ក្រុងភ្នំពេញ​​ទទួល​បាន​​ជ័យ​លាភី​​និរន្តរភាព​​បរិស្ថាន​​ទីក្រុង​​ទឹកស្អាត ពីសហគមន៍​​អាស៊ាន​​លើក​​ទី៣

សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​ថា ខ្លួនបាន​ទទួលពាន​រង្វាន់ និង​វិញ្ញាបនបត្រ​ទទួលស្គាល់​ជ័យលាភី​ទីក្រុង​អាស៊ាន​លើកទី៣ ដែលអនុវត្ត​បានល្អ​ប្រសើរនូវ​និរន្តរភាព​បរិស្ថាន​ទីក្រុង​ផ្នែក​ទឹកស្អាត នៅទីក្រុង​វៀងច័ន្ទ ប្រទេសឡាវ។

រូបភាព សហការី

រូបភាព សហការី

យោងតាម​ការបង្ហោះ​ព័ត៌មាននៅ​លើទំព័រហ្វេស​ប៊ុក «រាជធានី​ភ្នំពេញ »កាលពី​ពេលថ្មីៗនេះ បានឲ្យ​ដឹងថា សាលារាជធានី​ភ្នំពេញ មានសេចក្តី​សោមនស្ស​រីករាយ​យ៉ាងក្រៃលែង និង​ជម្រាបជូន​សាធារណជន​មេត្តាជ្រាបថា កាលពីថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ​ថ្មីៗនេះ រាជធានី​ភ្នំពេញ បានទទួល​ពានរង្វាន់ និង​វិញ្ញាបនបត្រ​ទទួលស្គាល់​ជ័យលាភី​ទីក្រុង​អាស៊ាន​លើកទី៣ ដែលអនុវត្ត​បានល្អ​ប្រសើរនូវ​និរន្តរភាព បរិស្ថាន​ទីក្រុង​ផ្នែកទឹក​ស្អាត នៅទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ។ ការដែល​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​ទទួលបាន​ជ័យលាភី​និរន្តរភាព​បរិស្ថាន ទីក្រុង​អាស៊ាន​លើកទី៣ និង វិញ្ញាបនបត្រ​ទទួលស្គាល់​លើកទី២ ឆ្នាំ២០១៤ នេះ ដោយសារ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ និងការ​វាយតម្លៃ​ជាក់ស្តែងនៃ​ការអនុវត្ត​កិច្ចគាំពារ​បរិស្ថាន ដែលក្នុងនោះ​ផ្អែក​លើ​​ទស្សនទាន​និរន្តរភាព​បរិស្ថានទីក្រុង រួមមាន​ខ្យល់ស្អាត ទឹកស្អាត និងដីស្អាត ជាពិសេស​រាជធានីភ្នំពេញ​បានឈ្នះ​ពិន្ទុលើការ​អនុវត្តន៍​សូចនាករ​ទឹកស្អាត ដែលយើង​អនុវត្តបាន​ល្អប្រសើរ​ជាងគេ ធៀបទៅនឹង​ទីក្រុងធំៗ​ដទៃទៀត​នៅក្នុង​ប្រទេសជា​សមាជិក អាស៊ាន។

ទំព័រ ហ្វេសប៊ុក​ដដែលបាន​បញ្ជាក់ ថា ពានរង្វាន់​នេះ គឺជា​មុខមាត់ និងជា​កិត្តិយសរបស់​រាជធានី​ភ្នំពេញយើង ដែលបាន​ខិតខំ​ប្រឹងប្រែង​យកអស់​កំលាំង​កាយចិត្ត ក្នុងការ​អភិវឌ្ឍរាជធានី​ភ្នំពេញ​ប្រកបដោយ​និរន្តរភាព​បរិស្ថាន ដោយមាន​ការចូលរួម​ពីអាជ្ញាធរ​​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ ទើបធ្វើឱ្យ​រាជធានី​ភ្នំពេញ​ទទួលបាន​ជ័យលាភីនេះ។ ដូច្នេះ ដើម្បីបន្ត​ការលើក​កម្ពស់​សុខុមាលភាព​ទីក្រុង និង​កិត្យានុភាពជាតិ សាលារាជ​ធានីភ្នំពេញ សូមអំពាវនាវ​ដល់ស្ថាប័ន មន្ទីរ និង​អង្គភាពជំនាញ កងកំលាំង​ប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តាបន្ត​ការចូលរួម​អនុវត្ត​គោល​នយោបាយការពារ​បរិស្ថាន​របស់ រាជរដ្ឋាភិបាល​ឱ្យបាន​ជាប្រចាំ ព្រមទាំង​ជួយថែរក្សា និងលើក​កម្ពស់​គុណភាព​បរិស្ថាន​រាជធានី​ភ្នំពេញឱ្យ​កាន់តែល្អ​ប្រសើរឡើង ដើម្បីឈាន​ទៅទទួល​យកជ័យលាភី​ពានរង្វាន់​ក្នុងបណ្តា​ឆ្នាំខាងមុខ​ជា បន្តបន្ទាប់​ទៀត៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative