រាជរដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា​៦៥៥​លាន​ដុល្លា លើក្រសួង​អប់រំ នៅឆ្នាំ​ក្រោយ

នៅឆ្នាំ​២០១៥​ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយលើ​ក្រសួង​អប់រំ យុវជន និងកីឡា ចំនួន ១៧% (ប្រហែល ៦៥៥លាន​ដុល្លារ) នៃថវិកា​ជាតិសរុប​ឆ្នាំ ២០១៥ ដែលទើប​នឹងដាក់​ជូនសភា​ត្រួតពិនិត្យ។

រូបភាព សហការី

រូបភាព សហការី

កាលពីពេល​ថ្មីៗនេះ រដ្ឋាភិបាល​បានដាក់​សេចក្តីព្រាង​ច្បាប់ស្តីពី​ហិរញ្ញវត្ថុ​​សម្រាប់ ការគ្រប់គ្រង​ឆ្នាំ ២០១៥ ឬ សេចក្តី​ព្រាងច្បាប់ ថវិកាជាតិ​ឆ្នាំ​២០១៥ ដល់ដៃ​គណៈកម្មការ​ហិរញ្ញវត្ថុនៃ​រដ្ឋសភា ដើម្បីឲ្យ​ពិនិត្យ និងសម្រេច​អនុម័ត ដាក់ជូន​អង្គសភា​ពិភាក្សា និងអនុម័ត​នៅពេលឆាប់ៗ​ខាងមុខ។ សេចក្តីព្រាង​ច្បាប់ដែល​មាន ៦ ជំពូក និង ១៧ មាត្រានេះ ត្រូវគណៈរដ្ឋមន្ត្រី ប្រជុំអនុម័ត​កាលពីថ្ងៃ​ទី ២៤ ខែតុលា កន្លងទៅ និងបាន​កំណត់​ថវិកា​របស់រដ្ឋ ដែលគ្រោង​ចំណាយ​នៅឆ្នាំ ២០១៥ មានប្រមាណ ១៥.៦៩៩.៥២៩ លានរៀល ឬប្រហាក់​ប្រហែលនឹង ៣.៨៥៣ លានដុល្លារ ដែលចំនួន​កើនឡើង ១០,៨ ភាគរយ​បើធៀបនឹង​ច្បាប់ថវិកា​ជាតិឆ្នាំ ២០១៤ ។ ឆ្នាំ ២០១៤ មានចំនួន ១៤.១៦៦.១៩៥ លាន​រៀល ឬប្រហាក់​ប្រហែល ៣.៤៥៥ លានដុល្លារ៕

បើតាមការ​ប្រកាស របស់​ក្រសួងអប់រំ នៅលើទំព័រ Facebook នៅថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤​បានឲ្យ​ដឹងថាទំហំ​ទឹកប្រាក់នេះ​មានចំនួន​កើនឡើង​បើធៀបនឹង​ឆ្នាំ២០១៤នេះ។ ទំហំទឹក​ប្រាក់ដែល​រដ្ឋាភិបាល​បានចំណាយ​លើក្រសួង​អប់រំនៅឆ្នាំ​២០១៤ មាន​ប្រមាណ ១.៣៤២.០៤៩ លានរៀល ឬ​ប្រហាក់​ប្រហែល ៣២៩ លានដុល្លារ​អាមេរិក។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​យុវជន​និងកីឡា បានថ្លែង ថា ថវិកា ដែលរដ្ឋាភិបាល​គ្រោងចំណាយ​ទៅលើ​ក្រសួងអប់រំ​នៅឆ្នាំ​ក្រោយនេះ មានចំនួន ១៧ ភាគរយនៃ​ថវិកាជាតិ​សរុប ដែលបាន​កំណត់នៅ​ក្នុងសេចក្តី​ព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ ២០១៥ ។ ចំនួន​ថវិកានេះ កើនឡើង ១៨ ភាគរយ​បើប្រៀបធៀប​នឹងថវិកា​ក្រសួងអប់រំ​កាលពីឆ្នាំ ២០១៤ កន្លងទៅ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative