន្តពូជ និងជំងឺកាមរោគ​នៅសាកល​វិទ្យាល័យ​​ប៉ារីស​ទី៧ និង​បាន​​បញ្ចប់ការ​សិក្សាផ្នែក​ស្រាវជ្រាវ​​អេពីដេមីសាស្រ្ត នៅសាកល​វិទ្យាល័យ​ប៉ារីស៦ និងអនុ​បណ្ឌិត​សុខភាព​សាធារណៈ នៅ​សាកល​វិទ្យាល័យ​បារាំង​ទី១១ (ប៉ារីសត្បូង) ក៏ដោយ។

លោកបាន​​ផ្អាកបោះពុម្ព​ទស្សនាវដ្តី​សុខភាពយើង នៅឆ្នាំ២០១៣ ហើយបាន​បំលែង​អត្ថបទ​ពីទស្សនាវដ្តី និងបង្ហោះ​ព៌តមានទាន់​ហេតុការណ៍​ថ្មីៗ​ទាក់ទង​វិស័យ​វេជ្ជសាស្រ្ត និងសុខភាពទូទៅ ក្នុងគេហទំព័រ​សុខភាពកម្ពុជា (www.healthcambodia.com) ជំនួសវិញ ព្រោះលោក​យល់ថា​បច្ចុប្បន្ននេះ​មាន មនុស្ស​ចូលចិត្តអាន​ព៌តមាន​តាមវេបសាយ​ច្រើនជាងមុន។

តើកត្តាអ្វី​ទៅទើប​ធ្វើឲ្យ​លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ដក់ជាប់​ជាមួយការអប់រំពី​​បញ្ហាសុខភាព​ជាជាងធ្វើ​ជាគ្រូពេទ្យ​ព្យាបាល ? លោកវេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ថា “ការបោះពុម្ព​ទស្សនាវដ្តី និង​គេហទំព័រ គឺខ្ញុំចង់​ធ្វើយ៉ាងណា​ឲ្យប្រជាពលរដ្ឋ​​មានចំណេះដឹង ដែលអាចថែរ​រក្សាសុខភាព​របស់គាត់ បើទោះ​ជាសាររបស់យើង​មិនខ្ពង់​ខ្ពស់​​ដល់សហរដ្ឋ​អាមេរិក និង​បារាំងក្តី តែខ្ញុំចង់​ឲ្យគេហទំព័រ​នេះក្លាយជា​អន្តរការី​រវាងគ្រូពេទ្យ និងអ្នកជំងឺ​អាចទំនាក់​ទំនងគ្នាបាន”។ លោកបន្ថែម​ថា “ខ្ញុំមាន​បំណងប្រែ​ក្លាយវេប​សាយនេះ ធ្វើជា​អន្តរការី​រវាងអ្នក​នយោបាយ អ្នក​រៀបចំ​គោល​នយោបាយ​សុខាភិបាល និងប្រជាពលរដ្ឋ អាចទំនាក់​​ទំនងគ្នា​បាន ព្រោះខ្ញុំគិត​ទាំងភាសា​អ្នកសរសេរ និង​ពាក្យពេជន៍​ដែលទទួល​យកបាន​ពីគ្រូពេទ្យ និងពី​មិត្តអ្នកអាន”។

វេជ្ជបណ្ឌិតលី ចេងហ៊ុយ ចូលរួមការងារ ជាមួយ​លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន

វេជ្ជបណ្ឌិត​ លី ចេងហ៊ុយ ចូលរួមការងារ ជាមួយ​លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន

ក្នុងនាមជា​វេជ្ជបណ្ឌិតម្នាក់ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ក៏មាន​បំណងឲ្យ​ប្រជាពលរដ្ឋ អាចទទួល​បានព៌តមាន​ពីសុខភាព​ឲ្យបានកាន់​តែទូលំទូលាយ​ផងដែរ ព្រោះថា​សុខភាពមិន​សំដៅលើ​តែជំងឺនោះទេ តែនិយមន័យ​របស់អង្គការ​សុខភាព​ពិភពលោក​ថា សុខភាព​មិនមែន​ត្រឹមតែថា​មិនមាន​ជំងឺនោះទេ ឬមាន​ជំងឺនោះទ្បើយ តែត្រូវ​មានសុខភាព​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ សង្គម និង​ផ្លូវសេដ្ឋកិច្ច។ ការគ្រោះថ្នាក់​ចរាចរ ការឈ្លោះគ្នា បែកបាក់​គ្រួសារ ការលែង​លះ រឿង​បរិស្ថាន ចំណីអាហារ​សុទ្ឋតែ​ជាបញ្ហា​សុខភាព។

តាមរយៈបទ​ពិសោធន៍​បោះពុម្ព​សៀវភៅ “២៤ម៉ោង​ដើម្បី​សុខភាពល្អ”​បាន ជោគជ័យ ដោយពេល​នោះសហគមន៍ សាលារៀន​បានយក​សៀវភៅនេះ ជាគោល​ដើម្បីអប់រំ​ពីបញ្ហា​សុខភាពដល់​ប្រជាពលរដ្ឋ​ខ្មែរ។ រយៈពេល​ប៉ុន្មានឆ្នាំក្រោយ​មកប្រជាពលរដ្ឋ​ចាប់ផ្តើមចេះ​ហាត់ប្រាណ ចាប់ផ្តើម​និយាយពី​បញ្ហា​សុខភាព ហើយពេលណា​ប្រជាជន​ចាប់ផ្តើមនិយាយ​ពីសុខភាព មានន័យថា​ពួកគាត់មាន​ការយល់ដឹង​ពីការថែររក្សា​សុខភាពរបស់​ខ្លួនហើយ ទោះជាការ​ថែទាំមាន​កម្រិតទាបក្តី តែក៏ជាការ​ចាប់ផ្តើម​ដ៏ល្អ ហើយប្រព័ន្ឋ​ផ្សព្វផ្សាយ​នានាចាប់​តាំងពីវិទ្យុ ទូរទស្សន៍ កាសែតបាន​ចាប់ផ្តើម​សរសេរ​អត្ថបទ និង​បង្កើត​កម្មវិធីអប់រំ​ពីបញ្ហា​សុខភាព​ច្រើន ក្រោយពេល​លោកបាន​បង្កើត​ទស្សនាវដ្តី​សុខភាពយើង​នៅឆ្នាំ​២០០៥។

ហេតុអីលោក​មិនបើក​ព្យាបាល​ជំងឺដោយ​ខ្លួនឯង? លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បានពន្យល់​ថា ការដែល​លោកងាក​មកចាប់​អារម្មណ៍​ផ្តល់សារ ឬព៌ត​មាន​ពីបញ្ហា​សុខភាព ដោយសារកក្តា​មួយចំនួន ដូចជា ទី១ ដោយសារ​តម្រូវការ​ពីសង្គម ត្រូវការប្រព័ន្ឋ​ព៌តមាន​សុខភាព និង​អប់រំពី​បញ្ហាសុខភាព ទើប​លោក​សម្រេចចិត្ត​ងាកមកផ្តោត​លើការបោះពុម្ព​សៀវភៅ​សុខភាព ទី២ លោកនៅ​តែបន្ត​ព្យាបាលជំងឺ​ផងដែរ​នាពេលនេះ តែបើយើង​ចំណាយពេល​មួយ​ម៉ោង​យើងអាច​ព្យាបាល​អ្នកជំងឺ​បានតែម្នាក់ តែបើយក​ពេលមួយ​ម៉ោងមក​សរសេរ​ស្រាវជ្រាវ​អត្ថបទ អត្ថបទនោះ​អាចមាន​មនុស្ស​មើល​យ៉ាង​ហោច​ណាស់​​ពី​៥,០០០​ទៅ១០,០០០​នាក់។

លោកបន្ត​ថា “កន្លងមក​ឪពុកម្តាយ អាណា​ព្យាបាលខ្មែរ និង​កូនខ្មែរមួយ​ចំនួនយល់ថា​វិជ្ជាជីវៈពេទ្យ ជាវិជ្ជាជីវៈ​រកលុយបាន​ច្រើន អាចក្លាយ​ជាអ្នកមាន ការពិតនោះ​ជាទស្សនមួយ​គិតខុស។ ពីក្មេង​ឪពុកម្តាយខ្ញុំ និង​ខ្ញុំខ្លួនឯង​ក៏ធ្លាប់គិត​បែបនេះ តែពេល​ចូលរៀន​សាលាពេទ្យ​ទើបដឹងថា ការគិតបែប​នោះជា​ការ​គិតខុស ព្រោះវិជ្ជាជីវៈ​ពេទ្យ​ជាវិជ្ជាជីវៈ​ត្រូវជួយគេ ហើយបើចង់​ធ្វើជាអ្នក​មានគួរទៅ​ធ្វើអាជីវកម្ម​វិញប្រសើរ​ជាង”។ លោកបន្ត​ថា “វិជ្ជាជីវៈ​ពេទ្យ ជាវិជ្ជា​ជីវៈ​ត្រូវជួយ​សង្គម គឺមានន័យ​ថាត្រូវបំបាត់​អស់កិលេស ទើបធ្វើ​គ្រូពេទ្យ​បាន តែបើគ្រូពេទ្យ​នៅតែចង់​ធ្វើអ្នកមាន មានន័យថា​គ្រូពេទ្យនោះ​ប្រព្រឹត្តខុស​ក្រមសីលធ៌ម ព្រោះ​បើគ្រូពេទ្យ​យកលុយជា​ធំមានន័យថា គាត់ទុក​បច្ចេកទេស ទុកក្រម​សីលធ៌ម​មួយដុំហើយ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative